ស្ថាប័ន​ជំនាញ​ រកឃើញ​ថា វិបត្តិកូវីដ-១៩ កំពុង​រុញច្រាន​កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់អាស៊ី ឲ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​អំពើ​ទាសភាព​សម័យ​ទំនើប

0:00 / 0:00

វិបត្តិ​ជំងឺ​រាតត្បាត​សាកល​កូវីដ-១៩ កំពុង​រុញច្រាន​ពលរដ្ឋ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី ឲ្យ​ធ្លាក់​ចូល​ក្នុង​អំពើ​ទាសភាព​សម័យទំនើប​​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ពេល​ណាៗ​ទាំងអស់។ នេះ​បើតាម​ការរកឃើញ​ និង​ការវាយតម្លៃ​របស់​ស្ថាប័ន​ជំនាញ​អន្តរជាតិ​មួយ នៅ​ក្នុង​សន្ទស្សន៍​សាកល​អំពី​ទាសភាព​សម័យ​ទំនើប​ឆ្នាំ២០២០ ទើប​នឹង​ចេញផ្សាយ​កាលពី​ថ្ងៃទី៣ កញ្ញា។ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ថវិកា​ជួយ​ពលរដ្ឋ​ក្រីក្រ​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែមទៀត ដើម្បី​កុំឲ្យ​ពលរដ្ឋ​កម្ពុជា​ងាយ​ប្រឈម​នឹង​ហានិភ័យ​នៃ​ទាសករ​សម័យ​ទំនើប​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ខណៈ​កំពុង​ជួប​វិបត្តិ​កូវីដ-១៩។

ការរកឃើញ​នេះ​ចេញផ្សាយ​នៅ​ក្នុង​សន្ទស្សន៍​អំពី​ទាសភាព​សម័យទំនើប ឆ្នាំ២០២០ របស់​ក្រុមហ៊ុន​វិភាគ​ហានិភ័យ និង​ព្យាករណ៍​យុទ្ធសាស្ត្រ​អន្តរជាតិ​មួយ ឈ្មោះ វើរីសគ៍ ម៉ាផលក្រូហ្វ (Verisk Maplecroft) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស។ ក្នុង​សន្ទស្សន៍​ប្រចាំ​ឆ្នាំ២០២០ អំពី​ទាសភាព​សម័យ​ទំនើប ស្ថាប័ន​មួយ​នេះ វាយតម្លៃ​ថា កម្ពុជា រួម​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី រួមមាន​ដូចជា បង់ក្លាដេស (Bangladesh) ចិន (China) មីយ៉ាន់ម៉ា (Myanmar) ឬភូមា ឥណ្ឌា (India) និង​ វៀតណាម (Vietnam) ជា​ប្រទេស​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដែល​ពលរដ្ឋ​ងាយ​ធ្លាក់ខ្លួន​ចូល​ក្នុង​អំពើ​ទាសភាព​សម័យ​ទំនើប ក្នុង​ពេល​មាន​វិបត្តិ​ជំងឺកូវីដ-១៩នេះ។ ក្នុង​ចំណោម ១៩៨ប្រទេស​នៅ​ទូទាំង​ពិភពលោក កម្ពុជា​ជាប់​លេខរៀង​ទី៣២ ជា​ប្រទេស​ងាយរងគ្រោះ​ខ្លាំង​ខាង​អំពើ​ទាសភាព​សម័យ​ទំនើប គឺ​អាក្រក់​ជាង​ប្រទេសវៀតណាម និង​ប្រទេស​ឥណ្ឌូនេស៊ី​ (Indonesia) ទៅទៀត ខណៈ​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​រង​ស្ថានភាព​អាក្រក់ខ្លាំង​ មាន​ដូចជា​ប្រទេសបង់ក្លាដេស ជាប់លេខទី១៨ បន្តដោយ​ប្រទេសចិន និងភូមា ជាដើម។ បើតាម​ក្រុមហ៊ុន​ជំនាញ​វិភាគ​ហានិភ័យ​នេះ សន្ទស្សន៍​នេះ​វាស់វែង​អំពី​ហានិភ័យ​ដល់​អាជីវកម្ម​ដោយសារ​តែ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើទាសភាព ការជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ ប្រតិបត្តិការ ឬ​ការផ្តល់​សេវាកម្ម​របស់​ខ្លួន។

In this year's , we start by looking at how modern slavery risks have intensified in the epicentre of global manufacturing with . Learn more now:

ស្ថាប័ន​នេះ រកឃើញថា មូលដ្ឋាន​​ឧស្សាហកម្ម​ផលិត​នៅ​តំបន់​អាស៊ី ជាពិសេស​វិស័យ​រោងចក្រ​កាត់ដេរ កំពុង​ជួប​ប្រទះ​នូវ​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៃ​អំពើ​ទាសភាព​សម័យ​ទំនើប ក្នុង​រយៈពេល ៤ឆ្នាំ ចុងក្រោយ​នេះ ហើយ​ដែល​ហានិភ័យ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ស្របពេល​ដែល​ប្រទេសនានា​កំពុង​ជួបប្រទះ​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​បង្ក​ឡើង​ដោយ​វិបត្តិកូវីដ-១៩។ ស្ថាប័ន​វាយតម្លៃ​នេះ ថា កម្មករ​និយោជិត​រាប់លាន​នាក់​ក្នុង​តំបន់​អាស៊ី បាន​បាត់​បង់​ការងារ​ធ្វើ​ដោយសារ​តែ​មាន​ការបិទ ឬ​ការបង្ខំចិត្ត​កាត់បន្ថយ​ការងារ​របស់​កម្មករ​នៅ​តាម​រោងចក្រនានា។ ស្ថាប័ន​ដដែល​នេះ ផ្តល់​អំណះអំណាង​ថា ហេតុការណ៍នេះ បាន​រុញច្រាន​ឲ្យ​កម្មករ​និយោជិត​ជាច្រើន​ធ្លាក់ខ្លួន​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​តាម​ប្រទេស​ដែល​មាន​កង្វះខាត​ប្រព័ន្ធ​គាំពារ​ផ្នែក​ការងារ​ស្រាប់ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ងាយ​ប្រឈម​នឹង​ហានិភ័យ​នៃ​អំពើ​ទាសភាព​សម័យទំនើប ឬ​ប្រឈម​នឹង​ទម្រង់​ផ្សេងៗ​នៃ​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ទេ ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​រឿងនេះ ដោយសារ​តែ​លោក​មិន​លើក​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី០៤ កញ្ញា។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត យល់ស្រប​ទៅ​នឹង​ការរកឃើញ​នេះ ដែល​ថា​វិបត្តិកូវីដ-១៩ កំពុង​រុញច្រាន​ឲ្យ​ពលរដ្ឋ​នៃ​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ី ជាពិសេស កម្ពុជា ធ្លាក់​ចូល​ក្នុង​អំពើទាសភាព​សម័យទំនើប ដោយសារ​តែ​ពួកគេ​បាត់បង់​ការងារ​ធ្វើ ហើយ​វិធានការ​របស់​រដ្ឋ​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​មាន​កម្រិត​នៅឡើយ៖ « យើង​គិតថា គេ​អាច​នឹង​មើលឃើញ​ ទស្សន៍ទាយ​ឃើញ​អ៊ីចឹង​ដែរ ពីព្រោះ​បញ្ហា​កូវីដ - ១៩ នេះ វា​ជាបញ្ហា​សាកល បញ្ហា​ពិភពលោក។ អ៊ីចឹង​ហើយ វិបត្តិ​អត់​ការងារធ្វើ​ក៏ច្រើន ជាពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ី ប្រទេស​ដែល​ក្រីក្រ​ហ្នុង​អាច​ប្រឈម​នឹង​ទាសភាព​សម័យ​ទំនើប​លឿន​ដោយសារ​តែ​មាន​ការចំណាក​ស្រុក​ច្រើន »

លោក អំ សំអាត ស្នើ​ជា​ដំណោះស្រាយ​ថា រដ្ឋាភិបាល​គួរ​បន្ត​បញ្ចេញ​បន្ថែម​ថវិកា​ឲ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​នេះ ដើម្បី​ជួយ​ដោះស្រាយ និង​សម្រួល​បន្ទុក​ដល់​ពលរដ្ឋ​ក្រីក្រ និង​ងាយរងគ្រោះ​ពី​វិបត្តិ​ជំងឺកូវីដ-១៩ ដែល​អាច​អូស​បន្លាយ​យូរ៖ « ប្រទេសកម្ពុជា យើង​ឃើញ​រដ្ឋាភិបាល​​បាន​បញ្ចេញ​កញ្ចប់​ថវិកា​ដែរ ក៏​ប៉ុន្តែ គ្រាន់តែ​ថា វា​អាច​នឹង​អូស​បន្លាយ​រយៈពេល​យូរ។ អ៊ីចឹង ត្រូវ​តែ​មាន​ការគាំទ្រ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ហ្នុង ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​ជីវភាព​ក្នុងការ​រស់នៅ​បាន។ អ៊ីចឹង​ហើយ​បាន​ជា​គេ​មើល​ឃើញ​ថា ប្រទេស​ក្រីក្រ​គឺ​ងាយ​ប្រឈម​ជាង​គេ​នៅក្នុង​តំបន់អាស៊ី​យើងនេះ »

កាលពីខែ​ឧសភា ស្របពេល​ដែល​ការរាតត្បាត​ជំងឺ​កូវីដ-១៩ កំពុង​កើតមានឡើង​យ៉ាងពេញ​បន្ទុក ធនាគារ​ពិភពលោក​ បាន​ព្យាករណ៍​ថា ពលរដ្ឋខ្មែរ​ជិត ២លាន​នាក់​នឹង​ត្រូវ​ធ្លាក់​ខ្លួន​ក្រ​ដោយសារ​តែ​បាត់​បង់​ការងារធ្វើ​បណ្តាល​មក​ពី​វិបត្តិ​ជំងឺកូវីដ-១៩ បន្ថែម​លើ​ចំនួន​អត្រា​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ស្រាប់​ប្រមាណ ១៣,៥%។ កន្លងទៅ នៅ​មុន​ពេល​មាន​វិបត្តិ​នេះ ធនាគារ​ដដែល​នេះ ធ្លាប់​ព្រមាន​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ ៤,៥​លាន​នាក់ នៅតែ​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ដដែល នៅ​ពេល​ដែល​សេដ្ឋកិច្ច​រង​ផល​ប៉ះពាល់ ឬរង​​ហានិភ័យ​ពី​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។