
សុខភាពប្រដាប់ភេទមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងសុខភាពទូទៅរបស់មនុស្សគ្រប់រូប មិនថាស្ត្រី និងបុរសនោះទេ។ ការថែទាំប្រដាប់ភេទឲ្យមានអនាម័យល្អ និងស្អាតជានិច្ច គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីការពារលោកអ្នកមិនឲ្យប្រឈមមុខនឹងជំងឺកាមរោគ ជំងឺសើស្បែក និងជំងឺឆ្លងផ្សេងទៀត។
តើលោកអ្នកអាចសម្អាតប្រដាប់ប្រភេទដោយរបៀបណា ដើម្បីអាចជៀសផុតពីជំងឺផ្សេងៗ?
ប្រដាប់ភេទស្ត្រី និងបុរសមិនមានអនាម័យល្អស្អាត និងការមានដៃគូរួមភេទច្រើន អាចនឹងក្លាយជាប្រភពនៃជំងឺកាមរោគ មានជាអាទិ៍ ប្រមេះទឹកបាយ ប្រមេះទឹកថ្លា សិរមាន់ ស្វាយ ជំងឺអេដស៍ និងជាប្រភពនៃជំងឺសើស្បែមានដូចជា ស្រែង កន្ទាលត្រអាក និងរមាស់ ជាដើម។
ប្រធានវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត អ្នកស្រីវេជ្ជបណ្ឌិត ហាវ មុនីរត្ន ពន្យល់ថា ចំពោះមនុស្សស្រីការសម្អាតប្រដាប់ភេទជារឿងសំខាន់ ដែលមិនត្រូវមើលរំលងនោះឡើយ។ ប្រព័ន្ធបន្តពូជរបស់ស្ត្រី ងាយប្រឈមមុខនឹងការឆ្លងនូវជំងឺផ្សេងៗ ហើយអាចនឹងរាលដាលដល់សុខភាពដទៃទៀតមានស្បូន ជាដើម។ បន្ថែមពីលើនេះ នៅពេលស្ត្រីចូលដល់វ័យមានរដូវ ឬហៅថាវ័យគ្រប់ការ ពេលនោះរាងកាយស្ត្រីមានការប្រែប្រួលខុសប្លែកពីធម្មតា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ជាចាំបាច់៖ «»។
ប្រធានគ្លីនិកសើស្បែកភ្នំពេញ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យសុខាភិបាល លោកវេជ្ជបណ្ឌិត ថៃ គា បញ្ជាក់ថា ក្មេងស្រី និងស្ត្រីពេញវ័យ យ៉ាងហោចណាស់ត្រូវងូតទឹកក្នុងមួយថ្ងៃ ២ដង និងត្រូវជៀសវាងការប្រើប្រើប្រាស់ខោទ្រនាប់មិនស្អាត និងសើម ត្រូវបោកសម្អាត ហើយហាលខោខ្លី ក្រណាត់ កន្សែង និងក្រមាដែលលោកអ្នកប្រើប្រាស់ ឲ្យស្ងួតល្អ។ បើសិនជាអាច លោកអ្នកគួរអ៊ុតសម្លៀកបំពាក់ទាំងនោះ ដើម្បីសម្លាប់មេរោគ និងបាក់តេរីដែលតោងជាប់នឹងសាច់ក្រណាត់។ ទន្ទឹមនឹងនេះដែរ លោកអ្នកជ្រើសរើសសាច់ក្រណាត់កូតុងសុទ្ធៗ ដើម្បីងាយជក់ និងបឺតទឹក ឬញើសរបស់លោកអ្នក៖ «»។
ទស្សនាវដី្តសុខភាពនៃក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា ស្ត្រីក្រមុំ ឬមិនទាន់ឆ្លងកាត់ការរួមភេទ ត្រូវសម្អាតប្រដាប់ភេទដោយទឹកស្អាតធម្មតារៀងរាល់ក្រោយពេលបន្ទោបង់រួច និងមុនពេលចូលគេង ប៉ុន្តែមិនត្រូវលូកសម្អាតទៅដល់ខាងក្នុងនៃប្រដាប់ភេទនោះទេ ព្រោះប្រដាប់បន្តពូជស្ត្រី គឺតែងតែបញ្ចេញសារធាតុសម្រាប់សម្អាតផ្នែកខាងក្នុងដោយស្វ័យប្រវត្តិ។ ស្ត្រីដែលនៅក្រមុំ ឬនៅលីវ មិនគួរប្រើប្រាស់ទឹកអនាម័យលាងសម្អាតទេ ប៉ុន្តែអាចប្រើនៅពេលមានវេជ្ជបញ្ជាពីគ្រូពេទ្យ។
ប្រធានវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត អ្នកស្រីវេជ្ជបណ្ឌិត ហាវ មុនីរត្ន ពន្យល់ថា បើសិនលោកអ្នកប្រើប្រាស់ទឹកលាងសម្អាត ឬទឹកអនាម័យ លោកអ្នកអាចប្រើបានត្រឹមតែ ៣ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ មិនអាចលើសពីនេះបានឡើយ៖ «»។
ឯកសារសុខភាពស្ដីពីទំនាក់ទំនងស្នេហា និងសុខភាពបន្តពូជនៃអង្គការស៊ីប៉ា (SIPAR) បញ្ជាក់ថា ស្ត្រីដែលមានប្ដី ឬឆ្លងកាត់ការរួមភេទ មុនពេលរួមភេទ លោកអ្នកត្រូវតែសម្អាតប្រដាប់ភេទឲ្យបានល្អ ដើម្បីបង្ការការចម្លងរោគតាមផ្លូវភេទ។ ជាការសហការគ្នា លោកអ្នកត្រូវតែនិយាយជាមួយស្វាមី ឬក៏ដៃគូរបស់ខ្លួនពីបញ្ហាអនាម័យនេះដែរ។ ផ្ទុយមកវិញ បើលោកអ្នកនាងសម្អាតតែម្នាក់ឯង ហើយភាគីម្ខាងទៀតមិនសម្អាត ជំងឺផ្សេងៗនៅតែប្រឈមមុខនឹងការកើតដដែល។ ម្យ៉ាងវិញក្នុងករណីមានជំងឺដែលបង្កដោយការរួមភេទ លោកអ្នកត្រូវតែព្យាបាលទាំងពីរនាក់ បើទោះបីជាភាគីខាងបុរស មិនមានរោគសញ្ញា ឬក៏មិនមានការឈឺចាប់អ្វីក៏ដោយ។ បើពុំនោះទេ លោកអ្នកទាំងពីរនឹងចម្លងឲ្យគ្នាទៅវិញទៅមកមិនមានថ្ងៃជាសះស្បើយនោះឡើយ។
តើបុរសត្រូវសម្អាតប្រដាប់ភេទឲ្យស្អាតដូចស្ត្រីដែរឬទេ?
ប្រធានគ្លីនិកសើស្បែកភ្នំពេញ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យសុខាភិបាល លោកវេជ្ជបណ្ឌិត ថៃ គា មានវេជ្ជបញ្ជាថា បុរសគ្រប់រូបមិនត្រូវធ្វេសប្រហែសដោយភាពខ្ជិលច្រអូស ឬគិតថាលិង្គរបស់ខ្លួនមិនងាយឆ្លងរោគ ហើយមិនសម្អាតឲ្យបានត្រឹមត្រូវនោះទេ។ ស្បែក និងចុងលិង្គ សុទ្ធតែជាកន្លែងដែលផ្ទុកនូវមេរោគ និងបាក់តេរី ពិសេសគន្លាក់នៃលិង្គតែម្តង។ នៅពេលបន្ទោបង់ម្តងៗ លោកអ្នកត្រូវលាត់លាងស្បែក និងសាច់លិង្គឲ្យបានស្អាត។ ប្រការមួយទៀតដែលលោកអ្នកអាចពិចារណាដែរនោះ គឺការកាត់ស្បែកនៃចុងលិង្គចេញ ព្រោះថា ស្បែកនៃចុងលិង្គអាចនឹងយារនៅពេលមានវ័យចាស់ ហើយនឹងក្លាយជាសម្បុកនៃជំងឺកាមរោគមានជាអាទិ៍ ជំងឺសិរមាន់ ប្រមេះទឹកបាយ ប្រមេះទឹកថ្លា និងស្វាយ ជាដើម៖ «»។
លោកវេជ្ជបណ្ឌិតបន្តថា ប្រដាប់ភេទរបស់បុរសជាភ្នាក់ងារចម្លងរោគទៅស្ត្រី ជាពិសេសបុរសដែលប្រឡូកការរួមភេទច្រើន និងគ្មានការពិនិត្យសុខភាពឲ្យបានទៀងទាត់ និងត្រឹមត្រូវ។ លោកអ្នកត្រូវលាងសម្អាតប្រដាប់ភេទជាដាច់ខាត មុនពេលរួមភេទ និងក្រោយពេលរួមភេទ។
គ្រូពេទ្យឯកទេសសើស្បែក កាមរោគ និងគ្រូពេទ្យផ្នែកមហារីក មានវេជ្ជបញ្ជាថា ជាប្រការការពារសុខភាពប្រដាប់ភេទរបស់ប្រិយមិត្តគ្រប់រូប លោកអ្នកនាងកញ្ញាអាចទៅពិនិត្យសុខភាពរៀងរាល់ ៦ខែ ឬ ១ឆ្នាំម្ដង ទោះមិនមានបញ្ហាអ្វីក៏ដោយ ពិសេសស្ត្រីត្រូវតែទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ក្រែងមានបញ្ហាមួយចំនួនដែលមិនស្ដែងចេញជារោគសញ្ញា។
ស្ត្រីគ្រប់រូបអាចថែទាំសម្អាតប្រដាប់ភេទផ្នែកខាងក្រៅ កុំឲ្យមានអាការៈរលាក ឬប៉ះទង្គិចអ្វីមួយ ពីព្រោះថា កន្លែងរលាក រលាត់ ឬស្នាមនៃរបួសនោះ នឹងអាចនាំឲ្យបាក់តេរីវាយលុករាតត្បាតទៅមាត់ស្បូន ដៃស្បូន ជាហេតុប្រឈមមុខនឹងការកើតជំងឺស្ត្រី ឬរោគស្ត្រី ជាអាទិ៍ ធ្លាក់ស ឬអាចកើតជាជំងឺមហារីកមាត់ស្បូន តាមរយៈការមានដៃគូច្រើន និងមិនមានអនាម័យស្អាតបាត៖ «»។
លោកអ្នកនាង ត្រូវមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសទឹកអនាម័យសម្រាប់សម្អាតប្រដាប់ភេទ ព្រោះថា ទឹកអនាម័យដែលគ្មានគុណភាព អាចបង្កជាបញ្ហាបាន។ ជាមធ្យោបាយល្អ នឹងអាចកាត់បន្ថយការចំណាយផងនោះ លោកអ្នកនាងគ្រាន់តែលាងប្រដាប់ភេទនឹងទឹកស្អាតធម្មតា ឬអាចប្រើប្រាស់សាប៊ូបានដែរ ប៉ុន្តែកុំដាក់ច្រើនពេក។ លោកអ្នកអាចជៀសវាងការខ្វះអនាម័យ ការមានដៃគូច្រើន និងការរួមភេទដោយមិនប្រើស្រោមអនាម័យ ព្រោះវានឹងក្លាយជាសត្រូវបំផ្លាញជីវិតលោកអ្នកគ្មានក្តីអាណិត។
លោកអ្នកនាង ត្រូវទៅជួបពិគ្រោះយោបល់នឹងគ្រូពេទ្យឯកទេសសើស្បែកកាមរោគ អេដស៍ នៅពេលសង្ស័យថា ខ្លួនមានបញ្ហាសើស្បែកនៃប្រដាប់ភេទ។ លោកអ្នកនាងកញ្ញាអាចជៀសវាងការទិញថ្នាំមកលេប ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និងមិនត្រូវឆាប់ជឿការឃោសនានៃការលក់ថ្នាំដែលគ្មានការបញ្ជាក់ពីគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ និងមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។