មន្រ្តីនាំពាក្យគណបក្សកាន់អំណាចអះអាងថា គណបក្សនេះពុំមានភាពចាំបាច់នឹងជួបជជែកគណបក្សក្រៅរដ្ឋាភិបាលចំនួន៥ ដែលមានបំណងរួមគ្នាកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជាឡើយ។
ការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះ ជាការឆ្លើយតបនឹងប្រធានគណបក្សឆន្ទៈខ្មែរ ដែលថា គណបក្សនយោបាយចំនួន៥ ដែលមានបំណងរួមគ្នាថា នឹងស្នើសុំជួបបក្សកាន់អំណាច ជជែកពីសំណើរបស់គណបក្សទាំងនេះទាមទារឱ្យស្ថាប័នពាក់ព័ន្ធកែលម្អប្រព័ន្ធបោះឆ្នោតនៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ។
មន្រ្ដីគណបក្សកាន់អំណាចហាក់ពុំបានមើលឃើញថាគណបក្សទាំង៥ មានកម្លាំងគ្រប់គ្រាន់ក្នុងការស្នើសុំជួបជជែករឿងកែលម្អ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបញ្ហាផ្សេងៗ ទៀត ទាក់ទងនឹងការបោះឆ្នោតឡើយ ដោយសម្អាងគណបក្សទាំងនោះ ជាគណបក្សដែលភាគច្រើនមានប្រភពចេញពីគណបក្សប្រឆាំងគឺ គណបក្សសង្គ្រោះជាតិតែ១ និងថា គ.ជ.ប ជាស្ថាប័នឯករាជ្យតាំងពីបានរៀបចំការបោះឆ្នោតឆ្នាំ២០១៧ មកម្ល៉េះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅល្ងាចថ្ងៃទី១២ ខែកក្កដាថា បើទោះជាគណបក្សទាំង៥ប្រើមធ្យោបាយណាក៏ដោយ ការដាក់សម្ពាធបែបណាក៏ដោយ ក៏មិនអាចទាញគណបក្សរបស់លោកឱ្យចូលរួមការពិភាក្សាណាមួយបានឡើយ ក្នុងនោះរួមទាំងមធ្យោបាយពហិការការបោះឆ្នោតរបស់គណបក្សទាំងនោះ និងការតវ៉ាណាមួយរបស់ពលរដ្ឋម្ចាស់ឆ្នោតផង៖ « ហើយមិនអាចចាត់ទុក គ . ជ . ប ថា មាននិន្នាការនយោបាយទៅខាងណាទេ ពីព្រោះសមាជិក គ . ជ . ប ទាំង៩ ហ្នឹង សុទ្ធតែបានលាលែងពីសមាជិកភាព គណបក្សនយោបាយរួចហើយ។ ខ្ញុំយល់ថា អត់ចាំបាច់ទេ ហើយគាត់ស្នើសុំថា ជួបពិភាក្សាអីក៏អត់មានលទ្ធភាពទេ ហើយវាក៏អត់ត្រូវការពិភាក្សាអីផង។ មុនពេលបោះឆ្នោតគាត់ថា បរិយាកាសនយោបាយល្អបានគាត់ចូលរួមការបោះឆ្នោត។ អ៊ីចឹងបានសេចក្ដីថា បើគាត់នៅតែចាញ់ឆ្នោតគាត់នៅតែថា គ . ជ . ប ហ្នឹងមិនយុត្តិធម៌ មិនអព្យាក្រឹត្យដដែល។ អ៊ីចឹង ដូរប៉ុន្មានដង ក៏នៅតែដដែលដែរ ពីព្រោះគាត់ហ្នឹង គឺអ្នកដូរហើយ គណបក្ស ៥ហ្នឹងហើយ ជាអតីតបក្សប្រឆាំងពីមុនម៉ោងនោះ។ ទោះបីជាគាត់ដាក់លក្ខខណ្ឌអីក៏ដោយ គឺអត់ទៅរួចទេបាទ ដាច់ខាត !» ។
លោក សុខ ឥសាន បញ្ជាក់ទៀតថា នៅកម្ពុជាមានគណបក្សជាច្រើនទៀត ដែលនឹងចូលរួមការបោះឆ្នោត មិនមែនមានតែគណបក្សទាំង៥ នេះទេ។
ការលើកឡើងរបស់លោក សុខ ឥសាន នេះ បន្ទាប់ពីគណបក្សចំនួន៥ រួមមានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម កំពុងរួមសំឡេងគ្នា ក្នុងគោលបំណងស្នើឱ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។ ក្រុមគណបក្សដែលមិនមានសំឡេងក្នុងរដ្ឋាភិបាល និងរដ្ឋសភារួមទាំងគណបក្សភ្លើងទៀន ដែលទទួលការគាំទ្រច្រើននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ផង គ្រោងនឹងដាក់សំណើទាក់ទងនឹងរឿងនេះទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងមហាផ្ទៃ និងរដ្ឋសភា។ ជាមួយគ្នានេះក្រុមគណបក្សនយោបាយនេះ ក៏មានគម្រោងជួបជជែកជាមួយអង្គការសង្គមស៊ីវិល និងបណ្ដាអង្គទូតប្រទេសប្រជាធិបតេយ្យ ដែលគាំទ្រការបោះឆ្នោតនៅកម្ពុជា។
បន្ថែមពីនេះ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមគណបក្សនយោបាយទាំង៥ ដែលកំពុងមានសំឡេងរួមគ្នានេះ ក៏គ្រោងនឹងស្នើសុំជួបជជែកជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចផង៖ «ព្រោះថា រដ្ឋសភាក្ដី ក្រសួងមហាផ្ទៃក្ដីក៏ភាគច្រើនសុទ្ធតែជាមនុស្សរបស់គណបក្សកាន់អំណាច ហើយសភាអាចអនុម័តទៅបានទាល់តែមានការជជែកគ្នាជាមួយគណបក្សកាន់អំណាចទើបអាចអនុម័តបាន បើត្រូវគ្នាជាមួយគណបក្សកាន់អំណាចគឺ ការអនុម័តអីផ្សេងៗ អាចធ្វើទៅបាន។ ប៉ុន្តែក្នុង»។
គណបក្សនយោបាយទាំង៥ បានប្រកាសពីចំណុចអាទិភាពមួយចំនួន ដែលពួកគេចង់បានក្នុងនោះ រួមមានឯករាជ្យរបស់ស្ថាប័ន គ.ជ.ប តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ សំណើបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ឬរើសអើងនយោបាយ និងភាពមិនប្រក្រតីនានាក្នុងដំណើរការបោះឆ្នោតអនុវត្តដោយអាជ្ញាធរមូលដ្ឋាន និងសំណើកែប្រែច្បាប់មួយចំនួនទាក់ទងនឹងការបោះឆ្នោត។
ទាក់ទងនឹងការឆ្លើយតបរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាទៅគណបក្សនយោបាយទាំង៥ នេះ អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា លោកសាទរ ដែលគណបក្សដឹកនាំដោយអ្នកប្រជាធិបតេយ្យអាចអង្គុយនិយាយគ្នា រួមគំនិតគ្នាបាន ប៉ុន្តែលោកថា គណបក្សកាន់អំណាចនឹងមលឱ្យតម្លៃ ប្រសិនបើពួកគេបន្តនៅបែកខ្ញែកគ្នា មិនអាចរួមបញ្ចូលជាគណបក្សនយោបាយរួមមួយ។ លោក គឹម សុខ ផ្ដល់យោបល់ថា មានតែការរួមគ្នាទេ ទើបអាចមានឥទ្ធិពលចាប់បង្ខំគណបក្សកាន់អំណាចឱ្យស្ដាប់តាមសំណើណាមួយបាន៖ « បើចង់ទៅចូលរួមបោះឆ្នោត យ៉ាងហោចណាស់បើទាមទារកែ គ . ជ . ប មិនបានក៏គណបក្សទាំងអស់ហ្នុងរកការរួបរួមគ្នាទៅចូលរួមការបោះឆ្នោតជាកម្លាំងធំទៅ ប៉ុន្តែបើសម្រេចចិត្តមិនទៅបោះឆ្នោត ហើយជាប្រយោជន៍សម្រាប់ការតស៊ូ ដើម្បីប្រជាធិបតេយ្យ មិនមែនមិនចូលរួមហើយ មិនធ្វើអីទេ គឺត្រូវតវ៉ា ទាមទារឱ្យមានដំណោះស្រាយ ចេញសកម្មភាពជាសាធារណៈ ដើម្បីឱ្យកែទម្រង់ គ . ជ . ប ជាមុនសិន ត្រូវធ្វើការតស៊ូមតិលើអយុត្តិធម៌សង្គមនៅចំពោះមុខ។ បើមានសកម្មភាពទាំងអស់ហ្នឹង ទើបការមិនទៅចូលរួមបោះឆ្នោតមានប្រសិទ្ធភាព » ។
តែទោះជាយ៉ាងណាក្ដី អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមរបស់គណបក្សនយោបាយ ដែលរួមសំឡេងគ្នាកាលពីថ្ងៃទី១១ ខែកក្កដាថា ក្នុងការរួមសំឡេងគ្នានេះ គណបក្សនយោបាយទាំង៥ រួមទាំងគណបក្សភ្លើងទៀនផងនឹងចូលរួមនយោបាយ ដោយមធ្យោបាយជជែកពិភាក្សា ដោយពុំផ្អែកលើការរួមគ្នាធ្វើបាតុកម្មតវ៉ាណាមួយឡើយ៖ «គណបក្សដែលចូលរួមពិសេសគណបក្សទាំង៥ រួមទាំងគណបក្សភ្លើងទៀនយើងមានគោលការណ៍ថ្មីគឺមិនយកការប្រទូស្តរ៉ាយទេ មិនយកការធ្វើបាតុកម្មជាកត្តាដោះស្រាយប្រឈម ដែលយើងយល់ថាមិនត្រឹមត្រូវ ហើយប្រហែលជាយកការមានកិចច្សហការរវាងគ្នាទាំងគណបក្សកាន់អំណាច ទាំងគណបក្សមិននៅក្នុងរដ្ឋាភិបាល ដើម្បីឱ្យបរិយាកាសសង្គមហ្នឹងវាធានា ពីព្រោះយើងដឹងហើយគណបក្សប្រជាជនមានគោលការណ៍រក្សាសន្តិភាព ចង់បានសន្តិភាព ការពារសន្តិភាព ហើយយើងក៏ចូលរួមក្នុងការងារហ្នឹងដែរ បើយើងជជែកគ្នាកុំឱ្យមានអារម្មណ៍ ដែលថាអាចដោះស្រាយទុកឱ្យបញ្ហាវាកាន់តែរីកធំទៅ ហើយគ្មានជម្រើសក្នុងការដោះស្រាយ»។
ត្រង់ចំណុចនេះ លោក គឹម សុខ ឆ្លើយតបទៅវិញដែរថា នេះគ្រាន់តែជាលេសរបស់មេដឹកនាំគណបក្សនយោបាយ ដែលភ័យខ្លាចដោយខ្លួនឯង និងមិនបានប្រកាន់យកឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតជាធំឡើយ។
ទាក់ទងនឹងសំណើឱ្យមានធានាការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ អង្គការសង្គមស៊ីវិលបានទាមទារទៅរដ្ឋាភិបាលឱ្យដោះស្រាយបញ្ហាអាទិភាព៦ចំណុច ក្នុងនោះរួមមាន៖ ធានាបរិយាកាសនយោបាយសេរី សំដៅដល់ការស្ដារសេរីភាពមូលដ្ឋានគ្រប់បែបយ៉ាងរបស់ពលរដ្ឋ ធានាសិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត ដោយដោះលែងអ្នកជាប់ឃុំដោយសារអនុវត្តន៍សិទ្ធិនយោបាយ និងផ្ដល់សិទ្ធិឱ្យគ្រប់គណបក្សនយោបាយបានដំណើរការនយោបាយឡើងវិញ។ មួយទៀត គឺការធានាឆន្ទៈអ្នកបោះឆ្នោត ដែលសំដៅដល់ការស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយ និងច្បាប់បោះឆ្នោត បញ្ឈប់ការដកហូតអាសនៈអ្នកតំណាងជាប់ឆ្នោត ដោយសារការរម្លាយគណបក្សនយោបាយជាដើម។ ជាមួយគ្នានេះ ត្រូវធានាឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ដែលអាចជឿទុកចិត្តបានដោយរក្សាសមាសភាពមកពីភាគីពាក់ព័ន្ធដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺ៤រូបមកពីបក្សកាន់អំណាច ៤រូបទៀតមកពីបក្សគ្មានអាសនៈក្នុងសភា និង១រូបពីខាងសង្គមស៊ីវិលជាដើម។ បន្ថែមពីនេះ គឺត្រូវធានាឯករាជភាព និងអព្យាក្រឹតរបស់កងកម្លាំងប្រដាប់អាវុធ និងតុលាការ។ រីឯចំណុចចុងក្រោយ គឺធានាឱ្យក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអាចអនុវត្តតួនាទីពួកគេដោយសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។