ប្រជាពលរដ្ឋនៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង អះអាងថា ក្រុមហ៊ុនចិន ឈ្មោះ កួក ដុង (Gaug Dong) សាងសង់អាងស្តុកទឹក និងទំនប់វារីអគ្គិសនីនៅសេកសក គាស់កកាយចំរ៉ែមាស ហើយលួចដឹកជញ្ជូនចេញនៅពេលយប់ស្ងាត់ៗ ដោយពុំមានអាជ្ញាធរអើពើនោះទេ។
អ្នកភូមិកំពុងព្រួយបារម្ភ ហើយបញ្ជាក់ថា ក្រុមហ៊ុននេះកំពុងធ្វើសកម្មភាពដឹកជញ្ជូនរ៉ែមាសយ៉ាងគគ្រឹកគគ្រេង ប្រសិនបើពុំមានការទប់ស្កាត់ទាន់ពេលទេ អាចនឹងហិនហោចអស់ក្នុងពេលឆាប់ៗ។
អ្នកភូមិនៅតំបន់សេកសក អំពាវនាវឲ្យអភិបាលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ បញ្ឈប់សកម្មភាពការដឹកជញ្ជូនកម្ទេចថ្មចេញពីតំបន់សាងសង់ទំនប់វារីអគ្គិសនីជាបន្ទាន់ ជៀសវាងប៉ះពាល់ដល់ផលប្រយោជន៍របស់ជាតិ។
អ្នកភូមិម្នាក់រស់នៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះ នៅថ្ងៃទី៦ តុលា ថា ក្រុមហ៊ុនចិន កួក ដុង សាងសង់អាងស្តុកទឹកទំនប់វារីអគ្គិសនីសេកសក ស្រុករតនៈមណ្ឌល គាស់កកាយប៉ះរ៉ែមាស ហើយដឹកជញ្ជូនចេញពីខេត្តបាត់ដំបង ទៅខេត្តពោធិ៍សាត់ នៅពេលយប់ដោយស្ងៀមស្ងាត់ និងពុំមានអាជ្ញាធរណាចេញមុខមកទប់ស្កាត់នោះទេ។ អ្នកភូមិរូបនេះឲ្យដឹងទៀតថា ក្រុមហ៊ុនធ្វើទំនប់វារីអគ្គិសនីនេះ មិនត្រឹមតែលួចដឹករ៉ែមាសចេញប៉ុណ្ណោះទេ ថែមទាំងហាមឃាត់មិនឲ្យប្រជាពលរដ្ឋទៅក្បែរតំបន់ដែលមានរ៉ែនោះទៀតផង។
ទោះជាយ៉ាងនេះក្ដី ពលរដ្ឋរូបនេះបន្តថា អ្នកភូមិមួយចំនួននៅតែព្យាយាមចូលទៅដល់តំបន់សាងសង់ទំនប់វារីអគ្គិសនីនោះ ហើយប្រទះឃើញកម្ទេចថ្មសុទ្ធតែរ៉ែមាស៖ «ទៅឃើញអាអាចម៍ដីដែលសេសសល់នៅលើៗ កាយទៅឃើញអាជាតិរ៉ែហ្នឹងឯង នាំគ្នាប្រាប់ទៅអាជ្ញាធរៗគេថាអត់ដឹង អត់មានមាសអីទេ ចេះតែនាំគ្នាបំផុសបំផុល គាត់និយាយអ៊ីចឹងទៅ។ ឃើញសកម្មភាព ឃើញតាំងអែសស្កា ឡានអីរាប់រយគ្រឿងអីអ៊ីចឹង រួចអាដំណើរការគេធ្វើអាហ្នឹងគេធ្វើបណ្ដើរ ហើយគេលួចដឹកចេញបណ្ដើរ អ៊ីចឹងទៅ បើសិនយើងមិនទប់ស្កាត់គេយកអស់ហើយ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុករតនៈមណ្ឌល លោក សើ សាមេត មានប្រសាសន៍ថា កម្ទេចថ្មដែលក្រុមហ៊ុនរបស់ចិន សាងសង់ទំនប់វារីអគ្គិសនីនៅសេកសក ដឹកជញ្ជូនចេញទៅខេត្តពោធិ៍សាត់ នោះ ពុំមែនជារ៉ែមាសដូចការអះអាងរបស់អ្នកភូមិឡើយ។ លោកបញ្ជាក់ថា កន្លងមក ប្រជាពលរដ្ឋធ្លាប់មានប្រតិកម្មចំពោះបញ្ហានេះម្ដងរួមមកហើយ។ លោកថា ភ្លាមនោះអាជ្ញាធរបានចុះទៅស្រាវជ្រាវ ហើយរកឃើញថាជាប្រភេទថ្មបារត៖ «ថ្មនីពោធិ៍សាត់ អត់មាន មកវិញ គាត់ទិញខ្សាច់ដឹកមក ខ្សាច់ពីពោធិ៍សាត់ មានយកមកលាយជាប់ ព្រោះពោធិ៍សាត់ អត់មានថ្មទេ ថ្មអត់ល្អទេ ខ្ញុំបានតាមមើលនោះ។ ហើយគាត់ដឹកទៅ គាត់ទិញខ្សាច់មកវិញ ព្រោះខ្សាច់ពោធិ៍សាត់ មកចាក់ទំនប់បានជាប់អ៊ីចឹងណាស់»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា បញ្ហានេះអាចមានអាថ៌កំបាំងនៅពីក្រោយខ្នង ដែលអាជ្ញាធរគួរមានវិធានការឲ្យបានច្បាស់លាស់ជាងនេះ៖ «យើងរបស់ចេញអីអ៊ីចឹងទៅ យកទៅហ្នឹងស្រុកពោធិ៍សាត់ អាហ្នឹងមានន័យថាម៉េច? អាហ្នឹងវាជាការដែលយើងមើលឃើញថា វាការដោះសាមួយដែលប្រកបទៅដោយភាពមិនប្រាកដប្រជាមិនច្បាស់លាស់ ធ្វើឲ្យមានការសង្ស័យថាប្រព្រឹត្តបទល្មើសអីនៅលើចំណុចហ្នឹង យើងត្រូវតែយកចិត្តទុកដាក់ត្រួតពិនិត្យឡើងវិញបាទ»។
បើតាមអភិបាលស្រុកឲ្យដឹងថា តំបន់សេកសកផលិតអាងស្តុកទឹកចំណុះប្រមាណ ២លានម៉ែត្រគូប សម្រាប់ស្រោចស្រពផលដំណាំចំនួន ៣ស្រុក គឺស្រុកសង្កែ ស្រុកគាស់ក្រឡ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ទំនប់អាងស្តុកទឹកនេះ អាចផលិតជាថាមពលអគ្គិសនីបានចំនួន ១៣,១មេហ្គាវ៉ាត់ ដំណើរការសាងសង់ប្រមាណជាងមួយឆ្នាំមកហើយ។ អាងស្តុកទឹកនេះជាជំនួយរបស់ប្រទេសចិន មានទឹកប្រាក់ប្រមាណ ២០០លានដុល្លារអាមេរិក និងមានប្រាក់បដិភាគរបស់រដ្ឋាភិបាលកម្ពុជា ចំនួន ២០%។ បើតាមគម្រោង អាងស្តុកទឹកនេះ ត្រូវការពេលប្រមាណ ៣ឆ្នាំកន្លះ ដើម្បីបញ្ចប់ការសាងសង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។