លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយបំភ្លឺលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រឿងដូរភូមិ និងច្រកភ្នំដិន។ ប៉ុន្តែតំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលដាក់លិខិតនោះ ថាលោក ហ៊ុន សែន មិនបានឆ្លើយតាមសំណួររបស់លោកទេ។
លិខិតមួយច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភាចុះថ្ងៃទី១៤ ខែមិថុនា ប្រាប់ទៅតំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ថា សំណើសុំផ្ដល់ព័ត៌មាននូវឈ្មោះភូមិចំនួន២ ដែលបានដោះដូរជាមួយវៀតណាម ជាភូមិកំណើត លោក ហេង សំរិន លោកបានពន្យល់អស់ជាង ៥ម៉ោងរួចហើយ កាលពីឆ្នាំ២០១២ ដូច្នេះពុំបាច់ពន្យល់បន្ថែមឡើយ។
ចំពោះសំណើសុំបំភ្លឺមួយករណីទៀត គឺពិនិត្យមើលការរំកិលព្រំដែនប្រមាណ ១.២៧០ម៉ែត្រ ចូលមកទឹកដីកម្ពុជា នៅច្រកភ្នំដិន (ព្រំដែនកម្ពុជា-វៀតណាម) លោក ហ៊ុន សែន ថា លោក អ៊ុំ សំអាន និយាយខុសការពិតតាំងពីធ្វើជានិស្សិតរហូតធ្វើជាតំណាងរាស្ត្រ។
លោក ហ៊ុន សែន ប្រាប់ឲ្យអ្នកតំណាងរាស្ត្ររូបនេះឲ្យសិក្សាប្រវត្តិសាស្ត្របន្ថែមទៀត ហើយកុំតាំងខ្លួនជាអ្នកស្នេហាជាតិតែម្នាក់ឯង។ លោកអះអាងថា លោកឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍សព្វគ្រប់អស់ហើយកាលពីឆ្នាំ២០០៥។
យ៉ាងណាក៏ដោយចុះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយថា លោកមិនអាចទទួលយកការឆ្លើយតបនេះបានទេ ពីព្រោះខុសពីការពិត។ លោកបន្តថា ការបកស្រាយជាង ៥ម៉ោងនៅក្នុងរដ្ឋសភារបស់លោកនាយករដ្ឋមន្ត្រី ពុំមានបញ្ជាក់ពីឈ្មោះទីតាំងភូមិខ្មែរដែលត្រូវបានដោះដូរនោះទេ។ ចំពោះច្រកភ្នំដិន លោក អ៊ុំ សំអាន បញ្ជាក់ថា គឺលោកផ្អែកលើរបាយការណ៍កាលពីឆ្នាំ១៩៩៩ របស់លោក កែ គឹមយ៉ាន ដែលជាអតីតនាយឧត្ដមសេនីយ៍កងយោធពលខេមរភូមិន្ទ ថា វៀតណាមជីកព្រែកពីកើតទៅលិចចូលដីខ្មែរ ១.២៧០ម៉ែត្រ ដោយគិតពីព្រែកវិញតេ។
អ្នកតំណាងរាស្ត្ររូបនេះលើកឡើងទៀតថា រដ្ឋាភិបាលសព្វថ្ងៃមិនប្រើប្រាស់ផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិទេ៖ «ការបកស្រាយរបស់គាត់ (លោក ហ៊ុន សែន) គឺបង្វែរដានមិនឆ្លើយនឹងសំណួររបស់ខ្ញុំទេ គាត់បែរជាថា មិនដឹងការពិតឯណោះវិញ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់បន្ថែមពីលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនបានទេ នៅថ្ងៃទី១៥ ខែមិថុនា។
យ៉ាងណាក៏ដោយចុះ លោក វ៉ា គឹមហុង ធ្លាប់បានឲ្យវិទ្យុអាស៊ីសេរី ដឹងកាលពីពេលថ្មីៗនេះ ដោយលោកទាមទារឲ្យលោក អ៊ុំ សំអាន យកផែនទីដែលសំអាងថា ជាផែនទីពិតមកប្រៀបធៀប និងផែនទីដែលរដ្ឋាភិបាលប្រើប្រាស់សព្វថ្ងៃ។ លោកថា រដ្ឋាភិបាលប្រកាន់ជំហរច្បាស់លាស់ចំពោះការកំណត់ព្រំដែន ដោយយោងតាមច្បាប់អន្តរជាតិ ព្រមទាំងស្របនឹងច្បាប់រដ្ឋធម្មនុញ្ញផង។ លោកអះអាងថា ទឹកដីខ្មែរមិនត្រូវបានបាត់បង់មួយចំអាមឡើយ។
លោក អ៊ុំ សំអាន នៅតែអះអាងថា នៅខែកក្កដា ខាងមុខ លោកនិងតំណាងរាស្ត្រផ្សេងនឹងដាក់លិខិតកោះហៅលោក ហ៊ុន សែន លោក ហោ ណាំហុង ឬលោក វ៉ា គឹមហុង មកឆ្លើយបំភ្លឺនៅរដ្ឋសភាបន្ថែម ប៉ុន្តែមិនមែនឲ្យលោកនាយករដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និយាយ ៥ម៉ោងតែឯងដូចលើកមុនទៀតនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។