សកម្មជនមូលដ្ឋាន និងជាចៅសង្កាត់ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិមួយចំនួន កំពុងប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិតទៅតាមសមត្ថភាពរៀងៗខ្លួន បន្ទាប់ពីត្រូវបាត់បង់តួនាទីដោយសាររបបក្រុងភ្នំពេញបានរំលាយគណបក្សរបស់ពួកគេ។ ថ្វីដ្បិតតែមិនទាន់អាចធ្វើសកម្មភាពនយោបាយបាន ពួកគេបានខិតខំរៀនសូត្របន្ថែម និងតាមដានព្រឹត្តិការណ៍នានាឥតលោះពេល ហើយក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្ដើមជីវិតនយោបាយជាមួយគណបក្សសង្គ្រោះជាតិវិញដែរ។ ពួកគេរំពឹងថា ឆ្នាំ២០១៩ នេះ ស្ថានការណ៍នយោបាយនឹងផ្លាស់ប្ដូរទៅរកភាពល្អប្រសើរឡើងវិញ តាមរយៈការជជែករកដំណោះស្រាយរវាងភាគីខ្មែរនឹងខ្មែរ។
អតីតចៅសង្កាត់ជាប់ឆ្នោតវ័យក្មេងមួយចំនួន ប្ដេជ្ញាគាំទ្រគោលនយោបាយគណបក្សសង្គ្រោះជាតិតទៅទៀត ទោះជារបបក្រុងភ្នំពេញមិនទាន់បើកឱ្យគណបក្សនេះរស់ឡើងវិញក្ដី។ ពួកគេអះអាងដូចគ្នាថា ពួកគេនឹងមិនចុះចូលជាមួយគណបក្សកាន់អំណាច ដើម្បីទទួលបានតួនាទីជាមេឃុំវិញនោះឡើយ ខណៈមេដឹកនាំរបបក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ អះអាងថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រឆាំងដែលព្រមចុះចូលជាមួយលោក នឹងអាចកាន់តំណែងបានរហូតដល់ឆ្នាំ ២០២២។
ចៅសង្កាត់ជាប់ឆ្នោតវ័យក្មេងមួយរូប លោក ជិន សុខង៉េង ថ្លែងថា លោកមិនដែលគិតស្រម៉ៃថា ចង់ទៅចុះចូលជាមួយបក្សកាន់អំណាច ដើម្បីរក្សាតួនាទី ឬទទួលបានលាភសក្ការៈអ្វីឡើយ បើទោះជាមានការអូសទាញ និងបញ្ចុះបញ្ចូលជាច្រើនលើកច្រើនសាក្តី។ លោកថា ដរាបណាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅតែសាមគ្គីគ្នាជាធ្លុងមួយ ពួកលោកជាសកម្មជននៅមូលដ្ឋាននឹងនៅតែបន្តគាំទ្រ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺលោកចង់ឱ្យមានការផ្សះផ្សា និងបង្រួមបង្រួមជាតិក្នុងចំណោមអ្នកនយោបាយខ្មែរ៖ «រឿងតួនាទី រឿងតំណែង ខ្ញុំបាទមិនដែលចាត់ទុកថា វាជារឿងសំខាន់នោះទេ។ កាលណាយើងគោរពឆន្ទៈរបស់ម្ចាស់ឆ្នោត គោរពសេចក្ដីពេញចិត្តរបស់ប្រជាពលរដ្ឋ តួនាទី ឬតំណែងហ្នឹងនឹងអាចវិលត្រឡប់មកវិញ។ សំខាន់គឺយើងចង់ឱ្យមានការផ្សះផ្សាជាតិពិតប្រាកដ ការរកដំណោះស្រាយជាតិមួយដ៏ត្រឹមត្រូវតម្កល់ផលប្រយោជន៍ជាតិ ហើយយើងចង់ឱ្យលទ្ធិប្រជាធិបតេយ្យរបស់យើងស្ថិតស្ថេរ»។
លោក ជិន សុខង៉េង អាយុ ២៨ ឆ្នាំ បានជាប់ជាចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ កន្លងទៅ ប៉ុន្តែលោកកាន់ការងារនេះបានតែជាង ៣ ខែប៉ុណ្ណោះ ក៏ត្រូវបាត់បង់តំណែងវិញ ដោយសាររបបក្រុងភ្នំពេញបានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាទ្រនំនយោបាយរបស់លោក។ បច្ចុប្បន្នលោកប្រកបរបរជាអ្នកលក់ដូរ និងឆ្លៀតពេលរៀនសូត្របន្ថែមផង ដើម្បីពង្រឹងសមត្ថភាព ព្រមទាំងតាមដានការវិវឌ្ឍនយោបាយយ៉ាងដិតដល់ ស្របពេលដែលលោកមិនទាន់អាចធ្វើសកម្មភាពនយោបាយឱ្យគណបក្សសង្គ្រោះជាតិបាននៅឡើយនៅពេលនេះ៖ «នៅពេលដែល ( សង្គ្រោះជាតិ ) រស់ឡើងវិញ គឺយើងបំពេញកិច្ចការងាររបស់យើងដូចប្រក្រតី អ្វីដែលយើងមានដំណើរការនៅក្នុងប្រទេសកម្ពុជាដូចកាលពីមុនអ៊ីចឹង។ យើងមិនបោះបង់កិច្ចការងារ គោលបំណងរបស់យើងចង់រៀបចំសង្គមរបស់យើងឱ្យល្អប្រសើរ ឱ្យក្លាយទៅជាសង្គមមួយដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញ ដែលគ្រប់ភាគីទាំងអស់ជាខ្មែរ យើងអាចរស់នៅក្នុងក្តីសុខដុមរមនាជាមួយគ្នា ដោះស្រាយបញ្ហាជាតិជាមួយគ្នា»។
អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ ចំនួន ៥.០០៧អាសនៈ ដែលបានមកពីការបោះឆ្នោតឃុំ-សង្កាត់ ត្រូវបាត់បង់ទាំងស្រុង ក្រោយពេលរបបក្រុងភ្នំពេញរំលាយគណបក្សនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ ចំណែកអាសនៈសភា និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់ របស់គណបក្សនេះ ក៏ត្រូវរលាយទៅតាមនោះដែរ។ ក្រោយរំលាយគណបក្សសង្គ្រោះជាតិ លោក ហ៊ុន សែន បានបើកច្រកឱ្យមន្ត្រីគណបក្សនេះមកចុះចូលជាមួយគណបក្សរបស់លោក តាមរយៈការលួងលោមទិញទឹកចិត្ត និងការគំរាមកំហែងតាមគ្រប់រូបភាព រហូតដល់មានមន្ត្រីគណបក្សសង្គ្រោះជាតិខ្លះ បង្ខំចិត្តរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចចេញពីការតាមធ្វើទុក្ខបុកម្នេញនេះ។
បន្ថែមពីលើនេះ លោក ហ៊ុន សែន បានអះអាងកាលពីពេលថ្មីៗនេះថា ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលបានចុះចូលជាមួយគណបក្សកាន់អំណាច នឹងបន្តកាន់តំណែង រហូតដល់ចប់អាណត្តិ និងអាចឈរឈ្មោះជាថ្មីទៀតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ ខាងមុខទៀតផងដែរ។ ផ្ទុយទៅវិញ អ្នកដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា ពួកគេគ្មានឱកាសទទួលបានតំណែងវិញជាដាច់ខាត ព្រោះគណបក្សសង្គ្រោះជាតិនឹងមិនអាចរស់ឡើងវិញឡើយ៖ «សុំកុំដេកយល់សប្ដិទាំងថ្ងៃត្រង់ ថានឹងបានវិលត្រឡប់មកធ្វើជាមេឃុំឡើងវិញ។ សូមកុំយល់សប្ដិឱ្យសោះ ប្រឹងរកស៊ីទៅ ក្រែងលោវាដាច់ពោះងាប់។ កុំរង់ចាំរឿងហ្នឹង អត់ទេ។ អ្នករើសទៅ ខ្ញុំសូមបញ្ជាក់ ចំណុចដដែលហ្នឹង ខ្មោចដែលវាងាប់ទៅហើយ វាមិនអាចរស់ឡើងវិញបាននោះទេ។ សូមកុំព្យាយាមឱ្យព្រះអាទិត្យរះនៅម៉ោង ១២ អធ្រាត្រ»។
ដើម្បីទាក់ទាញសកម្មជនជនបក្សប្រឆាំងដទៃទៀត លោក ហ៊ុន សែន បានអះអាងថា លោកកំពុងរៀបចំបន្ថែមអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យមានចំនួនកាន់តែច្រើនសម្រាប់សមាជិកគណបក្សសង្គ្រោះជាតិដែលមកចុះចូលជាមួយលោក។
ចៅសង្កាត់ជាប់ឆ្នោតមួយរូបទៀតនៃគណបក្សសង្គ្រោះជាតិ លោក សៀក ចំណាប់ ថ្លែងថា ទោះបីជាគណបក្សសង្គ្រោះជាតិត្រូវបានរបបក្រុងភ្នំពេញរំលាយចោលមែន ប៉ុន្តែទឹកចិត្តអ្នកគាំទ្រ និងសកម្មជនមូលដ្ឋានដូចជាពួកលោក មិនមានការប្រែប្រួលឡើយ។ លោកបន្តថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិខ្លះ សុខចិត្តទ្រាំរស់ដោយខ្វះខាតជីវភាពបន្តិចបន្តួច ប៉ុន្តែមិនទៅឱនលំទោនសុំតំណែងពីរបបក្រុងភ្នំពេញឡើយ៖ «យើងខ្ញុំជាអ្នកមូលដ្ឋានអរគុណនូវបំណងល្អរបស់សម្ដេច ដែលដាស់តឿនឱ្យពួកយើងខ្ញុំខំប្រឹងរកស៊ី ខ្លាចដាច់ពោះស្លាប់ ប៉ុន្តែសូមបញ្ជាក់ថា ពួកយើងដែលទៅដឹកនាំសង្កាត់ហ្នឹង ពួកយើងមិនបានទៅយកលាភសក្ការៈនោះទេ។ ពួកយើងទៅបម្រើពលរដ្ឋដោយឆន្ទៈ អ៊ីចឹងហើយបើទោះជាឈប់វិញ ក៏ពួកយើងមិនដាច់ពោះស្លាប់ដែរ ហើយពួកយើងក៏មិនព្រមស្លាប់នៅក្នុងរបបរបស់សម្ដេចដែរ។ ពួកយើងនៅតែស៊ូរស់ ដើម្បីមើលសម្ដេចទៅថ្ងៃអនាគត។ ពួកយើងអាចរស់បាននៅក្នុងសង្គមបែបនេះ ប៉ុន្តែកូនចៅរបស់គាត់ នៅពេលដែលអត់ពីការងារសង្កាត់ ឬក៏មុខតំណែងហ្នឹងទៅ ថាតើគាត់អាចរស់បានដែរឬទេ។ នេះគួរតែបង្រៀនទៅកូនចៅរបស់គាត់វិញ»។
លោក សៀក ចំណាប់ អាយុ ៣៣ ឆ្នាំ បានជាប់ឆ្នោតជាចៅសង្កាត់នគរធំ ក្រុងសៀមរាប ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ ហើយលោកបំពេញការងារជាចៅសង្កាត់បានត្រឹមរយៈពេលជាង ៣ ខែប៉ុណ្ណោះ ដោយសារគណបក្សសង្គ្រោះជាតិត្រូវរលាយដោយសាលដីកាតុលាការកំពូលនៃរបបក្រុងភ្នំពេញ។ បច្ចុប្បន្នលោកបានប្រកបរបរជាច្រើន ដើម្បីស្វែងរកចំណូលចិញ្ចឹមជីវិត ដូចជា លក់កាហ្វេ ម្ហូបអាហារ ដាំបន្លែលក់ និងធ្វើការសំណង់ជាដើម ពោលគឺឱ្យតែការងារណាដែលលោកអាចធ្វើបាន និងជាការងារសុចរិត។ លោកអះអាងថា លោកនៅតែមានទឹកចិត្តក្លៀវក្លាក្នុងកិច្ចការនយោបាយ និងសង្គម ទោះបីជាពេលខ្លះត្រូវប្រឈមនឹងការរើសអើង និងការគំរាមកំហែងក៏ដោយ៖ «ក្នុងនាមជាយុវជន ពួកយើងមិនបោះបង់ចោលនយោបាយនោះទេ ពីព្រោះនយោបាយ គឺជាកត្តាសំខាន់ដែលជំរុញឱ្យប្រទេសជាតិយើងរីកចម្រើន និងជាកត្តាមួយដែលជំរុញឱ្យពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់នៅក្នុងសង្គម។ អ៊ីចឹងហើយ ទោះបីជាគេរំលាយគណបក្សសង្គ្រោះជាតិចោលទាំងកម្រោលក៏ដោយ ក៏ពួកយើងនៅតែមានវិធីសាស្ត្រក្នុងការជួយសង្គមតាមរយៈការបញ្ចេញមតិតាមបណ្ដាញសង្គម ក៏ដូចជា ជួយផ្សព្វផ្សាយអំពីច្បាប់មួយចំនួនដែលយើងបានដឹង ទៅជូនដល់ពលរដ្ឋដែលគាត់កំពុងតែរងគ្រោះ»។
របបក្រុងភ្នំពេញកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មពីក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិច ដោយសារតែទង្វើបំផ្លាញប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ការរំលាយគណបក្សសង្គ្រោះជាតិ និងការយកអាសនៈសភា និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំងទៅចែកគ្នាកាន់កាប់ ត្រូវបានចាត់ទុកថា ជាការបំផ្លាញចោលទាំងស្រុងនូវលទ្ធិប្រជាធិបតេយ្យដែលមានអាយុកាលជិត ៣០ឆ្នាំនៅកម្ពុជា។
របបក្រុងភ្នំពេញ បានអះអាងពីការចង់ស្ដារស្ថានភាពនេះឡើងវិញ ក្រោយក្រសោបយកអាសនៈសភាមកកាន់កាប់តែម្នាក់ឯង ក៏ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់ឃើញចេញជាលទ្ធផលអ្វីនៅឡើយ។ ផ្ទុយទៅវិញ របបនេះកំពុងពឹងពាក់សឹងទាំងស្រុងលើប្រទេសចិនកុម្មុយនិស្ត ដើម្បីជាខ្នងបង្អែកទប់ទល់នឹងសម្ពាធអន្តរជាតិ ហើយក្រុងភ្នំពេញបានអះអាងថា ខ្លួនមិនខ្វល់នឹងទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិចឡើយ។
ទោះជាយ៉ាងណា តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងអតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន អះអាងថា របបនេះត្រូវតែស្ដារស្ថានការណ៍ដុនដាបនេះ ដើម្បីបញ្ចៀសទណ្ឌកម្មទាំងឡាយដែលអាចនឹងកើតមានឡើងនៅពេលខាងមុខ៖ «ការដោះលែងលោក កឹម សុខា ការលើកលែងទោស លោក សម រង្ស៊ី ការផ្ដល់សិទ្ធិឱ្យដល់អ្នកទាំង ១១៨ នាក់ ការផ្ដល់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ឱ្យមកវិញ ផ្ដល់ឱ្យគណបក្សសង្គ្រោះជាតិមានដំណើរការឡើងវិញ សព្វបែបយ៉ាងហ្នឹង ទាំងនេះស្ថិតនៅក្នុងចំណុចដែលសហភាពអឺរ៉ុបបានផ្ដល់ឱ្យកម្ពុជាដោះស្រាយ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA»។
សម្រាប់ផ្ទៃក្នុងបក្សវិញ ចៅសង្កាត់ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ អះអាងថា អ្វីដែលពួកគេចង់បាននោះ គឺសម្ពន្ធភាពដែលមិនអាចបំបែកបានរវាងលោក សម រង្ស៊ី និងលោក កឹម សុខា។ ពួកគេមិនចង់ឃើញឡើយនូវការប្រេះឆាគ្នារវាងក្រុមអ្នកគាំទ្រទាំងសងខាង ព្រោះនិន្នាការបែបនេះជាការផ្ដល់ប្រយោជន៍ទៅឱ្យគណបក្សកាន់អំណាចទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។