កាកបាទក្រហម​​ទទួល​បាន​ជំនួយ​ជាង ៧លាន​ដុល្លារ​ពី​ក្រុម​អ្នក​ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម​អន្តរជាតិ

0:00 / 0:00

[អានអត្ថបទជា អង់គ្លេស៖ EXCLUSIVE: $7 million in Cambodian Red Cross donations tied to alleged cyberscammers]

កាកបាទក្រហម​កម្ពុជា ដែល​ដឹក​នាំ​ដោយ​ភរិយា​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី បាន​ទទួល​ជំនួយ​ជាង ៧លាន​ដុល្លារ ពី​ក្រុមហ៊ុន និង​ក្រុម​បុគ្គល ដែល​ ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​នៅ​ប្រទេស​កម្ពុជា​ផង និង​អន្តរជាតិ​ផង។ សង្គម​ស៊ីវិល​ ជាតិ និង​អន្តរជាតិ ទាមទារ​ឱ្យ​ស៊ើបអង្កេត ចំពោះ​ការ​បរិច្ចាគ​ខុស​ប្រក្រតី​នេះ។

ការ​ស៊ើបអង្កេត​មួយ​របស់​វិទ្យុ​អាស៊ី​សេរី រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ២០២០​មក កាកបាទក្រហម​កម្ពុជា​របស់​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន បាន​ទទួល​អំណោយ​ជាង ៧លានដុល្លារ (៧.២) ពី​ក្រុមហ៊ុន និង​ក្រុម​បុគ្គល ដែល​ទាក់ទង​អំពើ​បោកប្រាស់​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

យោង​តាម​ការ​ស៊ើបអង្កេត​នេះ អ្នក​ដែល​បាន​ផ្ដល់​ជំនួយ​គូរ​ឱ្យ​កត់​សម្គាល់ ក្នុង​ រយៈពេល ៤ឆ្នាំ​ចុង​ក្រោយ​មាន​ទាំង​អ្នក​ជំនួញ​ខ្មែរ និង​បរទេស ជា​ពិសេស​ជន​ជាតិ​ចិន។ លោក ចេន ហ្ស៊ី (Chen Zhi) ប្រធាន​ក្រុមហ៊ុន ​ព្រីនស៍ គ្រូប(Prince Group) ដែល​ពាក់ព័ន្ធ នឹង​ការ​ជួញដូរ​មនុស្ស និង​ការ​បោកប្រាស់​ដោយ​បង្ខំ​បាន​បរិច្ចាគ​លុយ ចំនួន ២លាន​ដុល្លារ​ដល់​កាកបាទក្រហម​របស់​អ្នកស្រី ប៊ុន រ៉ានី ចន្លោះ​ពី​ឆ្នាំ ២០២១ និង​ឆ្នាំ ២០២៤។ រីឯ​ ឧកញ៉ា ទ្រី ភាព ដែល​ល្បីល្បាញ​ក្នុង​ឧក្រិដ្ឋកម្ម​បំផ្លាញ​ ព្រៃ​ឈើ​ខុស​ច្បាប់ និង​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក បាន​ផ្ដល់​លុយ​ចំនួន ៣០ ម៉ឺន​ដុល្លារ (៣០០.០០០$) ក្នុង​មួយ​ឆ្នាំ ដល់​កាកបាទក្រហម​ចាប់​ពី​ឆ្នាំ ២០២១មក។

ចំណែក​អ្នក​ជំនួញ​ជន​ជាតិ​ចិន​ឈ្មោះ លី តាវ (Li Tao) ដែល​រង​ទណ្ឌកម្ម​ពី​ សហរដ្ឋ​អាមេរិក​ដែរ ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស បាន​ផ្ដល់​លុយ​ជិត ២លាន​ដុល្លារ (១.៩) ក្នុង​រយៈពេល ៤ឆ្នាំ។ បន្ថែម​លើ​នេះ អ្នក​ជំនួញ​ឈ្មោះ ឈិន អាយឡែន (Chen AI Len) នាយក ​សណ្ឋាគារ ខេប៊ី (K.B. Hotel) ដ៏​មាន​រឿង​ចម្រូងចម្រាស​ ល្បី​ល្បាញ​ក្នុង​ករណី​ជួញដូរ​មនុស្ស ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អង់គ្លេស​ដាក់​ទណ្ឌកម្ម​នោះ បាន​ផ្ដល់​លុយ ១១ម៉ឺនដុល្លារ ដល់​កាកបាទក្រហម​របស់​អ្នកស្រី ប៊ុន រ៉ានី ក្នុង​ឆ្នាំ២០២១។

លើស​ពី​នេះ​ទៀត​មូលនិធិ​មួយ ដែល​ទាក់ទង​នឹង​ក្រុមហ៊ុន ចឹង ហេងគ្រុប (Zheng Heng Group) ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម ដោយ​រដ្ឋាភិបាល​អង់គ្លេស​ដែរ ជុំវិញ​ រឿង​បោកប្រាស់​បាន​ផ្ដល់​ចំនួន ១០ម៉ឺនដុល្លារ (១០០.០០០) ដល់​កាកបាទក្រហម ក្នុង​ឆ្នាំ២០២៤ ខណៈ​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​អំពើ​បោកប្រាស់​ ដូចជា ក្រុមហ៊ុន ជីនប៉ី គ្រូប (Jin Bei Group) ជាដើម បាន​ផ្ដល់​លុយ ២ម៉ឺនដុល្លារ (២០.០០០) ក្នុងឆ្នាំ២០២៤ ក្នុង​គ្រា​ដែល​មាន​ព័ត៌មាន​ទាក់ទង​នឹង​ក្រុមហ៊ុន​នេះ អំពី​ ការ​ជួញ​ដូរ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ និង​ការ​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​ អ៊ីនធឺណិត នៅ​ប្រទេស​កម្ពុជា។

ការ​ស៊ើបអង្កេត​របស់​វិទ្យុ​អាស៊ីសេរី រក​ឃើញ​ដែរ​ថា អ្នក​ជំនួញ​ជន​ជាតិ​ខ្មែរ កើត​នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬភូមា លោក ឯក ផង (Aik Paung) ដែល​មាន​សេចក្ដី​រាយការណ៍ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ បាន​បរិច្ចាគ​លុយ​យ៉ាង​តិច ១៤ម៉ឺន​ដុល្លារ (១៤០.០០០) ឱ្យ​កាកបាទក្រហម​អ្នកស្រី ប៊ុន រ៉ានី ចាប់​ពី​ឆ្នាំ២០២០មក ។

អ្នក​ផ្ដល់​ជំនួយ​ធំ​ម្នាក់​ទៀត ដល់​កាកបាទក្រហម​របស់​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន គឺ​ ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ដែល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក។ ក្នុង​រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ ឧកញ៉ា លី យ៉ុងផាត់ បាន​ផ្ដល់​លុយ​ជា​បុគ្គល ឱ្យ​កាកបាទក្រហម​ជិត ៧០ម៉ឺនដុល្លារ (៦៦០.០០០)។ លើស​ពី​នេះ​លោក លី យ៉ុងផាត់ ក៏​បាន​សម្របសម្រួល​ដោយ​ឡែក​ពី​គ្នា ឱ្យ​មាន​ការ​បរិច្ចាគ​រួម ពី​សមាគម​ឧកញ៉ា​កម្ពុជា​សរុប​ជិត ៣លាន​ដុល្លារ ឱ្យ​កាកបាទក្រហម​អ្នកស្រី ប៊ុន រ៉ានី។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​កាកបាទក្រហម​កម្ពុជា អ្នកស្រី ពុំ ចន្ទីនី និង​អគ្គលេខាធិការ​រង​ទី១ នៃ​កាកបាទក្រហម​កម្ពុជា អ្នកស្រី មែន នារីសោភ័គ បាន​ទេ នៅ​ថ្ងៃទី១៦ ខែ​កុម្ភៈ។ រីឯ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពី​ពុករលួយ ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅថ្ងៃទី១៦ ខែ​កុម្ភៈ​នេះ ថា លោក​ជាប់​រវល់​កិច្ចការ​ការ​ទូត។

លោក ឱម យ៉ិនទៀង៖ «សុំទោស​ខ្ញុំ​កំពុង​ធ្វើ​ការ​ជាមួយ​ស្ថាន​ទូត​មួយ»។

សាស្ត្រាចារ្យ និង​អ្នក​ជំនាញ​កិច្ចការ​កម្ពុជា​លោក អៀ សុផល មាន​ប្រសាសន៍​ថា កាកបាទក្រហម​កម្ពុជា ដែល​ដឹកនាំ​ដោយ​ភរិយា​លោក ហ៊ុន សែន ជា​ផ្នែក​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ពួក​ឧកញ៉ា​ល្បីៗ បរិច្ចាគ​លុយ​ច្រើន​ដល់​ស្ថាប័ន​នេះ ដើម្បី​ទទួល​បាន​ការ​ការពារ និង​ការ​អនុគ្រោះ​អាជីវកម្ម​របស់​ពួកគេ។

អត្ថបទដែលទាក់ទង៖

អ្នកស្រី ប៊ុន រ៉ានី ពី​អតីត​ប្រពន្ធ​ទាហាន​ខ្មែរ​ក្រហម​មក​ជា​ស្ត្រី​ទី១ និង​ជា​ម្ដាយ​នាយក​រដ្ឋមន្ត្រីOpens in new window ]

ពលរដ្ឋ​រង​ភាព​អយុត្តិធម៌​សង្គម​រិះគន់​កាកបាទ​ក្រហម​ថា ជា​ស្ថាប័ន​រើសអើង​ជនរងគ្រោះOpens in new window ]

សកម្មជន​ដីធ្លី​ថា កាកបាទក្រហម​ដឹកនាំ​ដោយ​អ្នកស្រី ប៊ុន រ៉ានី ចែក​អំណោយ​គ្មាន​តម្លាភាពOpens in new window ]

មន្ត្រីសង្គម​ស៊ីវិល៖ កាកបាទ​ក្រហម «គួរតែ​បំភ្លឺ» ពីភាពមិន​ប្រក្រតី​ទាំងនេះ

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កាកបាទ​ក្រហម និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​តែ​ចេញ​បំភ្លឺ​ឱ្យ​បាន​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត ឃើញ​អំពី​ភាព​មិន​ប្រក្រតី​ទាំង​នេះ ពីព្រោះ​កាកបាទ​ក្រហម​កម្ពុជា ជា​អង្គការ​ធ្វើ​ការងារ​លើ​វិស័យ​សប្បុរសធម៌ ដែល​អាច​ទទួល​យក​ជំនួយ​ស្អាតស្អំ​ប៉ុណ្ណោះ។

លោក នី សុខា៖ «មាន​ន័យ​ថា យើង​ជួយ​មនុស្ស​ដែល​មាន​លក្ខណៈ​រងគ្រោះ ក៏​ប៉ុន្តែ​បើ​យើង​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​លុយ ដែល​មិន​ត្រឹមត្រូវ លុយ​ដែល​មិន​ស្អាតស្អំ មាន​ន័យ​ថា លុយ​ដែល​បាន​ពី​អំពើ​ដែល​ធ្វើ​ឱ្យ​មនុស្ស​រងគ្រោះ អ៊ីចឹង​យើង​យក​ទៅ​ជួយ​មនុស្ស​ដែល​រងគ្រោះ​វា​ហាក់​បី​ដូច​ជា អត់​មាន​ភាព​មួយ​សាក​សម។ ដូច្នេះ ខ្ញុំ​គ្រាន់​តែ​យល់​ថា ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ អំពី​រឿង​ទាំងអស់​ហ្នឹង។ ប៉ុន្តែ​ប្រសិន​បើ​មាន​របាយការណ៍​ហ្នឹង កើត​ឡើង ខ្ញុំ​គិត​ថា អង្គភាព​ផ្សេងៗ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ ដើម្បី​វែកញែក​រឿង​ហ្នឹង ឱ្យ​បាន​ច្បាស់ ដើម្បី​ជៀស​វាង​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ពី​មហាជន​កុំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ផ្សេងៗ»។

កាកបាទក្រហម​កម្ពុជា គឺ​ជា​សមាជិក​នៃ​បណ្ដាញ​កាកបាទក្រហម និង​អឌ្ឍចន្ទ ក្រហម​អន្តរជាតិ (IFRC)។ កាកបាទក្រហម​កម្ពុជា មិនមែន​ទទួល​បាន​ត្រឹម​តែ​ការ​បរិច្ចាគ​ពី​សប្បុរសជន​ក្នុង​ស្រុក​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ជំនួយ​ពី​កាកបាទក្រហម និង​ អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ​ដែរ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ បាន​ផ្ដល់​ជំនួយ​ដល់​កាកបាទក្រហម​កម្ពុជា ជាង ២៨ម៉ឺន​ដុល្លារ (២៨៦.០០០) ក្នុង​ពេល​ ៥ឆ្នាំ​ចុង​ក្រោយ​នេះ។ ដោយឡែក ឯកសារ​សវនកម្ម​របស់​កាកបាទក្រហម​កម្ពុជា ដែល​បាន​ដាក់​ជូន​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ បង្ហាញ​ថា កាកបាទក្រហម​កម្ពុជា​ទទួល​បាន​ការ​បរិច្ចាគ​ជាង ២៩ម៉ឺន​លាន​ដុល្លារ (២៩.៨) ពី​ឆ្នាំ២០២២ ដល់​ឆ្នាំ២០២៣ ហើយ​កាកបាទក្រហម​កម្ពុជា មាន​លុយ​ជិត ១៧០​លាន​ដុល្លារ ក្នុង​ធនាគារ​ចំនួន​បី។

កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ខ្លួន​យកចិត្ត​ទុក​យ៉ាង​ខ្លាំង ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន អំពី​ការ​រំលោភ​លើ​គោល​ការណ៍​សុចរិត​ភាព​របស់​កាកបាទក្រហម​កម្ពុជា។ ការ​ចោទ​ប្រកាន់​ទាំង​នោះ រួម​មាន ការ​គ្រប់គ្រង​មូលនិធិ​មិន​ត្រឹមត្រូវ ការ​ក្លែង​បន្លំ អំពើ​ពុករលួយ និង​ការ​រំលោភ​បំពាន​សិទ្ធិ​អំណាច​ជា​ដើម។

អ្នក​ជំនាញ​កិច្ចការ​ជួញ​ដូរ​មនុស្ស​នៅ​អាស៊ី​អាគ្នេយ៍ លោក យ៉ាកុក ស៊ីម (Jacob Sims)ប្រាប់​វិទ្យុ អាស៊ីសេរី​ថា របៀប​បរិច្ចាគ​របស់​ឈ្មួញ​ទាំង​ឡាយ​នោះ បង្ហាញ​ច្បាស់​ថា កាកបាទក្រហម​កម្ពុជា គឺ​ជា​យន្តការ​មួយ​ក្នុង​ចំណោម​យន្តការ​ជា​ច្រើន​ផ្សេង​ទៀត សម្រាប់​បង្ហូរ​លុយ​ឧបត្ថម្ភ ឱ្យ​ឥស្សរជន​កំពូលៗ ក្នុង​ប្រព័ន្ធ​ពុករលួយ​ដ៏​ជ្រៅ​មួយ។

កាល​នៅ​ជា​តំណាងរាស្ត្រ លោក លិម គិមយ៉ា ធ្លាប់​និយាយ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​កាល​ពី​ឆ្នាំ ២០១៥ ថា កាកបាទ​ក្រហម​កម្ពុជារបស់​អ្នកស្រី ប៊ុន រ៉ានី មាន​ការ​រើសអើង​និន្នាការ​នយោបាយ​ក្នុង​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ជនរងគ្រោះ។

លោក លិម គិមយ៉ា៖«អង្គការ​កាកបាទ​ក្រហម​ខ្មែរ មាន​ការ​រើសអើង​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​គ្នា​ទទួល​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ។ បើ​អ្នក​រងគ្រោះ​ហ្នឹង​មិនមែន​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ អ្នក​ទទួល​រងគ្រោះ​នោះ​ច្បាស់​ជា​មិន​ទទួល​បាន​ជំនួយ​ពី​អង្គការ​កាកបាទ​ក្រហម​ខ្មែរ​ទេ»។

គ្រានោះ លោក ហ៊ុន សែន ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​នោះ​ដែរ បាន​ផ្ទុះ​កំហឹង ហើយ​បាន​បបួល​លោក លិម គិមយ៉ា ទៅ​ស្បថ​ឱ្យ​ស្លាប់​ទៀត​ផង។

លោក ហ៊ុន សែន៖«ឥឡូវ​រឿង​កាកបាទ​ក្រហម​ចែក​ជំនួយ​រើស​មុខមាត់​នេះ តើ​ហ៊ាន​ស្បថ​ឱ្យ​រន្ទះ​បាញ់​ទេ​?ឥឡូវ​ខ្ញុំ​និយាយ​ជា​សាធារណៈ​នៅ​ក្នុង​សភា​ តើ​គណបក្ស​នានា​ហ៊ាន​ស្បថ​ទេ​ជា​មួយ​នឹង​គណបក្ស​ប្រជាជន​មុខ​ព្រះអង្គ​ដងកើ?»

លោក លិម គិមយ៉ា ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ​ឈ្មោះ ឯកាឡាក់ ផែណយ (Ekkalak Phaenoi) បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី៧ ខែ​មករា។ ជន​សង្ស័យ​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​ទៀត ដែល​ស្ថិត​នៅ​កម្ពុជា មិន​ត្រូវ​បាន​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ចាប់​បញ្ជូន​ទៅ​ឱ្យ​តុលាការ​ថៃ អនុវត្ត​ដំណើរ​ការ​ក្ដី​ឡើយ ក្នុង​រយៈពេល​ជាង​មួយ​ខែ​មក​នេះ បើ​ទោះ​បី​ជា​មាន​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​ថៃ និង​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល ចេញ​សេចក្ដី​សម្រេច​តាម​ចាប់​ខ្លួន​ក៏​ដោយ។

នាយក​អង្គការ​តស៊ូ​មតិ​សិទ្ធិ​មនុស្ស និង​ការងារ​អាស៊ី (AHRLA) លោក ហ្វីល រ៉ូប៊ឺតសុន(Phil Robertson) ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​បរិច្ចាគ​របស់​អ្នក​ជំនួញ​ទាំង​ឡាយ មើល​ទៅ​ដូច​ស្ម័គ្រ​ចិត្ត ប៉ុន្តែ​អ្នក​បរិច្ចាគ​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​សហគ្រាស​បោក​ប្រាស់ និង​ឧក្រិដ្ឋកម្ម។ លោក​ថា ក្រុម​អ្នក​ទាំង​នេះ កំពុង​តែ​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​ជា​សកល ដូច្នេះ កាកបាទក្រហម​អន្តរជាតិ គួរ​មាន​ជំហរ​ និង​វិធានការ​ច្បាស់លាស់ ចាត់​ការ​ចំពោះ​រឿង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។