លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានឯកភាពគ្នាកាលពីថ្ងៃទី២៨ វិច្ឆិកា ថានឹងជំរុញការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាឲ្យបានឆាប់ ដើម្បីរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា និងរៀបចំឲ្យមានប្រធានក្រុមភាគតិចនៅរដ្ឋសភា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី។ តើហេតុអ្វីត្រូវការឲ្យមានប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភា?
ការគ្រោងធ្វើវិសោធនកម្មប្រការ ៤៨ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដើម្បីរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា និងរៀបចំឲ្យមានប្រធានក្រុមភាគតិចនៅរដ្ឋសភា នឹងក្លាយជារឿងអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីសម្រេចឲ្យបាន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍នៅថ្ងៃទី៣០ វិច្ឆិកា ថា ការផ្ដួចផ្ដើមឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា និងឲ្យមានប្រធានក្រុមភាគតិចនៅរដ្ឋសភានេះ គឺជាការស្នើរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពីព្រោះថា លោក សម រង្ស៊ី ចង់ពង្រឹងតួនាទីរបស់គណបក្សនយោបាយដែលមិនមែននៅក្នុងរដ្ឋាភិបាលជាផ្លូវការ នោះមានន័យថា ត្រូវតែមានការតែងតាំងជាផ្លូវការនូវប្រធានគណបក្សប្រជែង ដើម្បីឲ្យគាត់មានបុព្វសិទ្ធិ និងតួនាទីក្នុងការបំពេញភារកិច្ចតាមដានការងាររដ្ឋាភិបាលប្រហាក់ប្រហែលនឹងនាយករដ្ឋមន្ត្រីដែរ។
សម្រាប់លោក សុន ឆ័យ ការរៀបចំឲ្យមានប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភា គឺជាការចាប់ផ្ដើមល្អមួយ ព្រោះថាវានឹងបង្កើតឲ្យមានក្រុមតំណាងរាស្ត្រផ្លូវការ ដើម្បីឲ្យក្រុមតំណាងរាស្ត្រនីមួយៗ មានមធ្យោបាយធ្វើការងារក្នុងការស្រាវជ្រាវ និងបំពេញបេសកកម្មផ្សេងៗ ឲ្យមានភាពប្រសើរឡើង។
ទោះជាយ៉ាងណា លោកថា ដើម្បីធ្វើឲ្យការបំពេញការងាររបស់ប្រធានក្រុមភាគតិចនៅរដ្ឋសភាមានប្រសិទ្ធភាព ឬក៏អត់នោះ វាត្រូវអាស្រ័យទៅលើការកែលម្អបទបញ្ជាផ្ទៃក្នុងរដ្ឋសភាបន្ថែមទៀត។ ក្នុងនោះមានដូចជាការរៀបចំឲ្យមានកម្មវិធីសួរដេញដោលជារៀងរាល់សប្ដាហ៍ជាដើម។ លោកថា «នាយករដ្ឋមន្ត្រីត្រូវតែចូលខ្លួន ហើយប្រធាន គណបក្សប្រឆាំងផ្លូវការ សួរដេញដោលរាល់សប្ដាហ៍»។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយ លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានបញ្ជាក់ថា ប្រធានក្រុមភាគតិចនៅរដ្ឋសភា នឹងមានឋានៈស្មើនាយករដ្ឋមន្ត្រី និង មានតួនាទីជាគូសន្ទនាជាមួយប្រមុខរដ្ឋាភិបាល ទាក់ទង់នឹងបញ្ហារបស់ប្រទេសជាតិ។
ជុំវិញបញ្ហានេះ លោក សុន ឆ័យ កត់សម្គាល់ថា ការសន្ទនាជជែកសួរដេញដោល គឺជាគោលការណ៍នៅក្នុងសង្គមប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា លោកថា ការសន្ទនានោះទៀតសោត អាចធ្វើឡើងក្នុងរូបភាពចំហ ដូចជាតាមរយៈការកោះហៅមន្ត្រីរដ្ឋាភិបាលទៅសួរដេញដោលនៅសភាជាដើម។ ព្រមជាមួយគ្នានោះ វាក៏អាចមានការសន្ទនា ឬសួរដេញដោលជាលក្ខណៈ មិនចំហផងដែរ ប្រសិនបើបញ្ហានោះ វាធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ។
ទោះជាយ៉ាងណា សម្រាប់អ្នកវិភាគនយោបាយ លោក បណ្ឌិត សុខ ទូច យល់ឃើញថា ក្នុងបរិបទប្រទេសកម្ពុជាបច្ចុប្បន្ន ការបង្កើតឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រ និងប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភា គឺមិនចាំបាច់នោះឡើយ ព្រោះលោកថា គណបក្សប្រឆាំង សព្វថ្ងៃមានសំឡេងគ្រប់គ្រាន់នៅក្នុងសភា ដើម្បីកោះហៅមន្ត្រីរដ្ឋាភិបាលមកសួរដេញដោលបានគ្រប់ពេលវេលា។ ផ្ទុយទៅវិញលោកថា ការបង្កើតក្រុមថ្មីនេះ នឹងធ្វើឲ្យបាត់បង់អំណាចសភាដែលមានស្រាប់ និងធ្វើឲ្យខាតបង់ថវិកាជាតិទៀតផង។
លោកបណ្ឌិត សុខ ទូច ក៏យល់ឃើញដែរថា ការបង្កើតឲ្យមានក្រុមថ្មីនៅក្នុងសភានេះ គឺប្រៀបបានទៅនឹងការបង្កើតនូវរដ្ឋធម្មនុញ្ញថ្មីមួយក្នុងរដ្ឋធម្មនុញ្ញដែលមានស្រាប់ ហើយវាក៏ធ្វើឲ្យរដ្ឋបាលក្នុងសភារឹតតែមានភាពអនាធិបតេយ្យផងដែរ។
លោកបណ្ឌិត សុខ ទូច លើកឡើងថា ប្រសិនបើប្រទេសកម្ពុជា ស្ថិតក្នុងដំណាក់ការបង្រួបបង្រួមជាតិ គេអាចប្រើប្រាស់រូបភាពនេះបាន ប៉ុន្តែលោកថា ដោយសារកម្ពុជាបានងើបផុតពីដំណាក់ការបង្រួបបង្រួមជាតិ ឈានចូលដល់ដំណាក់ការកសាង និងការពារជាតិហើយ ដូច្នេះកម្ពុជាមិនចាំបាច់ត្រូវការឲ្យមានប្រធានក្រុមតំណាងរាស្ត្រភាគតិចនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។