លោក ហ៊ុន សែន គំរាមចាប់ជនណា ដែលប្រៀបធៀបរូបលោកជាមួយមេដឹកនាំ ដែលត្រូវចោទប្រកាន់ ឬចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកថា នរណាក៏មិនអាចប្រៀបធៀបលោកទៅនឹងជនផ្ដាច់ការបានដែរ។ ការគំរាមកំហែងរបស់លោក ហ៊ុន សែន បានកើតឡើង ខណៈតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន។ អ្នកឃ្លាំមើលថា ទាល់តែកម្ពុជាផ្លាស់ប្ដូរទៅកាន់ប្រជាធិបតេយ្យ ទើបអាចចាប់លោក ហ៊ុន សែន ឱ្យទៅទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្ម ដែលគាត់បានប្រព្រឹត្ត។
ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រកាសដាច់ណាត់នៅល្ងាចថ្ងៃទី១៤ ខែមីនា ថា កម្ពុជាមិនចាប់បញ្ជូនពលរដ្ឋខ្មែរ ទៅឱ្យប្រទេសដទៃទេ។ លោកអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជា មិនតម្រូវឱ្យធ្វើដូច្នេះ ខណៈលោកព្រមានប្រើដៃក្ដៅ មិនលើកលែងឱ្យអ្នកណា ដែលប្រៀបធៀបលោកទៅនឹង «ក្របី» និងអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីកូ ឌុយទែរ៍តេ (Rodrigo Duterte)។
លោក ហ៊ុន សែន ថា នាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត និងអ្នកបន្តវេននៃគណបក្សប្រជាជនកម្ពុជា ត្រូវតែធ្វើតាមនយោបាយរបស់លោក ដែលមិនអាចចាប់លោក និងឪពុករបស់ពួកគេ ដែលជាមន្ត្រីជាន់ខ្ពស់ នៃគណបក្សកាន់អំណាចនេះ ទៅឱ្យបរទេសឡើយ។
លោក ហ៊ុន សែន៖ «កម្ពុជាប្រកាសដាច់ណាត់ មិនចាប់ពលរដ្ឋខ្លួនប្រគល់ឱ្យប្រទេសដទៃ។ នេះ វាជារឿងមួយ ហើយរដ្ឋធម្មនុញ្ញហាមៗៗ ហាមដកសញ្ជាតិ ហាមការចាប់បញ្ជូនពលរដ្ឋខ្មែរបញ្ជូនទៅបរទេស ប៉ុន្តែ រឿងហ្វីពីលីនរឿងមួយផ្សេង។ ខ្ញុំអត់លូកលាន់ទេ ហើយកុំមកប្រៀបធៀប ហ៊ុន សែន ជាមួយ ឌុយទែរ៍តេ ឱ្យសោះ កុំមានប្រៀបធៀប ហើយកុំងើបសូមប្រាប់ឱ្យហើយ។ យុទ្ធសាស្ត្រងើបមួយវាយមួយ នៅបន្តអត់ដកថយទេ»។
អ្នកឃ្លាំមើលថា ការអះអាងថា មិនចាប់ពលរដ្ឋខ្មែរទៅឱ្យបរទេស មិនឆ្លុះបញ្ចាំងអំពីការពិតទេ ពីព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីឆ្នាំ២០០៧ បានចាប់អតីតព្រះសង្ឃដើមកំណើតខ្មែរក្រោម ទឹម សាខន សង្គ្រាជវត្តភ្នំដិន ខេត្តតាកែវ បញ្ជូនទៅដាក់គុកនៅប្រទេសវៀតណាម ដោយចោទប្រកាន់ថា ព្រះអង្គបានបង្កឱ្យមានការបែកបាក់ចំណងមិត្តភាពកម្ពុជា-វៀតណាម ដោយសារតែព្រះសង្ឃអង្គនេះ ឧស្សាហ៍ទំនុកបម្រុងពលរដ្ឋខ្មែរក្រោម ដែលភៀសខ្លួនពីកម្ពុជាក្រោម មកសុំស្នាក់អាស្រ័យនៅទីអារាមនៅកម្ពុជា។
អ្នកឃ្លាំមើលកត់សម្គាល់ថា ទាំងការលើកឡើង និងការព្រមានរបស់លោក ហ៊ុន សែន គឺដើម្បីដោះទ័លលើបញ្ហា ដែលកើតមានចំពោះគាត់ និងបក្ខពួក ដែលជាប់ក្ដីក្ដាំឧក្រិដ្ឋកម្មតែប៉ុណ្ណោះ។ លោក ហ៊ុន សែន ព្រមានធ្ងន់ៗ បន្ទាប់ពីប៉ូលិសអាំងទែប៉ូល (Interpol) សហការជាមួយប៉ូលិសហ្វីលីពីន កាលពីថ្ងៃទី១១ ខែមីនា បានចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក ឌុយទែរ៍តេ បញ្ជូនទៅឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអ្នកឃ្លាំមើលថា ខ្លាចស្រមោលនេះដែរ ។
ការព្រមានរបស់លោក ហ៊ុន សែន នេះ ក៏ស្របពេល ដែលតុលាការបារាំងគ្រោងនឹងបើកសវនាការនៅថ្ងៃទី១៩ ខែមីនា ដើម្បីជំនុំជម្រះបទល្មើសបោកគ្រាប់បែក សម្លាប់ពលរដ្ឋខ្មែរ ១៦នាក់ និងរបួសជាង ១៥០នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តរបស់លោក ហ៊ុន សែន មេអង្គរក្សគ្រួសារត្រកូល ហ៊ុន លោកឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និងនាយករងខុទ្ទកាល័យលោក ហ៊ុន ម៉ាណែត គឺលោក ឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ។
លើសពីនេះទៀត ការព្រមានដោយសម្ដីធ្ងន់ៗ របស់ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ កើតឡើងក្នុងអំឡុងពេល ដែលប្រជាពលរដ្ឋខ្មែរ តវ៉ាទាមទារឱ្យចាប់បញ្ជូនលោក ពេជ្រ គឹមស្រ៊ិន និងអតីតទីប្រឹក្សារបស់លោក គឺលោក លី រតនរស្មី ដែលជាប់សង្ស័យ ក្នុងអំពើឃាតកម្មសម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ទៅឱ្យតុលាការថៃ ធ្វើដំណើរការក្ដីឡើយ។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែមីនា ថា ការព្រមានរបស់លោក ហ៊ុន សែន មានន័យបង្គាប់បញ្ជាទៅអ្នកក្រោមឱវាទ កុំឱ្យសហការជាមួយសហគមន៍អន្តរជាតិ ដូចជា ប៉ូលិសអាំងទែប៉ូលជាដើម ក្នុងការចាប់បញ្ជូនលោក ពេជ្រ គិមស្រ៊ិន និងលោក លី រតនរស្មី ទៅឱ្យភាគីថៃ ក្នុងសំណុំរឿងសម្លាប់លោក លិម គិមយ៉ា រួមទាំងសំដៅ កុំឱ្យចាប់លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ តាមដីការបស់ចៅក្រមបារាំងក្នុងរឿងក្ដីបោកគ្រាប់បែក ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
ចំពោះការប្រៀបធៀបលោក ហ៊ុន សែន ទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក ឌុយទែរ៍តេ វិញ លោក វ៉ន ចាន់ឡូត ថា ស្ថានភាពមេដឹកនាំទាំងពីរ មិនគួរយកមកប្រៀបធៀបគ្នាមែន។ លោកពន្យល់ថា រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន មិននៅក្រោមឥទ្ធិពលលោក ឌុយទែរ៍តេ ឡើយ បន្ទាប់ពីលោកលែងជាប្រធានាធិបតី។ ដូច្នេះ រដ្ឋាភិបាលហ្វីលីពីន គោរពសាលក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប៉ុន្តែ លោក ហ៊ុន សែន នៅកម្ពុជាវិញ មានអំណាចរំលោភសិទ្ធិមនុស្សដដែល តាមរយៈការផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យកូនប្រុសរបស់លោក ដែលនឹងមិនចាប់ឪពុករបស់ខ្លួននោះទេ។
លោក វ៉ន ចាន់ឡូត៖ «ទំនងជាមិនអាចនឹងមានអ្នកណា ទៅចាប់គាត់ [លោក ហ៊ុន សែន] ឬក៏កូនប្រុសគាត់ ក្នុងតំណែងជានាយករដ្ឋមន្ត្រី។ គាត់ក្លាហានក្នុងការចាប់ខ្លួនគាត់ បញ្ជូនទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិ ក្នុងករណី ដែលមាននៅការស៊ើបអង្កេតហើយរកឃើញថា ក្រោមការដឹកនាំនៃលោក ហ៊ុន សែន គឺមាននៅការប្រព្រឹត្តបទឧក្រិដ្ឋធំៗ របស់អន្តរជាតិ ក្នុងនោះ គឺបទប្រឆាំងនឹងមនុស្សជាតិ»។
អ្នកឃ្លាំមើលលើកឡើងថា ការស៊ើបអង្កេតលើបទឧក្រិដ្ឋរបស់លោក ហ៊ុន សែន ដែលអាចឈានទៅដល់ការចាប់ខ្លួនអតីតកម្មាភិបាលខ្មែរក្រហមរូបនេះ អាចមានលទ្ធភាពទៅរួច តាមពីរករណី គឺទី១ នៅពេលកម្ពុជាមានការផ្លាស់ប្ដូរ ដែលដឹកនាំដោយរដ្ឋាភិបាលប្រជាធិបតេយ្យ និងទី២ មានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំនៅក្នុងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដែលនាយករដ្ឋមន្ត្រី មិនមែនជាសមាជិកក្រុមគ្រួសារត្រកូល ហ៊ុន ហើយពួកគេលូកដៃសហការជាមួយអ្នកប្រជាធិបតេយ្យ ដើម្បីពង្រឹងនីតិរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។