ពិព័រណ៍សៀវភៅនៅកម្ពុជា ជាព្រឹត្តិការណ៍ថ្នាក់ជាតិមួយប្រចាំឆ្នាំ ដែលបានវិលត្រឡប់មកជាថ្មីម្តងទៀតហើយនៅឆ្នាំ២០១៤ នេះ។ អានខ្ញុំ អ្នកយល់ពីពិភពលោក គឺជាប្រធានបទសំខាន់សម្រាប់ពិធីតាំងពិព័រណ៍សៀវភៅកម្ពុជា ប្រចាំឆ្នាំនេះ។
ពិធីនេះ ធ្វើឡើងរយៈពេលបីថ្ងៃនៅមុខបណ្ណាល័យជាតិក្នុងទីក្រុងភ្នំពេញ គឺចាប់ពីថ្ងៃសុក្រ ទី២៨ ដល់ថ្ងៃអាទិត្យ ទី៣០ វិច្ឆិកា ដោយមានដាក់តាំងសៀវភៅល្អៗ ប្លែកៗ ទាក់ទងនឹងការអប់រំប្រវត្តិសាស្ត្រជាតិ និងអន្តរជាតិ ហើយលក់ក្នុងតម្លៃសមរម្យ សម្រាប់អ្នកអានទូទៅ ជាពិសេសអ្នកចូលទស្សនាការតាំងពិព័រណ៍នេះ។
ថ្លែងនៅក្នុងពិធីបើកការតាំងពិព័រណ៍នៅរសៀលថ្ងៃសុក្រ ទី២៨ វិច្ឆិកា ប្រធាននាយកដ្ឋានសៀវភៅ និងការអាន អ្នកស្រី រស់ សារូ ថ្លែងថា ការតាំងពិព័រណ៍នេះជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញដល់ការអានឲ្យកាន់តែរីកចម្រើនទៅមុខ និងជាគុណតម្លៃពិសេសក្នុងការបណ្ដុះគំនិតឲ្យស្រឡាញ់ការអានសៀវភៅ ទៅដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ៖ «ចំណងជើងសៀវភៅមានការកើនឡើងរៀងរាល់ឆ្នាំ ទាំងនេះបញ្ជាក់ថា វិស័យបោះពុម្ពផ្សាយនៅកម្ពុជា កាន់តែមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ យើងនឹងខិតខំផ្សព្វផ្សាយតាមរយៈគេហទំព័រពីវិស័យបោះពុម្ពផ្សាយនៅកម្ពុជា ឲ្យបានកាន់តែទូលំទូលាយទៅសាធារណជននៅក្នុងប្រទេស និងក្រៅប្រទេស»។
អ្នកអាន អ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ ដែលចូលរួមពិព័រណ៍ លើកឡើងនូវទស្សនៈថា សៀវភៅជាបណ្ដូលនៃការអប់រំ និងកម្សាន្តគ្មានដែនកំណត់ ការអានសៀវភៅច្រើន ពង្រីកចំណេះកាន់តែទូលំទូលាយ។ ទស្សនៈរបស់អ្នកទាំងនេះ បានឆ្លុះបញ្ចាំងពីសក្ដានុពលរបស់សៀវភៅ និងប្រយោជន៍នៃការអានសៀវភៅ។
ក្រុមទាំងនេះ អំពាវនាវឲ្យមានការចូលរួមលើកកម្ពស់លើវិស័យនេះ និងចូលរួមក្នុងការតាំងពិព័រណ៍សៀវភៅឆ្នាំនេះឲ្យបានច្រើន ក្នុងរយៈពេលបីថ្ងៃចុងសប្ដាហ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។