រដ្ឋសភាបានអនុម័តសេចក្ដីព្រាងច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់របបខ្មែរក្រហមទៅតាមសំណើរបស់អតីតកម្មាភិបាលខ្មែរក្រហម និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី១៨ ខែកុម្ភៈនេះ។ អ្នកវិភាគថា ការអនុម័តច្បាប់ថ្មីនេះពុំផ្ដល់ផលចំណេញអ្វីដល់ជាតិនោះទេ ព្រោះថា ច្បាប់នេះធ្វើឡើង ដើម្បីតែការពារផលប្រយោជន៍បក្សកាន់អំណាច ដែលចង់បន្លំប្រវត្តិសាស្ត្រឱ្យពលរដ្ឋបន្តដឹងគុណបំណាច់វៀតណាមកុម្មុយនិស្ត ដែលធ្លាប់បានឈ្លានពានទឹកដីកម្ពុជា។
សមាជិករដ្ឋសភា ដែលស្ទើរតែអស់មកពីគណបក្សប្រជាជនកម្ពុជាបាន អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យដោយទទួលបានសំឡេងគាំទ្រចំនួន ១១៥ ពីសមាជិករដ្ឋសភាទាំងអស់ចំនួន ១១៥រូប ដែលមានវត្តមានក្នុងអង្គប្រជុំ។
សេចក្ដីព្រាងច្បាប់នេះ មាន ៧មាត្រា ដែលរដ្ឋសភាអះអាងថា ធ្វើឡើងដើម្បីដាក់ទោសដល់បុគ្គលទាំងឡាយ ដែលមិនទទួលស្គាល់ ឬបដិសេធរបបខ្មែរក្រហម និងក្នុងគោលបំណងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនោះវិលត្រឡប់មកវិញ។
«មិនអាចឱ្យមនុស្សទៅយល់ស្របតាមប្រវត្តិសាស្ត្រដែលអ្នកកាន់អំណាចបានប្រឌិត»
អ្នកជំនាញផ្នែកច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែកុម្ភៈថា ច្បាប់នេះមិនគួរឱ្យមាននោះទេនៅកម្ពុជា ព្រោះពុំផ្ដល់ផលចំណេញដល់ជាតិ។ លោកថា ពាក់ព័ន្ធរឿងប្រវត្តិសាស្ត្រពលរដ្ឋត្រូវមានសេរីភាពពេញលេញក្នុងការយល់ឃើញ និងលើកឡើងទៅតាមគំនិតខុសៗ គ្នា ដែលអាចបញ្ជាក់ឱ្យឃើញពីភាពជឿនលឿននៃគំនិត។ លោកបន្តថា រដ្ឋាភិបាលមិនអាចឱ្យពលរដ្ឋជឿតែទៅលើប្រវត្តិសាស្ត្រ ដែលបក្សកាន់អំណាចបានប្រឌិតឡើងនោះឡើយ។ លោកថា ប្រសិនបើអ្នកមានមតិផ្ទុយសុទ្ធតែមានទោស ដូច្នេះ របបដឹកនាំបច្ចុប្បន្ន វាមិនខុសអ្វីពីការដឹកនាំតាមរបបខ្មែរក្រហមនោះទេ។
លោក វ៉ន ចាន់ឡូត៖«យើងមិនអាចឱ្យមនុស្សទៅយល់ស្របទៅតាមប្រវត្តិសាស្ត្រមួយ ទៅតាមអ្វីដែលអ្នកកាន់អំណាចបានប្រឌិត បានតាក់តែងនោះទេ ហើយវាពុំបានឆ្លុះបញ្ចាំងពីប្រទេសមួយ ដែលមានភាពជឿនលឿននៃគំនិត និងទស្សនៈនោះដែរ។ បើអ្នកមានគំនិតផ្ទុយពីអ្នកកាន់អំណាចសុទ្ធតែ ត្រូវទទួលទោស អ៊ីចឹង គំនិតមិនខុសអ្វីពីខ្មែរក្រហមនោះទេ»។
ទន្ទឹមគ្នានោះ អ្នកឃ្លាំមើលបារម្ភថា ច្បាប់នេះមិនត្រឹមតែពុំបានផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិនោះទេ ថែមទាំងរឹតត្បិតធ្ងន់ធ្ងរ ដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងជាការគំរាមកំហែង ដល់អ្នកដែលមានមតិផ្ទុយ ពាក់ព័ន្ធទិវាជ័យជម្នះ ៧ មករា ដែលអ្នកខ្លះយល់ថា ជាថ្ងៃវៀតណាមបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជា។
អត្ថបទដែលទាក់ទង៖
ពលរដ្ឋថា កម្ពុជាកំពុងឈានទៅរករបបផ្តាច់ការតត្រកូល
មន្ត្រីបក្សកាន់អំណាច៖ «គ្មានការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋឡើយ»
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែកុម្ភៈថា ច្បាប់ប្រឆាំងអ្នក ដែលមិនទទួលស្គាល់របបខ្មែរក្រហមនេះ គឺគ្មានការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋណានោះទេ ប៉ុន្តែ ជាបញ្ជាក់ថា កម្ពុជាពិតជាមានរបបប្រល័យពូជសាសន៍ ដែលត្រូវតែការពារមិនឱ្យកើតមានឡើងម្ដងទៀត។ លោកថា អ្នកណា ដែលប្រឆាំងនឹងច្បាប់នេះ គឺជាអ្នកគាំទ្រឱ្យមានរបបប្រល័យពូជសាសន៍ម្ដងទៀតនៅកម្ពុជា។
លោក សុខ ឥសាន្ត៖«ពិភពលោកទាំងមូលបានទទួលស្គាល់ថានៅប្រទេសកម្ពុជា មានរបបប្រល័យពូជសាសន៍ មិនអាចប្រកាច់បានទេ។ ដូច្នេះហើយ អ្នកដែលថាមិនមានប្រល័យពូជសាសន៍ និងអ្នកដែលមិនគាំទ្រការធ្វើច្បាប់នេះគឺ មានន័យថាជាអ្នកគាំទ្ររបបប្រល័យពូជសាសន៍ហើយ»។
សេចក្ដីព្រាងច្បាប់ថ្មី ដែលរដ្ឋសភាទើបបានបោះឆ្នោតអនុម័តនេះ នឹងដាក់ទោសបុគ្គល មិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ហើយអ្នកទាំងនោះនឹងត្រូវឱ្យជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ហើយពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ខណៈដែលច្បាប់មុនផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគារត្រឹមតែពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១លានរៀល ទៅ ៤លានរៀលប៉ុណ្ណោះ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការអនុម័តសេចក្ដីព្រាងច្បាប់ថ្មីនេះ គឺសំខាន់សម្រាប់តែពលរដ្ឋ ដែលគាំទ្របក្សកាន់អំណាចប៉ុណ្ណោះ ប៉ុន្តែ វាពុំមែនជាច្បាប់អាទិភាព ដែលពលរដ្ឋទូទៅចង់បាននោះទេ។ លោកបន្តថា ច្បាប់ជាអាទិភាព ដែលរដ្ឋាភិបាលគួរពន្លឿននោះ គឺការពង្រឹងប្រព័ន្ធតុលាការឱ្យមានឯករាជ្យ ហើយដោះស្រាយបញ្ហាស្កេះស្កះជាច្រើន កំពុងកើតឡើងនៅក្នុងសង្គម ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋនោះទើបជាការប្រសើរ។
លោក ឯម សុវណ្ណារ៉ា៖«សំខាន់វាមានច្រើនច្បាប់ផ្សេងៗ ដែលត្រូវការចាំបាច់នោះ ដូចជា ច្បាប់ការប្រកួតប្រជែងដោយសេរីក្នុងវិស័យពាណិជ្ជកម្ម និងច្បាប់ទាំងឡាយណា ដែលធ្វើឱ្យប្រព័ន្ធយុត្តិធម៌ វាឯករាជ្យ។ អ្វីដែលចាំបាច់ គឺប្រជាពលរដ្ឋចង់បានប្រព័ន្ធយុត្តិធម៌ យុត្តិធម៌សង្គម អាហ្នឹងវាចាំបាច់។ ប្រជាពលរដ្ឋត្រូវការរកស៊ីប្រកួតប្រជែងដោយស្មើភាព នេះវាចាំបាច់។ ប៉ុន្តែភាពចាំបាច់នេះ ត្រូវយកមកជាចំណុចអាទិភាព សម្រាប់អ្នកនយោបាយ យកមកគិត ឬក៏យកមកអនុវត្តនៅមិនទាន់មាន នៅឡើយទេ»។
ទាក់ទងនឹងអំពើប្រល័យពូជសាសន៍ នៅក្នុងរបបខ្មែរក្រហមនេះ មតិខ្លះយល់ថា អំពើប្រល័យពូជសាសន៍ពិតជាបានកើតឡើងនៅក្នុងសម័យខ្មែរក្រហម ដោយហេតុថា ក្នុងរយៈពេលមិនដល់ ៤ឆ្នាំ ក្រោមការដឹកនាំរបស់ខ្មែរក្រហម គឺមានពលរដ្ឋប្រមាណ ១លាន ៦សែននាក់បាត់បង់ជីវិត។ ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ ក៏មានសំណួរលើកឡើងដែរថា តើនរណាឱ្យពិតប្រាកដដែល នៅពីក្រោយអំពើប្រល័យពូជសាសន៍ទាំងនេះ? ជាមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម ឬជាវៀតណាមដែលធ្លាប់គាំទ្រ និងមានទំនាក់ទំនងជាមួយក្រុមខ្មែរក្រហម មុននឹងពួកគេមានទំនាក់ទំនងមិនល្អនឹងគ្នាចាប់ពីឆ្នាំ១៩៧៧។
ចំណែកឯព្រឹត្តិការណ៍ ដែលវៀតណាមលើកទ័ពចូលប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨ និងទទួលបានជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក៏មានមតិលើកឡើងផ្សេងៗ គ្នាដែរ។ ក្នុងពេលមេដឹកនាំបក្សកាន់អំណាចចាត់ទុកទិវា ៧ មករា ជាថ្ងៃរំដោះ ឬជាថ្ងៃកំណើតទី២ របស់ពលរដ្ឋខ្មែរ អ្នកខ្លះយល់ថា វាគឺជាថ្ងៃដែលវៀតណាមចូលឈ្លានពានកម្ពុជាទៅវិញទេ ដោយសារពួកគេលើកហេតុផលថា ក្រោយរបបខ្មែរក្រហមដួលរលំ វៀតណាមមិនព្រមដកទ័ពចេញពីកម្ពុជានោះទេ រហូតដល់ ១០ឆ្នាំក្រោយ ហើយក្នុងរយៈពេលនេះ អំណាចដឹកនាំរដ្ឋនៅកម្ពុជាស្ទើរតែទាំងស្រុង គឺស្ថិតក្នុងកណ្ដាប់ដៃរបស់មេដឹកនាំវៀតណាមជាអ្នកចាត់ចែង ហើយបើមានអ្នកនយោបាយខ្មែរណា ដែលហ៊ានប្រឆាំងនឹងគោលនយោបាយរបស់វៀតណាម អ្នកនយោបាយនោះ ត្រូវបានវៀតណាមដកហូតតួនាទី និងចាប់ដាក់គុកងងឹតនៅវៀតណាម ដូចជា ករណីលោក ប៉ែន សុវណ្ណ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។