ប្រជាសហគមន៍ អាជ្ញាធរ និងមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង គ្រោងរៀបចំរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ចំនួនពីរកន្លែង នៅស្រុកទឹកផុស។ បច្ចុប្បន្នរមណីយដ្ឋានទាំងពីរនេះមិនសូវមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តដល់នៅឡើយ ដោយសារតែបញ្ហាផ្លូវលំបាកធ្វើដំណើរ។ ប្រធានមន្ទីរទេសចរណ៍ខេត្តនេះអះអាងថា ទិសដៅអភិវឌ្ឍន៍ឆ្នាំ២០១៥ នឹងត្រូវរៀបចំតំបន់ទាំងនេះ ឲ្យទៅជាតំបន់ទេសចរទឹកធ្លាក់ធម្មជាតិ ប៉ុន្តែជាជំហានដំបូងអាជ្ញាធរ និងមន្ទីរជំនាញ នឹងស្ថាបនាផ្លូវចម្ងាយប្រមាណ២០គីឡូម៉ែត្រ ចូលទៅតំបន់ទាំងនោះជាមុនសិន។
សហគមន៍ និងអាជ្ញាធរមូលដ្ឋាននៅឃុំក្បាលទឹក និងឃុំក្ដុល នៃស្រុកទឹកផុស បានធ្វើសំណើ និងត្រៀមខ្លួនរួចជាស្រេចសហការជាមួយមន្ត្រីជំនាញទេសចរ ដើម្បីប្រែក្លាយតំបន់ទឹកធ្លាក់អន្លង់ស្វាយ និងទឹកធ្លាក់ស្រែអំពិល ទៅជាតំបន់ទេសចរធម្មជាតិដ៏ពេញនិយមនៅក្នុងខេត្ត។ មន្ទីរបានគាំទ្រគម្រោងនេះ ប៉ុន្តែផែនការលំអិត ឬខ្ទង់ចំណាយលើការស្ថាបនាផ្លូវមិនទាន់ដឹងច្បាស់នៅឡើយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងលោក សេង សាលី ថ្លែងនៅថ្ងៃទី៣០ ខែវិច្ឆិកា ថា តំបន់ទឹកធ្លាក់ស្រែអំពិល ត្រូវការផ្លូវលំចម្ងាយប្រហែល១៥គីឡូម៉ែត្រ ចេញពីចំណុចភូមិក្ដុល រហូតដល់ភូមិស្រែអំពិល នៃឃុំក្រាំងស្គារ ចំណែកតំបន់ទឹកធ្លាក់អន្លង់ស្វាយវិញ គឺត្រូវការផ្លូវចម្ងាយប្រហែល២គីឡូម៉ែត្រ ចេញពីចំណុចភូមិដូងស្លា រហូតដល់ចំណុចទឹកធ្លាក់អន្លង់ស្វាយតែម្ដង។ លោកថា នៅទូទាំងខេត្តមិនទាន់មានការរៀបចំតំបន់ទេសចរទឹកធ្លាក់នៅឡើយទេ ហើយលោកសង្ឃឹមថានៅពេលតំបន់ទេសចរធម្មជាតិទាំងពីរនេះរៀបចំរួច កំណើនភ្ញៀវទេសចរក្នុងខេត្តនឹងកើនឡើងទ្វេដង៖ «ខាងប្រជាសហគមន៍ជាអ្នកចង់អភិវឌ្ឍន៍ទាំងហ្នឹងឲ្យទៅជាតំបន់ទេសចរទឹកធ្លាក់ធម្មជាតិ ហើយយើងអាចជួយសម្របសម្រួលផ្នែកផ្លូវ និងបច្ចេកទេសផ្សេងៗ»។
ទាក់ទងនឹងគម្រោងរៀបចំតំបន់ទេសចរនៅស្រុកទឹកផុសនេះ អនុប្រធានសហគមន៍អន្លង់ស្វាយលោក អោម ហុន ថ្លែងគាំទ្រថា នៅពេលតំបន់ទេសចរទាំងនេះដំណើរការ គឺអាចរក្សាព្រៃឈើបានមួយផ្នែកដែរ ចំណែកអ្នកស្រុកភូមិអាចរកចំណូលបានតាមរយៈលក់ផ្លែឈើ នំចំណី និងទឹកដល់ភ្ញៀវទេសចរជាដើម។ លោករំលឹកថា ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចររាប់រយនាក់ ចូលទៅលេងទឹកធ្លាក់អន្លង់ស្វាយ បើទោះបីជាផ្លូវលំបាកធ្វើដំណើរខ្លាំង ហើយគ្មានសេវាកម្មលក់ម្ហូបអាហារ ឬនំចំណីក៏ដោយ៖ «ប្រជាពលរដ្ឋយើងខ្ញុំមានការត្រេកអណាស់ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីទេសចរជួយ»។
តំបន់ទេសចរធម្មជាតិ និងប្រវត្តិសាស្ត្រនៅខេត្តកំពង់ឆ្នាំង មានច្រើនបង្គួរ ប៉ុន្តែរមណីយដ្ឋានទាំងនោះមិនត្រូវបានគេរៀបចំ ឬអភិវឌ្ឍន៍ឲ្យទៅជាតំបន់ទេសចរគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរឡើយ ដូចជានៅតំបន់ទេសចរភ្នំសន្ទូច ភ្នំនាងកង្រី និងទឹកធ្លាក់អូរដារ ឋិតនៅស្រុកកំពង់លែងជាដើម។ យ៉ាងណានៅមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាអ្នកភូមិឡើងត្នោត និងស្មូនក្អមឆ្នាំង ឬវត្ថុអនុស្សាវរីយ៍ នៅឃុំស្រែថ្មី ស្រុករលាប្អៀរ និងខ្លះទៀតជិះទូកទស្សនាផ្ទះបណ្ដែតទឹក និងបក្សី នៅឃុំប្រឡាយមាស ស្រុកកំពង់លែង។ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបង្ហាញពីតួលេខកើនឡើង នៃភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងឆ្នាំ២០១៤ មានភ្ញៀវចូលមកកម្សាន្តជិត៣ម៉ឺននាក់ (២៨៤៩៧) ដែលតួលេខនេះកើនឡើងជាងឆ្នាំ២០១៣ ជាង៣ពាន់នាក់(៣០៦០)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។