ក្រុមបណ្ដាញយុវជនខ្មែរថាវរៈ ក្រុមបណ្តាញយុវជនN1M (Not One More) និងក្រុមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ គ្រោងជួបជុំគ្នាធ្វើយុទ្ធនាការ ៣ថ្ងៃ ដើម្បីរំលឹកខួប៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅស្ដុបបូកគោ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា។ ក្រុមយុវជនក៏បានអញ្ជើញឯកអគ្គរាជទូត និងអង្គការមួយចំនួន ដើម្បីចូលរួមក្នុងពិធីនេះដែរ។
តំណាងយុវជនខ្មែរថាវរៈ ព្រះតេជគុណ កើត សារ៉ាយ ឱ្យអាស៊ីសេរីដឹងថា យុទ្ធនាការ ៣ថ្ងៃ ដើម្បីរំលឹកខួប៤ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នេះ ក្រុមព្រះសង្ឃ និងក្រុមយុវជននឹងរៀបចំពិធីថ្លែងការណ៍ ដាក់កម្រងផ្កា និងបង្សុកូល គោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសកុសលជូនលោកបណ្ឌិត កែម ឡី តាមប្រពៃណីព្រះពុទ្ធសាសនា នៅស្តារម៉ាត (Star Mart) កាល់តិច(Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ។ បន្ទាប់មកក្រុមព្រះសង្ឃ និងក្រុមយុវជន នឹងនាំគ្នាដើរដង្ហែក្បួនដោយថ្មើរជើងឆ្ពោះទៅកន្លែងតម្កល់សពបណ្ឌិតកែម ឡី នៅស្រុកកំណើត ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ប៉ុន្តែស្នាក់នៅត្រឹមពាក់កណ្តាលផ្លូវមួយយប់។ លុះនៅថ្ងៃទី៩ កក្កដា ក្រុមព្រះសង្ឃ និងក្រុមយុវជន នឹងបន្តដំណើរទៅផ្នូរបណ្ឌិតកែម ឡី ដោយនាំគ្នាពាក់អាវយឺតដែលមានរូប និងកម្រងទស្សនៈរបស់បណ្ឌិត កែម ឡី។ នៅថ្ងៃទី១០ កក្កដា ក្រុមអ្នកធ្វើយុទ្ធនាការ នឹងចូលរួមពិធីរំលឹកខួបនេះជាមួយគ្រួសារលោកបណ្ឌិត កែម នៅកន្លែងតម្កល់សពតែម្ដង។
ព្រះតេជព្រះគុណ បញ្ជាក់ថា ការប្រារព្ធពិធីនៅថ្ងៃទី៨ កក្កដា ក៏បានអញ្ជើញឯកអគ្គរដ្ឋទូតប្រទេសសេរីធំៗប្រចាំកម្ពុជាចំនួន ៨ប្រទេស ចូលរួមផងដែរ មានដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី ជប៉ុន និងស៊ុយអ៊ែតជាដើម។
ព្រះតេជព្រះគុណ កើត សារ៉ាយ ឱ្យដឹងទៀតថា ការប្រារព្ធពិធីនេះឡើង គឺដើម្បីបង្ហាញថា ការស្លាប់របស់លោកបណ្ឌិត កែម ឡី គឺជាការស្លាប់មួយដែលទទួលរងនូវភាពអយុត្តិធម៌បំផុតដែលមិនអាចទទួលយកបាន។ តំណាងយុវជនខ្មែរថាវរៈអង្គនេះ យល់ថា ការបាត់បង់លោកបណ្ឌិត គឺជាការបាត់បង់ធនធានមួយកម្រនៅក្នុងប្រទេសកម្ពុជាដែលតែងតែគិតគូរប្រយោជន៍ជាតិជាធំ ហ៊ាននិយាយការពិត តែត្រូវបានឃាតកសម្លាប់យ៉ាងព្រៃផ្សៃក្នុងទឹកដីរបស់ខ្លួន ដែលជាការឆ្លុះបញ្ចាំងពីតថភាពដ៏អាក្រក់សម្រាប់ច្បាប់នៅក្នុងសង្គមខ្មែរ៖ «ជាក់ស្ដែងយើងមើលឃើញថា វាជាការរំលឹកទៅដល់វិញ្ញាណក្ខន្ធ ឬរំលឹកដល់វីរភាពនៃការហ៊ាននិយាយ ហើយនឹងផ្ដល់ចំណេះដឹងដល់យុវជនឱ្យយល់ដឹងអំពីស្ថានភាព នៃបរិបទសង្គមបច្ចុប្បន្ននោះណា៎! យើងចង់បាននូវយុត្តិធម៌ចំពោះការបាញ់សម្លាប់គាត់។ គួរតែរកឱ្យឃើញនូវហេតុផលពិតប្រាកដមួយថា ឃាតកនោះ គឺជានរណាឱ្យប្រាកដ។ ហើយដូចកន្លងមក មានការរកឃើញហ្នឹង យើងទាំងសាធារណជន ទាំងអ្នកទូទៅ គឺគ្មានអ្នកណាជឿថា គឺជាឃាតកពិតប្រាកដនោះទេ។ ដូច្នេះ យើងនៅតែគិតថា មិនទាន់ទទួលបានយុត្តិធម៌សម្រាប់គាត់ទេ ហើយដើម្បីឆ្លុះបញ្ចាំងពីតថភាពនៃសង្គមខ្មែរឱ្យឃើញថា ខ្មែរយើងហ្នឹង គឺវាគួរតែមានច្បាប់មួយត្រឹមត្រូវល្អ ដើម្បីឱ្យប្រជាជាតិអាចរស់នៅដោយសុខស្រួល កុំដោយភាពភិតភ័យនោះ។
ជាមួយគ្នា អនុប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរលោក មាន ព្រហ្មមុនី លើកឡើងថា លោកចូលរួមក្នុងពិធីនេះ ព្រោះលោកមិនចង់ឱ្យបាត់បង់នូវតម្លៃវីរភាពរបស់លោកបណ្ឌិត កែម ឡី ដែលលោកបានលះបង់គ្រប់បែបយ៉ាង ដើម្បីជាប្រយោជន៍ជាតិ ខិតខំស្រាវជ្រាវ វិភាគ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង ។ យុវជនរូបនេះ ចាត់ទុកបណ្ឌិត កែម ឡី ជាបុគ្គលគំរូ ដែលធ្វើឱ្យយុវជនជំនាន់ក្រោយហ៊ាននិយាយការពិត មិននិយាយការពារ។ លោកក៏ស្នើឱ្យតុលាការរកយុត្តិធម៌ និងបង្ហាញភស្តុតាងឱ្យច្បាស់ជូនដល់ប្រជាពលរដ្ឋផងដែរ៖ «ធ្វើពិធីនេះឡើងយើងចង់បង្ហាញថា ការដែលអំពើផ្ដាច់ផ្តល់ជីវិត អំពើសាហាវ ឃាតកម្ម សម្លាប់នូវអ្នកតស៊ូ ដើម្បីប្រជាធិបតេយ្យ សេរីភាព ឬវីរជនទាំងអស់ ដែលធ្វើបុព្វហេតុ ដើម្បីជាតិ ហើយស្លាប់ ដាច់ខាតត្រូវតែរកយុត្តិធម៌។ បើសិនរដ្ឋាភិបាលមិនពាក់ព័ន្ធ ហើយមិននៅពីក្រោយខ្នងនៃការសម្លាប់នេះទេ ត្រូវតែតុលាការហ្នឹងរកយុត្តិធម៌ ស៊ើបអង្កេត ជំរះក្តីឱ្យបានត្រឹមត្រូវនូវករណីនេះ។ ហើយករណីនេះ យើងដឹងទាំងអស់គ្នាហើយ អង្គចងចាំ ឬម៉េម៉ូរី (Memory) ដែលជាវីដេអូនៅស្តារម៉ាតនេះមិនទាន់បង្ហាញជាសាធារណៈឱ្យឃើញទេ។ ហើយវីដេអូដែលបង្ហាញកន្លងមក វាខ្វះការជឿទុកចិត្តបានណាស់»។
រីឯនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត បានមានប្រសាសន៍ថា ព្រះសង្ឃ និងក្រុមយុវជនដែលប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធនេះឡើង គឺជាការប្រារព្ធពិធីតាមបែបសាសនា និងជាការរំលឹកពីការចងចាំដល់លោកបណ្ឌិតដែលស្ថិតនៅក្នុងចិត្ត និងជាវីរបុរសរបស់ពួកគេជានិច្ច។ លោកបន្តថា យុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោកហាក់នៅឆ្ងាយដូចជើងមេឃ ដោយសាររយៈពេល៤ឆ្នាំហើយ អ្នកដែលពាក់ព័ន្ធផ្សេងទៀត និងអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មិនទាន់ត្រូវបានយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះនៅឡើយនោះទេ។ លោកយល់ថា នេះជាការជះឥទ្ធិពលមួយមិនល្អដល់អ្នកដែលហ៊ានរិះគន់ ដើម្បីស្ថាបនាដូចលោកបណ្ឌិត កែម ឡី ប្រសិនបើមិនអាចរកយុត្តិធម៌ ឬវែកមុខជនដៃដល់បាន៖ «យើងសង្គមស៊ីវិល យើងនៅតែទាមទារសុំឱ្យមានការធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីស្វែងរកយុត្តិធម៌ និងចាប់ជនដែលពាក់ព័ន្ធ ក៏ដូចជាអ្នកនៅពីក្រោយខ្នងហ្នឹង យកមកញត្តិបន្ទោស ដើម្បីទី១ គឺជាយុត្តិធម៌របស់ក្រុមគ្រួសារ ក៏ដូចជាលោក កែម ឡី ទី២ ជាយុត្តិធម៌ក្នុងសង្គម និងទី៣ គឺជាការបង្ហាញនូវការអនុវត្តច្បាប់ និងជំនឿទុកចិត្ត»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ អំពើឃាតកម្មនេះ តុលាការបានផ្ដន្ទាទោស អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែសាធារណជននៅតែមិនអស់ចិត្តនៅឡើយ ព្រោះពួកគេសុទ្ធតែជឿថា ជាបុរសក្រីក្ររស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាបរូបនេះ មិនអាចធ្វើរឿងនេះបានតែម្នាក់ឯងនោះឡើយ។ ទំនងជាដើម្បីបញ្ចៀសការរិះគន់ តុលាការក្រុងភ្នំពេញបានសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោស ក៏ប៉ុន្តែតុលាការខកខានមិនបានផ្តល់ព័ត៌មានស្ដីពីការវិវឌ្ឍនៃសំណុំរឿងទីពីរនេះឡើយរហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។