អ្នកវិភាគ​ចាត់​ទុក​វិមាន​ឈ្នះ​ឈ្នះ​ជា​ចេតិយ​តម្កល់​ឯកសារ​ក្លែងក្លាយ​នៃ​របប​លោក ហ៊ុន សែន

0:00 / 0:00

របប​លោក ហ៊ុន សែន នឹង​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ និង​ធ្វើ​ពិធី​ឆ្លង​ឆ្នាំ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ធ្នូ នៅ​ឯ​ទីតាំង​វិមាន​ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ មន្ត្រី​នៃ​របប​ឯក​បក្ស​អះអាង​ថា ការសាងសង់​វិមាន​ឈ្នះ ឈ្នះ នេះ គឺ ដើម្បី​រំឭក​ដល់ បុព្វបុរស​ខ្មែរ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ដែល​ជា​និម្មិត​រូប​នៃ​សុខ​សន្តិភាព ក្រោយ​ពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​កន្លង​មក។

ប៉ុន្តែ​អ្នកវិភាគ​អះអាង​ថា ការសាងសង់​វិមាន​ឈ្នះ​ឈ្នះ​នេះ មិន​មាន​សារៈសំខាន់ និង​មានន័យ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ឡើយ។

វិមាន​ឈ្នះ ឈ្នះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​មេដឹកនាំ​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន ផង មាន​មោទនភាព​ខ្លាំង​បំផុត ដែល​បាន​សាងសង់​វិមាន​នេះ​ឡើង នៅ​ក្នុង​សម័យ​របស់​លោក ដែល​របប​ក្រុងភ្នំពេញ​ថា ជា​និមិត្ត​រូប​សន្តិភាព ក្រោយពី​បាន​ផ្ដួល​រលំ​របប​ខ្មែរក្រហម​បាន​ជោគជ័យ។

​ក៏ប៉ុន្តែ​អ្នកវិភាគ បាន​ចាត់​ទុក​វិមាន​ឈ្នះ​ឈ្នះ​នេះ គឺជា​ចេតិយ​សម្រាប់​តម្កល់​ឯកសារ​ប្រវត្តិសាស្ត្រ​ក្លែងក្លាយ​របស់​របប​លោក ហ៊ុន សែន និង​ជា​និមិត្តរូប ដែល​វៀតណាម បាន​លើក​បន្តុប​លោក ហ៊ុន សែន ឲ្យ​ដឹកនាំ​ប្រទេស​រហូត​មក​ដល់​បច្ចុប្បន្ន។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ មានប្រសាសន៍ថា របប​លោក ហ៊ុន សែន សង់​វិមាន​ឈ្នះ​ឈ្នះ​នេះ គឺជា​ការ​បំភ្លៃ​ការ​ពិត​នៅ​ក្នុង​សង្គម​កម្ពុជា ព្រោះ​នយោបាយ​ឈ្នះ ឈ្នះ នេះ គឺ​ក្រុម​បក្ស​ពួក​លោក ហ៊ុន សែន​ទៅវិញ​ទេ ដែល​ឈ្នះ​មិនមែន​ជាតិ និង​ពលរដ្ឋ​ជា​អ្នកឈ្នះ​ឡើយ ទោះបី​ជាតិ​លិចលង់​ក្ដី លោក ហ៊ុន សែន មិន​ខ្វល់​ដែរ៖ «លោក ហ៊ុន សែន គាត់​ជា​មនុស្ស​កម្ចាត់​អ្នកដទៃ ពេល​គាត់​ធ្វើជា​ប្រធាន​អនុ​សេនា​ធំ​នៅ​សម័យ​ខ្មែរក្រហម ដែល​អ្នកណា​ហ៊ាន​រារាំង​ការ​កាន់​តំណែង​របស់​គាត់។ ហើយ​នៅ​ឆ្នាំ​១៩៧៧ ប៉ុល ពត បោសសំអាត​ផ្ទៃក្នុង ហើយ​លោក ហ៊ុន សែន នៅ​ពេល​នោះ​ភ័យខ្លាច ដោយសារតែ​លោក​ជា​អ្នក​កម្ទេច​គេ លោក ហ៊ុន សែន ក៏​រត់​ទៅ​ប្រទេស​វៀតណាម នៅ​ពេល​នោះ វៀតណាម​បាន​ចាប់​ដាក់គុក បន្ទាប់​មក​វៀតណាម​បាន​បំពាក់បំប៉ន និង​បាន​វិល​មក​កម្ពុជា ដឹកនាំ​ប្រទេស​ដល់​បច្ចុប្បន្ន»។

បក្ស​កាន់អំណាច​អះអាង​ថា នយោបាយ ឈ្នះ ឈ្នះ គឺជា​គោលដៅ​ធ្វើ​ឲ្យ​រលាយ​អង្គការ​ចាត់​តាំងរបស់​ខ្មែរក្រហម និង​ជា​នយោបាយ​គ្មាន​អ្នកឈ្នះ គ្មាន​អ្នក​ចាញ់​ដែល​លោក ហ៊ុន សែន បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤ ក្រោយពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ ចំពោះ​និយមន័យ​នៃ​នយោបាយ​ឈ្នះ ឈ្នះ​វិញ ក៏បាន​ចែង​ពី​ខ្លឹមសារ​ល្អ ដែល​ជា​ការ​កំណត់​យុទ្ធ​សាស្ត្រ​សម្រាប់​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង និង​ជា​ការ​ស្វែងរក​សន្តិភាព​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល ក្នុង​ការ​បង្កើត​ឲ្យ​មាន​ជំនឿ​ចិត្ត​លើ​គ្នា​ទៅវិញទៅមក ពោល​គឺ ខ្មែរ​គ្រប់​ភាគី​ត្រូវ​ទទួលស្គាល់​ថា នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​បំផ្លិចបំផ្លាញ ប្រាកដជា​មិន​មាន​អ្នកឈ្នះ​នោះ​ទេ ហើយ​ការ​ចង​អាឃាត​ព្យាបាទ​គ្នា ក៏​មិន​អាច​នាំមក​នូវ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​បាន​ដែរ។

ក្រៅ​ពី​នេះ​ទៀត នយោបាយ​នេះ ជា​ការ​បើកទូលាយ​នៃ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ នៅ​តំបន់​ដាច់ស្រយាល ដែល​ធ្លាប់​បែង​ចែក​គ្នា​គ្រប់គ្រង ដើម្បី​ត​ភ្ជាប់​មក​រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា។ នៅ​ទន្ទឹម​នឹង​នេះ ដៃគូ​អភិវឌ្ឍន៍​នៃ​អង្គការ​អន្តរជាតិ​ជាច្រើន បាន​ចូល​មក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជួយ​ដល់​សហគមន៍​ក្រីក្រ ដែល​ជា​ការ​ស្ដារ​ឡើងវិញ ក្រោយ​ពី​កម្ពុជា​ជួប​ប្រទះ​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ។ នយោបាយ​ឈ្នះ ឈ្នះ នេះ​ទៀត ក៏​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អតីត​គណបក្ស​កុម្មុយនិស្ត ក្នុង​ការ​ផ្ដល់​នូវ​យុត្តិធម៌​សង្គម មិន​អនុញ្ញាត​ឲ្យ​មាន​អំពើ​ហិង្សា ការ​រំលោភ​បំពាន​គ្នា និង​អំពើ​ប្រល័យពូជសាសន៍​ដូចដែល​បាន​កើត​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឡើយ។

ទោះបីជា​នយោបាយ​ឈ្នះ​ឈ្នះ​នេះ បាន​ចែង​ល្អឥតខ្ចោះ​ដូច្នេះ​ក្ដី ក៏ប៉ុន្តែ និយមន័យ​នៃ​នយោបាយ​ឈ្នះ ឈ្នះ​របស់​លោក ហ៊ុន សែន នេះ​គ្រាន់តែ​ជា​ការ​ចែង​ល្អ​នៅតែ​លើ​ក្រដាស​តែប៉ុណ្ណោះ ចំពោះ​ការអនុវត្ត​ជាក់ស្ដែង​វិញ ត្រូវ​បាន​គេ​មើល​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​នេះ​ទាំងស្រុង ពីព្រោះ​ថា ការ​បង្ហូរ​ឈាម​គ្នា​នៅតែ​បន្ត​កើតមាន​ជា​ហូរហែ​គិត​ពី​ឆ្នាំ​១៩៩៤ ក្រោយពី​លោក ហ៊ុន សែន បាន​ដាក់​ចេញ​គោលនយោបាយ​នេះ​មក។ មិនយូរប៉ុន្មាន​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បង្កើត​អោយ​មាន​ព្រឹត្តិការណ៍​មួយ​ដែល​អង្គការសហប្រជាជាតិ​ហៅថា ជា​រដ្ឋប្រហារ​ប្រឆាំង​នាយករដ្ឋមន្ត្រី​ទី​១ ទ្រង់ នរោត្តម រណឫទ្ធិ។ ទាហាន លោក ហ៊ុន សែន បាន​បាញ់សម្លាប់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាច្រើន​នាក់ និង​មួយ​ចំនួន​ត្រូវ​ចាប់ខ្លួន មួយ​ចំនួន​ទៀត​បាត់​ខ្លួន ដែល​ការ​បង្ហូរ​ឈាម​នេះ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មន្ត្រី​ទាំងនោះ​ឈឺចាប់ និង​ព្រាត់ប្រាស​ពី​ក្រុម​គ្រួសារ ដែល​គេ​មិន​ឃើញ​ថា មិន​ខុស​ពី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឡើយ។

ការ​សម្លាប់ គឺជា​ការ​បំភិតបំភ័យ​អ្នកនយោបាយ​ប្រឆាំង បាន​និរទេស​ខ្លួន​រហូតដល់​មានការ​សម្របសម្រួល​របស់​ជប៉ុន អាមេរិក និង​អង្គការសហប្រជាជាតិ អោយ​ចូល​រួមការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៨។ ប៉ុន្តែ​ការបោះឆ្នោត​ពោរពេញ​ដោយ​អំពើ​ហិង្សា និង​មូលដ្ឋាន​ទន់ខ្សោយ។ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន ឈ្នះ​សំឡេង​ភាគច្រើន​ក្នុង​សភា។ ទាំង​រដ្ឋប្រហារ និង​ការបោះឆ្នោត​បាន​ជួយ​អោយ​លោក ហ៊ុន សែន ពង្រឹង​អំណាច​បន្ត។

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា ជាង ២​ទសវត្សរ៍​មកនេះ យ៉ាងហោចណាស់ មាន​មនុស្ស​ជាង ១០០​នាក់ ដែល​ត្រូវ​បាន​ធ្វើឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ហេតុផល​ដទៃ​ទៀត។ អ្នក​ទាំងនោះ​រួមមាន អ្នកសារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ មេដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នកវិភាគ​នយោបាយ។

នៅ​គ្រប់​ដំណាក់កាល​នៃ​ការបោះឆ្នោត​នីមួយៗ គណបក្ស​កាន់អំណាច​រប​ស់​លោក ហ៊ុន សែន បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ក្រុម​អ្នកប្រឆាំង និង​អ្នក​​រិះគន់ ដូចជា ការបោះឆ្នោត ឆ្នាំ​២០០៣ ការបោះឆ្នោត​ឆ្នាំ​២០០៨ និង​ការបោះឆ្នោត​ឆ្នាំ​២០១៣​ជាដើម គណបក្សប្រឆាំង​តែងតែ​ប្រកាស​មិន​ទទួលស្គាល់​ការបោះឆ្នោត ដោយ​ការ​គៃបន្លំ​សន្លឹកឆ្នោត និង​ធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ ស្រប​ពេល​នោះ អំពើ​ហិង្សា​បាន​កើត​ឡើងជា​បន្តបន្ទាប់ ដូចជា ការ​ប្រើ​អាវុធ​ជា​ការ​បិទមាត់​អ្នក​រិះគន់ និង​ការ​បង្ក្រាប។ ហើយ​នៅ​ចុងក្រោយ គឺ​ការបោះឆ្នោត​នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨​នេះ គឺ​គណបក្ស​កាន់អំណាច​បាន​កម្ទេច​បក្ស​ប្រឆាំង​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា​មុន​ការប្រកួត​មក​ដល់ ដែល​គ្មាន​ដៃគូ​ប្រកួត​ដ៏​ធំ​គឺ គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទទួល​ជ័យជំនះ​ក្នុង​ការ​ដឹកនាំ​របប​របស់​លោក​បន្ត​ទៀត។

អង្គការ​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​បាន​បញ្ចេញ​របាយ​ការណ៍​បង្ហាញ​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៦ ក្នុងចំណោម​អ្នកដឹកនាំ​កាន់​ដំណែង​យូរ​ជាងគេ​ក្នុង​ពិភពលោក។ អង្គការ​នេះ​បាន​ចាត់​ទុក​លោក​ថា ជា​មេដឹកនាំ​កាន់អំណាច​យូរ ដោយ​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួមមាន​ការ​ប្រើ​អំពើ​ហិង្សា ការគាបសង្កត់ និង​អំពើពុករលួយ។ របាយការណ៍​ដដែល​លើកឡើង​ទៀត​ថា លោក ហ៊ុន សែន ត្រូវ​ដាក់បញ្ចូល​ក្នុង​ចំណោម​អ្នកដឹកនាំ​ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា ក្នុង​ចេតនា នយោបាយ​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធ​គៃបន្លំ​ការបោះឆ្នោត ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​មានការ​គាំទ្រ​ពី​បរទេស​គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ដែល​ជ្រើសរើស​លោក​អោយ​កាន់​តំណែង និង​អាច​បន្ត​តំណែង​រហូតដល់​បច្ចុប្បន្ន។

ព្រះអង្គ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម មាន​ថេរដីកា​ថា ការ​សម្ពោធ វិមាន​ឈ្នះ ឈ្នះ និង​ធ្វើ​ពិធី​ឆ្លង​ឆ្នាំនេះ គឺជា​ព្រឹត្តិការណ៍​បោក និង​ជា​ការ​អបអរសាទរ នយោបាយ​ចាញ់ ចាញ់​របស់​លោក ហ៊ុន សែន​ទៅវិញ​ទេ ពី​ព្រោះ​ថា ក្រោម​ការដឹកនាំ របស់​របប លោក ហ៊ុន សែន ធ្វើ​ឲ្យ​មេដឹកនាំ​ខ្មែរ​បែកបាក់ តែ​លោក​បែរ​ជា​ទៅ​រណប​បរទេស ចិន និង​វៀតណាម ធ្វើ​យ៉ាងណា​ដើម្បី​រក្សា​អំណាច និង​បក្សពួក​របស់​លោក បាន​គង់វង្ស៖ «ហ៊ុន សែន កំពុង​ពាក់អាវ​ជ័យជំនះ តែ​ហ៊ុន សែន កំពុងតែ​ឲ្យ​ជាតិ​បរាជ័យ តែ ហ៊ុន សែន កំពុងតែ​ដេរ​អាវ​ជ័យជំនះ​ណា​ញាតិ​ញោម ដូច្នេះ ហ៊ុន សែន ពាក់​ជ័យជំនះ​យក​លុយ​ជាតិ​មក​ចាយ»។

អ្នកវិភាគ​លើកឡើង​ថា ការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ​នេះ ជា​ការ​ចង់​បង្ហាញ​ឲ្យ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ពី​ស្នាដៃ​របស់​គណបក្ស​កាន់អំណាច ដឹកនាំ​ប្រទេស ទទួល​បាន​ជ័យជំនះ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ក្រោម​រូបភាព គោល​នយោបាយ​ឈ្នះឈ្នះ របស់​លោក ហ៊ុន សែន ដែល​ជា​ស្នាដៃ​មួយ​ដ៏​អាក្រក់ សម្រាប់​បន្សល់ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ថ្វី​ដ្បិត​នយោបាយ​ឈ្នះ​ឈ្នះ​នេះ ចែង​ពី​ខ្មែរ​គ្រប់​ភាគី​ឈ្នះ​ទាំងអស់​គ្នា​ក្ដី ផ្ទុយទៅវិញ​នយោបាយ នេះ បង្កប់​នូវ​ភាព​ពិសពុល កម្ទេច​ខ្មែរ​គ្នាឯង ធ្វើ​ឲ្យ​ក្រុម​បក្ស​ប្រឆាំង និង​អ្នក​រងគ្រោះ​ដីធ្លី​ស្ទើរ​ពេញ​មួយ​នគរ​រង​ការឈឺចាប់ ក្រោម​រូបភាព​អភិវឌ្ឍន៍​ផ្សេងៗ។ លើស​ពី​នេះ​ទៀត ក្រុម​បក្ស​ពួក​លោក ហ៊ុន សែន ដែល​ជា​អ្នក​ទទួល​បាន​ជ័យជំនះ​នោះ រស់​នៅ​លើ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ តាមរយៈ​ការប្រព្រឹត្តិ​អំពើពុករលួយ និង​តួនាទី ឋានៈ បុណ្យ​ស័ក ដែល​ធ្វើ​ឲ្យ​មាន​គម្លាត​អ្នកមាន អ្នកក្រ និង​អំពើ​យុត្តិធម៌​នៅ​ក្នុង​សង្គម។

លោក គឹម សុខ មាន​ប្រសាសន៍​ថា របប​ឯកបក្ស​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ និង​ធ្វើ​ពិធី​ឆ្លង​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺជា​ពិធី​មួយ ដែល​អតីត​បក្ស​កុម្មុយនិស្ត​ដឹកនាំ​ដោយ លោក ហ៊ុន សែន ធ្វើ​ពិធី​អបអរ​សាទរ​ដែល​របប​របស់​លោក បាន​រណប​បរទេស ហើយ​យក​ខ្មែរ​ជា​សត្រូវ កម្ចេច​ដៃគូ​ប្រកួត​គ្មាន​ត្រា​ប្រណី ក្រោម​រូបភាព​នយោបាយ​ឈ្នះ​ឈ្នះ​ជា​រនាំង​បិទបាំង​ល្បិច​អាក្រក់​នៅ​ពីក្រោយ៖ «ពីព្រោះ​ពលរដ្ឋ​ដឹង​ជាទូទៅ ដោយសារ​ក្រោម​អំណាច​គេ​នៅ​ស្ងប់ស្ងាត់ តែ​ពលរដ្ឋ​មិន​គោរព ហ៊ុន សែន ទេ តែ​ហ៊ុន សែន គោរព​យួន​គឺ​គោរព​ពិត​ដោយសារ​តំណែង​នាយករដ្ឋមន្ត្រី ទោះជា ហ៊ុន សែន ស្រមៃ​១០០​ជាតិ​ទៀត​ក៏​មិន​បាន​ដែរ ដូច្នេះ​ហ៊ុន សែន ត្រូវតែ​គោរព​យួន​ហើយ​ដោយ​សារ​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​នាយក​មន្ត្រី​ដ៏​យូរ​ឆ្នាំ​បែបនេះ»។

វិមាន​ឈ្នះ​ឈ្នះ​នេះ បាន​សាងសង់​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦​មក នៅ​លើ​ផ្ទៃដី ៨​ហិកតារ ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក លី យ៉ុងផាត់ នៅ​សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។នៅ​ក្នុង​វិមាន​នេះ គឺ​មាន រូបចម្លាក់​សម្រាប់​ដាក់​តាំងនៅ​ក្នុង​វិមាន​ជាច្រើន ដែល​នៅ​តាម​ជញ្ជាំង​ជាន់​ផ្ទាល់​ដី ជុំវិញ​បរិវេណ​វិមាន​ឈ្នះ​-​ឈ្នះ ដែល​រូបចម្លាក់​ទាំងនោះ ទាក់ទង ប្រវត្តិ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ​១៩៧៧។ រូបចម្លាក់​ជាច្រើន​ទៀត​នៅ​លើ​វិមាន​នេះ មាន​ដូចជា រួប​ចម្លាក់ ហង្ស រូប​គ្រុឌ និង​រូប​ដំរី​ក្បាល​បី រូប​នាគ និង​រូប​តោ​ជាដើម។

មន្ត្រី​ជាន់ខ្ពស់ ក្រសួងការពារជាតិ លោក ឈុំ សុជាតិ ធ្លាប់​ឲ្យ​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ថា របប​លោក ហ៊ុន សែន នឹង​ដាក់​ឯកសារ​មួយ នៅ​សារមន្ទីរ​វិមាន​ឈ្នះ​ឈ្នះ​ផ្តោត​លើ ប្រវត្តិ​តស៊ូ​របស់​លោក ហ៊ុន សែន។ របប​លោក ហ៊ុន សែន បាន​កសាង​វិមាន​ឈ្នះ​ឈ្នះ​ក្នុង​គោលបំណង​ចង់​បង្ហាញ​ពី​ស្នាដៃ​នៃ​ការ​ខិតខំ​ប្រឹងប្រែង របស់​លោក ហ៊ុន សែន ដែល​បាន​តស៊ូ​រំដោះ​ជាតិ​កម្ពុជា ចេញពី​របប​ខ្មែរក្រហម។

ទាក់ទងនឹង​ករណី​នេះ លោក គឹម សុខ អះអាង​ថា វិមាន​ឈ្នះ ឈ្នះ​នេះ គឺជា​ចេតិយ សម្រាប់​តម្កល់​ឯកសារ​ក្លែងក្លាយ នៅ​ក្នុង​របប​កាប់សម្លាប់ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដើម្បី​បន្លំ​ប្រវត្តិសាស្ត្រ បង្វែង​ការ​កាប់​សម្លាប់​ខ្មែរ​គ្នាឯង ដើម្បី​អំណាច​របស់​ខ្លួន ក្រោម​រូបភាព នយោបាយ ឈ្នះ ឈ្នះ​នេះ ទៅ​ជា​វិមាន​មួយ​ដែល ជាទី​មោទនភាព​របស់​ក្រុម​ដឹកនាំ​កុម្មុយនិស្ត​ផ្ដាច់ការ​បច្ចុប្បន្ន៖ «កាលពី​សម័យ​សង្គមរាស្ត្រនិយម សង់​ឡើង​ដើម្បី​អបអរសាទរ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មាន​សេរីភាព​វិញ តែ​ពិធី​នេះ និង​វិមាន​ឈ្នះ​ឈ្នះ គឺជា​ការ កាឡៃ កាឡៃ​ទាំង​ឯកសារ​របស់​គាត់ កាឡៃ​ទាំង​វិធី​កាន់អំណាច​របស់​គាត់ ដូច្នេះ​វិមាន​នេះ​សម្រាប់​ផ្ទុក​ឯកសារ​កាឡៃ​របស់​គាត់»។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៦ ធ្នូ បាន​សំដែង​ពី​មោទនភាព​របស់​ខ្លួន ចំពោះ​ការសាងសង់​វិមាន​ឈ្នះ ឈ្នះ​នេះ​ឡើង​។ លោក​បន្ថែម​ថា ការ​ដាក់​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​អបអរ​ខួប​លើក​ទី​២០ នៃ​ការ​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា។ លោក​អះអាង​ថា ការ​បញ្ចប់​សង្គ្រាម​នេះ ដោយសារតែ​នយោបាយ​ឈ្នះៗ​របស់​លោក ទើប​ធ្វើ​ឲ្យ​កម្ពុជា​មាន​សុខ​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ៖ «វិមាន​ឈ្នះ​ឈ្នះ ដែល​ជា​និមិត្ត​រូប​នៃ​ការ​បញ្ចប់​សង្គ្រាម​តាមរយៈ​នយោបាយ​ឈ្នះ យើង​ធ្វើ​ពី​ធី​សម្ពោធ​វិមាន​នេះ ដើម្បី​ជា​ការ​រំលឹក​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល ដែល​នាំមក​នូវ​កា​រ​បង្រួបង្រួម​ជាតិ​របស់​កម្ពុជា ជា​លើកដំបូង»។

ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​មិនមែន​មកពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន តែ​ម្នាក់ឯង​នោះ​ទេ​។ ការ​បញ្ចប់​សង្គ្រាមត្រជាក់​នេះ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ សង្គ្រាមត្រជាក់ ដែល​ជា​សង្គ្រាម​ដណ្ដើម​ឥទ្ធិពល​មនោគមវិជ្ជា​នយោបាយ រវាង​ប្លុក​កុម្មុយនិស្ត និង​ប្លុក​សេរី ចាប់​ឈាន​ចូល​ដល់​ផ្លូវបំបែក​មួយ។ កំផែង​ក្រុង​ប៊ែរឡាំង ដែល​ខណ្ឌ​ចែក​ប្រទេស​អាល្លឺម៉ង់​ខាងកើត និយម​កុម្មុយនិស្ត និង​អាល្លឺម៉ង់​ខាងលិច​និយម​សេរី​ពហុបក្ស ត្រូវ​បាន​ប្រជាពលរដ្ឋ​អាល្លឺម៉ង់​វាយកម្ទេច​ចោល ហើយ​ប្រទេស​អាល្លឺម៉ង់ ដែល​ធ្លាប់តែ​ចែក​ជា​ពីរ​ក៏​ត្រូវ​បាន​ក្លាយ​ជា​ប្រទេស​តែមួយ​វិញ។

ការ​នាំ​ឲ្យ​ដល់​ទី​បញ្ចប់​នៃ​សង្គ្រាមត្រជាក់ ដែល​អនុញ្ញាត​ឲ្យ​ប្រជាជាតិ​ដែល​បែកបាក់​ដោយសារ​ការ​ប្រកាន់​និន្នាការ​នយោបាយ​ខុសគ្នា ងាក​មក​បង្រួបបង្រួម​គ្នា​វិញ​នេះ គឺ​កើត​ចេញ​ពី​ផែនការ​កែទម្រង់​ក្នុង​ទិសដៅ​ធ្វើ​សេរីភាវូបនីយកម្ម នៃ​ប្រទេស​កុម្មុយនិស្ត​ដ៏​ធំ​ជាងគេ​បំផុត​មួយ​នៅ​លើ​លោក។ នា​ពេល​នោះ ប្លុក​កុម្មុយនិស្ត​ជួបប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ អតីត​ប្រធានាធិបតី សហភាពសូវៀត លោក មីខាអ៊ីល ហ្គោរបា​ឆេវ (Michail Gorbachev) បាន​ដាក់​ចេញ​នូវ​ផែនការ​កែ​ទម្រង់​ដ៏​ធំ​មួយ ដែល​គេ​អោយ​ឈ្មោះថា ប៉េរ៉េស្ត្រយកា (Perestroika)​។ គឺ​ការ​កែទម្រង់ របស់​លោក ហ្គោរបាឆេវ នេះ​ហើយ ដែល​បាន​ជំរុញ​អោយ​ប្រទេស​អឺរ៉ុប​ខាងកើត​ទាំងឡាយ មាន​អាល្លឺម៉ង់ ប៉ូឡូញ ហុងគ្រី​ជាដើម បាន​រំដោះខ្លួន​ពី​ប្រព័ន្ធ​គ្រប់គ្រង​បែប​កុម្មុយនិស្ត​ផ្ដាច់ការ ឲ្យ​ទៅ​ជា​បែប​សេរី​ពហុបក្ស តាម​លោក​ខាងលិច​វិញ។

ស្ថិត​ក្នុង​ចរន្ត​នយោបាយ​ថ្មី​នេះ សហភាពសូវៀត ក៏​គ្មាន​ហេតុផល​អ្វី នឹង​បន្ត​ផ្ដល់​ជំនួយ​ថវិកា និង​គ្រឿង​សព្វាវុធ​របស់​ខ្លួន ដល់​កងទ័ព​វៀតណាម ក្នុង​បេសកកម្ម​ជួយ​ប្រទេស​កម្ពុជា «​ជា​បងប្អូន​» ក្នុង​ត្រកូល​កុម្មុយនិស្ត​នឹង​គ្នា​នោះ​ទៀត​ដែរ។ នៅ​ពេល​នោះ មេដឹកនាំ​កម្ពុជា ដែល​ប្រឈមមុខ​នឹង​ការ​ដាក់​គំនាប​សេដ្ឋកិច្ច​ពី​លោក​ខាងលិច​ស្រាប់ ហើយ​ត្រូវ​ទទួលរង​នូវ​ការ​បោះបង់​ចោល​ពី​ប្រទេស​រៀមច្បង​ប្លុក​កុម្មុយនិស្ត​ទៀត ក៏​ចាប់ផ្ដើម​ស្រវេស្រវា​រក​យន្តការ​ថ្មី ដើម្បី​ទ្រទ្រង់​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា​ជា​បន្ត​ទៅ​ទៀត។

រីឯ​ក្រុម​អ្នកតស៊ូ​ខ្មែរ​ម្ខាង​ទៀត​នៅ​ជាយដែន​ខ្មែរ​ថៃ មាន​ក្រុម​ស្មោះស្ម័គ្រ​នឹង​សម្តេច​ព្រះ​នរោត្តម​សីហនុ នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រុម​ស្មោះស្ម័គ្រ​នឹង​លោកតា សឺន សាន នៃ​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KPNLF) និង​ក្រុម​ខ្មែរ​ក្រហម នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏​ត្រូវ​បាន​ប្រទេស​អ្នកគាំទ្រ​ខ្លួន​មាន​ប្រទេស​លោក​ខាងលិច និង​ប្រទេស​ចិន​ជាដើម ជួយ​ជ្រោមជ្រែងឲ្យ​​មាន​ការ​ចរចា​រក​សន្តិភាព​រវាង​ក្រុម​បដិបក្ខ​ខ្មែរ​ដែរ។

ទោះបីជា​មេដឹកនាំ​ក្រុងភ្នំពេញ បាន​ព្យាយាម លើក​ពី​នយោបាយ​ឈ្នះ ឈ្នះ ទើប​ធ្វើ​ឲ្យ​កម្ពុជា​លេច​មុខ​មាត់​ជាថ្មី​នៅ​ឆាក​អន្តរជាតិ ក្រោយពី​របប​ខ្មែរក្រហម​ដួល​រលំ​យ៉ាង​នេះ​ក្ដី ក៏ប៉ុន្តែ​នយោបាយ​ឈ្នះ ឈ្នះ និង​ការសាងសង់​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​ជា​តឹកតាង​បង្ហាញ​ពី​ស្នាដៃ​របស់​របប​ក្រុងភ្នំពេញ​បែបនេះ​ក្ដី ក៏​ប្រវត្តិសាស្ត្រ​នៅតែ​ចារ​ថា នយោបាយ​ឈ្នះ ឈ្នះ និង​វិមាន​នេះ ពុំ​មានន័យ​សម្រាប់​ប្រជា​ពលរដ្ឋ​ជាទូទៅ ដែល​រស់នៅ​ក្នុង​របប​មួយ​ដែល​មាន​សុខ​សន្តិភាព និង​មាន​សេរីភាព​ពេញ​ឡើយ​។

កាដូ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩ របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​វិមាន​ឈ្នះ​ឈ្នះ ដែល​មេដឹកនាំ​របប​ក្រុងភ្នំពេញ​មាន​មោទនភាព​ចំពោះ​ចំពោះ​ការសាងសង់​វិមាន​នេះ​ឡើង និង​ជា​ស្នាដៃ​របស់​ខ្លួន​ដែល​ទទួល​បាន​ជ័យជំនះ​នៅ​គ្រប់​ដំណាក់កាល​បែបនេះ​ក្ដី ប៉ុន្តែ​អ្នកវិភាគ​មើល​ឃើញ​ថា វិមាន​នេះ នេះ ជា​និមិត្តរូប​នៃ​ការ​បែកបាក់ ដែល​មេដឹកនាំ​បច្ចុប្បន្ន​ដឹកនាំ​ប្រទេស​មិនបាន​គិត​ពី​បញ្ហា​ប្រទេសជាតិ​ជា​រឿង​សំខាន់ តែ​គិត​រឿង​យកឈ្នះ​ចាញ់ ដើម្បី​បន្ត​អំណាច​ជា​រឿង​ចាំបាច់ ដែល​ប្រវត្តិសាស្ត្រ​នឹង​កត់ត្រា អំពី​ភាព​បែកបាក់ គ្មាន​ការផ្សះផ្សា​ជាតិ និង​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ ទោះជា​របប​ឯក​បក្ស​នេះ ខំ​បិទបាំង​អំពី​ការ​បែកបាក់​ជាតិ​នេះ​បែប​ណា​ក្ដី ហើយ​វិមាន​នេះ ក៏​ជា​ភស្តុតាង​មួយទៀត​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ដែល​បង្ហាញ​ថា ជា​វិមាន​ឈ្នះ​តែ​អ្នកនយោបាយ​មួយ​ក្រុម​របស់​បក្ស​កាន់អំណាច មិនមែន​ឈ្នះ​សម្រាប់​ប្រទេសជាតិ​ទាំងមូល​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។