មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា បញ្ជាក់ថា ស្ថានទូតកំពុងសហការជាមួយអាជ្ញាធរក្រុងភ្នំពេញ ដើម្បីស៊ើបអង្កេតទៅលើការធ្លាក់ដងស្ទូច នៃសំណង់អគារខុនដូមួយ ដែលបានធ្វើឱ្យរងរបួសបុគ្គលិកស្ថានទូតម្នាក់ និងខូចខាតរថយន្តមួយគ្រឿង។
អភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង បានប្រាប់អាស៊ីសេរីថា ហេតុការណ៍បាក់ដងស្ទូចនេះ បានកើតឡើងនៅព្រឹកថ្ងៃទី៤ ខែកុម្ភ: ម្សិលមិញនេះ នៅសំណង់អគារខុនដូមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោកបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានឃាត់ខ្លួនមេការសំណង់ជនជាតិចិនម្នាក់ និងខ្មែរម្នាក់ទៀត ដើម្បីសាកសួរអំពីមូលហេតុនៃការធ្លាក់ដងស្ទូចនេះ។ ប៉ុន្តែលោកបដិសេធមិនផ្ដល់ព័ត៌មានលម្អិតថា តើអគារសំណង់ខុនដូនេះជារបស់នរណាទេ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកអ្នកស្រី អេមីលី ហ្សីប៊ើក (Emily Zeeberg) បានប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា ស្ថានទូតកំពុងសហការជាមួយអាជ្ញាធរក្រុងភ្នំពេញក្នុងការស៊ើបអង្កេតអំពីហេតុការណ៍នៃការធ្លាក់ដងស្ទូចនេះ។ នេះមិនមែនជាករណីដំបូងទេ ដែលការដ្ឋានសំណង់ធ្វេសប្រហែស បណ្ដាលឱ្យធ្លាក់សម្ភារៈ លើអ្នកដំណើរបណ្ដាលឱ្យខូចខាតរថយន្ត និងបានបណ្ដាលជនរងគ្រោះម្នាក់បានស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។