ការ​ឃុំខ្លួន​មន្ត្រី​ពន្ធនាគារ​ពាក់ព័ន្ធ​អំពើ​ពុករលួយ​មិន​គ្រប់គ្រាន់​ទេ «ព្រោះ​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​ច្រើន​ដែល​ត្រូវ​សម្អាត»

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ឃុំ​ខ្លួន​មន្ត្រី​ពន្ធនាគារ​ម្នាក់​ពាក់ព័ន្ធ​អំពើពុករលួយ នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ ព្រោះថា អំពើ​ពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល មាន​ច្រើន​ស្កេះស្កះ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​បោសសម្អាត​ដោយ​តម្លាភាព និង​ស្នើ​ភាព​គ្នា។ ក្រុម​អ្នក​ឃ្លាំមើល​ថា អំពើ​ពុករលួយ​បន្ត​កើន​ឡើង​នេះ ធ្វើ​ឱ្យ​ប្រទេសជាតិ​កាន់​តែ​ក្រីក្រ និង​ពលរដ្ឋ​កាន់​តែ​រង​ភាព​អយុត្តិធម៌។

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា វិធានការ​ទប់ស្កាត់​បញ្ហា​អំពើ​ពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​បាន​តែ​ករណី​តូចតាច ចំណែក​បញ្ហា​ធំ​ៗ ជា​ច្រើន​ក្នុង​ជួយ​រដ្ឋាភិបាល ជា​ពិសេស អំពើ​ពុករលួយ​ក្នុង​​ប្រព័ន្ធ​យុត្តិធម៌​ពុំ​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បើក​ការ​ស៊ើប​អង្កេត​​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​បញ្ហា​នេះ​ ចាក់​ស្រេះ​ជា​​ប្រព័ន្ធ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣១ ខែកក្កដា​ថា ស្ថានភាព​អំពើ​ពុករលួយ​នៅ​កម្ពុជា​មាន​ការ​ថមថយ​តែ​ករណី​តូចតាច ចំណែក​អំពើ​ពុករលួយ​ខាត​ធំៗ ជា​ប្រព័ន្ធ ដូច​ជា ការ​រំលោភ​អំណាច ការ​ច្បាម​យក​ធនធាន​ធម្មជាតិ និងបក្ខពួក​និយម​ជា​ដើម មិន​មាន​ការ​ថយ​ចុះ​ឡើយ។ លោក​បន្ត​ថា បញ្ហា​នេះ បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ប្រព័ន្ធ​តុលាការ ធ្វើ​ឱ្យ​អ្នក​ទន់ខ្សោយ​បន្ត រង​ភាព​អយុត្តិធម៌ ដែល​គួរ​ត្រូវ​យក​មក​ដោះស្រាយ​ជា​ចាំ​បាច់។

លោក ប៉ិច ពិសី៖«ជា​ការ​បារម្ភ​នៅ​ឡើង គឺ​អំពើ​ពុករលួយ​ខ្នាត​ធំ​ជា​ប្រព័ន្ធ ការ​រំលោភ​អំណាច ហើយ​ជា​ពិសេស​ គឺ​អំពើ​ពុករលួយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​​សែស្រឡាយ​បក្ស​ពួក​និយម​ធំៗ ដែល​នៅ​មាន​នៅ​ឡើយ ហើយ​ខ្ញុំ​គិត​ថា ប្រសិន​បើ​រដ្ឋាភិបាល ចង់​ដោះ​ឧបសគ្គ​សេដ្ឋកិច្ច និង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​នឹង ជា​អនុសាសន៍​ធំ ដែល​គេ​ លើក​ជា​ញឹកៗ​ហ្នឹង។​ ទី១ ការ​ធានា​នូវ​នីតិ​រដ្ឋ ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​ ដើម្បី​អាច​ឱ្យ​ពលរដ្ឋ និង​អ្នក​វិនិយោគ អាច​ពឹង​ពាក់​បាន​នៅ​ពេល​គេ​មាន​វិវាទ​ផ្សេងៗ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បើក​ការ​ស៊ើប​អង្កេត ហើយ​តុលាការ​សម្រេច​ឃុំ​ខ្លួន​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក ព្រុំ ចាន់នី ជាប់​សង្ស័យ​ពី​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃ​ទី២៩ ខែកក្កដា។ លោក ព្រុំ ចាន់នី ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​សម​គំនិត​ក្នុង​អំពើ​ស៊ីសំណូក រំលោភ​អំណាច និង​បទ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ពុំ​ត្រឹម​ត្រូវ។

អ្នក​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា លោក ព្រុំ ចាន់នី ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន នៅ​មណ្ឌល​កែប្រែ​ទី១ ហើយ​ករណី​នេះ ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។ លោក​បន្ថែម​ថា ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​លោក ព្រុំ ចាន់នី គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​ពេទ្យ ដើម្បី​ស្នើ​សុំ​ការ​លើកលែង​ទោស​ជូន​ទណ្ឌិត​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ឱ្យ​នៅ​ក្រៅ​ឃុំ។

ទោះ​ជា​យ៉ាង​ណា លោក នុត សវនា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក ព្រុំ ចាន់នី ពិត​ជា​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​មណ្ឌល​កែប្រែ​ទី១ ហើយ​ករណី​នេះ ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។

របាយការណ៍​រក​ឃើញ​ដោយ​ អង្គការ​តម្លាភាព​កម្ពុជា កាល​ពី​ឆ្នាំ២០២៣ បង្ហាញ​ថា កម្ពុជា​បាន​ពិន្ទុ​ចំនួន ២២ ស្ថិត​នៅ​លេខ​រៀង​ទី១៥៨ ក្នុង​ចំណោម​ប្រទេស ១៨០ លើ​ពិភព​លោក ​ថា​ជា​ប្រទេស​មាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​បាត​តារាង។ ការ​រក​ឃើញ​នេះ​ ផ្ដោត​សំខាន់​ថា អំពើ​ពុករលួយ ជា​ប្រព័ន្ធ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​នេះ គឺ​ជំពាក់ជំពិន​គ្នា​ជា​បណ្ដាញ រវាង​អ្នក​មាន​អំណាច និង​អ្នក​ជំនួញ​ដែល​បំពាន​អំណាច ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ពួក​គេ តែងតែ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បិទ​បាំង​អំពើ​ទុច្ចរិត។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី ​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុករលួយ​ដោយ​ប្រសិទ្ធភាព មិន​ពិបាក​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ។ លោក​បន្ត​ថា មន្ត្រី​ទាំង​អស់​ក្នុង​ជួរ​រដ្ឋាភិបាល ត្រូវ​ហ៊ាន​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដោយ​ចំហ​ជា​សាធារណៈ ហើយ​ប្រសិន​បើ​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ណា​មួយ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ដោយ ​មិនរើសមុខ និង​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់។

លោក សេក សុជាតិ៖«អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ការ​ស៊ើបអង្កេត និង​បោស​សម្អាត ជន​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​របស់​ខ្លួន។ បន្ទាប់​មក ពង្រឹង​ប្រព័ន្ធ​តុលាការ ឱ្យ​មាន​ឯករាជ្យ។ នៅ​ពេល​ដែល​តុលាការ​មាន​ឯករាជ្យ​នោះ លុះ​ត្រា​ណា ​តែ​តុលាការ​ខ្លួន​ឯង​ហ្នឹង កុំ​ឱ្យ​មាន​ជាប់​ពាក់ព័ន្ធ​ នឹង​អំពើ​ពុករលួយ។ ប្រសិន​បើ​ជាប់​អំពើ​ពុករលួយ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​ចាត់​វិធានការ​ដូច​គ្នា​នឹង​មន្ត្រី​នៅ​ក្នុង​ក្រប​ខណ្ឌ​ប្រតិបត្តិ​ដូច​គ្នា»។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំ​មើល​ចង់​ឃើញរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត សហការ​ជា​មួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់​វិធានការ​តឹងរ៉ឹង ​ផ្ដន្ទាទោសរាល់​អំពើ​ពុករលួយ ពង្រឹង​គណនេយ្យ​ភាព និង​ត្រួត​ពិនិត្យ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ឡើង​វិញ​ ដើម្បី​លើក​កម្ពស់​តម្លាភាព និង​ផ្ដល់​យុត្តិធម៌ ដល់​ពលរដ្ឋ​ដោយ​ស្មើ​ភាព​គ្នា។ ពួក​គាត់បារម្ភ​ថា ការ​ដឹកនាំ ដែល​ធ្វើ​ឱ្យ​អំពើពុករលួយ​កាន់​តែ​ចាក់ស្រេះ និង​រីក​ដុះដាល​ច្រើន​ដូច​ បច្ចុប្បន្ន​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់​តែ​ក្រីក្រ និង​រង​នូវ​ភាព​អយុត្តិធម៌ ក៏​កាន់​តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។