មន្ត្រី​បក្ស​កម្លាំងជាតិ​ពីរនាក់​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​រឿង​ញុះញង់ រក្សា​ឆន្ទៈ​នយោបាយ​រឹងមាំ

0:00 / 0:00

មន្ត្រី​គណបក្ស​កម្លាំងជាតិ​ពីរ​នាក់​ ដែល​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ដោយសារ​ការ​បញ្ចេញមតិ ពួកគាត់​ប្រកាស​រក្សា​ជំហរ​នយោបាយ​មុតមាំ ក្នុង​ការ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ។ មន្ត្រី​សង្គមស៊ីវិល និង​មន្រ្តី​គណបក្ស​ប្រឆាំង​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ពួកគាត់ ដើម្បី​បើក​លំហ​សេរីភាព​នយោបាយ លើក​កម្ពស់​ប្រជាធិបតេយ្យ និង​បញ្ចៀស​ការរិះគន់​នានា​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

មន្ត្រី​គណបក្ស​កម្លាំងជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅតែ​ចាត់ទុក​ការ​ចាប់ខ្លួន​ពួកគាត់​ដាក់​ពន្ធនាគារ​ជា​រឿង​នយោបាយ ដោយ​មិន​អាច​ទទួល​យក​បាន​ទេ។

លោក សម វិបុល «ជាប់គុក​ទាំង​អយុត្តិធម៌»

ក្មួយស្រី​មន្រ្តី​គណបក្សកម្លាំងជាតិ​នៅ​ខេត្តព្រៃវែង​លោក សម វិបុល គឺ​លោកស្រី ជួន ម៉ាលីតា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៧ ខែកុម្ភៈ​ថា ពូ​របស់​លោកស្រី​ជា​មនុស្ស​ស្លូតត្រង់ ទទួល​ការ​គោរព​ស្រឡាញ់​ពី​អ្នក​ស្រុក​ភូមិ បែរ​ជា​ត្រូវ​ជាប់​គុក​ទាំង​អយុត្តិធម៌។ លោកស្រី​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​លោក សម វិបុល ឧស្សាហ៍​ឈឺចាប់​នៅត្រង់​ឆ្អឹង​ដង​កាំបិត ពីព្រោះ​គាត់​ខកខាន​វះកាត់​យក​ដែក​ចេញ​តាម​ការណែនាំ​របស់​គ្រូពេទ្យ។ លោកស្រី​បន្ថែម​ថា ទោះបីជា​មាន​ស្ថានភាព​ជំងឺ​បែប​នេះក្តី គាត់​នៅតែ​មាន​ស្មារតី​រឹងមាំ​ដូច​ពីមុន ដោយ​លោក សម វិបុល បាន​បដិសេធ​ធ្វើ​វីដេអូ​សុំទោស​រឿង​ ដែល​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ។

​លោកស្រី ជួន ម៉ាលីតា៖ «គាត់​ញុះញង់​មិច​បើ​សូម្បី​តែ​ខ្ញុំ​ជា​កូនក្មួយ បងប្អូន​អី ក៏​គាត់​មិនដែល​ឱ្យ​ទៅ​ស្អប់ ឬ​ឱ្យ​ទៅ​ញុះញង់​អ្នកណា​ទេ គាត់​ធ្វើ​នយោបាយ​​តែ​គាត់​​ទេ ពីព្រោះ​វា​ជា​ធម្មតា​មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ ការ​ចាប់ខ្លួន​គាត់​នេះ​វា​អយុត្តិធម៌​ដែរ ពីព្រោះ​នៅ​ភូមិ​ឃុំ​ជាក់ស្តែង គាត់​មិន​ដែល​បាន​បង្ក​ឱ្យ​អ្នកណា​រើសអើង​អ្នកណា​ឡើយ»។

លោក ផាន់ សារ៉ាត់ «នៅតែ​មាន​ឆន្ទៈ​នយោបាយ​រឹងមាំ»

ចំណែក​មេធាវី​ការពារក្តី​ឱ្យ​មន្រ្តី​គណបក្ស​កម្លាំងជាតិ​នៅ​ខេត្ត​តាកែវ លោក ផាន់ សារ៉ាត់ គឺ​លោក ជូង ជូងី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ទៅ​ជួប​កូន​ក្តី​របស់​លោក​នៅ​ពន្ធនាគារ ដើម្បី​ប្រឹក្សា​ផ្នែក​ច្បាប់​រួច​ហើយ។ លោក​បញ្ជាក់​ថា លោក ផាន់ សារ៉ាត់ នៅ​ក្នុង​ពន្ធនាគារ​រាជធានីភ្នំពេញ​នៅតែ​មាន​ឆន្ទៈ​នយោបាយ​រឹងមាំ​ដែរ។

លោក ផាន់ សារ៉ាត់៖ «ខ្ញុំ​បាន​ជួប​គាត់​នៅ​ពន្ធនាគារ​រួចហើយ គឺ​លោក ផាន់ សារ៉ាត់ មាន​ជំហរ​រឹងមាំ និង​ស្មារតី​ល្អ ដោយ​គាត់​អត់​មាន​បញ្ហា​អ្វី​ទេ»។

អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​អនុប្រធាន​គណៈកម្មាធិការប្រតិបត្តិ​គណបក្ស​កម្លាំងជាតិ​ប្រចាំ​ក្រុង​ដូនកែវ ខេត្តតាកែវ លោក ផាន់ សារ៉ាត់ កាល​ពី​២៨ ខែមករា និង​អនុប្រធាន​ក្រុមការងារ​គណបក្ស​កម្លាំងជាតិ​ប្រចាំ​ខេត្ត​ព្រៃវែង​លោក សម វិបុល កាល​ពី​ថ្ងៃ​ទី៥ ខែកុម្ភៈ។ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ចោទប្រកាន់​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​កម្លាំង​ជាតិ​ទាំងពីរ​រូប​នេះ​ដូចៗ​គ្នា ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ទាក់ទង​ការ​បញ្ចេញមតិ​រិះគន់​មេដឹកនាំ​ក្រុងភ្នំពេញ​នៅ​លើ​បណ្តាញ​សង្គម។ តុលាការ​បាន​ចេញដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក ផាន់ សារ៉ាត ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​(ម១) រីឯ​លោក សម វិបុល ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ។

អត្ថបទ​ដែលទាក់ទង៖

មន្ត្រី​បក្ស​កម្លាំង​ជាតិ​ម្នាក់​ទៀត នៅ​ខេត្តព្រៃវែង​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួនOpens in new window ]

លោក ស៊ុន ចន្ធី ដែល​កំពុង​ជាប់​ពន្ធនាគារ​ប្រកាស​ជំហរ​លះបង់​សេរីភាព និង​ជីវិត ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិOpens in new window ]

តុលាការ​ថា នឹង​ដក​ហូត​ទ្រព្យ​សម្បត្តិ​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត បើ​គ្មាន ១០ម៉ឺន​ដុល្លារ​បង់​ទៅ​ឱ្យ​ដើម​បណ្ដឹងOpens in new window ]

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ។

រ៉ុង ឈុន ស្នើឱ្យដោះលែងសកម្មជនបក្សប្រឆាំង

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន កោត​សរសើរ​ចំពោះ​សមាជិក​បក្ស​របស់​លោក​ដែល​ប្រកាន់​ជំហរ​រឹងមាំ និង​ការ​អត់ធ្មត់​ខ្ពស់ ដើម្បី​តស៊ូ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ក្នុងនាម​ជា​អ្នកនយោបាយ​បក្ស​ប្រឆាំង។លោក រ៉ុង ឈុន អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​លោក ផាន់ សារ៉ាត និង​លោក សម វិបុល រួម​ជាមួយ​អ្នកជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ និង​ធ្វើ​នយោបាយ​វិញ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​ប្រកួតប្រជែងគ្នា​ដោយ​ស្មើភាព​នៅពេល​ខាាងមុខ។

លោក រ៉ុង ឈុន៖ «ជាក់ស្តែង​ពួកគាត់​អត់​មាន​កំហុស​អ្វី​ទេ ពួកគាត់​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​ស្របតាម​រដ្ឋធម្មនុញ្ញ​ត្រូវបាន​ធានា ស្របតាម​ប្រទេស​យើង​ប្រកាន់​របប​ប្រជាធិបតេយ្យ ដូច្នេះ​វា​អត់​មាន​រឿង​អ្វី​ដែល​ខុសច្បាប់​ទេ អ៊ីចឹង​ហើយ​មតិ​ជាតិ​និង​អន្តរជាតិ គេ​មើលឃើញ​ថា​កម្ពុជា​យើង​មិនមែន​អនុវត្ត​ច្បាប់​ទេ វា​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់»។

ការធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ

ទាក់ទង​បញ្ហា​នេះ នាយក​ទទួល​បន្ទុក​កិច្ចការទូទៅ​ នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មើលឃើញ​ថា អាជ្ញាធរ​តែងតែ​ឃាត់ខ្លួន​និង​ចោទប្រកាន់​សមាជិក​បក្សជំទាស់ ឬ​អតី​សមាជិក​សកម្មជន​បក្សជំទាស់ ពី​បទ ​ញុះញង់ ប៉ុន្តែ​សហគម​ជាតិ និង​អន្តរជាតិ​ប្រតិកម្ម​ចាត់ទុករឿង​នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ជាជាង​ការ​អនុវត្ត​ច្បាប់។ លោក​បញ្ជាក់​ថា​កម្ពុជា​ជា​ប្រទេស​ផ្ដល់​សច្ចាប័ន និង​ជា​សមាជិក​សន្ធិសញ្ញា​អន្តរជាតិ​នានា​ស្ដីពី​សិទ្ធិមនុស្ស ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានា​ឱ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស​ពេញលេញ។

លោក អំ សំអាត៖ «សហគមន៍​អន្តរជាតិ​ហ្នឹង​​គេ​​មើលឃើញ​ថា​ការ​ចាប់ និង​ចោទប្រកាន់​ហ្នឹង គឺ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​កម្ពុជា​យើង​បាន​ទទួល​ស្គាល់​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​ផ្តល់​សច្ចាប័ន​ជាច្រើន​ទៅលើ​បទដ្ឋាន​អន្តរជាតិ​ទាំងអស់​ហ្នឹង។ យើង​ឃើញ​ថា​ជាបន្តបន្ទាប់​មក សហគម​អឺរ៉ុប សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​តែងតែ​ទទូច​ឱ្យ​កម្ពុជា​បើក​លំហ​សេរីភាព​នយោបាយ ជាពិសេស​កែ​លម្អ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា»។

រដ្ឋាភិបាល​បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ សមាជិក​សង្គម​ស៊ីវិល និង​អ្នក​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ជាង១០០នាក់ ដាក់​ពន្ធនាគារ​ពី​បទ​ញុះញង់ និង​រួមគំនិតក្បត់។ ក្នុង​នោះ​មនុស្ស​ជាង៦០នាក់​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ ខណៈ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ដោះលែង​ក្រោយ​សុំទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

របាយការណ៍​ឆ្នាំ២០២៤ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញ​ថា រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ តាមរយៈ​ការ​បិទលំហ​សង្គម​ស៊ីវិល និង​នយោបាយ។ យូមែន រ៉ៃត៍ វ៉ច្ឆ មើលឃើញ​ថា លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​យក​គំរូ​តាម​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ក្នុង​ការ​ប្រើ​ច្បាប់​ធ្វើ​ជា​ឧបករណ៍​ដើម្បី​គាបសង្កត់​លើ​សំឡេង​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។