សកម្មជនគណបក្សប្រឆាំងមួយចំនួនលើកឡើងថា ពួកគាត់នៅតែទទួលរងភាពអយុត្តិធម៌ធ្ងន់ធ្ងរដដែល ទោះបីជាតុលាការព្យួរទោស ៥ឆ្នាំក៏ដោយ ព្រោះពួកគាត់ មិនបានប្រព្រឹត្តខុសច្បាប់ឡើយ។ សង្គមស៊ីវិលយល់ថា វិធានការតុលាការនេះ គឺជារឿងនយោបាយដែលរំលោភលើសិទ្ធិពលរដ្ឋ។
សកម្មជនគណបក្សសង្គ្រោះជាតិ ទាមទារឲ្យតុលាការរបបក្រុងភ្នំពេញ លុបចោលការចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់ពួកគាត់ឡើងវិញ ព្រោះការកាត់ក្តីឲ្យពួកគាត់មានទោសពីបទ «រួមគំនិតក្បត់»និង «ញុះញង់»គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។
សកម្មជនគណបក្សសង្គ្រោះជាតិមួយរូប គឺលោក ភួង រដ្ឋា ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១៥ ខែមិថុនាថា ទោះបីជាតុលាការ ព្យួរទោសលោកមិនឲ្យជាប់ពន្ធនាគារក៏ដោយ ប៉ុន្តែលោកនៅតែមិនពេញចិត្តដែរព្រោះតុលាការបានសម្រេចឲ្យលោកជាប់ឈ្មោះថា មានទោស ៥ឆ្នាំទាំងដែលលោក មិនបានប្រព្រឹត្តកំហុសទាល់តែសោះ។ ទោះជាយ៉ាងណា លោកនឹងមិនដាក់បណ្តឹងឧទ្ធណ៍នោះទេ ព្រោះលោក គ្មានសង្ឃឹមថា នឹងទទួលបានយុត្តិធម៌៖ « តុលាការ គួរតែផ្តល់យុត្តិធម៌ដល់អ្នករងគ្រោះ ហើយទម្លាក់ចោលបទចោទទាំងស្រុង លើពួកខ្ញុំដែលជាសកម្មជនសិទ្ធិមនុស្សសកម្មជនគណបក្សនយោបាយ។ យើងគ្រាន់តែសម្តែងមតិរិះគន់ចំពោះភាពចន្លោះខ្វះខាតនៃការដឹកនាំរបស់រដ្ឋាភិបាល ដើម្បីឲ្យមានការកែតម្រូវ ប៉ុន្តែត្រូវបានតុលាការចោទថា ពួកយើងរួមគំនិតក្បត់អីជាដើម។ ទោះបីកាត់ ៥ឆ្នាំ ហើយព្យួទោសក៏ដោយ ខ្ញុំពិបាកទទួលយកព្រោះវាជាការរឹតត្បិតសេរីភាពរបស់ខ្ញុំមួយចំណែកធំ ហើយធ្វើឲ្យខ្ញុំពិបាកស្វែងរកការងារធ្វើ » ។
លោក ភួង រដ្ឋា ស្ថិតក្នុងចំណោមយុវជនគណបក្សសង្គ្រោះជាតិប្រមាណ២០នាក់ដែលជាប់ទោស ៥ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរ។
ទន្ទឹមគ្នានេះ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតលោក នាង សុឃុន ដែលកំពុងភៀសខ្លួននៅសហរដ្ឋអាមេរិក ថ្កោលទោសចំពោះតុលាការរបបក្រុងភ្នំពេញដែលផ្តន្ទាទោសថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងរួមទាំងរូបលោកឲ្យជាប់ពន្ធនាគារចាប់ពី ៥ឆ្នាំដល់ឆ្នាំ ៨ឆ្នាំ។ លោកចាត់ទុកថា តុលាការនៅកម្ពុជា អនុវត្តច្បាប់ឡប់ឡែ តាមតែបញ្ជាររបស់លោក ហ៊ុន សែន ដោយអ្នកណាចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារួចខ្លួន ចំណែកអ្នកណាមិនចុះចូល បែរជាជាប់ទោសធ្ងន់ធ្ងរទាំងដែលបទចោទដូចគ្នា៖ « តុលាការកម្ពុជា កំពុងតែធ្វើឲ្យប្រជាពលរដ្ឋខ្មែរបាត់បង់ជំនឿចិត្តទៅលើប្រព័ន្ធតុលាការ។ មិនត្រឹមតែពលរដ្ឋខ្មែរទេ សូម្បីតែអន្តរជាតិ ក៏គេមើលឃើញពីអង្វើអាក្រក់របស់តុលាការ ដែលជាឧបករណ៍សម្រាប់ធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំងជាពិសេសលើអ្នកតស៊ូដើម្បីសេរីភាពនិងលិទ្ធិប្រជាធិបតេយ្យ » ។
ប្រតិកម្មរបស់សកម្មជគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ បានសម្រេចផ្តន្ទាទោសទ្រង់ទ្រាយធំលើថ្នាក់ដឹកនាំនិងសកម្មជនបក្សសង្គ្រោះជាតិប្រមាណ ៦០នាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ៥ឆ្នាំ ៦ឆ្នាំ និង ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ញុះញង់»។ ក្នុងចំណោមនោះ មានក្រុមសកម្មជនបក្សប្រឆាំងប្រមាណ ២០នាក់ដែលជាប់ទោស ៥ឆ្នាំ ប៉ុន្តែត្រូវបានតុលាការសម្រេចព្យួរទោសទាំងអស់ ដោយមិនចេញដីកាចាប់ខ្លួនដូចអ្នកដែលតុលាការកាត់ឲ្យជាប់ទោស ៦ឆ្នាំនិង ៨ឆ្នាំឡើយ។ ក្រុមអ្នកទទួលបានការព្យួរទោសនេះមួយចំនួន ជាអ្នកមិនសូវមានឈ្មោះល្បី អ្នកខ្លះរក្សាភាពស្ងៀមស្ងាត់ ហើយអ្នកខ្លះទៀតធ្លាប់ចុះចូលជាមួយបក្សកាន់អំណាច។ សកម្មជនមួយចំនួនយល់ថា មូលហេតុដែលតុលាការសម្រេចឲ្យអ្នកចុះចូលជាមួយបក្សកាន់អំណាចមួយចំនួន ជាប់ ៥ឆ្នាំនេះ ទំនងដោយសារបក្សកាន់អំណាចមិនទាន់ទុកចិត្តលើពួកគេទាំងស្រុង ដោយសារអ្នកទាំងនោះ រក្សាភាពស្ងៀមស្ងាត់ មិនចេញវាយប្រហារបក្សប្រឆាំង។ ដោយឡែកក្រុមអ្នកដែលមានសំណាងត្រូវបានតុលាការលុបចោលការចោទប្រកាន់ក្នុងសំណុំរឿងដូចគ្នានេះ គឺក្រុមអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោក យឹម ស៊ីណន បន្ទាប់ពីលោកសរសេរលិខិតស្នើសុំទៅលោក ហ៊ុន សែន។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានសាលាដំបូងរាជធានីភ្នំពេញលោក តាំង ស៊ុនឡាយ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន់ ចាន់ឡូត ថ្លែងថា សកម្មជនទាំងនេះ មានសិទ្ធិបដិសេធចំពោះសាលក្រមរបស់តុលាការ និងអាចប្តឹងទៅព្រះមហាក្សត្រដើម្បីបញ្ជាក់អំពីឯករាជ្យភាពតុលាការ។ លោកពិនិត្យឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងនេះ មានលក្ខណៈនយោបាយ ដូច្នេះជាការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋធ្ងន់ធ្ងរ ហើយមិនបានផ្តល់ផលចំណេញដល់មុខមាត់រដ្ឋាភិបាលនោះទេ។ ទោះជាយ៉ាងណាលោករំពឹងថា ក្រោយការផ្តន្ទាទោសទ្រង់ទ្រាយធំនេះនឹងនាំឲ្យមានការចចារនយោបាយដូចពេលកន្លងមក៖ « យើងមើលទៅលើទិដ្ឋភាពច្បាប់នៅពេលនរណាម្នាក់ ទទួលបាននូវការចោទប្រកាន់រួចហើយគឺងាយស្រួលបើនិយាយពីនីតិវិធីគឺព្រះមហាក្សត្រលោកអាចមានព្រះរាជតួនាទីលើកលែងទោសដល់អ្នកទាំងអស់ហ្នឹង។ ប៉ុន្តែសម្រាប់ទិដ្ឋភាពនយោបាយវិញ អ្នកនយោបាយតែងតែយកការចោទប្រកាន់គឺជាកម្មវត្ថុនៃការចចារផ្នែកនយោបាយហើយបន្ទាប់មកតែងមានការលើកលែងទោសជាជំហ៊ានៗ » ។
ពាក់ព័ន្ធនឹងការផ្តន្ទាទោសទ្រង់ទ្រាយធំលើថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំង រួមទាំងសកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោ កញ្ញា សេង ធារី នេះ ត្រូវបានក្រុមអង្គការជាតិ និងអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក ថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន និងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ហើយដោះលែងអ្នកជាប់ឃុំជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។