មូលហេតុ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ

0:00 / 0:00

គ្រូពេទ្យ​ជំនាញ​ផ្នែក​ភ្នែក​មាន​ប្រសាសន៍​ថា ជំងឺ​ភ្នែក​ឡើង​បាយ​អាច​ជា​ហេតុផល​ដែល​បណ្ដាល​ឲ្យ​កែវ​ភ្នែក​លោក​អ្នក​មិន​អាច​មើល​រូបភាព​បាន​ច្បាស់​ល្អ។ គ្រោះថ្នាក់​ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​លោក​អ្នក​មិន​ព្យាបាល​ទាន់​ពេលវេលា​ទេ​នោះ គឺ​ជំងឺ​នេះ​អាច​បណ្ដាល​ឲ្យ​ពិការ​ភ្នែក។

តើ​ជំងឺ​ភ្នែក​ឡើង​បាយ​ជា​អ្វី? តើ​មាន​មូលហេតុ​អ្វី​ខ្លះ ដែល​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ?

ជំងឺ​ភ្នែក​ឡើង​បាយ គឺ​ជា​ការ​ស្រអាប់​កែវ​ភ្នែក​ដែល​អាច​បណ្ដាល​មក​ពី​ភាព​ជរា​ភាព ជំងឺ​ទឹក​នោម​ផ្អែម ការ​ប៉ះ​ទង្គិច​នឹង​វត្ថុ​អ្វី​មួយ ឬ​មូលហេតុ​នៃ​ជំងឺ​ដទៃ​ផ្សេង​ទៀត ជា​ហេតុ​បណ្ដាល​ឲ្យ​ការ​មើល​នូវ​រូបភាព​ធ្លាក់​ចុះ។

ប្រធាន​មន្ទីរពេទ្យ​ឌុកទ័រ គង់ ពិសិដ្ឋ និង​ជា​អនុប្រធាន​មន្ទីរពេទ្យ​អង្គឌួង លោក​សាស្ត្រាចារ្យ​ចក្ខុ​បណ្ឌិត គង់ ពិសិដ្ឋ មាន​ប្រសាសន៍​ថា មនុស្ស​គ្រប់​រូប​ដែល​មាន​អាយុ​ចាប់​ពី ៤៥​ឆ្នាំ​ឡើង​ទៅ អាច​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ ដោយ​ហេតុ​ថា ភាព​ចាស់​ជរា និង​ការ​ថែទាំ​ភ្នែក​មិន​បាន​ល្អ​ប្រសើរ ជា​កត្តា​បណ្ដាល​ឲ្យ​ស្រអាប់​កែវ​ភ្នែក។

ជំងឺ​ភ្នែក​ឡើង​បាយ គឺ​ជា​ការ​វិវឌ្ឍ​នូវ​ស្នាម​ស​បាំង​កញ្ចក់​ភ្នែក ដោយ​មិន​មាន​ការ​ឈឺ​ចាប់។ ជំងឺ​នេះ អាច​បាំង​ជិត​នូវ​កំណុំ​រូបភាព ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មើល​មិន​ច្បាស់៖ «»។

ការ​សិក្សា​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បង្ហាញ​ថា ជំងឺ​ភ្នែក​ឡើង​បាយ​ក៏​អាច​បណ្ដាល​មក​ពី​កំណើត​ដែរ។ គេ​សង្កេត​ឃើញ​ថា ឪពុក​ម្តាយ​ដែល​មាន​ជំងឺ​ភ្នែក​ឡើង​បាយ កូន​ដែល​កើត​មក​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ភ្នែក​ឡើយ​បាយ ដែល​ហៅ​ថា​កត្តា​តំណ​ពូជ។

បន្ថែម​ពី​លើ​នេះ ទស្សនាវដី្ត​សុខភាព​នៃ​សមាគម​គ្រូពេទ្យ​ភ្នែក​កម្ពុជា សរសេរ​ថា ស្ត្រី​ដែល​កើត​ជំងឺ​ស្អូច និង​ការ​ប្រើប្រាស់​ថ្នាំពេទ្យ​ដែល​មាន​សារជាតិ​ស្តេរ៉ូអ៊ីត​រយៈពេល​យូរ​នៅ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​ជា​ហេតុផល​មួយ​បណ្ដាល​ឲ្យ​កូន​ដែល​កើត​មក​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​ឡើង​បាយ៖ «»។

ការ​ប៉ះ​ទង្គិច ឬ​របួស​គ្រាប់​ភ្នែក​នឹង​វត្ថុ​រឹង និង​រលាក​ដោយសារ​ជាតិ​គីមី គឺ​អាច​បណ្ដាល​ឲ្យ​លោក​អ្នក​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ។ ទន្ទឹម​នឹង​នេះ ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក បញ្ជាក់​ថា លោក​អ្នក​ដែល​មាន​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក ការ​រលាក​ប្រស្រី​ភ្នែក និង​ការ​កើត​ជំងឺ​ភ្នែក​ទឹក​នោម​ផ្អែម ជា​កត្តា​ចម្បង​ដែល​អាច​បណ្ដាល​ឲ្យ​លោក​អ្នក​កើត​ជំងឺ​ភ្នែក​ឡើយ​បាយ​យ៉ាង​ឆាប់​រហ័ស៖ «»។

ការ​សិក្សា​បង្ហាញ​ទៀត​ថា ការ​ប្រើប្រាស់​ថ្នាំ​បន្តក់ និង​ថ្នាំ​លេប​ប្រភេទ​ស្តេរ៉ូអ៊ីត រយៈពេល​យូរ ការ​ជក់​បារី ការ​ផឹក​ស្រា​ច្រើន​ជ្រុល ការ​ប្រឈម​មុខ​នឹង​ពន្លឺ​កាំរស្មី​ព្រះអាទិត្យ និង​កាំរស្មី​ដទៃ​ផ្សេង​ទៀត​ក្នុង​រយៈពេល​ដ៏​យូរ ប្រការ​នេះ​អាច​បណ្ដាល​ឲ្យ​លោក​អ្នក​ងាយ​នឹង​កើត​ជំងឺ​ភ្នែក​ឡើង​បាយ​ណាស់។

តើ​ជំងឺ​ភ្នែក​ឡើង​បាយ អាច​ស្ដែង​ចេញ​ជា​អាការៈ​រោគ​ដូចម្តេច​ខ្លះ?

លោក​សាស្ត្រាចារ្យ​ចក្ខុ​បណ្ឌិត គង់ ពិសិដ្ឋ ពន្យល់​ថា ជំងឺ​ភ្នែក​ឡើង​បាយ​អាច​សម្គាល់​បាន​តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន ដូចជា ការ​ចាញ់​ពន្លឺ​ព្រះអាទិត្យ ពន្លឺ​នៃ​ភ្លើង​ឡាន ម៉ូតូ ពន្លឺ​កុំព្យូទ័រ និង​អំពូលម៉ែត្រ ជាដើម។ល។ ការ​ស្រវាំង​ខ្លាំង​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​ពេល​ល្ងាច​ស្រឡះ កូន​ក្រមុំ​នៃ​ភ្នែក​ឡើង​ស ប៉ុន្តែ​គ្មាន​ការ​ឈឺ​ចាប់ និង​ការ​មើល​នៃ​កំណុំ​រូបភាព​ផ្សេង​ថយ​ចុះ​បន្តិច​ម្តងៗ រហូត​ទាល់​តែ​ភ្នែក​លោក​អ្នក​មើល​ឃើញ​តែ​ពន្លឺ៖ «»។

ជំងឺ​ភ្នែក​ឡើង​បាយ បើ​សិន​លោក​អ្នក​មិន​បាន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ពិការ​ភ្នែក​បាន។ នៅ​ពេល​ដែល​លោក​អ្នក​កើត​ជំងឺ​ភ្នែក​ឡើង​បាយ​ហើយ មធ្យោបាយ​ដែល​អាច​ធ្វើ​ឲ្យ​កែវ​ភ្នែក​មើល​ច្បាស់​វិញ គឺ​មាន​តែ​ការ​ព្យាបាល​ដោយ​វះ​កាត់។

ស្ដីពី​ការ​ព្យាបាល លោក​ចក្ខុ​បណ្ឌិត គង់ ពិសិដ្ឋ ពន្យល់​ថា ការ​វះ​កាត់ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ការ​បក​យក​បាយ​ភ្នែក​ចេញ គឺ​ជា​ជម្រើស​តែ​មួយ​គត់​ក្នុង​ព្យាបាល​ជំងឺ​ភ្នែក​ឡើង​បាយ។ ការ​វះ​កាត់ អាច​ធ្វើ​ឡើង​សាមញ្ញ​បន្ទាប់​ពី​បាន​ពិនិត្យ​ភ្នែក​ដោយ​ឧបករណ៍​ចក្ខុ​សាស្ត្រ​នៅ​តាម​មន្ទីរពេទ្យ​ភ្នែក ដោយ​លោកគ្រូ​ពេទ្យ​ជំនាញ​ផ្នែក​ភ្នែក។ លោក​ចក្ខុ​បណ្ឌិត ពន្យល់​ថា ក្រោយ​ពី​ការ​វះ​កាត់​បក​បាយ​ភ្នែក​ចេញ​ហើយ គ្រូពេទ្យ​ប្រើប្រាស់​កែវ​សិប្បនិម្មិត​ជំនួស​កែវ​ភ្នែក ដើម្បី​ឲ្យ​អ្នក​ជំងឺ​អាច​មើល​ឃើញ​ឡើង​វិញ​បាន​ធម្មតា៖ «»។

ប្រធាន​អគារ​ភ្នែក​នៃ​មន្ទីរពេទ្យ​កេតុមាលា លោក​ចក្ខុ​បណ្ឌិត ហេង ច្រាង ពន្យល់​ថា ​ការ​វះ​កាត់​ភ្នែក​ឡើង​បាយ​ទាន់​ពេលវេលា អាច​ជួយ​ឲ្យ​ពលរដ្ឋ​អ្នក​ជំងឺ​មើល​ឃើញ​ឡើង​វិញ។ លោក​ចក្ខុ​បណ្ឌិត​បន្ថែម​ថា គ្មាន​ថ្នាំ​ដំណក់ ឬ​ឱសថ​ណា​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ភ្នែក​ឡើង​បាយ​បាន​នោះ​ទេ។ ចំពោះ​កុមារ​វិញ នៅ​ពេល​មាន​ជំងឺ​ភ្នែក​ឡើង​បាយ ត្រូវ​រួសរាន់​ទៅ​ព្យាបាល​ជំងឺ​នឹង​លោកគ្រូ​ពេទ្យ​ជំនាញ​ភ្នែក​នៅ​មន្ទីរពេទ្យ​ភ្នែក។ សូម​ជៀសវាង​ការ​ស្តោះ​ផ្លុំ​ដោយ​គ្រូ​ខ្មែរ​បុរាណ ឬ​ការ​បន់ស្រន់​អារុក្ខអារក្ខ​អ្នកតា​តាម​ជ្រោះ​ជ្រង់​ជ្រលង​អូរ និង​ដង​ភ្នំ ជាដើម។

បន្ថែម​ពី​លើ​នេះ លោក​ចក្ខុ​បណ្ឌិត គង់ ពិសិដ្ឋ មាន​វេជ្ជបញ្ជា​ថា ការ​ប្រើប្រាស់​ថ្នាំ ឬ​ការ​ប្រើប្រាស់​វ៉ែនតា​មិន​អាច​ព្យាបាល​ជំងឺ​ភ្នែក​ឡើង​បាយ​បាន​នោះ​ឡើយ៖ «»។

ប្រការ​សំខាន់​ជាង​នេះ​ទៅ​ទៀត ពលរដ្ឋ​អ្នក​ជំងឺ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​ផ្នែក​ភ្នែក បន្ទាប់​ពី​វះ​កាត់​រួច ដើម្បី​អាច​ជៀសវាង​នូវ​ផល​វិបាក​ផ្សេងៗ​ដែល​អាច​កើត​ដោយ​យថាហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។