ពលករ​ខ្មែរ​មួយ​ក្រុម​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ជីវភាព​ខ្វះខាត​ក្រោយ​ពី​អត់​ការងារ​ធ្វើ​ជិត​មួយ​ខែ

0:00 / 0:00

ពលករ​ខ្មែរ​មួយ​ក្រុម ធ្វើការ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ប្រឹង​ត្រដរ​រស់នៅ​ទាំង​វេទនា ក្រោយ​ពី​អត់​ការងារ​ធ្វើ​អស់​រយៈ​ពេល​ជិត ១ខែ។ មន្ត្រី​សង្គម​ស៊ីវិល​ថា បញ្ហា​ពលករ​អត់​ការងារ​ធ្វើ​កើត​មាន​ស្ទើរតែ​គ្រប់​កន្លែង និង​ស្នើ​ដល់​អាជ្ញាធរ​ខ្មែរ គួរតែ​ជួយ​ស្វែងរក​ដោះស្រាយ​ជូន​ពលករ​ឱ្យ​បាន​ឆាប់ ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​ពលករ ។

ពលករ​ខ្មែរ​មួយ​ក្រុម​នេះ​មាន​គ្នា​ជាង ៣០នាក់ សព្វថ្ងៃ​នេះ កំពុង​ស្នាក់នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។ ពួក​គាត់​អះអាង​ថា ថៅកែ​បាន​សន្យា​នឹង​ជួយ​ធ្វើ​ឯកសារ​ឱ្យ​ពួក​គាត់​ឱ្យ​បាន​ឆាប់ៗ ដើម្បី​បាន​ធ្វើ​ការ​ឡើង​វិញ។ ពួក​គាត់​ថា ថៅកែ​បាន​ទារ​លុយ​ពី​ពលករ​ក្នុង​ម្នាក់​ជាង ១ម៉ឺន​បាត (១០.០០០បាត) ដែល​ស្មើ​ជាង ១លាន​រៀល (១.០០០.០០០៛) ដើម្បី​យក​ទៅ​ធ្វើ​ប័ណ្ណ​ការងារ។

នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត ដែល​មាន​ទំហំ​ជាង ៣ម៉ែត្រ​បួន​ជ្រុង ពោរពេញ​ដោយ​ខោអាវ និង​ឆ្នាំង​ចាន។ ពលករ​ទាំង​នោះ ភាគ​ច្រើន​មក​ពី​ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តសៀមរាប។ ពួក​គាត់​មក​ជាមួយ ប្ដី​ប្រពន្ធ និង​កូន ដើម្បី​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ អស់​រយៈ​ពេល​ជិត ១ខែនេះ ពួក​គាត់​មិន​ហ៊ាន​ដើរ​ចេញ​ក្រៅ ឆ្ងាយ​ពី​កន្លែង​ដែល​ខ្លួន​ស្នាក់នៅ​ឡើយ ព្រោះ​ខ្លាច​ប៉ូលិស​ថៃ​ចាប់​ពួក​គាត់​បញ្ជូន​មក​ខ្មែរ​វិញ ខណៈ​ដែល​ខ្លួន​ពុំ​មាន​លិខិត​ឆ្លង​ដែន និង​ប័ណ្ណ​ការងារ​ត្រឹមត្រូវ​ឡើយ។

ចំណែក​ការ​ចំណាយ​លើ​ការ​ហូបចុក​វិញ ពួក​គាត់​មិន​មាន​លុយ​សម្រាប់​ទិញ​បាយ​ហូប​នោះ​ទេ ដូច្នេះ​ជា​រៀង​រាល់​ព្រឹក ល្ងាច ពួក​គាត់​ទៅ​ទិញ​ស្បៀង​អាហារ​បន្លែ​ត្រី​សាច់​ជំពាក់​គេ នៅ​កន្លែង​លក់​ឥវ៉ាន់​មួយ​ក្បែរ​នោះ​យក​មក​ហូបចុក​ប្រចាំថ្ងៃ។ ពួក​គាត់​សន្យា​ថា នឹង​សង​លុយ​គេ​វិញ ពេល​បាន​ចូល​ធ្វើការ​វិញ។

ពលករ​ខ្មែរ​ម្នាក់​រស់នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប លោកស្រី ស៊ូ រៀន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោកស្រី​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​នេះ តាំង​ពី​ដើម​ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែ​នៅ​ដើម​ខែកុម្ភៈ​នេះ ថៅកែ​ឱ្យ​ក្រុម​ពួក​លោកស្រី ដែល​មាន​គ្នា ១១នាក់ សម្រាក​ពី​ការងារ​ជា​បណ្ដោះអាសន្ន ព្រោះ​ឯកសារ​ការងារ​ធ្វើ​មិន​ទាន់​ហើយ។ លោកស្រី​ថា បើសិនជា​ពួក​គាត់​បន្ត​ធ្វើការ​ទៀត ប៉ូលិស​នឹង​ចុះ​ចាប់។

លោកស្រី ស៊ូ រៀន៖«បារម្ភ ពិបាក អត់​ហ៊ាន​ចេញទៅ​ណា​ទេនៅ​ក្នុង​ ខិម[បន្ទប់]នេះនៅ​តែ​ក្នុង​នេះ​អត់​ហ៊ាន​ចេញ​ទៅ​ណា​ទេព្រោះ​យើង​ខ្លាច​អត់មាន​ស្អី​[លិខិត​ឆ្លង​ដែន]​កាន់​នៅ​ក្នុង​ដៃ។ អត់​ហ៊ាន​ទៅ​ខាង​ក្រៅ​ដូច​ពួក​គាត់​មកលេង​ទីនេះ អត់​ហ៊ាន​ចេញ​ទៅ​ទេ តាំងពី​ទើប​នឹង​ចូល​នៅ​ទី​នេះ​មុន ​ពីម៉ៃ[ឆ្លង​ឆ្នាំ]កាលពីឆ្នាំ២០២២»។

ស្រដៀង​គ្នា​នេះ​ពលករ​ម្នាក់​ទៀត លោក លឿង រដ្ឋា ដែល​មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជិត ១០ឆ្នាំ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន លើក​ឡើង​ថា លោក​ធ្លាប់​អត់​ការងារ​ធ្វើ​ជា​ច្រើន​ដង​មក​ហើយ ភាគ​ច្រើន គឺ​បញ្ហា​ធ្វើ​លិខិត​ឆ្លង​ដែន និង​ប័ណ្ណ​ការងារ។ លោក​ថា ដោយសារ​តែ​ការ​ធ្វើ​ឯកសារ​យឺតយ៉ាវ និង​ស្មុគស្មាញ ស្រប​ពេល​ដែល​ការ​ចំណាយ​ថវិកា​វិញ​ក៏​ច្រើន ដែល​ធ្វើ​ឱ្យ​លោក​ជំពាក់​បំណុល​ធនាគារ​កាន់តែ​ច្រើន នៅ​ពេល​ធ្វើ​ឯកសារ​ម្ដងៗ។ លោក​ថា ពលករ​ទាំង​អស់​ពុំ​មាន​នរណា​ចង់​ធ្វើការ​ដោយ​ខុស​ច្បាប់​នោះ​ទេ បើសិនជា​ការ​រៀបចំ​ឯកសារ​ទាំង​នោះ​មាន​ភាព​ងាយ​ស្រួល​ជាង​នេះ។

លោក លឿង រដ្ឋា៖«ចង់​ឱ្យ​ទូត​កម្ពុជា និង​រដ្ឋាភិបាល​ជួយ​រៀបចំ​ឯកសារ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើការ ឆាប់​បាន​ឱ្យ​ពលករ​ហ្នឹង​ចូល​ធ្វើការ ហើយ​ពេល​ធ្វើដំណើរ​នៅ​តាម​ច្រក​ព្រំដែន ជួយ​កាត់​បន្ថយ​ការ​រឿង​សេវា​ឱ្យ​ចំណាយ​តិច​តូច​កុំ​ឱ្យ​សូវ​ច្រើនពេក កុំ​ឱ្យ​មាន​បញ្ហា»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក ហេង សួរ និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ ខែកុម្ភៈ ដោយសារ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។ ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​កុងស៊ុល​ខ្មែរ ប្រចាំ​ស្ថានទូត​នៅ​ប្រទេស​ថៃ លោក ផែ លន បដិសេធ​មិន​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ ដោយ​លោក​ថា កំពុង​ជាប់​រវល់​ចុះ​ជួប​ពលករ​ខ្មែរ។

លោក ផែ លន៖«ខ្ញុំ​រវល់​ណាស់ កំពុង​តែ​ជួប​ភ្ញៀវ កំពុងតែ​ជួប​បង​ប្អូន​ពលករ​យើង​ហ្នឹង​ហើយ​ អរគុណ​បាទ!»។

ពលករ​ខ្មែរ​ធ្វើការ​សំណង់​នៅ​ប្រទេស​ថៃ​ភាគ​ច្រើន ពួក​គាត់​អាច​រក​ចំណូល​បាន​ក្នុង​ម្នាក់ ៣០០បាត ទៅ ៥០០បាត ក្នុង​មួយ​ថ្ងៃ ដែល​ស្មើ​ជាង ៣០.០០០រៀល ទៅ​ជាង ៥.០០០រៀល ក្នុង​មួយ​ថ្ងៃ។ ពួក​គាត់​ចូល​ធ្វើការ​ចាប់​ពី​ម៉ោង ៧ព្រឹក​ដល់​ម៉ោង ៥ល្ងាច។ ចំណែក​ពលករ ដែល​ចង់​បាន​លុយ​ថែម​ម៉ោង ពួក​គាត់​អាច​បន្ត​ធ្វើការ​ពេល​យប់​ចាប់​ពី​ម៉ោង ៥ល្ងាច​រហូត​ដល់ ១១យប់ ដែល​ក្នុង​ម្នាក់​ទទួល​បាន ៣០០បាត​ថែម​ទៀត​ក្នុង​មួយ​ថ្ងៃ។ ទោះ​យ៉ាង​នេះ​ក្ដី ពួកគាត់​ថា ការងារ​ធ្វើការ​សំណង់​នេះ ត្រូវ​តស៊ូ​ប្រឹងប្រែង​ដោយ​លំបាក និង​ហានិភ័យ​ខ្ពស់​ដល់​អាយុ​ជីវិត នៅ​ពេល​ដែល​ឡើង​លើ​អគារ​ខ្ពស់ៗ។

ជុំវិញ​រឿង​នេះ មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ (Central) លោក លឹង សុផុន កត់សម្គាល់​ឃើញ​ថា ពលករ​ខ្មែរ ដែល​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ខុស​ច្បាប់​ភាគ​ច្រើន ប្រឈម​អត់​ការងារ​ធ្វើ​ជា​បន្ត​បន្ទាប់។ លោក​ថា បញ្ហា​នេះ​មាន​ស្ទើរតែ​គ្រប់​កន្លែង ជាពិសេស តំបន់​ដែល​សម្បូរ​ពលករ​ខ្មែរ​រស់នៅ ដូចជា ខេត្តសាមុត ប្រាកាន (Samut Prakan Province) និង​ខេត្ត ឈុនបុរី (Chonburi) ជា​ដើម។ លោក​ថា ប្រសិនបើ​បញ្ហា​នេះ អាជ្ញាធរ​ខ្មែរ​មិន​ឆាប់​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ទេ នោះ នឹង​ធ្វើ​ឱ្យ​ជីវភាព​ពលករ​ខ្មែរ កាន់តែ​លំបាក។

លោក លឹង សុផុន៖«អ៊ីចឹង​បើសិនជា​ស្ថាន​ពាក់ព័ន្ធ​ដែល​បាន​ដឹង​ដំណឹង ឬក៏​បាន​យល់​ពី​បញ្ហា​នេះ​ហើយ​គួរ​ដោះស្រាយ​ដោយ​វិធី​ណា​ហើយ មាន​វិធានការ​ដើម្បី​កែប្រែ​ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ ឬក៏​យើង​មាន​វិធាន​ការ​បណ្ដុះបណ្ដាល​អប់រំ​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​បាន នេះ​វា​ជា​រឿង​ល្អ​ប្រសើរ​ តែបើ​សិន​ជា​យើង​មិន​ធ្វើ​អ៊ីចឹង​ទេ បងប្អូន​ពលករ​នៅ​ថៃ​ហ្នឹង​កាន់​តែ​ក្លាយ​ជា​ជន​រង់​គ្រោះ​ច្រើន​ទៅៗ»។

ចាប់​តាំង​ពី​ខែមករា ដល់​ខែកុម្ភៈ​នេះ អ្នក​ឃ្លាំមើល​បញ្ហា​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ឱ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ជាង ២០០នាក់ ហើយ​នៅ​តាម​តំបន់​ផ្សេងៗ ក្នុង​ប្រទេស​ថៃ ពួក​គាត់​ដាច់​ស្បៀង និង​អត់​ការងារ​ធ្វើ​ដោយសារ​តែ​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ​សម្រាប់​ធ្វើការ។ មិន​តែ​ប៉ុណ្ណោះ​ពួក​គាត់​ក៏​ត្រូវ​បាន​មេខ្យល់ និង​ថៅកែ​ថៃ​បោកប្រាស់​កម្លាំង​ពលកម្ម។ បញ្ហា​ទាំង​នេះ​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​ទាំង​នោះ​ប្រឹង​ត្រដរ​រស់នៅ​ដោយ​វេទនា។ ពួក​គាត់​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ឱ្យ​បាន​ឆាប់ ដើម្បី​ពួក​គាត់​មាន​លទ្ធភាព​អាច​ចូល​ធ្វើការ​ឡើង​វិញ រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។