សត្វ​កណ្ដុរ​បំផ្លាញ​ស្រូវ​កសិករ​នៅ​ខេត្ត​តាកែវ

0:00 / 0:00

ប្រជា​កសិករ​នៅ​ស្រុក​គិរី​វង់ ខេត្ត​តាកែវ ត្អូញត្អែរ​ថា ស្រូវ​ស្រែ​ពួកគាត់​ត្រូវ​បាន​​សត្វ​កណ្ដុរ​កាត់​បំផ្លាញ​ខូច​ស្ទើរ​អស់។ ពួកគាត់​ថា រាល់ៗ​យប់​អ្នកភូមិ​តែង​លើក​គ្នា​ទៅ​ដេក​យាម​ស្រែ​ការពារ និង​កម្ចាត់​កណ្ដុរ​កុំ​ឲ្យ​ស៊ី​ស្រូវ តែ​នៅ​តែ​ការពារ​មិន​ឈ្នះ ព្រោះ​កណ្ដុរ​កើតឡើង​ច្រើន​រាប់​ម៉ឺន​សែន​ក្បាល។

កសិករ​ស្រុក​គិរី​វង្ស​ដែល​ធ្វើ​ស្រែ​ច្រើន​រដូវ​ក្នុង​មួយ​ឆ្នាំៗ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ចាត់​វិធានការ​កម្ចាត់​កណ្ដុរ​ដែល​កំពុង​ស៊ី​បំផ្លាញ​ស្រូវ​ពួក​គាត់​រាប់​សិប​ហិកតារ រៀង​រាល់​យប់។

កសិករ​នៅ​ឃុំ​រំដេង ស្រុក​គិរី​វង់ ដែល​ជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ដទៃ​ទៀត ​ដែល​សត្វ​កណ្ដុរ​កំពុង​រាតត្បាត​ស្រូវ ដូច​ជា​នៅ​ឃុំ​រាមអណ្ដើក ឃុំ​តាអូ ឃុំ​ព្រៃអំពក និង​ឃុំ​សោម ជាដើម អះអាង​នៅ ថ្ងៃ​ទី​៣០ វិច្ឆិកា ថា ​រាល់​ពួក​គាត់​តែង​លើក​គ្នា​ទៅ​កម្ចាត់​សត្វ​កណ្ដុរ ដោយ​ខ្លះ​ដាក់​អង្គុប ដាក់​ខ្សែ​ភ្លើង​ឆក់ រហូត​មាន​កសិករ​ខ្លះ​ ដុត​ផាវ ឬ​ដុត​កាំជ្រួច​ដើម្បី​កម្ចាត់​កណ្ដុរ ក៏​កណ្ដុរ​នៅតែ​ស៊ី​បំផ្លាញ​ស្រូវ​គាត់ ៖ «សំឡេង​កសិករ​ត្អូញត្អែរ​រួមគ្នា»។

ពួកគាត់​ឲ្យ​ដឹង​ថា ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សត្វ​កណ្ដុរ រាប់​ម៉ឺន​សែន​​ក្បាល​កើត​ឡើង​ពេញបន្ទុក មិន​អាច​កម្ចាត់​បាន។

ទាក់ទង​ទៅ​នឹង​ការ​កើន​ឡើង​ចំនួន​សត្វ​កណ្ដុរ រាប់​ម៉ឺន​សែន​ក្បាល​យ៉ាង​ឆាប់​រហ័ស​ដូច្នេះកសិករ​ស្រុក​គិរី​វង្ស​ខ្លះ បាន​ស្ដី​បន្ទោស​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត ដែល​ប្រកប​របរ​ដើរ​រក​ស៊ី​ចាប់​ពស់​តាម​វាល​ស្រែ​យក​ទៅ​លក់ ទើប​បានជា​សត្វ​កណ្ដុរ​កើតឡើង​ច្រើន​ដូច​សព្វថ្ងៃ។

ពួកគាត់​យល់ថា ពេល​មុន​មិន​មាន​កណ្ដុរ​ស៊ី​ស្រូវ​ច្រើន​នោះ គឺ​មក​ពី​នៅ​តាម​វាលស្រែ​មាន​សត្វ​ពោះ​ជា​ច្រើន វា​ស៊ី​កណ្ដុរ​ស្ទើរ​អស់​ទើប​មិន​មាន​សត្វ​កណ្ដុរ​ស៊ី​បំផ្លាញ​ស្រូវ ដូច​ឆ្នាំ​នេះ ។

វិទ្យុ​អាស៊ី​សេរី​មិន អាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ លោក ញ៉ឹក ស្រ៊ុន បាន​នៅ​រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា ដើម្បី សុំ​បញ្ជាក់​ព័ត៌មាន​បន្ថែម។

ចំពោះ​ការ​អះអាង​របស់​កសិករ​ស្រុក​គិរី​វង្ស​ខ្លះ ដែល​យល់​ថា ការ​កើន​ឡើង​នៃ​សត្វ​កណ្ដុរ​ច្រើន​គឺ​បណ្ដាល​មកពី​គេ​សម្លាប់​សត្វ​ពស់​អស់​នៅ​តាម​វាលស្រែ​នោះ អាច​ជា​ហេតុផល​មួយ​ដែរ តែ​មិន​ទាំង​ស្រុង​ទេ នេះបើ​តាម​មន្ត្រី​ក្រសួង​កសិកម្ម។

ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​នៃ​ក្រសួង​កសិកម្ម លោក ព្រាប ពិសារទោ ពន្យល់​ថា មូលហេតុ​ដែល​សត្វ​កណ្ដុរ​កើត​ច្រើន​យ៉ាង​ឆាប់​រហ័ស​នេះ គឺ​បណ្ដាល​មក​ពី​សត្វ​កណ្ដុរ​មាន​ចំណី​ស៊ី​គ្រប់​គ្រាន់ ពេញ​មួយ​ឆ្នាំៗ គឺ​វា​ស៊ី​ស្រូវ​កសិករ​ស្រុក​គិរី​វង់​ធ្វើស្រែ​ខួប​ប្រាំង​ខួប​វស្សា។ លោក​ថា នៅ​ពេល​សត្វ​កណ្ដុរ​មាន​ចំណី​គ្រប់​គ្រាន់​វា​បង្កាត់​ពូជ​ក៏​លឿន​ដែរ គឺ​នៅ​ក្នុង​មួយ​ខែ វា​អាច​បង្កើត​កូន​បី​ដង​ក្នុង​មួយ​ខែ ហើយ​មេ​កណ្ដុរ​មួយ​ក្បាល​អាច​បង្កើត​កូន​បាន​១០ ក្បាល​ក្នុង​មួយដង។

ចំពោះ​វិធាន​ការណ៍​កម្ចាត់​សត្វ​កណ្ដុរ​ចំនួន​ច្រើន​ដូច្នេះ លោក ព្រាប ពិសារទោ ឲ្យ​ដឹង​ថា​វិធី​កម្ចាត់​សត្វ​កណ្ដុរ ដូចដែល​កសិករ​ស្រុក​គិរី​វង់​កំពុង​ធ្វើ​សព្វ​ថ្ងៃ ដូច​ជា​ដាក់​អង្គប់ ប្រើ​ថ្នាំ​បំពុល ឬ​ដាក់​ខ្សែ​ភ្លើង​ឆក់ ជា​ដើម​នោះ មិន​ត្រឹម​តែ​មិន​មាន​ប្រសិទ្ធភាព​ទេ តែ​អាច​គ្រោះ ថ្នាក់​ដល់​ជីវិត​មនុស្ស​ទៀត​ផង។

លោក​ថា វិធី​ដែល​ល្អ​គឺ​កសិករ​ត្រូវ​ប្រើ​វិធី​មួយ​ហៅ​ថា «ដាក់​អន្ទាក់​ដំណាំ» គឺ​មុន​ពេល​កសិករ​ធ្វើស្រែ​យក​ផល ពួកគាត់​ត្រូវ​ស្ទូង​ស្រូវ​ក្រអូប​នៅ​ស្រែ​តូច​មួយ ដែល​ស្រែ​នោះ​នៅ​ខាងគេ​បង្អស់ រួច​ព័ទ្ធ ​កៅស៊ូ​ផ្លាស់​ស្ទិក​ជុំវិញ​ស្រែ រួច​បូម​ទឹក​បញ្ចូល ទុក​ច្រក​តូច​មួយ​ជាប់​ដី ដើម្បី​ឲ្យ​កណ្ដុរ​ចេញ​ចូល​មក​ស៊ី​ស្រូវ​នោះ។ ចំណែក​ច្រកចេញ​ចូល​នោះ គេ​ដាក់​ទ្រូ​ធំៗ​ធ្វើ​ជា​អង្គប់ នៅ​ពេល​កណ្ដុរ​ធំ​ក្លិន​ស្រូវ​ក្រអូប វា​នាំ​គ្នា​សម្រុក​ចូល​ក្នុង​ស្រែ​មក​ស៊ី​ស្រូវ​តាម​ច្រក​នោះ រួច​ក៏​ជាប់​ទ្រូ​រាប់​រយ​ពាន់​ក្បាល។ ក៏ប៉ុន្តែ​លោក​ថា ធ្វើ​ដូច្នេះ​បាន​លុះ​ត្រា​ណា​កសិករ​ក្នុង​ភូមិ​ទាំងនោះ​យល់ព្រម​ធ្វើ​រួម​គ្នា​ជា​សមូហភាព​ទើប​បាន​ជោគជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។