ពលរដ្ឋ​ខ្លះ​នៅ​​ក្នុង​​​​​តំបន់​​ក្រហម​​​មិន​ទាន់​​​​ទទួល​​បាន​​ស្បៀង​​អាហារ និង​​អំណោយ​​​

0:00 / 0:00

អ្នក​ស្នាក់នៅ​ក្នុង​តំបន់​ក្រហម កំពុង​ប្រឈម​បញ្ហា​ខ្វះ​​ទាំង​​អាហារ និង ​ទឹក​ដោះ​គោ​​សម្រាប់​​ទារក។ ការត្អូញត្អែរ​នេះ គឺផ្ទុយពីការ​ប្រកាស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ​ជួយសម្របសម្រួល​ក្នុងការលក់ដូរ និង​ចែកស្បៀងអាហារ​មានគ្រឿង​ឧបភោគ និងបរិភោគដ​ល់មុខ​ផ្ទះ​​ប្រជាពលរដ្ឋ​​ក្នុង​តំបន់​​ក្រហម។

កម្មការិនី​​ម្នាក់​ស្នាក់​នៅ​​បន្ទប់​ជួលនៃ​​តំបន់​ក្រហម​​​ក្នុង​​​សង្កាត់​ចោម​ចៅ​ទី​​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​លោកស្រី កើត ស៊ីនឿន និង​មាន​កូន​​តូច​​អាយុ​ ៤​ ខែក្នុង​បន្ទុក រៀបរាប់​​ថា ​លោកស្រីនិង​ប្ដី បាត់​បង់​ការងារ​​​ដូច​គ្នា​ដោយ​សារ​​វិបត្តិ​ជំងឺ​កូវីដ​១៩ (Covid-19)។

ក្រៅពី​​ប្រឈម​​ម្ហូប​អាហារ​​ គ្រួសារ​​​កម្មករ​​មួយ​​នេះ ក៏​​ប្រឈម​​គ្មាន​ទឹក​ដោះ​គោ​​សម្រាប់​បំបៅ​កូន​តូច​​ដែរ។ លោកស្រី កើត​ ស៊ីនឿន ប្រាប់​ថា អាជ្ញាធរបាន​បិទ​ផ្សារ​ បិទ​​​ទីតាំង​​លក់​​ដូរ​​នានា និង​បិទ​ខ្ទប់ មិន​​ឲ្យ​​កម្មករ​​ចេញ​ពី​​បរិវេណ​​បន្ទប់​ជួល​ទេ ដូច្នេះ​ពួកគាត់​​គ្មាន​​លទ្ធភាព​​រក​ទិញ​ម្ហូប​អាហារ និង​ទឹក​ដោះ​គោ​ឲ្យ​កូន​ទេ។ ស្ត្រី​​សរសៃ​ខ្ចី​រូប​នេះ ស្នើ​សុំ​អាជ្ញាធរ​ជួយ​ឧបត្ថម្ភ​​ស្បៀង​អាហារ និង​ទឹក​ដោះ​គោ​​សម្រាប់​កូន​តូច​របស់​​លោក​ស្រីផង៖ « ពួក​ខ្ញុំ​ហ្នឹង សំណូម​ពរ​ឲ្យ​​ខាង​ក្រសួង រដ្ឋាភិបាល​អ្វី​ហ្នឹង ជំនួយ​ឧបត្ថម្ភ​អ្វី​ហ្នឹង។ ខ្ញុំ​គ្រាន់​តែ​ចង់​​ឲ្យ​ពួក​គាត់​ហ្នឹង​មក​ជួយ​មើល​​ពួក​ខ្ញុំ​ផង ហើយ​ពួក​ខ្ញុំ​គ្មាន​ស្បៀង​អ្វី​ហូប​ទេ​ ឥឡូវ​នេះ។ ខ្ញុំ​គ្មាន​បាន​ត្រៀម​អ្វី​ផង ដោយ​សារ​​មិន​​ដឹង​​ថា គេ​បិទ​អ្វី​​ថ្ងៃ​ណា គ្រាន់​តែ​ថា ចេញ​មកគេ​បិទ​ឈឹង​តែ​ម្ដង»។

Red_Zone_19_04_2021.jpg
ខណ្ឌចំនួន ៣ ក្នុងចំណោមខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ ត្រូវបានដាក់ជា «តំបន់ក្រហម»។

ចំណែក​អ្នក​រត់​រ៉ឺម៉ក់​កង់​បី​​ម្នាក់​ទៀតដែល​រស់​នៅ​ជិត​តំបន់​ក្រហម ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក លោក ហៀង សុភក្ត្រា ក៏​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន មិន​ទាន់​ចុះ​ចែក​អំណោយ ឲ្យ​អ្នក​ភូមិ​ដែរ។ លោកបញ្ជាក់​ថា ស្ថានភាព​អ្នក​ភូមិ​ម្នាក់ៗ ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ គឺ​​គ្មាន​អាហារ​​បរិភោគ ព្រោះ​គ្មាន​ទាំង​ប្រាក់​ និង​មិន​អាច​ចេញ​ទៅ​ផ្សារ​បាន។ លោកសំណូមពរ​​​អាជ្ញាធរ​ពន្លឿន​ការ​ចែក​ស្បៀង​អាហារ ដល់​អ្នក​ក្រីក្រ ទាំង​ក្នុង​តំបន់​ក្រហម និង​ក្នុង​តំបន់​រង​ការ​បិទ​ខ្ទប់​ផ្សេង​ទៀត៖​ « ទ្រាំ​​នៅ​​តែ​ក្នុង​​ផ្ទះ​​រហូត​​ហ្នឹង​បង។ អត់​មាន​​ធ្វើ​អ្វី​កើត​ទេ ព្រោះ​អ្វី​ យើង​ចេញ​ក្រៅ​ផ្ទះ​ក៏​អត់​បាន​។ យើង​ទៅ​ណា ក៏​អត់​បាន​។ យើង​នៅ​តែ​ក្នុង​ផ្ទះ​សុទ្ធ​ ហើយ​ពាង​អង្ករ​យើង កាល​ពី​ជំនាន់​យើង​នៅ​ចេញ​រក​លុយ​បាន​ហ្នឹង បាន​តែ​មួយ​ត្រឹម​ហូប ហើយ​និង​បង់​លុយ​ធនាគារ​តិច​តួច​ៗ ទៅ។ ដល់​តែ​ពេល​មក​ឈឹប​អ៊ីចឹង យើង​អត់​មាន​លុយ​​ទុក​សម្រាប់​ខ្លួន។ ពួក​ខ្ញុំ លំបាក​មែន​ទែន​បង​អើយ ! ជួយ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​ដែនដី និង​រដ្ឋាភិបាល​ឲ្យ​បាន​ដឹង​ពី​ស្ថានភាព​ពួក​ខ្ញុំ​ផង។ អត់​​មាន​អ្វី​ហូប​ទេ​បង ៤​ថ្ងៃ​ ថ្ងៃ​ហ្នឹង​ហើយ​»។

អាជ្ញាធរ​​រាជធានី​ភ្នំពេញកាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែមេសា ​បាន​បន្ថែម​បម្រាម​តឹងរ៉ឹង​មួយ​ទៀត​សម្រាប់​​អ្នក​​រស់​​នៅ​តំបន់​ដែល​​មាន​​ឆ្លង​ជំងឺ​កូវីដ​១៩​ច្រើន គឺ​​ការ​​​​ដាក់​​ ភូមិ ឬ​ សង្កាត់ នោះ​ ជា​​តំបន់​ក្រហម ​មាន​ដូចជា​ ​ភូមិ​១៤​ ភូមិ​១៦​ និង​ភូមិ​១៧​ ក្នុង​សង្កាត់​បឹង​សា​ឡាង​​ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ទាំង​មូល​​ ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​​២​ និង​ស្ទឹង​មាន​ជ័យ​​ទី​៣ ​នៃ​ខណ្ឌ​មាន​ជ័យ​ និង​ សង្កាត់​ចោមចៅ​ទី​១ ​នៃ​ខណ្ឌ​ពោធិ៍សែនជ័យ​​​។

​ពលរដ្ឋ​គ្រប់​រូប​​ដែល​កំពុង​ស្នាក់​​នៅ​ក្នុង​​តំបន់​ក្រហម​នេះ​មិន​​អាច​ចេញ​​ក្រៅ​លំនៅឋាន ​របស់​ខ្លួនជា​ដាច់​ខាត​។ ក្នុង​ករណី​​​ល្មើស នឹង​បម្រាប​នេះ អាជ្ញាធរ​នឹង​​ពិន័យ​ជា​ទឹក​ប្រាក់​ចន្លោះ​ពី​​មួយ​ (១.០០០.០០០) ​លាន​រៀល​ ដល់​ទៅ​ម្ភៃ (២០.០០០.០០០) ​លាន​​​រៀល​ និង​​ការ​​ផ្ដន្ទា​ទោស ​​ពន្ធនាគារ​​​ចន្លោះ​ពី​៦​ខែ ​​​ទៅ​៥​ឆ្នាំ​​​។

​ប៉ុន្តែ អាជ្ញាធរ បាន​​លើកលែង​ករណី​មួយ​ចំនួនឲ្យ​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន ដូចជា ​មូល​ហេតុ​សុខភាព​បន្ទាន់ ការ​ទៅ​ផ្ដល់​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូវីដ​១៩ និង​ការ​ទៅ​ចាក់​វ៉ាក់សាំង​ដូសទី២ នៅ​ទីតាំង​ជិត​បំផុត​ ក្នុង​តំបន់ក្រហម​។ ជាមួយ​គ្នា​នេះ ​អាជ្ញាធរ​ក៏​បាន​ផ្អាក​អាជីវកម្ម​​ទាំង​អស់​ បិទ​ផ្សារ​ និង​​​ផ្អាក​សកម្មភាព​នានា ក្នុង​តំបន់​ក្រហម​ទាំង​ស្រុង​​។ លើកលែង​តែ​​ការងារ​ចាំបាច់​​​​របស់​រដ្ឋ និង​​តម្រូវ​ការ​ផ្នែក​សុខាភិបាល​តែ​ប៉ុណ្ណោះ តែ​ត្រូវ​​ភ្ជាប់​ឯកសារ​បញ្ជាក់​​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

People_in_red_soon_20_04_2021_02.jpg
ពលរដ្ឋនៅក្នុងតំបន់ក្រហមខ្លះបានទទួលអំណោយពីអាជ្ញាធររាជធានីភ្នំពេញរួចហើយ។

ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាលបាន​បញ្ជា​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម ​​​​សម្រួល​ឱ្យ​មាន​ការ​ផ្គត់ផ្គង់ ដឹក​ជញ្ជូន និង​ចែកចាយ​ស្បៀង​អាហារ ​គ្រឿង​ឧបភោគ​បរិភោគ ​លក់​ឱ្យ​ ​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ ដល់​មុខ​ផ្ទះ​តែ​ម្ដង​​។​ រដ្ឋាភិបាល​​ក៏​​ចេញ​បញ្ជា​ឱ្យ អាជ្ញាធរ​ ​​ចាត់​ចែង​ជំនួយ​សង្គ្រោះ​បន្ទាន់ ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ ​ក្រីក្រ និង​ជួប​ការ​លំបាក​ក្នុង​តំបន់​ក្រហម​ដែរ។

ទាក់​ទង​នឹង​បញ្ហា​នេះ តំណាង​ក្រសួង​ពាណិជ្ជកម្ម អះអាង​ថា ក្រសួង​បាន​ចាត់​ឲ្យ​មន្ត្រី​ដឹក​ជញ្ជូន​ស្បៀង​អាហារ មាន​អង្ករ និង​គ្រឿង​ឧបភោគ​បរិភោគ​នានា ទៅ​ផ្គត់ផ្គង់​​លក់​ឲ្យ​ពលរដ្ឋ ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ សម្រាប់​អ្នក​នៅ​ក្នុង​តំបន់​ក្រហម។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ែន សុ​វិជាតិ ប្រាប់​អាស៊ី​សេរី​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេសា ​ក្រសួង​​បាន​ដឹក​ជញ្ជូន​ស្បៀង ​តាម​ឡាន​ធំ ចំនួន​៥​គ្រឿង យក​ទៅ​ផ្គត់ផ្គង់​ នៅ​តំបន់​ក្រហម​ ទាំង​៣​ខណ្ឌ​​។ លោក​ បន្ត​ថា ពលរដ្ឋ​នៅ​​ក្នុង​តំបន់​ក្រហម​ អាច​ទូរស័ព្ទ​ មក​កុម្ម៉ង់​ទិញ​​ស្បៀង​អាហារ តាម​លេខ​ទូរស័ព្ទ ដែល​អាជ្ញាធរ​មូលដ្ឋាន​ផ្ដល់​ឲ្យ ហើយ​ ក្រសួង​ ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​ចាត់ចែង​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ ​បន្ត ​តាម​រ៉ឺម៉ក​កង់​បី ឬ​ ម៉ូតូ ​ទៅ​លក់​ឲ្យ​ពលរដ្ឋ ដល់​មុខ​លំនៅឋាន៖ « ចំណុច​ទី​២ ដែល​បង​ចង់​ជម្រាប​ជូន គឺ​ក្រៅពី​ទំនិញ​ដែល​យើង​មាន​​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ស្ដុក​ស្រាប់​ យើង​នឹង​ខិតខំ​រក​ទំនិញ​ចាំបាច់​ផ្សេង​ទៀត សម្រាប់​លក់​ជូន​ប្រជា​​ពលរដ្ឋ​ ដែល​ឈាន​ទៅ​ដល់​ត្រី​ងៀត មាន​ឆៃប៉ូវ និង​ទំនិញ​យុទ្ធសាស្ត្រ​ខ្លះ ដែល​អាច​ប្រើ​រយៈ​ពេល​យូរ»។

តែ​​យ៉ាង​ណា អ្នក​ឃ្លាំមើលយល់​ថា ដំណោះស្រាយ​នេះ នឹង​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ហើយ​ពលរដ្ឋនឹង​នៅ​តែ​ប្រឈម​បញ្ហា​ខ្វះ​ខាត​អាហារ​​ធ្ងន់ធ្ងរ​ដដែល។ អគ្គ​លេខាធិការ​រងនៃ​សមាគម​ឯករាជ្យ​នៃ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធលោក កៅ ពឿន ចង់​ឲ្យ​អាជ្ញាធរ​បើក​លំហ​​ឱ្យ​ពលរដ្ឋ​ និង​​អ្នក​លក់​​ដូរ​​ក្រីក្រអាច​ប្រកប​របរ​លក់​ដូរ​បាន​ច្រើន​ជាង​នេះ។ លោក យល់​ថា ​អាជ្ញាធរ គួរ​តែ​បើក​ឲ្យ​មាន​ការ​លក់​ដូរ​​​បាន​ច្រើន​កន្លែង តែ​ដាក់​​ទីតាំង​លក់​ឲ្យ​​​នៅ​ដាច់​ឆ្ងាយៗ​ពី​គ្នា និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះមក​ទិញ​ម្ហូប​អាហារបណ្ដាក់​វេន​គ្នាជាដើម​៖ « ស្ដាប់​សារ​របស់​សម្ដេច​ គាត់​ថា អនុញ្ញាត​ឲ្យ​មាន​ការ​លក់​ដូរ​ម្ហូប​អាហារ​អ្វី​ខ្លះៗ​ហ្នឹង។ ប៉ុន្តែ​ ជា​ការ​ជាក់​ស្ដែង​គឺ​ម្ហូប​អាហារ​ហ្នឹង ឃើញ​ដេញ​គាត់​ អត់​ឲ្យ​លក់​ ​ឲ្យ​អ្វី​ទេ ? ហើយ​សួរ​ថា តើ​យើង​បាន​អ្វី​ហូប បើ​អ្នក​លក់​ក៏​មិន​មក​លក់​បាន។ អត់​ដឹង​ថា គាត់​គិត​រឿង​ថា ​ឲ្យ​អ្នក​លក់​ធំ​ដុំ​អ្វី​ឯណា ? មិន​សូវ​មាន​អ្នក​លក់​ធំដុំ​ឯណា។ បើ​អ្នក​លក់​ធំ​ដុំ​ គេ​អ្នក​មាន​គេ​បិទ​ទ្វារ​អស់​ហើយ​គេ​ខ្លាចមាន​តែ​អ្នក​លក់​អត់​ធំ​ដុំ​ហ្នឹង​ហើយ អាច​ផ្គត់ផ្គង់​ការ​ហូប​ចុក​បាន»។​​​

ក្រៅពី​វិធាន​ការ​បិទ​តំបន់​ក្រហម​នេះ​ហើយ អាជ្ញាធរ​​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែមេសា ក៏​បាន​ចេញ​​សេចក្ដី​សម្រេច ​ផាក​​ពិន័យ​អន្តរការណ៍ ​ចំពោះ​បុគ្គល​​​មិន​គោរព​ដោយ​ចេតនា ​នូវ​វិធានការ​រដ្ឋបាល​របស់​អាជ្ញាធរ​ក្រុង​ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ។ ការ​ផាក​ពិន័យ​នោះ​ ក្នុង​​ចន្លោះ​​ចាប់​ពី​ ពីរ​​​ (២.០០០.០០០)​ លាន​​រៀល ​ដល់​ប្រាំ​​ (៥.០០០.០០០)​ លាន​រៀល។

ក្នុង​ករណី​ការ​បំពាន​​បម្រាប​នោះ បណ្ដាល​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​១៩ អាជ្ញាធរ​នឹង​ពិន័យ​ទោស​ពន្ធនាគារ និង​ពិន័យ​ប្រាក់​បន្ថែម។ បន្ថែម​លើ​ការ​ពិន័យ​នេះ ​អភិបាល​​រាជធានី​ភ្នំពេញ​ លោក ឃួង ស្រេង បាន​បញ្ជា​តាម​សារ​សំឡេងឱ្យ​គណៈ​បញ្ជា​ខណ្ឌ​ទាំង​អស់​ឃាត់​ខ្លួន​អ្នក​​គ្មាន​ភារៈ​កិច្ច ដែល​នៅ​តែ​បន្ត​​ធ្វើ​ដំណើរ​​ តាម​​​ផ្លូវ​ទាំង​អស់​​ ព្រោះ​សកម្មភាព​នេះ ​​ជា​ការ​ល្មើស ​នឹង​បម្រាម​បិទ​ខ្ទប់​ របស់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។