មន្ត្រី​សង្គម​ស៊ីវិល​ថា សិស្ស​នៅ​តែ​បោះ​បង់​ការ​សិក្សា​បើ​ទោះ​ជា​រដ្ឋាភិបាល​ចាត់​ទុក​ការ​អប់រំ​គឺជា​វិស័យ​អាទិភាព

មន្ត្រី​សង្គម​ស៊ីវិល និង​យុវជន​ស្នើ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ និង​យុវជន​ដែល​រស់នៅ​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​ឱកាស​សិក្សា​រៀន​សូត្រ ហើយ​ក្លាយ​ជា​ធនធាន​អភិវឌ្ឍន៍​ប្រទេស។ ពួកគាត់​អះអាង​ថា បញ្ហា​ជីវភាព​ខ្វះខាត គឺជា​កត្តា​ចម្បង​ធ្វើ​សិស្ស​បោះបង់​ការសិក្សា។

កុមារ និង​យុវជន​មួយ​ចំនួន​នៅតែ​ប្រឈម​នឹង​ការ​បោះបង់​ការ​សិក្សា​ដោយសារ​ជីវភាព​ក្រីក្រ និង​មិន​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល។

និស្សិត​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ និង​កំពុង​បន្ត​ការ​សិក្សា​ផ្នែក​ទីផ្សារ​នៅ​ខេត្ត​សៀមរាប កញ្ញា ប៉ែត ចាន់រិទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៥ ខែ​ធ្នូ ថា នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​ជា​ស្រុក​កំណើត​កញ្ញា​រស់នៅ​មាន​កុមារ និង​យុវជន​បោះបង់​ការ​សិក្សា​ច្រើន​ដោយសារ​បញ្ហា​ជីវភាព និង​ពិបាក​រក​ការងារ​ធ្វើ​នៅ​ពេល​រៀនចប់។ កញ្ញា​បន្ត​ថា បច្ចុប្បន្ន​នេះ​កញ្ញា​ត្រូវ​ឆ្លៀត​ពេល​រក​លុយ​បណ្ដើរ​រៀន​បណ្ដើរ​ពីព្រោះ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ហើយ​កញ្ញា​មិន​ចង់​បោះបង់​ការ​សិក្សា​ទាំង​វ័យក្មេង​នោះ​ទេ។

កញ្ញា ប៉ែត ចាន់រិទ្ធ៖«សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​មិន​ថា នៅ​តាម​សាលារៀន​ឬក៏​កន្លែង​ផ្សេងៗ​ជាពិសេស​នៅ​តាម​សាលារៀន​សំណូមពរ​ដល់​ពួកគាត់​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ ឬក៏​និស្សិត​ក្រីក្រ គ្រួសារ​ក្រីក្រ​ផ្ដល់​ឱកាស​ឱ្យ​ពួកគាត់​បាន​សិក្សា​ចប់​ចុង​ជាប់​ដើម ក៏​ឧបត្ថម្ភ​ជា​សម្ភារៈ​ខ្លះ​ដល់​ពួកគាត់។ សិស្ស​ខ្លះ​គាត់​មាន​ប័ណ្ណ​ក្រីក្រ​ទេ​ប៉ុន្តែ​គ្រួសារ​របស់​ពួកគាត់​មាន​ជីវភាព​ក្រីក្រ»។

ក្រៅពី​បញ្ហា​ជីវភាព​គ្រួសារ​ខ្វះខាត​ធ្វើ​ឱ្យ​កុមារ និង​យុវជន​បោះបង់​ការសិក្សា​ហើយ​នោះ នៅ​មាន​កុមារ​មួយ​ចំនួន​ទៀត​បាត់បង់​ឱកាស​សិក្សា​ដោយសារ​តែ​ឪពុកម្ដាយ​ប្រឈម​ការ​រំលោភ​យក​ដីធ្លី គ្មាន​សម្ភារៈ​ប្រើប្រាស់​គ្រប់គ្រាន់ និង​កុមារ​ខ្លះ​មាន​ឪពុកម្ដាយ​ជា​អ្នក​ដើរ​សុំទាន​តាម​ចិញ្ចើម​ផ្លូវ ហើយ​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​គាំពារ​ទៅ​លើ​ពួកគាត់​ឡើយ។

ការ​លើក​ឡើង​របស់​យុវតី​រូប​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​តែង​លើកឡើង ថា​រដ្ឋាភិបាល​តែង​គិត​គូរ​ពី​ការ​សិក្សា​របស់​សិស្ស និស្សិត និង​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ។ ជាក់ស្ដែង ​អគ្គទេសាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី កាល​ពី​ថ្ងៃទី១៤ ខែធ្នូ បាន​ថ្លែង​ក្នុង​ពិធី​អគារ​សិក្សា​នៅ​ខេត្ត​កំពង់ធំ​ថា រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​សិក្សា​អប់រំ គឺជា​អាទិភាព​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​ជាតិ ជាពិសេស​ការ​ស្ដារ​វិស័យ​អប់រំ និង​ពង្រឹង​គុណភាព​អប់រំ​នៅ​តាម​សាលារៀន។ អ្នកស្រី ជា សិរី ឱ្យ​យោបល់​ថា ដើម្បី​ទាក់ទាញ​ឱ្យ​សិស្សានុសិស្ស​ចង់​បន្ត​ការ​សិក្សា​អាណាព្យាបាល​ត្រូវ​បញ្ជូន​កូនៗ​មក​រៀន ពីព្រោះ​នេះ​មិន​ត្រឹមតែ​ជា​កាតព្វកិច្ច​របស់​អាណាព្យាបាល​នោះ​ទេ ប៉ុន្តែ​គឺជា ជួយ​ស្រោចស្រង់​ជីវភាព​ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ។

ផ្ទុយពី​ការ​លើក​ឡើង​របស់​អ្នកស្រី ជា សិរី គេ​សង្កេត​ឃើញ​ថា កូន​មន្ត្រី​គ្រាក់ៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​គ្រួសារ​ត្រកូល«ហ៊ុន»តែងតែ​ទទួល​បាន​ការអប់រំ​ខ្ពស់ និង​មាន​ឱកាស​ទៅ​រៀន​នៅ​បរទេស ខុសប្លែក​ពី​កូន​អ្នក​ក្រីក្រ ពលរដ្ឋ​រង​ការ​រំលោភ​យក​ដីធ្លី ជនជាតិ​ភាគតិច កុមារ​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​ដែល​ពួកគាត់​គ្មាន​លទ្ធភាព​បញ្ជូន​កូនៗ​ទៅ​សាលារៀន។

ជាក់ស្ដែង​ថ្មីៗ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អួតអាង​ចៅ និង​អនាគត​ចៅ​ប្រសា​របស់​លោក​ថា កំពុង​រៀន​នៅ​មហាវិទ្យាល័យ​មួយ​ក្នុង​ប្រទេស​តួកគី (Turkey) ដែល​ជា​ប្រទេស​រីក​ចម្រើន​ខ្លាំង។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​អ្នកស្រី ជា សិរី មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​របស់​សិស្សានុសិស្ស និង​ឪពុកម្ដាយ​របស់​ពួកគាត់​ឡើយ។ អ្នកស្រី​បន្ត​ថា អាណាព្យាបាល​មួយ​ចំនួន​ត្រូវ​ខាង​នាយក​សាលា​តម្រូវ​ឱ្យ​បង់​លុយ​សម្រាប់​ទិញ​សម្ភារៈ​សិក្សា ឬ​ការ​បង់​ថ្លៃ​ចំណាយ​ផ្សេងៗ​នៅ​ក្នុង​សាលា​ដែល​នេះ​គឺជា​សកម្មភាព​ពុករលួយ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖«បើ​និយាយ​អំពី​សម្ភារៈ​នៅ​សាលា​ខ្លះ​សៀវភៅ​គ្រប់​សិស្ស​បាន​សាលា​ខ្លះ​គាត់​មាន​កុំព្យូទ័រ​អី ហើយ​សួរ​ថា កុំព្យូទ័រ​បាន​មក​ពី​ប្រភព​ណា​គឺ​មក​ពី​អង្គការ​នេះ អង្គការ​នោះ​អ្នក​ជួយ​មក​សាលា​មិនមែន​លុយ​របស់​ជាតិ​ទេ»។

វិស័យ​អប់រំ​ត្រូវ​បាន​រដ្ឋាភិបាល​តែង​អះអាង និង​ចាត់​ទុក​ជា​វិស័យ​អាទិភាព ប៉ុន្តែ​បើ​តាម​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​នៅ​ឆ្នាំ២០២៤ ក្រសួង​អប់រំ​ទទួល​មាន​ទឹកប្រាក់​ប្រមាណ​ជិត ៦០០​លាន​ដុល្លារ (៥៧៥) ប៉ុណ្ណោះ​ខណៈ​កាល​ពីឆ្នាំ២០២៣ ក្រសួង​អប់រំ​ទទួល​បាន​ថវិកា​ប្រមាណ​៩១៩លាន​ដុល្លារ ពោល​គឺ​ថយ​ចុះ​ជាង ៣០០លាន​ដុល្លារ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០២៣។

ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ២០២៤-២០២៨ បង្ហាញ​ថា អត្រា​សិស្ស​បោះបង់​ការ​សិក្សា​មាន​ការ​កើន​ឡើង​រយៈពេល​៣ឆ្នាំ​ក្នុង​អំឡុង​ពេល​ជំងឺកូវីដ១៩ ពោល​គឺ ចាប់​ពី​ឆ្នាំ​២០២២ ដល់២០២៣ ទាំង​នៅ​កម្រិត​បឋមសិក្សា និង​មធ្យម។

មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើពុករលួយ និង​ពង្រឹង​គុណភាព​វិស័យ​អប់រំ​នៅ​តាម​សាលា​រដ្ឋ​ដើម្បី​ឱ្យ​កូន​អ្នកក្រ​មាន​ឱកាស​ទទួល​បាន​ការ​សិក្សា ប្រកប​ដោយ​គុណភាព​ដូច​កូន​អ្នក​មាន ឬ​អ្នក​មាន​ជីវភាព​ធូរធារ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។