មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការ​ឃាត់​ខ្លួន​អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការ​ឃាត់​ខ្លួន​អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ក្នុង​ការ​សម្ដែង​មតិ។ អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​អះអាង​ថា បើទោះជា​អាជ្ញាធរ​គំរាមកំហែង​ក្ដី ក៏​លោក​នៅ​តែ​បន្ត​សកម្មភាព​ទាមទារ​រក​យុត្តិធម៌ ពី​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​គ្រូ​កីឡា​នេះ​ដែរ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ឃាត់​ខ្លួន​អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា គឺ​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​ស្នើ​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា ឱ្យ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់ ចំពោះ​ការ​លុប​ឈ្មោះ​អតីត​គរុសិស្ស ជាជាង​ការ​បណ្ដោយ​ឱ្យ​អាជ្ញាធរ​ប្រើ​ហិង្សា​បង្ក្រាប​ការ​តស៊ូ​មតិ​ដោយ​អហិង្សា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត អះអាង​ថា សកម្មភាព​តវ៉ា​របស់​អតីត​គរុសិស្ស វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​មិន​ប៉ះពាល់​ទៅ​ដល់​សណ្ដាប់​សាធារណៈ​នោះ​ឡើយ។

លោក អំ សំអាត៖«មធ្យោបាយ ដែល​អាជ្ញាធរ​ប្រើ​កន្លង​មក​នេះ វា​អត់​សម​ហេតុផល​នឹង​ប្រើប្រាស់​ទេ ផ្ទុយ​ទៅ​វិញ វា​ទទួល​បាន​នូវ​ការ​រិះគន់​បន្ថែម​ទៀត​ទេ ទាក់ទង​ទៅ​នឹង​រឿង​ហ្នឹង។ អ៊ីចឹង អ្វី​ដែល​សំខាន់​នោះ​គឺ ត្រូវ​មាន​ការ​សម្របសម្រួល​ឱ្យ​មាន​ការ​ជជែក​គ្នា រវាង​តំណាង​ក្រសួង​អប់រំ ជាមួយ​គរុសិស្ស​ហ្នឹង ដើម្បី​ឱ្យ​មាន​ការ​យល់​អំពី​ថា បើសិនជា​បញ្ឈប់​ថា មក​ពី​មូលហេតុ​អី​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ឱ្យ​មាន​ការ​យល់​ទាំង​អស់​គ្នា»។

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បែប​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ដូនពេញ និង​កម្លាំង​សមត្ថកិច្ច​ជាង ១០នាក់ បាន​ឃាត់​ខ្លួន​អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ និង​បង​ប្រុស​របស់​លោក​ម្នាក់​ទៀត គឺ​លោក កែវ សុវណ្ណតារ៉ា យក​ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ័យជម្នះ ដើម្បី​សួរ​នាំ និង​ឱ្យ​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ​តវ៉ា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក កែវ សុវណ្ណឫទ្ធិ មិន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​នគរបាល​សង្កាត់​ជ័យជម្នះ​នោះ​ឡើយ ហើយ​សមត្ថកិច្ច ក៏​បាន​ដោះ​លែង​លោក កែវ សុវណ្ណឫទ្ធិ និង​បង​ប្រុស​របស់​លោក​ឱ្យ​មាន​សេរីភាព​នៅ​ថ្ងៃ​ដដែល។

លោក កែវ សុវណ្ណឫទ្ធិ បាន​បន្ត​សកម្មភាព​តវ៉ា​របស់​ខ្លួន​ជា​ថ្មី​នៅ​ថ្ងៃ​ច័ន្ទ ទី២៨ ខែសីហា នៅ​ខាង​មុខ​ក្រសួង​អប់រំ​យុវជន និងកីឡា ដោយ​បាន​ស្លៀកពាក់​ខោអាវ​កីឡា​ពណ៌​ទឹក​ប៊ិច ហើយ​ដៃ​ទាំង​ពីរ​របស់​លោក​មាន​កាន់​ជញ្ជីង​យុត្តិធម៌​ទាំង​សងខាង។ បន្ថែម​ពី​នេះ លោក​ក៏​បាន​ចង​បដា​ជាប់​នឹង​ខ្លួន ដោយ​មាន​សរសេរ​ពាក្យ​ថា សូម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ផ្ដល់​ដំណោះស្រាយ ចំពោះ​ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​រាយ​នាម​របស់​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង មន្ត្រី​រដ្ឋបាល​ខណ្ឌ​ដូនពេញ ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៨ ខែសីហា។

ទោះបីជា​ក្រសួង​អប់រំ​យុវជន និងកីឡា តម្រូវ​ឱ្យ​បេក្ខជន​ត្រូវតែ​មាន​កម្ពស់​យ៉ាង​តិច មួយ​ម៉ែត្រ​ហុកសិប​ប្រាំ (១៦៥សង់ទីម៉ែត្រ)ក្ដី ប៉ុន្តែ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា នៅតែ​អនុញ្ញាត​ឱ្យ​គរុសិស្ស​ចំនួន ១២នាក់ ដែល​មាន​កម្ពស់​មិន​គ្រប់​តាម​ក្រសួង​តម្រូវ បាន​ចូល​រៀន ១ខែ កាល​ពី​អំឡុង​ខែវិច្ឆិកា ដល់​ខែធ្នូ ឆ្នាំ២០២១។ លុះ​ពេល​គរុសិស្ស​បាន​ចូលរួម​សម្ដែង ការ​សម្ពោធ​កីឡដ្ឋាន​មរតក​តេជោ​រួចរាល់​ហើយ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ បែរ​ជា​លុប​ឈ្មោះ​អតីត​គរុសិស្ស​ទាំង ១២នាក់ ចេញ​ពី​វិទ្យាស្ថាន​ដោយសារ​ហេតុផល​ខ្វះ​កម្ពស់​ទៅ​វិញ កាល​ពី​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០២១។

វិទ្យុ​អាស៊ី​សេរី នៅតែ​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៨ ខែសីហា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ លោក កែវ សុវណ្ណឫទ្ធិ ចាត់​ទុក​ការ​ឃាត់​ខ្លួន​លោក និង​បង​ប្រុស​របស់​លោក ពី​សំណាក់​កម្លាំង​សមត្ថកិច្ច ជា​ការ​បំបាក់​ស្មារតី​របស់​លោក ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌។ លោក​បន្ថែម​ថា លោក​មិន​បាន​បង្ក​ឱ្យ​មាន​ចលាចល​សង្គម ឬ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​ដូច​ការ​ចោទ​ប្រកាន់​ពី​កម្លាំង​សមត្ថកិច្ច​នោះ​ឡើយ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​ទៅ​វិញ​ទេ ដែល​ប្រើ​អំពើ​ហិង្សា និង​ឃាត់​ខ្លួន​លោក ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទៅ​ដល់​សាធារណជន។

លោក កែវ សុវណ្ណឫទ្ធិ៖«មូលហេតុ ដែល​ខ្ញុំ​នៅតែ​ធ្វើ​ការ​លើក​បដា​នៅ​ខាង​មុខ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ហ្នឹង គឺ​ដើម្បី​កុំ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​រង​គ្រោះ​ដូច​ខ្ញុំ មួយ​ទៀត ខ្ញុំ​ចង់​ឱ្យ​ក្រសួង​បញ្ជាក់​ពី​យុវជន ៣នាក់ ដែល​លើស​អាយុ​ហ្នឹង តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង មាន​ដូច​ជា បារមី ឬ​ក៏​ព្រះ អ្នកតា​ណា​មួយ​អ៊ីចឹង ដែល​អាច​ឱ្យ​វិទ្យាស្ថាន​បន្ត​នៅ​រៀន​ជា​មួយ​ពួក​គាត់»។

លោក កែវ សុវណ្ណឫទ្ធិ បញ្ជាក់​ថា បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​ក្ដី លោក​នៅ​តែ​បន្ត​ការ​តវ៉ា​រហូត​ទទួល​បាន​យុត្តិធម៌​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។