ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​តំបន់​អាស៊ាន

0:00 / 0:00

សិទ្ធិ​សេរីភាព​សារព័ត៌មាន​ជា​សិទ្ធិ​សេរីភាព​មួយ​ដ៏​សំខាន់ និង​ជា​មូលដ្ឋានគ្រឹះ​នៃ​រដ្ឋ​ប្រជាធិបតេយ្យ​ពេញលេញ​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេងៗ ជាពិសេស​ប្រទេស​ជា​សមាជិក​អាស៊ាន សុទ្ធតែ​ទទួល​ស្គាល់​សារសំខាន់​នៃ​សិទ្ធិ​សេរីភាព​សារព័ត៌មាន ប៉ុន្តែ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ក្នុង​តំបន់​នេះ​នៅ​មាន​សភាព​អាក្រក់​នៅ​ឡើយ ហើយ​មាន​ប្រទេស​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

ថ្ងៃ​ទី​២៨ ខែ​កញ្ញា ខាង​មុខ ជា​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​ដែល​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ប្រទេស​ខ្លះ​ក្នុង​តំបន់​អាស៊ាន បាន​បង្កើត​ជា​ច្បាប់​រួច​ហើយ គឺ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

សម្រាប់​នៅ​កម្ពុជា​វិញ ក្រសួង​ព័ត៌មាន និង​អង្គការ​យូណេស្កូ (UNESCO) និង​ដៃគូ​បច្ចេកទេស​ដទៃ​ទៀត​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នោះ ដូចជា​ប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​រដ្ឋ​មួយ​ចំនួន​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

អគ្គលេខាធិការ​របស់​អង្គការ​សហប្រជាជាតិ​លោក បាន គីមូន (Ban Ki-moon) នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ថា សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​សេរីភាព​សារព័ត៌មាន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ក៏​ដូចជា​ការ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​គណនីយភាព៖ «សិទ្ធិមនុស្ស សង្គម​ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ពឹង​ផ្អែក​ទៅ​លើ​លំហូរ​ជា​សេរីភាព​នៃ​សារព័ត៌មាន ហើយ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ពឹង​ផ្អែក​ទៅ​សេរីភាព​នៃ​សារព័ត៌មាន។ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដំបូង​ក្នុង​ការ​ដាក់​ដំណើរ​ការ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព ហើយ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​សេរីភាព​សារព័ត៌មាន មាន​សារសំខាន់​ក្នុង​ការ​លើក​កម្ពស់​ប្រជាជន​ឲ្យ​ពួកគេ​ហ៊ាន​ចាប់​រដ្ឋាភិបាល​ឲ្យ​មក​ទទួល​ខុស​ត្រូវ លើ​ការ​សន្យា​នានា ដែល​អ្នកដឹកនាំ​ទាំង​នោះ​បាន​ធ្វើ​ឡើង។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ គឺ​ជា​ភ្នែក និង​ត្រចៀក​របស់​យើង»

នៅ​ឆ្នាំ​១៩៤៨ អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស។ ក្នុង​នោះ​មាត្រា​ទី​១៩ សង្កត់ធ្ងន់​ទៅ​លើ​សេរីភាព​នៃ​គំនិត និង​ការ​បញ្ចេញ​មតិ។ ទោះបីជា​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​សាកល​នោះ មិន​បាន​ចែង​ច្បាស់​ពី​សេរីភាព​នៃ​សារព័ត៌មាន​ក៏ដោយ ក៏​ប្រទេស​ជា​ច្រើន​បាន​ទទួល​ស្គាល់​ថា ដើម្បី​ឲ្យ​មនុស្ស​ម្នាក់ៗ អាច​អនុវត្តន៍​សិទ្ធិ​សេរីភាព​នៃ​គំនិត និង​បញ្ចេញមតិ​បាន លុះត្រាតែ​គេ​មាន​ព័ត៌មាន​គ្រប់គ្រាន់ ដើម្បី​យក​មក​ថ្លឹងថ្លែង និង​ពិចារណា។ ដូច​នេះ សិទ្ធិ​សេរីភាព​នៃ​គំនិត និង​ការ​បញ្ចេញ​មតិ​របស់​អង្គការ​សហប្រជាជាតិ គឺ​ទាមទារ​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ស្នើ​សុំ​ព័ត៌មាន ទទួល​បាន​ព័ត៌មាន និង​ចែករំលែក​ព័ត៌មាន។

ធម្មនុញ្ញ​អង្គការ​យូណេស្កូ ចែង​ថា ភាព​ថ្លៃថ្នូរ និង​សេរីភាព​របស់​មនុស្ស​ចាំបាច់​ត្រូវ​រាប់​បញ្ចូល​ការ​តាម​រក​ព័ត៌មាន​ពិត​ដោយ​គ្មាន​ការ​ហាម​ឃាត់។

គិត​មក​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៤ បើ​យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន ឌឹ ហ្គាឌៀន (The Guardian) មាន​ប្រទេស​យ៉ាង​ហោច​ណាស់ ១០០ ដែល​បាន​អនុម័ត​ច្បាប់​ស្ដីពី​សេរីភាព​សារព័ត៌មាន ឬ​ក៏​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ។ ដោយ​ឡែក​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន ដំណើរ​ការ​តាក់តែង និង​ដាក់​ឲ្យ​ដំណើរ​ការ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​បាន​ជួប​ប្រទះ​ការ​យឺតយ៉ាវ​ច្រើន។

​សម្ពន្ធភាព​សារព័ត៌មាន​អាស៊ីអាគ្នេយ៍ (Southeast Asian Press Alliance) អោយ​ដឹង​ថា នៅ​ក្នុង​តំបន់​អាស៊ាន សេរីភាព​សារព័ត៌មាន​ការ​អភិវឌ្ឍ​តិចតួច។ ប្រទេស​ថៃ ជា​ប្រទេស​ដែល​មាន​ដែល​ច្បាប់​ស្ដីពី​សេរីភាព​សារព័ត៌មាន​មុន​គេ នៅ​ឆ្នាំ​១៩៩៧។ ស្ទើរ​តែ​ជិត​ពីរ​ទសវត្ស​ក្រោយ​មក នៅ​ឆ្នាំ​២០១៥ ទើប​ប្រទេស​ឥណ្ឌូនេស៊ី បាន​ដាក់​ដំណើរ​ការ​ច្បាប់​ស្រដៀង​គ្នា​នេះ។ នៅ​ឆ្នាំ​ដដែល​រដ្ឋ​របស់​ប្រទេស​ម៉ាឡេស៊ី​ពីរ ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង គឺ​រដ្ឋ សេឡាំងង័រ (Selangor) និង​រដ្ឋ​ប៉េណាំង (Penang) បាន​អនុម័ត​ច្បាប់​ស្ដីពី​សេរីភាព​សារព័ត៌មាន ទោះបីជា​មិនទាន់​មាន​ច្បាប់​សហព័ន្ធ​អំពី​បញ្ហា​នេះ​ក្តី។ ដូច​នេះ​នៅ​ក្នុង​ចំណោម ១០ ប្រទេស​ជា​សមាជិក មាន​តែ​ប្រទេស ២ គឺ​ថៃ និង​ឥណ្ឌូនេស៊ី និង​រដ្ឋ​២ នៃ​ប្រទេស​ម៉ាឡេស៊ី ប៉ុណ្ណោះ​ដែល​មាន​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​មួយ​ឈ្មោះ​ថា អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) ចេញ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៦ ដែល​វាយ​តម្លៃ​ទៅ​លើ​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​១៨០។ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ប្រទេស​៨ គឺ​កម្ពុជា មីយ៉ាន់ម៉ា ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប្រ៊ុយណេ និង​ហ្វីលីពីន ស្ថិត​ក្នុង​សភាព​អាក្រក់ ឯ​ប្រទេស ២​ទៀត គឺ​ប្រទេស​ឡាវ និង​វៀតណាម គឺ​ស្ថិត​ក្នុង​សភាព​អាក្រក់​ខ្លាំង។

​ការ​វាយតម្លៃ​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​សិក្សា​ទៅ​លើ​លក្ខណៈ​វិនិច្ឆ័យ​៧ មាន​ដូចជា តើ​ការ​ផ្សព្វផ្សាយ​មាន​បង្ហាញ​មតិ​ប្រឆាំង​ដែរ ឬ​ទេ? តើ​ការ​ផ្សព្វផ្សាយ​មាន​ឯករាជភាព​ប៉ុណ្ណា មាន​រង​ឥទ្ធិពល​ពី​រដ្ឋាភិបាល ក្រុមហ៊ុន ឬ​បក្ស​នយោបាយ​ផ្សេងៗ​ទេ? តើ​បរិយាកាស​ក្នុង​ប្រទេស​នោះ​មាន​ការ​រារាំង​មិន​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​រឿង​ទាំង​ស្រុង ឬ​ទេ? តើ​ច្បាប់​របស់​ប្រទេស​ជួយ​សម្រួល​ទៅ​ដល់​ការ​ផ្សព្វផ្សាយ​បាន​ប៉ុណ្ណា? តើ​រាល់​បញ្ហា​ដែល​ប៉ះពាល់​ដល់​ការ​ផ្សព្វផ្សាយ​ត្រូវ​បាន​បើកចំហ​ជា​សាធារណៈ ឬ​ទេ? តើ​ប្រទេស​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជួយ​លើ​កម្ពស់​ការ​ផ្សព្វផ្សាយ ឬ​ទេ? និង​ចុង​ក្រោយ​គឺ​តើ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង​ដល់​អ្នក​សារព័ត៌មាន​ប៉ុណ្ណា​ដែរ?
ប្រទេស​ពីរ​ដែល​ឋិត​នៅ​ប្រភេទ​អាក្រក់​ខ្លាំង គឺ​ប្រទេស​ឡាវ និង​វៀតណាម ដែល​ស្ថិត​នៅ​លំដាប់​១៧៣ និង​១៧៥ ក្នុង​ចំណោម​ប្រទេស​១៨០។ មូលហេតុ​ដែល​ជំរុញ​ឲ្យ​ប្រទេស​ឡាវ ត្រូវ​បាន​ចាត់​ទុក្ខ​ជា​ប្រទេស​មាន​សេរីភាព​សារព័ត៌មាន​អាក្រក់​ខ្លាំង គឺ​ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ស្រុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច ហើយ​លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ឡាវ បាន​បង្កើត​ច្បាប់​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដាញ​សង្គម​ទៀត​ផង។ ចំណែក​ឯ​ប្រទេស​វៀតណាម វិញ គឺ​ដូច​នឹង​ប្រទេស​ឡាវ ដែរ គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​បក្ស​កុម្មុយនិស្ត​ទាំង​ស្រុង។ ចំពោះ​អ្នក​ដែល​ហ៊ាន​សរសេរ​គំនិត​ប្រឆាំង​តាម​បណ្ដាញ​សង្គម​ត្រូវ​ចាប់​ដាក់​ពន្ធ​ធនាគារ​ជា​បន្តបន្ទាប់។

​ប្រទេស​ប្រ៊ុយណេ និង​សិង្ហបុរី ទោះបីជា​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។ ប្រទេស​មីយ៉ាន់ម៉ា ដែល​ទើប​នឹង​ងើប​ចេញ​ពី​​របប​ផ្ដាច់​ការ​យោធា​នៅ​បន្ត​មាន​ការ​រឹតត្បិត​ខ្លាំង​ទៅ​លើ​ការ​ផ្សព្វផ្សាយ។ ចំណែក​ឯ​ប្រទេស​ហ្វីលីពីន ស្ថានភាព​នៅ​មាន​លក្ខណៈ​គំរាម​កំហែង​ខ្លាំង​ដល់​សុវត្ថិភាព​អ្នក​សារព័ត៌មាន។

ទោះបីជា​ស្ថានភាព​នៅ​អាក្រក់​នៅ​ឡើយ សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា មាន​ចំណាត់ថ្នាក់​ល្អ​ជាង​គេ​នៅ​តំបន់​អាស៊ាន គឺ​ឋិត​នៅ​លំដាប់ ១២៦ ក្នុង​ចំណោម ១៨០​ប្រទេស។ បញ្ហា​ដែល​គេ​រក​ឃើញ​គឺ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រយោល​ពី​រដ្ឋាភិបាល និង​បក្សពួក​កាន់​អំណាច។ អ្នក​កាសែត​ដែល​ធ្វើការ​រាយការណ៍​ទៅ​លើ​បញ្ហា​ក្ដៅ​ដូចជា ការ​រត់​ពន្ធ​ឈើ​ខុសច្បាប់​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ច្រើន។ ការ​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​ត្រូវ​បាន​រឹតត្បិត​តាម​រយៈ​កា​ចោទ​ថា ជា​ការ​បរិហារកេរ្តិ៍ ឬ​ការ​ញុះញង់​ឲ្យ​មាន​អស្ថិរភាព​សង្គម ហើយ​លើស​ពី​នេះ​ទៅ​ទៀត គឺ​ការ​រៀបចំ​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត (Cyber Crime Law or Internet Law) ដែល​ត្រូវ​បាន​សង្គម​ស៊ីវិល​យល់​ឃើញ​ថា បង្កើត​ឡើង​ដើម្បី​រឹត​បន្តឹង​ការ​សម្ដែង​មតិ​តាម​បណ្ដាញ​សង្គម ដែល​ជា​មូលហេតុ​បក្ស​កាន់​អំណាច​ធ្លាក់​សន្លឹក​ឆ្នោត​ជា​ច្រើន​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

​ទោះបីជា​យ៉ាង​នេះ​ក្ដី ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក៏​មាន​ចំណុច​រីកចម្រើន​មួយ​ចំនួន​ដែរ​ដូចជា ការ​ចងក្រង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ ក្រោម​ជំនួយ​ពី​រដ្ឋាភិបាល​ស៊ុយអែត (Sweden) តាមរយៈ​អង្គការ​យូណេស្កូ ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​នៅ​ប្រទេស​ខ្លះ​ហៅ​ថា ច្បាប់​ស្ដីពី​សេរីភាព​សារព័ត៌មាន។

​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រូវ​បាន​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន​កែប្រែ​ឡើង​វិញ បើ​ពុំ​នោះ​ទេ ច្បាប់​នេះ​នឹង​រឹតត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន។ បន្ថែម​ពី​លើ​នេះ ច្បាប់​នេះ​នៅ​តែ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត។ ក្រៅ​ពី​កម្ពុជា ប្រទេស​ហ្វីលីពីន ក៏​កំពុង​រៀប​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សេរីភាព​សារព័ត៌មាន​នេះ​ដែរ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ ជំនួប​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី​៣៨ នៅ​ទីក្រុង​ប៉ារីស (Paris) បាន​ប្រកាស​យក​ថ្ងៃ​២៨ ខែ​កញ្ញា រៀងរាល់​ឆ្នាំ ជា​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល (International Day for the Universal Access to Information) ដើម្បី​ទាមទារ​ឲ្យ​គ្រប់​ប្រទេស​ជា​សមាជិក​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​របស់​សាធារណជន ក្នុង​ការ​ស្នើ​សុំ​ទទួល​បាន និង​ចែកចាយ​ព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។