រាជរដ្ឋាភិបាលកាត់បន្ថយការចំណាយ លើខ្ទង់ចំណាយមិនទាន់បែងចែកជិត២៥% បើធៀបនឹងច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំចាស់។ ចំណាយមិនទាន់បែងចែកនេះ ជាចំណាយដែលគ្រោងទុកសម្រាប់ឲ្យ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ចាយវាយ ដោះស្រាយបញ្ហាបន្ទាន់ផ្សេងៗក្នុងរយៈពេលពេញ១ឆ្នាំ។
ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០១៥ បញ្ជាក់ច្បាស់ពី ថវិកា នៅខ្ទង់ចំណាយ មិនទាន់បែងចែក មានចំនួនជាង១លានលានរៀល ឬប្រមាណជាង២៥០លានដុល្លារសហរដ្ឋអាមេរិក។ ចំណាយនេះ ស្មើនឹង១១ភាគរយនៃចំណាយចរន្តថ្នាក់ជាតិ និងជិត២% នៃផលទុនក្នុងស្រុកសរុប។ កាលពីឆ្នាំមុនៗ រដ្ឋាភិបាលមិនបានពន្យល់ទេថា ចំណាយមិនទាន់បែងចែកនេះយកទៅធ្វើអ្វីខ្លះ ប៉ុន្តែច្បាប់ថវិកាឆ្នាំនេះប្រាប់ច្បោលៗថា ចំណាយនេះត្រូវបានត្រៀមបម្រុងសម្រាប់មុខសញ្ញាចាំបាច់មួយចំនួន រួមមាន៖ ឧបត្ថម្ភរដ្ឋបាលថ្នាក់ក្រោមជាតិ ការសងការប្រាក់លើបំណុលបរទេស ចំណាយចរន្តក្នុងការអនុវត្តគម្រោងចំណាយ លើការងារនៅប្រាសាទព្រះវិហារ ស្បៀងបម្រុងកម្ពុជា ការត្រៀមដំឡើងប្រាក់ឧបត្ថម្ភជូននិវត្តជន និង គ្រោះមហន្តរាយធម្មជាតិ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន មានប្រសាសន៍ក្នុងពេលប្រជុំអនុម័តច្បាប់ថវិកាជាតិថា រាជរដ្ឋាភិបាលបានគិតគូរជាស្រេច មុននឹងសម្រេចបែងចែកថវិកា ទៅតាមគោលដៅនីមួយៗនោះ។ លោកបន្ថែមថា វិស័យណាអាទិភាព វិស័យនោះនឹងមានខ្ទង់ចំណាយច្រើន ឯវិស័យណាមិនសូវមានអាទិភាពក៏ត្រូវចំណាយតិចទៅតាមនោះដែរ។
ចំណែកឯអនុប្រធានគណៈកម្មការធនាគារ ហិរញ្ញវត្ថុ និងសវនកម្ម រដ្ឋសភា លោក សុន ឆ័យ លើកឡើងថា ការបន្ថយចំនួនថវិកាជាតិក្នុងខ្ទង់ចំណាយមិនទាន់បែងចែកនេះ ជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្តថា ជារៀងរាល់ឆ្នាំបោះឆ្នោតម្តងៗ ថវិកាជាតិខ្ទង់ចំណាយមិនទាន់បែងចែក មានរហូតដល់ជាង៤០% នៃថវិកាជាតិផងក៏មាន ហើយលុយទាំងអស់នេះត្រូវបានគណបក្សកាន់អំណាចកេងបំបាត់ យកទៅប្រើប្រាស់ក្នុងយុទ្ធនាការបោះឆ្នោត។
ច្បាប់ថវិកាជាតិទាំងមូលត្រូវបាន សភាអនុម័តរួចរាល់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ក្រោមសំឡេងជំទាស់ពីបក្សប្រឆាំង។ បក្សប្រឆាំងស្នើឲ្យរាជរដ្ឋាភិបាល កែលំអរបៀបច្រងក្រងច្បាប់ថវិកាជាតិ ឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាសង្គមស៊ីវិល សាធារណៈជន ព្រមទាំងបើកចំហព័ត៌មានឲ្យបានទូលំទូលាយ។ មន្ត្រីរដ្ឋាភិបាល តបវិញថា ច្បាប់នេះធ្វើតាមនីតិវិធីរួចរាល់ហើយ។
នៅឆ្នាំ២០១៤នេះ រដ្ឋាភិបាល បានប្រើប្រាស់ថវិកានៅខ្ទង់ចំណាយមិនទាន់បែងចែកនោះ ទៅចំណាយក្នុងពេលរាជរដ្ឋាភិបាលថៃចាប់បញ្ជូនពលករខ្មែរ ពីស្រុកថៃមកវិញ។ ការផ្ដល់ប្រាក់ ឧបត្ថម្ភ ឲ្យទាហាននៅតាមព្រំដែនជាដើម ប៉ុន្តែប្រាក់នេះចាយប៉ុន្មានអស់ប៉ុន្មាន សល់ប៉ុន្មាន គឺគ្មានអ្នកណាដឹងឡើយ ព្រោះតាំងពីចងក្រងច្បាប់ថវិកា និង របាយការណ៍ត្រួតពិនិត្យចំណាយ សុទ្ធសឹងតែមិនបានផ្សព្វផ្សាយរបាយការណ៍ជាសាធារណៈទាំងអស់។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរណាទុកខ្ទង់ចំណាយមិនទាន់បែងចែកនេះ រហូតដល់ជាង១០% នៃថវិកាជាតិនោះទេ។ លោកបញ្ជាក់ថា ការចាយវាយលុយជាតិនៅតែមិនមានតម្លាភាព និងប្រសិទ្ធភាព ជាហេតុនាំឲ្យមន្ត្រីរដ្ឋាភិបាល ងាយស្រួលប្រព្រឹត្តិអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។