ប្រធានប្រឹក្សាឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀននៅខេត្តកំពង់ធំត្រូវបានប្រកាសសុពលភាពចូលកាន់តំណែងជាមេឃុំនៅព្រឹកថ្ងៃទី៤ ខែកក្កដា។ ពួកគេប្ដេជ្ញាថា នឹងបម្រើប្រជាពលរដ្ឋឱ្យល្អ ដោយមិនប្រកាន់និន្នាការនយោបាយ។ សង្គមស៊ីវិលសាទរចំពោះការចូលកាន់តំណែងជាមេឃុំនេះ និងអំពាវនាវអោយក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតទាំងនោះធ្វើការរួមគ្នាបំរើពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសេចក្ដីសុខរបស់ពលរដ្ឋ។
មេឃុំចំណាលើជាប់ឆ្នោតគណបក្សភ្លើងទៀននិងជាសមាជិកក្រុមប្រឹក្សាទាំងនោះបានប្ដេជ្ញាចិត្តធ្វើការសហការគ្នា សាមគ្គីគ្នា ជួយដល់ពលរដ្ឋបន្ទាប់ពីក្រសួងមហាផ្ទៃចាប់ផ្ដើមប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ចាប់ពីថ្ងៃ៤ ខែកក្កដានេះ។
ប្រធានក្រុមប្រឹក្សាឃុំចំណាលើមកពីគណបក្សភ្លើងទៀនលោក ញឹម សារ៉ុម ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែកក្កដាថាលោកនិងសហការគ្នាធ្វើការដឹកនាំឃុំអោយមានការអភិវឌ្ឍន៍និងមានភាពរីកចំរើនស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ លោកបន្តថាលោកគ្មានចិត្តចង្អៀតចង្អល់ក្នុងការអនុវត្តការងាររួមជាមួយសមាជិកក្រុមប្រឹក្សាបក្សកាន់អំណាឡើយ។ លោក បញ្ជាក់ថា នឹងធ្វើការងារដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដោយមិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយឡើយ៖ «ខ្ញុំបានប្តេជ្ញាចិត្ត អនុវត្តយ៉ាងខ្ជាបខ្ជួន តាមច្បាប់គោលនយោបាយ គោលការណ៍ និងបទបញ្ជារបស់រាជរដ្ឋាភិបាលរបស់ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ប្រគល់ជូនហើយខិតខំបំពេញការងារតាមតួនាទី និងភារៈកិច្ចអស់ពីកម្លាំងកាយកម្លាំងចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្ញុំអោយបានទាន់ពេលវេលា ហើយខិតខំលើកកម្ពស់ កិច្ចការងារដើម្បីជំរុញអោយស្ត្រី ទៅជាផ្នែកយែនឌ័រហ្នឹង អោយគាត់មានសកម្មភាពចូលរួមអោយបានច្រើន សក្តិសមគាត់ចំពោះការអភិវឌ្ឍន៍សង្គម»។
លោក ញឹម សារ៉ុម បន្ថែមថា កិច្ចការសំខាន់ដែលលោកត្រូវធ្វើ គឺផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំរបស់លោកអោយពលរដ្ឋប្រើប្រាស់ងាយស្រួល។
ឃុំចំណារលើ ខេត្តកំពង់ធំគឺជាបេក្ខជនគណបក្សភ្លើងទៀន ដែលបានឈ្នះឆ្នោតជាមេឃុំ។រីឯជំទប់ទី២បានទៅលើបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា។ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងជំទប់ទី២ឃុំចំណាលើ គណបក្សប្រជាជនកម្ពុជានិងអ្នកនាំពាក្យគណបក្សកាន់អំណាច បានទេ នៅថ្ងៃទី៤ ខែកក្កដា ។ ប៉ុន្តែកន្លងមកអ្នកនាំពាក្យគណក្សកាន់អំណាចលោក សុខ ឥសាន មានប្រសាសន៍ថា មេឃុំគណបក្សដទៃដែលជាប់ឆ្នោតកុំព្រួយបារម្ភក្នុងការបំពេញតួនាទី ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងផ្តល់កិច្ចសហការល្អ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន។ លោកបន្តថា អាជ្ញាធរគណបក្សកាន់អំណាច នឹងមិនរើសអើងនិន្នាការនយោបាយជាមួយគណបក្សនយោបាយដទៃទៀតទេ ព្រោះរបៀបធ្វើការរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ឋិតក្រោមច្បាប់ស្តីពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យយកមតិភាគច្រើន។
ជុំវិញរឿងនេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេងថ្លែងថាការលើកឡើងរបស់ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាមកពីគណបក្សផ្សេងគ្នាហើយអាចធ្វើការងារជាមួយគ្នាបានជាការល្អប្រសើរ។ លោកបន្តថាការធ្វើជាមួយគ្នាគ្មានអ្វីជាការលំបាកឡើយព្រោះថាការដែលប្រកាន់នយោបាយផ្សេងគ្នាគឺជាទស្សនៈខុសគ្នាយល់ឃើញរបស់មនុស្សម្នាក់ៗនៅក្នុងសង្គម។
លោក យង់ គិមអេង យល់ឃើញថានយោបាយនៅតាមឃុំសង្កាត់គួរមានគំនិតចាស់ទុំនយោបាយហើយគួរធ្វើការរួមគ្នាដើម្បីជាប្រយោជន៍ដោយពលរដ្ឋជាម្ចាស់ឆ្នោត។ លោក យង់ គិមអេង បន្ថែមថា ការគិតខុសគ្នាគឺជាការគិតពីរបៀបធ្វើការខុសៗគ្នាដែរហើយសេចក្តីត្រូវការនិងបញ្ហារបស់ពលរដ្ឋក៏ខុសគ្នាដែរ៖ «ការលើកឡើងរបស់ពួកគាត់ល្អ អឺពួកគាត់អាចរក្សាបាននូវសាមគ្គីភាពជារួម ក្នុងនាមជាប្រជាពលរដ្ឋ ក្នុងនាមជាអ្នកដឹកនាំក្រុមប្រឹក្សាឃុំសង្កាត់ជាការប្រសើរ ។ ហើយពួកគាត់អាចធ្វើការជាមួយគ្នាធ្វើម៉េចអោយមានការប្រែប្រួលនៅក្នុងឃុំសង្កាត់ កុំអោយមានការបែកបាក់ប្រេះឆាគ្នា ហ្នឹងជារឿងមួយសំខាន់ណាស់»។ ហើយយើងផ្តោតទៅលើគោលដៅរួម សំខាន់គឺការអភិវឌ្ឍន៍ ដែលបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ ដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋ ។ ខ្ញុំថារឿងទាំងអស់នេះ គឺសំខាន់ ហើយស្របតាមអ្វីដែលជាគោលការណ៍ នៃការបង្កើតក្រុមប្រឹក្សាឃុំសង្កាត់ដែរបាទ»។
ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ធ្វើឡើងកាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅគណបក្សភ្លើងទៀនឈ្នះបានអាសនៈជិត២ពាន់២០០អាសនៈ (២,១៩៨) អាសនៈ និង ជាប់ជាមេឃុំចំនួន ៤ឃុំ គឺឃុំចំណាលើឃុំដូង និងឃុំក្រយា ខេត្តកំពង់ធំ និងមួយឃុំទៀតនៅខេត្តកំពង់ចាមកន្លងមកពួកគេបានប្ដេជ្ញាថា នឹងខិតខំបំពេញការងារដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
ក្រសួងមហាផ្ទៃ ចាប់ផ្ដើមប្រកាសសុពលភាពមេឃុំចៅសង្កាត់ចាប់ពីថ្ងៃទី៤ ខែកក្កដារហូតដល់ថ្ងៃទី៩ខែកក្កដា ក្នុងនោះខេត្តដែលប្រកាសសុពលភាពមេឃុំចៅសង្កាត់ថ្ងៃដំបូង រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តកំពង់ធំ កោះកុង កំពត កំពង់ចាម រាជធានីភ្នំពេញនិងខេត្តមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។