រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យមន្ត្រីក្រោមបង្គាប់ ពិនិត្យមើលករណីរបស់ប្រធានសមាគមពង្រឹង សេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ដែលត្រូវបានចោទប្រកាន់ថា បើកឡានបុកនគរបាល អន្តោប្រវេសន៍នៅក្រុងប៉ោយប៉ែត។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា បញ្ហារវាងនគរបាលអន្តោប្រវេសន៍ និងប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី នៅក្រុងប៉ោយប៉ែត នោះ ជារឿងនៅថ្មីពេកសម្រាប់ការធ្វើសេចក្ដីសន្និដ្ឋាន។
ទោះជាយ៉ាងនេះក្ដី លោកប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ធ្នូ ថា លោកបានបញ្ជាឲ្យមន្ត្រីក្រោមបង្គាប់ ស៊ើបអង្កេតករណីនេះហើយ៖ «ខ្ញុំក៏បានដឹងដែរ ហើយខ្ញុំបានបញ្ជាតាំងពីព្រឹកមិញទៅឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីពិនិត្យករណីនេះ ហើយក៏ដូចជាអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ឲ្យពិនិត្យបញ្ហានេះ ដើម្បីយើងឈានទៅសន្និដ្ឋាន។ ប៉ុន្តែឮថា តាម សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ថា ដូចជាមានការ ចោទប្រកាន់។ ខ្ញុំមិនដឹងទេ ចោទប្រកាន់ ទៅលើអ្នកបើកបរ ចោទប្រកាន់យ៉ាងណាមិនដឹងទេ អានេះ សារព័ត៌មានបាននិយាយអ៊ីចឹង។ ខ្ញុំនឹងពិនិត្យបញ្ហានេះទៀត » ។
ប្រសាសន៍របស់លោក ស ខេង គឺក្រោយពេលដែលប្រធានគណៈកម្មការទី១ គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង ស្នើសុំនៅក្នុងកិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ធ្នូ ឲ្យស៊ើបអង្កេតករណីលោក ម៉ង់ ពុទ្ធី ហៅ ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ដែលរងការចោទប្រកាន់ថា បានបើកឡានបុកនគរបាលអន្តោប្រវេសន៍នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២២ ធ្នូ។
លោក អេង ឆៃអ៊ាង វិភាគថា ស្ថានភាពដែលនគរបាលនោះដួលក្ដាប់ អាចមកពីជំងឺ៖ «បើសិនជាឡាននោះអត់ប៉ះ ហើយ ទិដ្ឋភាពបង្កើត របួសមែន ខ្ញុំអាចសន្និដ្ឋានថា គាត់អាចដួលដោយសារមានជំងឺ ហើយបើយើងមើលទិដ្ឋភាពក្ដាប់ដៃ ក្ដាប់ដៃគង ក្ដាប់សោឡាន បើមនុស្សដួលដោយសារការ ប៉ះទង្គិច ដៃអត់ក្ដាប់កើតទេ គឺលាត ព្រោះមានកម្លាំងស្អីមក គឺមនុស្សលាត ដើម្បីទប់ មិនអាចលាតទេ ... បើគាត់មានជំងឺនេះ គឺគាត់មានបញ្ហាហ្នឹងភ្លាម » ។
ការវិភាគរបស់លោក ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំអកឲ្យភ្លាមៗ៖ « ថាតើអាដួល ទៅហ្នឹង វាត្រូវក្ដាប់ ឬក៏ត្រូវអី អាហ្នឹងគឺត្រូវថា ម្យ៉ាងដែរ បើសិនឯកឧត្ដមទៅធ្វើពេទ្យកោសល្យវិច័យ ល្អជាងតំណាងរាស្ត្រ » ។
លោក ឌិន ពុទ្ធី ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី២២ ធ្នូ បន្ទាប់ពីសមត្ថកិច្ចចោទថា លោកបានបើកឡានបុកនាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ម្នាក់ឈ្មោះ ឈាន ពិសិដ្ឋ បណ្ដាលឲ្យដួលបោកក្បាលទៅនឹងខឿនថ្មសន្លប់បាត់ស្មារតី។ ហេតុការណ៍នោះកើតឡើងនៅក្នុងពេលដែលកម្លាំងសមត្ថកិច្ច ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍កុំឲ្យកកស្ទះនៅក្បែរស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារព្រំដែននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃនោះ។
លោក ឌិន ពុទ្ធី ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៤ ធ្នូ ក្រោមបទចោទថា បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ រីឯសាក្សីដែលឃើញហេតុការណ៍នោះជាច្រើននាក់ អះអាងថា មន្ត្រីសង្គមស៊ីវិលរូបនេះជាមនុស្សគ្មានកំហុស ហើយតុលាការមិនទាន់បានកោះហៅសាក្សីជាច្រើននាក់ដែលឃើញហេតុការណ៍នោះ ទៅសួរនាំនៅឡើយ។
សាក្សីដែលសុំមិនចេញឈ្មោះម្នាក់អះអាងថា ហេតុការណ៍នៅពេលនោះ រថយន្តមិនបានបុកមន្ត្រីនគរបាលឈ្មោះ ឈាន ពិសិដ្ឋ នោះទេ គឺនគរបាលរូបនោះដួលនៅមុខរថយន្តដោយខ្លួនឯង៖ «ខ្ញុំនៅ ក្នុងហេតុការណ៍ហ្នឹង គឺខ្ញុំជាអ្នកថត វីដេអូ ហ្នឹង។ វីដេអូ ហ្នឹង ថតឃ្លីបទីមួយ គឺនៅម៉ោង ១០ និង ៤៤នាទី។ ឃ្លីបទីពីរ ដែលគាត់ដួលសន្លប់ គឺនៅម៉ោង ១០ និង ៤៥នាទី។ អ៊ីចឹងឃ្លីប ហើយនិង អ្នកដែល ឃើញហ្នឹង គឺគេឃើញថា ឡានគឺឈប់ង៉ក់ ហើយប៉ូលិសនៅខាងមុខហ្នឹងគាត់ធ្វើដួល ដោយខ្លួន ឯង ឬក៏គាត់ធ្វើសន្លប់យ៉ាងម៉េច ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំឃើញថា ភាពអយុត្តិធម៌ត្រង់នេះ គឺឡានអត់មានប៉ះគាត់ទេ ។ ឡានថយបន្តិចទៅ ឡាននៅស្ងៀម ហើយឃើញប៉ូលិសហ្នឹង គាត់ដួលនៅ ខាងមុខ នោះតែម្ដង » ។
ឃ្លីបវីដេអូខ្លីមួយដែលបង្ហាញផ្នែកខ្លះពីហេតុការណ៍នគរបាលដួលសន្លប់នៅមុខឡានលោក ឌិន ពុទ្ធី នោះ ត្រូវបានគេបង្ហោះ និងចែកចាយលើទំព័រហ្វេសប៊ុកព្រោងព្រាត។ អ្នកលេងហ្វេសប៊ុកភាគច្រើនបញ្ចេញមតិថា នគរបាលអន្តោប្រវេសន៍ដែលដួលមុខឡានរបស់លោក ឌិន ពុទ្ធី នោះជាការសម្ដែង។ ទោះជាយ៉ាងណាក្ដី ករណីនេះគេនៅមិនទាន់រកឃើញខុសត្រូវនៅឡើយទេ។
ក្រុមអ្នកគាំទ្រលោក ឌិន ពុទ្ធី ថ្លែងថា ពួកគាត់នឹងធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងពេលឆាប់ៗ ប្រសិនបើតុលាការមិនផ្ដល់យុត្តិធម៌ដល់លោក ឌិន ពុទ្ធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។