ក្រសួងសុខាភិបាល បានរកឃើញថា បញ្ហាពុលចំណីអាហារមានការកើនឡើងជារៀងរាល់ឆ្នាំ និងច្រើនតែកើតមានឡើងនៅក្នុងពេលមានពិធីបុណ្យទានផ្សេងៗ ឬមានការជួបជុំគ្នា។ ការពុលចំណីអាហារនេះទៀតសោត ក្រៅអំពីការប៉ះពាល់ដល់សុខភាពដែលគេអាចមើលឃើញភ្លាមៗ ការពុលអាហារបានប៉ះពាល់ដល់សុខភាពយូរអង្វែង ដូចជារលាកក្រពះ ពោះវៀន តម្រងនោម ថ្លើម និងឈានដល់ជំងឺមហារីក ជាដើម។
តើលោកអ្នកគួរធ្វើអ្វីខ្លះ ដើម្បីជៀសវាងការពុលចំណីអាហារ?
ខ្វះអនាម័យ និងការមិនយកចិត្តទុកក្នុងការទិញម្ហូបអាហារមកទទួលទាន គឺជាកត្តាចម្បងដែលនាំឲ្យមានបញ្ហាពុលចំណីអាហារជាញឹកញាប់។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានពន្យល់ថា មានកត្តាសំខាន់បីដែលជាមូលហេតុនៃការពុលចំណីអាហារ។ លោកថា វត្ថុធាតុដើម ឬបន្លែត្រីសាច់ខូចគុណភាព អ្នកលក់ពុំមានអនាម័យល្អ និងការរៀបចំដាក់លក់មិនបានគ្របឲ្យត្រឹមត្រូវ ជាដើមបញ្ហា។ លោកពន្យល់បន្ថែមដូច្នេះ៖ « ការទុកដាក់រយៈពេលយូរលើសពីពីរម៉ោង បើចង់ដាក់សីតុណ្ហភាពក្ដៅ ត្រូវដាក់ឲ្យលើសពី ៦០អង្សា ផ្ងំ ឬកម្ដៅឡើងវិញ ទុកឲ្យក្ដៅជាប់រហូត ហើយ បើ សិនជាក្នុងសីតុណ្ហភាពត្រជាក់ ត្រូវដាក់ឲ្យវាស្ថិតនៅក្រោម ៤អង្សា សេ»។
ឯកសារស្ដីពីបំណិនជីវិតជុំវិញសុខភាព និងសុវត្ថិភាពរបស់អង្គការស៊ីប៉ា (Sipar) បានសរសេរថា ចំណីអាហារខូចគុណភាព មិនផ្ដល់ជីវជាតិ និងវីតាមីននោះទេ។ លើសពីនេះ វាបង្កជំងឺផ្សេងៗដូចជា រាក ចុកពោះ ក្អួតចង្អោរ និងឈឺក្បាលថែមទៀត។
ឯកសារដដែលបានណែនាំថា កត្តាសំខាន់ៗដែលធ្វើឲ្យចំណីអាហារខូចគុណភាព មានជាអាទិ៍ អាកាសធាតុក្ដៅងាយធ្វើឲ្យអាហារខូច។ ផ្ទុយទៅវិញ នៅពេលសីតុណ្ហភាពត្រជាក់ វាអាចបញ្ឈប់ការរីកលូតលាស់នៃពពួកបាក់តេរី។ ការប្រើប្រាស់របស់របរដូចជា ឡាំង ប្រអប់ កាំបិត ចាន ឆ្នាំង ជ្រញ់ វែក ស្លាបព្រាមិនស្អាត អាចបង្កឲ្យមានមេរោគក្នុងចំណីអាហារ និងអាហារដែលទុកដាក់មិនបានត្រឹមត្រូវ គឺមានពពួកបាក់តេរី មេរោគ ដែលឆ្លងមកតាមរយៈសត្វរុយ កន្លាត និងកណ្ដុរ។
អ្វីដែលគួរឲ្យជៀសវាងបំផុតនោះ គឺកុំដាក់អាហារក្ដៅខ្លាំងក្នុងសម្ភារដែលធ្វើពីប្លាស្ទិក ឬស្នោ ព្រោះវាធ្វើឲ្យចេញជាតិគីមីចូលទៅក្នុងអាហារដែលនាំឲ្យប៉ះពាល់សុខភាព។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបង្ហាញថា រោគសញ្ញា និងអាការៈមួយចំនួនដែលអាចសន្និដ្ឋានថាជាការពុលចំណីអាហារ មានដូចជា ក្អួតចង្អោរ ករណីខ្លះរាក តែភាគច្រើនមិនមានអាការៈក្ដៅខ្លួនទេ បើសិនការពុលនោះដោយសារជាតិគីមី ឬមួយដោយសារតុកស៊ីន (Toxin) ឬហៅថាជាជាតិពុលរបស់មេរោគ។

ចំណែកករណីខ្លះទៀត គឺអាចពុលដោយមានក្ដៅខ្លួនដែរ គឺបង្កឡើងដោយចំណីអាហារមានផ្ទុកមេរោគដែលរីករាលដាល ក៏អាចបង្កឲ្យពុលដូចគ្នាដែរ។ លោកវេជ្ជបណ្ឌិតផ្ដល់ឱវាទថា បើកាលណាមានអាការៈ ឬរោគសញ្ញាបែបនេះ គប្បីលោកអ្នកស្វែងរកវិធីព្យាបាល ឬជួយសង្គ្រោះ៖ « ករណីក្អួតរាក រង់ចាំឈប់ក្អួតឲ្យអស់សិន បានចាប់ផ្ដើមផឹកទឹកអូរ៉ាលីត្រ លាយទៅតាម ការណែនាំ ផឹកឲ្យ បានច្រើន ដើម្បីបំពេញជាតិទឹកមកវិញ។ បើសិនជាមិនធូរទេ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដើម្បីបញ្ចូលជាតិទឹក ។ សូមកុំប្រើថ្នាំផ្សះដោយ ខ្លួនឯង។ ភាគច្រើននៃការពុលចំណីអាហារ វាមិនមែនបណ្ដាលមកពីមេរោគសុទ្ធទេ វាបណ្ដាលមកពីជាតិតុកស៊ីន (Toxin) ឬមួយមកពីជាតិគីមី ឬសារធាតុ ដទៃទៀតបណ្ដាលឲ្យ ពុល»។
ដោយឡែកនៅពេលសមាជិកក្នុងគ្រួសារជួបប្រទះការពុលចំណីអាហារនោះ ក្នុងគ្រួសារខ្លះនិយមឆុងទឹកឃ្មុំក្រូចឆ្មារឲ្យអ្នកជំងឺទទួលទាន ដែលករណីនេះមិនចោទជាបញ្ហាអាហារនោះទេ ព្រោះជាការបំពេញជាតិទឹក ហើយជាតិស្ករដែលទទួលទានច្រើន ក៏អាចបង្ខំឲ្យមានការច្រោះទឹកដើម្បីឲ្យបត់ជើងតូចច្រើន ដែលអាចជួយបញ្ចេញនូវជាតិពុលខ្លះដែរ ប៉ុន្តែមិនត្រូវដំអក់នោះទេ បើសិនជាអ្នកជំងឺចុះខ្សោយខ្លាំង គឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម៖ « បើសិនជាគាត់ដល់ថ្នាក់សន្លប់ឈឹង និយាយរួមគាត់មិនអាចញ៉ាំបានទាល់តែសោះ យើងមិនត្រូវរង់ចាំទេ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ដើម្បីបញ្ចូល តាមសរសៃឈាម វិញ»។
ចា៎!លោកអ្នកនាងជាទីមេត្រី ដើម្បីឲ្យចំណីអាហារមានសុវត្ថិភាព និងគុណភាពល្អ ឯកសារស្ដីពីបំណិនជីវិតជុំវិញសុខភាព និងសុវត្ថិភាពនៃអង្គការស៊ីប៉ា (Sipar) បានណែនាំថា៖
កុំប្រើប្រាស់សម្ភារសម្រាប់ដាក់អាហារលាយឡំគ្នារវាងអាហារឆ្អិន និងអាហារឆៅ
ទុកដាក់ ឬរក្សាចំណីអាហារដែលបានចម្អិន ឬមិនទាន់ចម្អិននៅក្នុងទូម្ហូប គ្របចានអាហារឲ្យជិតកុំឲ្យរុយរោម
ប្រសិនជាមានធុងទឹកកក ឬទូទឹកកក ត្រូវរក្សាទុក ឬក្លាសេក្នុងសីតុណ្ហភាពត្រជាក់ ជៀសវាងការធុំក្លិនស្អុយ ផ្អូម ឬខូចគុណភាព
លោកអ្នកត្រូវលាងសម្អាតសម្ភារសម្រាប់ដាក់អាហារ និងជូតសម្អាតផ្ទះបាយ ក្រោយចម្អិនម្ហូបអាហាររួច
នៅពេលលោកអ្នកទិញអាហារវេចខ្ចប់ ត្រូវពិនិត្យមើលស្លាកសញ្ញា និងថ្ងៃផុតកំណត់ឲ្យបានត្រឹមត្រូវ ទោះបីជាទិញពីផ្សារធម្មតា ផ្សារទំនើប ឬទិញពីហាងក្ដី។
គេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានផ្សព្វផ្សាយថា ត្រូវទិញអាហារបរិភោគនៅកន្លែងណាដែលយើងសន្និដ្ឋានថាជាកន្លែងមានអនាម័យ មិនត្រូវទិញអាហារដែលសង្ស័យមានសារធាតុគីមី ដើម្បីឲ្យស្រស់ស្អាត និងស្វិតល្អ មិនត្រូវទិញអាហារដែលមានតម្លៃទាបខុសធម្មតា ព្រោះអាចសង្ស័យថាជាអាហារខូចគុណភាព ហួសសុពលភាព និងដាក់ជាតិគីមីដើម្បីរក្សាទុកបានយូរ ជាដើម។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានធ្វើការណែនាំដូចតទៅ៖ « ត្រូវរកចំណីអាហារស្រស់ល្អ មិនមែនមានន័យថាស្រស់អត់ដង្កូវចោះទេ។ មានន័យថា រកចំណីអាហារណាដែលមានប្រភពច្បាស់លាស់ មានការ ទុកចិត្ត ត្រូវពិនិត្យមើលអាហារមានកាលបរិច្ឆេទប្រើប្រាស់ និងត្រូវរក្សាអនាម័យក្នុងការរៀបចំអាហារ ក៏ដូចជាការលក់ដូរ បើសិនជាចង់ទុកយូរត្រូវកម្ដៅ ឬមួយក្លាសេឲ្យ ត្រជាក់»។
របាយការណ៍ពីគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីផ្ទុះជំងឺរាតត្បាតដោយពុលចំណីអាហារ បង្កឡើងដោយការបរិភោគគុយទាវឆា បណ្ដាលឲ្យសិស្សចំនួន ៦៥នាក់បានឈឺនៅសាលាសំបួរសាគរ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាលទ្ធផលបឋម រកឃើញថា ការពុលគុយទាវឆានោះ បណ្ដាលមកពីគុយទាវមានជាតិគីមី និងខ្វះអនាម័យ។
ចំណែកករណីមួយទៀតនោះ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ មនុស្សចំនួន ៣៤នាក់រាកក្អួតដែលបណ្ដាលមកពីការពុល ក្នុងពិធីបុណ្យបច្ច័យបួននៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការស្រាវជ្រាវរបស់មន្ត្រីជំនាញរកឃើញថា ឆាមឹក និងញាំ ជាមូលហេតុបណ្ដាលឲ្យពុល។
លោកអ្នកនាងជាទីមេត្រី ដូចលោកអ្នកបានជ្រាបហើយអំពីវិធីបង្ការកុំឲ្យពុលចំណីអាហារ ប៉ុន្តែប្រសិនបើលោកអ្នកឃើញមានករណី រាកក្អួតខុសធម្មតាក្នុងភូមិ ក្នុងសាលារៀន ឫកន្លែងធ្វើការ សូមផ្ដល់ព័ត៌មានបន្ថែម ឬរាយការណ៍ទៅលេខទូរស័ព្ទ ១១៥ ដើម្បីផ្ដល់ដំណឹងជូនមន្ត្រីជំនាញនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងជាបន្ទាន់ ដើម្បីអន្តរាគមន៍បញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។