គ្រួសារ​យុវជន​ស្លាប់​ដោយសារ​ផ្ទុះ​កាំជ្រួច​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​រដ្ឋាភិបាល​៥​ម៉ឺន​ដុល្លារ

0:00 / 0:00

ក្រុម​គ្រួសារ​យុវជន ដែល​បាន​ស្លាប់​ដោយសារ​ផ្ទុះ​កាំជ្រួច កាលពី​ថ្ងៃ​ទី​២៩ តុលា ក្នុង​ព្រះ​រាជពិធី គម្រប់​ខួប​១០​ឆ្នាំ​ព្រះមហាក្សត្រ​គ្រងរាជសម្បត្តិ បាន​ដាក់​លិខិត​ទៅ​ស្ថាប័ន​កំពូលៗ​ថ្នាក់​ជាតិ​ជាច្រើន ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ផ្ដល់​សំណង ខណៈ​ដែល​រដ្ឋាភិបាល បាន​គេចវេះ​មិន​ទទួល ខុសត្រូវ​នូវ​ការ​ធ្វេសប្រហែស​របស់​ខ្លួន។

គ្រួសារ​យុវជន​ដែល​ស្លាប់​ដោយសារ​ផ្ទុះ​កាំជ្រួច ទាមទារ​សំណង​ជំងឺ​ចិត្ត ៥​ម៉ឺន​ដុល្លារ​សហរដ្ឋ អាមេរិក ពី​រាជរដ្ឋាភិបាល។

សំណើ​នេះ​ធ្វើឡើង បន្ទាប់ពី​គ្រួសារ​ជនរងគ្រោះ ព្យាយាម​ដាក់​លិខិត​ទៅ​ស្ថាប័ន​កំពូលៗ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ឲ្យ​ជួយ​ជំរុញ​ធ្វើ​យ៉ាងណា ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល ឲ្យ​ចេញមុខ មក​ទទួលខុស​ត្រូវ​ចំពោះ​ករណី បាញ់​កាំជ្រួច​អបអរ​បុណ្យជាតិ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​រង​របួស។

ឪពុក​ជនរងគ្រោះ ឈ្មោះ វ៉ាន់ ណាគ្រី ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​ហាក់​ស្ងៀមស្ងាត់ មិន​ចេញ​មក​ទទួលខុស ត្រូវ ចំពោះ​ការ​ស្លាប់​របស់​កូនប្រុស​គាត់។ លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ ចំពោះ​ការ​ធ្វេសប្រហែស បណ្ដាល​ឲ្យ​ផ្ទុះ​កាំជ្រួច​ត្រូវ​មនុស្ស​ស្លាប់​និង​របួស។

លោក វ៉ាន់ ណាគ្រី បាន​ដាក់​លិខិត​ទៅ​ព្រះបរមរាជវាំង ទៅ​ស្ថាប័ន​រដ្ឋសភា ក្រសួង​ការពារជាតិ អង្គការ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ។ ប៉ុន្តែ​ស្ថាប័ន​ទាំងនោះ​នៅ​មិនទាន់​ឆ្លើយតប ចំពោះ​សំណើ​ដែល​គាត់ សុំ​ពឹង​ពាក់​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ផ្ដល់​សំណង​នោះ​ទេ។

កូនប្រុស​របស់​លោក វ៉ាន់ ណាគ្រី ឈ្មោះ ណាគ្រី ដារ៉ូ វ័យ​២៣​ឆ្នាំ បាន​ស្លាប់​ក្នុង​ថ្លុក​ឈាម បែក​ធ្លាយ​ពោះ​មួយ​ចំហៀង​ដល់​ឆ្អឹងជំនី ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ពី​កន្លែង​បាញ់​កាំជ្រួច នៅ​ត្រើយ​ខាងកើត​ក្បែរ​សណ្ឋាគារ​សុខា ទល់មុខ​ព្រះបរមរាជវាំង។

ភ្លាមៗ​ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ អះអាង​ថា​ជា​កំហុស​បច្ចេកទេស។ ពាក្យ​កំហុស​បច្ចេកទេស​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិនបាន​ចេញ​មក​ទទួលខុស​ត្រូវ ឬ​ផ្ដល់​សំណង​ដល់ គ្រួសារ​ជនរងគ្រោះ។ ក្រៅ​តែ​ពី​លុយ​ចូល​បុណ្យ​សព​ចំនួន​២​លាន​រៀន ជា​ថវិកា​ផ្ទាល់ខ្លួន​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថវិកា​៦​លាន​រៀល​ទៀត ពី​គណៈកម្មការ​បុណ្យជាតិ។

ឪពុក​ជនរងគ្រោះ បញ្ជាក់​ថា​សំណើ​សំណង​ជំងឺ​ចិត្ត​៥​ម៉ឺន​ដុល្លារ​នោះ មិន​អាច​កាត់ថ្លៃ​ជីវិត​កូនប្រុស របស់​លោក​ដែល​បាន​ស្លាប់​ទេ។ ប៉ុន្តែ​ជា​សំណើ​មួយ​ដែល​ត្រូវតែ​ទាមទារ ខាន​មិន​បាន​ទៅ រដ្ឋាភិបាល ដើម្បី​ជា​ជួង​មួយ​ដាក់​តឿន កុំ​ឲ្យ​រដ្ឋាភិបាល​ព្រងើយកន្តើយ និង​ធ្វេសប្រហែស​ដូច ករណី​នេះ​ទៀត។

ទាក់ទង​នឹង​លិខិត​សុំ​អន្តរាគមន៍​ពី​គ្រួសារ​យុវជន​ដែល​ស្លាប់​នោះ អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់ នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បញ្ជាក់​ថា​អង្គការ​លោក បាន​ទទួល​លិខិត​នោះ ហើយ និង​កំពុង​ពិនិត្យមើល​តាម​លទ្ធភាព ដែល​អាច​ជួយ​ដល់​គាត់​បាន។ អង្គការ​មួយ​នេះ កំពុងតែ​ពិនិត្យ​តាម​ផ្លូវ​ច្បាប់ ដើម្បី​អាច​ជួយ​គាត់​តាម​ប្រព័ន្ធ​តុលាការ។

លោក អំ សំអាត បញ្ជាក់​ថា ការ​ទាមទារ​សំណង​ពី​គ្រួសារ​ជនរងគ្រោះ គឺជា​សិទ្ធិ​របស់​គាត់។ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​មិន​ត្រូវ​យក​កំហុស​បច្ចេកទេស មក​គេចវេះ​មិន​ទទួលខុសត្រូវ​នោះ​ដែរ។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ធ្លាប់​ប្រាប់​ថា​ការទទួលខុសត្រូវ​ក្នុង​រឿង​នេះ គឺ​ថ្នាក់​ជាតិ ដែល​ក្នុង​នោះ​មាន​ក្រសួងមហាផ្ទៃ និង​ទីចាត់ការ​ហ្វឹកហ្វឺន នៃ​អគ្គសេនាធិការដ្ឋាន កង​យោធពល​ខេមរភូមិន្ទ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ស្ថាប័ន​ដែល​មាន​ភារកិច្ច ឬ​ពាក់ព័ន្ធ​ទាំងអស់ នៅ​មិនទាន់​និយាយ​ចេញ​ជា​សាធារណៈ ពី​ការទទួលខុសត្រូវ លើ​ករណី​នេះ​ក្នុង​កម្រិត​ណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។