មតិ​ពលរដ្ឋ​ជុំវិញ​ការ​សាងសង់​វិមាន​ឈ្នះៗ​របស់​របប លោក ហ៊ុន សែន

0:00 / 0:00

ពលរដ្ឋ និង​ក្រុម​យុវជន យល់​ឃើញ​ថា ការ​ស្ថាបនា​វិមាន​ឈ្នះៗ របស់​របប​ក្រុងភ្នំពេញ​គ្រាន់តែ ដើម្បី​ផលប្រយោជន៍​គោលនយោបាយ​គណបក្ស​កាន់អំណាច និង​លោក ហ៊ុន សែន តែប៉ុណ្ណោះ​។ ពួកគេ​មើល​ឃើញ​ថា វិមាន​នេះ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​បង្រួបបង្រួម​ជាតិ​ស្មោះត្រង់​នោះ​ទេ តែ​ផ្ទុយទៅវិញ វិមាន​នេះ​អាច​នឹង​សាបសូន្យ​នៅ​ថ្ងៃ​ណាមួយ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ពី​អំណាច។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​ក្រុម​យុវជន មើល​ឃើញ​ថា ការ​ចំណាយ​ថវិកាជាតិ សាងសង់​វិមាន​ឈ្នះៗ របស់​លោក ហ៊ុន សែន អំឡុង​ពេល​ប្រទេសជាតិ​ក្រីក្រ គឺ​មិនបាន​ផ្ដល់​ប្រយោជន៍​រួម ដល់​ប្រជាជាតិ​នោះ​ទេ។ ពួកគេ​យល់ថា របប​ក្រុងភ្នំពេញ គួរតែ​រក​យុទ្ធសាស្ត្រ​នយោបាយ​បែប​ណា អភិវឌ្ឍន៍​ជាតិ​ពិតប្រាកដ ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ និង​គ្រប់​គណបក្ស​នយោបាយ​ចូលរួម។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្ត​ស្ទឹងត្រែង ថ្លែង​សុំ​លាក់​ឈ្មោះ ឲ្យ​ដឹង​ថា ពួកគេ​មិន​ពេញចិត្ត​ចំពោះ​ការសាងសង់​វិមាន​ឈ្នះៗ​នោះ​ទេ ព្រោះ​ពុំ​មាន​ការ​ឯកភាព​ពី គ្រប់​គណបក្ស​នយោបាយ និង​ពលរដ្ឋ។ លោក​ចាត់ទុកថា ការស្ថាបនា​វិមាន​នេះ ធ្វើឡើង​ស្រេច​តែ​ចិត្ត​របស់ លោក ហ៊ុន សែន ដោយ​មិនបាន​ផ្ដល់​ប្រយោជន៍​ណាមួយ សម្រាប់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ៖ «ដឹង​ហើយ​ថា វិមាន​ឈ្នះៗ ដើម្បី​កសាង​ប្រទេស​ក៏ប៉ុន្តែ​ទៅ​មុខ​ទៀត សុំ​ធ្វើ​អ្វីមួយ​ឲ្យ​ឯកភាព មានន័យថា ឯកភាព​គ្រប់​សកម្មភាព​ជាមួយ ប្រជាពលរដ្ឋ អាច​ធ្វើ​កើត​មិនកើត តែ​បើ​ធ្វើ​អ្វី​ទៅតាម​ចិត្ត​យើង គ្មាន​លទ្ធិប្រជាធិបតេយ្យ​ទេ ឥឡូវ​លទ្ធិប្រជាធិបតេយ្យ​តែ​ក្នុង​ក្រដាស​ក៏​គ្មាន​ដែល»។

ព្រះតេជព្រះគុណ បួ បេត គង់នៅ​វត្ត​ប្រយូរវង្ស រាជធានី​ភ្នំពេញ មាន​ថេរ​ដីកា​ថា ការស្ថាបនា​វិមាន​នេះ ក្នុង​បំណង​រំឭក​ការ​ឈ្នះ​របស់​គណបក្ស​ប្រជាជន និង​របប​ក្រុងភ្នំពេញ ខណៈ​ដែល​ចម្លាក់​ក្នុង​វិមាន​ឈ្នះៗ ពុំ​មែន​ជា​និមិត្តរូប​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​នោះ​ទេ​។ ព្រះអង្គ​បន្ថែម​ថា ប្រសិនបើ​របប​ក្រុងភ្នំពេញ យក​ថវិកាជាតិ បម្រើ​ប្រយោជន៍​តែ​បក្សពួក​ខ្លួនឯង និង​ក្រុម​គ្រួសារ ដើម្បី​សាងសង់​វិមាន​នេះ គឺ​ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ៖ «បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ជាច្រើន ក្នុង​សង្គម​កម្ពុជា ពលរដ្ឋ​កំពុង​ក្រីក្រ និង​លំបាក​ច្រើន បើ​សិន​យក​លុយ​រាប់​លាន​ដុល្លារ ដើម្បី​ប្រយោជន៍​ខ្លួនឯង អាត្មា​គិត​ថា ជា​រឿង​មួយ ដែល​ចាយ​លុយ​ជាតិ មិន​ប្រក្រតី»។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះៗ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​ធ្នូ លោក ហ៊ុន សែន ពាក្យ​ឯកសណ្ឋាន ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៥ ផុត​លេខ លើកឡើង​ថា វិមាន​ឈ្នះៗ ជា​និមិត្តរូប​បង្រួបបង្រួម​ជាតិ បញ្ចប់​សង្គ្រាម និង​នាំមក​នូវ​សុខ​សន្តិភាព។ លោក ហ៊ុន សែន អះអាង​ថា ហេតុផល​ដែល​លោក យក​ថ្ងៃទី២៩ ខែ​ធ្នូ សម្ពោធ​វិមាន​នេះ គឺជា​ថ្ងៃ​ដែល​មេដឹកនាំ​ខ្មែរក្រហម ទៅផ្ទះ​របស់​លោក​ផ្ទាល់ ដើម្បី​សុំ​ចុះចូល៖ «ខ្ញុំ​សូម​បញ្ជាក់​ថា ជា​ថ្ងៃ​ដែល​ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រី​ទាំង​មួល​របស់​ខ្មែរក្រហម បាន​មក​ចុះចូល​ដល់​ផ្ទះ​លោក នាយករដ្ឋមន្ត្រី ដែល​នៅ​លើ​ពិភពលោក​នេះ គ្មាន​ប្រទេស​ណាមួយ ដែល​មាន​ប្រទេស​ណាមួយ​ចុះចូល​នោះ​ទេ មានតែ​តាម​ចាប់ខ្លួន និង​បាញ់សម្លាប់»។

វិមាន​ឈ្នះៗ ដែល​របប លោក ហ៊ុន សែន ចាត់ទុកថា ជា​គោលនយោបាយ​ឈ្នះៗ ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ទំហំ ៨ ហិកតារ មាន​កម្ពស់ ៥៤ ម៉ែត្រ និង​ទទឹង ៣៦ ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ទល់មុខ​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ ក្នុង​តំបន់​អភិវឌ្ឍន៍ លី យ៉ុងផាត់។ លោក ហ៊ុន សែន អះអាង​ថា ការសាងសង់​វិមាន​នេះ ត្រូវ​ចំណាយ​ថវិកា ១២​លា​ដុល្លារ ដែល​ភាគច្រើន​ជា​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ និង​មួយ​ផ្នែក​ទៀត​ជា​ថវិកា​របស់ លោក​ឧកញ៉ា លី យ៉ុងផាត់។ លោក​បន្ថែម​ថា នឹង​ត្រៀម​ថវិកា​ផ្សេងទៀត សម្រាប់​បម្រើ​ឲ្យ​គណៈកម្មការ​សាងសង់។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ផ្ដល់​មតិ​ថា ការស្ថាបនា​វិមាន​នេះ មាន​រូបភាព​នយោបាយ​ច្រើនជាង ប្រយោជន៍​ជាតិ​ទាំងមូល​។ លោក​មន្ទិល​ថា តើ​ការស្ថាបនា​វិមាន​នេះ នរណា​ជា​អ្នកឈ្នះ​? ព្រោះ​ច្រើន​ឆ្នាំ​កន្លងទៅ ខ្មែរ​ធ្វើសង្គ្រាម​តែ​គ្នាឯង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​កាន់តែ​ក្រីក្រ រហូតដល់​បច្ចុប្បន្ន​។ រីឯ​ពលរដ្ឋ​រាប់សែន​នាក់ បង្ខំចិត្ត​ចំណាកស្រុក ហើយ វិបត្តិ​ផ្ទៃក្នុង​នៅតែ​រ៉ាំរ៉ៃ​មិន​ដោះស្រាយ៖ «តើ​វិមាន​ឈ្នះៗ យើង​មិន​ដឹង​ថា តើ​នរណា​ជា​អ្នកឈ្នះ បើ​ខ្មែរ​យើង ធ្វើសង្គ្រាម​តែ​ខ្មែរ​គ្នាឯង ហើយ​ប្រជាជន​នៅតែ​ក្រីក្រ ចំណាកស្រុក​។ មែនទែន​ទៅ​ធ្វើ​នេះ ដូចជា​នយោបាយ»។

លោក មួង សូនី សម្ដែង​ការ​សោកស្ដាយ​ថវិកាជាតិ​ដែល​ចំណាយ​កសាង​វិមាន​ឈ្នះៗ អំឡុង​ពេល​ដែល​ពល​ដ្ឋ​កំពុង​រង​ទុក្ខវេទនា​។ លោក​បន្ថែម​ថា បើ​របប​ក្រុងភ្នំពេញ សង់​វិមាន​ឈ្នះៗ​ដើម្បី​អួត ពី​គោលនយោបាយ​ឈ្នះៗ​របស់​ខ្លួន ក៏​មិន​អាច​បិទបាំង​ការពិត​ដែល​ខ្លួន​ប្រព្រឹត្ត​កន្លងមក​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។