ម្ចាស់ស្ថានីយទូរទស្សន៍ CNC លោក គិត ម៉េង បានតែងតាំងអគ្គនាយកទូរទស្សន៍ថ្មី កាលពីថ្ងៃទី២៩ ធ្នូ ទៅតាមការចង់បានរបស់មេដឹកនាំទីក្រុងភ្នំពេញ លោក ហ៊ុន សែន ហើយ។ លិខិតតែងតាំងចុះហត្ថលេខាដោយ គិត ម៉េង បានឲ្យលោក មុន រ៉ាម៉ាឌី ដែលជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើជាប្រធានថ្មីនៃស្ថានីយទូរទស្សន៍នេះ។ សារសំឡេងរបស់លោក ហ៊ុន សែន បែក ដែលបានធ្លាយតាមបណ្ដាញសង្គម កាលពីចុងខែធ្នូ ឲ្យដឹងថា លោក ហ៊ុន សែន ព្រមានលោក គិត ម៉េង ឲ្យផ្លាស់ប្ដូរអ្នកគ្រប់គ្រងស្ថានីយ ប្រសិនបើមិនចង់មានរឿងជាមួយលោក។
លោក ហ៊ុន សែន ថា លោក គិត ម៉េង នឹងបាត់បង់ប្រយោជន៍ពាណិជ្ជកម្ម បើហ៊ានប្រឆាំងនឹងបំណងលោក។ លោក ហ៊ុន សែន ថា ស្ថានីយនេះ មានសារៈសំខាន់សម្រាប់របបរបស់លោក ហើយលោកក៏អះអាងថា លោកបានយកចិត្តទុកដាក់លើស្ថានីយតាមរយៈការផ្តល់លុយផ្ទាល់ខ្លួនឲ្យអ្នកយកព័ត៌មានស្ថានីយថែមទៀតផង។
អ្នកជំនាញផ្នែកសារព័ត៌មានធ្លាប់លើកឡើងថា ការផ្តល់ថវិកាផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន ទៅឲ្យអ្នកសារព័ត៌មាននេះ ប៉ះពាល់ដល់សេរីភាពសារព័ត៌មាន ពីព្រោះអ្នកសារព័ត៌មានដែលបានទទួលលុយពីលោក ហ៊ុន សែន នឹងមិនហ៊ានសរសេររិះគន់របបលោកឡើយ។ អ្នកជំនាញផ្នែកសារព័ត៌មាន និងអ្នកវិភាគក៏ចង់ស្នើស្ថាប័នប្រឆាំងអំពើពុករលួយរបស់លោក ហ៊ុន សែន ស៊ើបអង្កេតករណីផ្ដល់ថវិកាផ្ទាល់ខ្លួននេះទៅឲ្យអ្នកកាសែតផងដែរ ដើម្បីរកឲ្យឃើញថា លុយទាំងនោះជាលុយ លោក ហ៊ុន សែន ឬក៏ជាថវិការបស់រដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។