ដោយយល់ឃើញថា ជម្លោះតាមវត្តនានាក្នុងវិស័យព្រះពុទ្ធសាសនា កើតឡើងជាច្រើនឥតឈប់ឈរ ព្រះសង្ឃ និងអាជ្ញាធរខេត្តកំពតបានផ្ដួចផ្ដើមបង្កើតសមាគមមួយឡើង ឈ្មោះថា «សមាគមមនសិការរាស្ត្រខ្មែរ» ក្នុងបំណងផ្សព្វផ្សាយអប់រំព្រះសង្ឃនិងពុទ្ធបរិស័ទ ឲ្យយល់ដឹងអំពី សាមគ្គីភាព សីលធម៌ និងសុជីវធម៌ តាមបែបព្រះពុទ្ធសាសនាដើម្បីឲ្យមានសេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម។
ទាំងមន្ត្រីសង្ឃ និងអាជ្ញាធរខេត្តកំពត សុទ្ធតែអះអាងប្រហាក់ប្រហែលគ្នាថា សព្វថ្ងៃនេះការប្រតិបត្តិតាមពុទ្ធឱវាទរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ រួមទាំងយុវវ័យខ្មែរ មានការធ្លាក់ចុះយ៉ាងខ្លាំង ដែលប្រការនេះ ធ្វើឲ្យសង្គមខ្មែរមានការរើសអើងពូជសាសន៍ និងប្រកាន់បក្សពួកនិយម។
ប្រធានមន្ទីរធម្មការខេត្តកំពត លោក នាក់ យុតថូ ឲ្យដឹងថា ការឆ្លាក់ចុះលើជំនឿព្រះពុទ្ធសាសនាគឺដោយសារមានជម្លោះនៅតាមវត្តជាច្រើននិងជាញឹកញាប់រវាងព្រះសង្ឃនឹងព្រះសង្ឃ ឬជម្លោះរវាងលោកអាចារ្យ ដែលជម្លោះនេះមិនមានអ្វីក្រៅពីដណ្ដើមអំណាចនិងលាភសក្ការៈ ដូចជាការរៃអង្គាសបច្ច័យជាដើម។
លោកបានឲ្យដឹងថា ខេត្តកំពតមានវត្ត ២៦១ ព្រះសង្ឃជិត២ពាន់អង្គ ហើយជម្លោះដែលកើតឡើងច្រើនជាងគេ គឺនៅតាមវត្តនានា ក្នុងស្រុកដងទុង ស្រុកទឹកឈូ ស្រុកអង្គរជ័យ និងស្រុកមួយចំនួនទៀត។
ចំណែកព្រះចៅអធិការវត្តព្រៃតុម្ព ព្រះភិក្ខុ ធាន ផន ដែលវត្តនេះធ្លាប់មានជម្លោះដែរនោះ ក៏បានបញ្ជាក់ដូចគ្នាដែរថា ជម្លោះក្នុងវត្តព្រះពុទ្ធសាសនាសព្វថ្ងៃ កើតឡើងដោយសារការច្រណែននិន្ទាគ្នា រវាងព្រះសង្ឃនិងពុទ្ធបរិស័ទ ដែលខ្លួនជាអ្នកធម៌អា មិនបានប្រតិបត្តិតាមព្រះពុទ្ធឱវាទឲ្យបានត្រឹមត្រូវ។
ដោយឃើញបញ្ហាដូច្នេះ មន្ត្រីសង្ឃនិងអាជ្ញាធរខេត្ត បានផ្ដួចផ្ដើមបង្កើតសមាគមមួយឡើង ដើម្បីដោះស្រាយជម្លោះទាំងឡាយ និងលើកស្ទួយជំនឿខាងព្រះពុទ្ធសាសនា ឲ្យមានសេចក្ដីថ្លៃថ្នូរនៅសង្គមឡើងវិញ។
សមាគមនេះឈ្មោះថា «សមាគមមនសិការរាស្ត្រខ្មែរ» ដែលព្រះសង្ឃនិងប្រជាពលរដ្ឋគ្រប់វ័យ រួមទាំងមន្ត្រីរាជការ អង្គការនានា មានសិទ្ធិចូលជាសមាជិកបានដោយឥតប្រកាន់វណ្ណៈ។
ថ្លែងក្នុងពិធីសម្ពោធសមាគមថ្មីដែលមានប្រជាពលរដ្ឋនិងព្រះសង្ឃប្រហែល១០០នាក់ និងអង្គចូលរួម កាលពីថ្ងៃទី២៦ វិច្ឆិកា លោក នាក់ យុតថូ ឲ្យដឹងថា ជម្លោះក្នុងវត្តខ្លះកើតឡើងដោយសារព្រះសង្ឃ ឬលោកអាចារ្យ ប្រកាន់បក្សពួកនិយម និងប្រកាន់បក្សនយោបាយ ដែលប្រការនេះលោកបានអំពាវនាវឲ្យចៀសវាង ៖ « ខ្ញុំព្រះ ករុណាបានទូលប្រគេនក៏ដូចជាជម្រាបទៅដល់ ខាងឥស្លាមក៏ដូចជាគ្រប់គណបក្សទាំងអស់ ថាបើមានអធិករណ៍នៅវត្តនៅវិហារឥស្លាម វិហារគ្រឹះសាសនា សូមកុំឲ្យពឹងគណបក្សនេះ គណបក្សនោះ ឯកឧត្ដមនេះឯកឧត្ដមនោះចូល គឺថាចូលចាញ់។ ឥឡូវមើលស្រុកទឹកឈូទៅមិនបាច់មើលនរណាទេ វត្តព្រៃតុម្ពចូលចាញ់ ទទឹងថ្ងៃឥស្លាមចូលចាញ់ អង្គរជ័យចូលចាញ់ ចាញ់ទាំងអស់ ដោះអត់ចេញ មិនមែនថាខ្ញុំព្រះករុណាឲ្យគាត់ចាញ់ទេ ដោះអត់ចេញតែម្ដង »។
បើតាមព្រះភិក្ខុ ធាន ផន ប្រធានសមាគមមនសិការរាស្ត្រខ្មែរ និងជាព្រះចៅអធិការវត្តព្រៃតុម្ពក្នុងខេត្តកំពត ទិសដៅនៃសមាគមនេះមិនត្រឹមតែបង្កើតឡើង ដើម្បីដោះស្រាយជម្លោះតាមវត្តអារាមទេ តែមានបំណងអប់រំតាមបែបព្រះពុទ្ធសាសនា ដល់ព្រះសង្ឃតាមវត្ត ប្រជាពលរដ្ឋតាមភូមិ ជាពិសេស យុវវ័យ សិស្សានុសិស្សតាមសាលា ឲ្យយល់ដឹងអំពី សុជីវធម៌ សីលធម៌ សាមគ្គីភាព និងសន្តិភាព។
បើតាមលក្ខន្តិក:របស់សមាគមមនសិការរាស្ត្រខ្មែរ ត្រង់ជំពូកទី២ សមាគមមានគោលបំណងសំខាន់៦ចំណុច ដូចជា រួមចំណែករក្សាវប្បធម៌ មនុស្សធម៌ លើកតម្លៃព្រះពុទ្ធសាសនា អភិវឌ្ឍន៍សង្គម និងធនធានមនុស្ស។
សមាគមមនសិការរាស្ត្រខ្មែរ ដែលមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ និងសម្ដេចសង្ឃទាំងពីរគណៈផងនោះ សមាគមនេះជាសមាគមឯករាជ្យ មិនប្រកាន់និន្នាការនយោបាយ ឬប្រកាន់ពូជសាសន៍ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។