អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នរដ្ឋ ដែលធ្វើការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នៅប្រទេសកម្ពុជា កំពុងព្រួយបារម្ភ នៅពេលដែលជំនួយថវិកាអន្តរជាតិមិនប្រាកដប្រជានៅពេលខាងមុខ។
ការព្រួយបារម្ភនេះ បានបង្ហាញឡើងនៅសន្និសីទសារព័ត៌មាន និងការបើកពិព័រណ៍រូបថតមួយ របស់អង្គការ ខាណា (KHANA) អង្គការ (អេហ្វ អេច្ឆ អៃ) FHI 360 និងអង្គការ (ភី អេស អៃ) PSI ជាការរំលឹកដល់ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ នៅសណ្ឋាគារខាំបូឌីយ៉ាណា ក្រុងភ្នំពេញ កាលពីថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០១១។
ប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកលនៅកម្ពុជា និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត ទា ផល្លា ថ្លែងថា មូលនិធិសកល ឬ ក្លូបល ហ្វាន់ (Global Fund) ជាថវិកាជំនួយអន្តរជាតិធំមួយ ដែលរួមចំណែកក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ត្រូវបានផ្អាកនៅឆ្នាំ ២០១១ នេះ។
លោកវេជ្ជបណ្ឌិត ទា ផល្លា៖ «រឿងមូលនិធិសកលនេះជាសញ្ញាមួយបញ្ជាក់ប្រាប់យើងថា វិបត្តិសេដ្ឋកិច្ចលើពិភពលោក វិបត្តិគ្រោះធម្មជាតិលើពិភពលោក ជះឥទ្ធិពលមកដល់ការរួមចំណែករបស់ប្រទេសអភិវឌ្ឍន៍ហ្នឹងមកលើស្រុកយើងក្នុងជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ ពីមុនមក គេមានលុយហ្នឹង គេប្រកាសរាល់ឆ្នាំ។ ប៉ុន្តែឥឡូវនេះ Round (ជុំ) ទី ១១ យើងអត់បានដាក់គេបិទតែម្ដង»។
ប្រធានក្រុមប្រឹក្សាភិបាលអង្គការ ខាណា (KHANA) លោក ដេវីដ វិលគីនសុន (David Wilkinson) មានប្រសាសន៍ថា អង្គការរបស់លោកបានធ្វើការលើបញ្ហាជំងឺអេដស៍ ផ្ដោតលើការទប់ស្កាត់ការឆ្លងក្នុងចំណោមក្រុមគោលដៅ ដូចជា ការប្រើស្រោមអនាម័យ ព្យាបាល ការថែទាំអ្នកជំងឺ និងផ្ទុកមេរោគអេដស៍ កុមាររងគ្រោះ ក្រុមបុរសស្រឡាញ់បុរស ក្រុមស្ត្រីធ្វើការនៅមណ្ឌលកម្សាន្ត និងក្រុមអ្នកចាក់ថ្នាំញៀន ចាប់តាំងពីឆ្នាំ ១៩៩០ មក។ លោកបញ្ជាក់ថា ការផ្អាកជំនួយរបស់ក្លូបល ហ្វាន់ គឺជាការប្រឈមចំពោះការងារទាំងអស់នេះ។
លោក ដេវីដ វិលគីនសុន៖ «បើសិនមិនមានផ្ដល់ការគាំទ្រនោះទេ វាពិបាកក្នុងការធ្វើការងារផ្ដោតជាសំខាន់លើការទទួលមូលនិធិ ដើម្បីបន្តការផ្ដល់នូវថ្នាំព្យាបាល និងការពន្យារ»។
លោកបន្តថា នៅពេលដែលជំនួយថវិការបស់មូលនិធិសកលត្រូវផ្អាក រដ្ឋាភិបាលកម្ពុជាត្រូវផ្ដល់ថវិកាបន្ថែមទៀត ដើម្បីបន្តការងារប្រយុទ្ធនឹងជំងឺអេដស៍ឱ្យមាននិរន្តរភាពទៅមុខទៀត ក្នុងទិសដៅផ្ដល់សេវាបង្ការ ថែទាំ និងវាព្យាបាលមេរោគអេដស៍ក្នុងចំណោមពលរដ្ឋកម្ពុជា ដែលត្រូវការខ្លាំងបំផុតនៅក្នុងសហគមន៍។
ប្រទេសកម្ពុជា ដែលធ្លាប់ជាប្រទេសមួយ មានអត្រាឆ្លងរាលដាលមេរោគអេដស៍ខ្លាំងជាងគេនៅតំបន់អាស៊ី បានទទួលការសរសើរពីអន្តរជាតិចំពោះការប្រយុទ្ធនឹងជំងឺអេដស៍ ដែលនាំឱ្យអត្រាឆ្លងធ្លាក់ចុះ ពីចំនួន ២.៤% មកនៅ ០.៨%។
បើទោះជាដូច្នេះក្ដី លោកវេជ្ជបណ្ឌិត ទា ផល្លា ថ្លែងថា ប្រទេសកម្ពុជានៅតែមានបញ្ហា ដោយសារនៅតែមានអ្នកស្លាប់ដោយជំងឺអេដស៍ និងឆ្លងមេរោគអេដស៍៖ «ការនិទស្សន៍របស់ អិនឆាត (NCHAD) បានបញ្ជាក់ថា ប្រហែល ២.០០០ ឬជាង ២.០០០ នាក់ស្លាប់ក្នុងមួយឆ្នាំៗ ទាក់ទងនឹងបញ្ហាជំងឺអេដស៍។ ២០១១ ជិត ២.៥០០ នាក់ស្លាប់ ហើយករណីឆ្លងវិញនៅមានឆ្លង។ កម្រិតឆ្លងប្រហែល ១.០០០ នាក់ក្នុងមួយឆ្នាំៗ ទៅខាងមុខនោះទៀត ហើយកុមារនៅតែមានឆ្លងពីម្ដាយទៅកូន»។
ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ប្រទេសកម្ពុជាបានចំណាយប្រចាំឆ្នាំប្រមាណជាង ៩០% ដែលបានមកពីស្ថាប័នជំនួយអន្តរជាតិ ក្នុងចំណោមថវិកាចំនួនជាង ១៤០ លានដុល្លារ ដែលបានចំណាយកន្លងមក៖ «គេអនុម័តឱ្យយើងជាង ២០០ លាន ហើយយើងចាយអស់ ១៤៣ លានហើយ នៅ ៧០ ឬ ៨០ លានទៀត។ ដូច្នេះ ទៅមុខទៀតយើងមានការព្រួយបារម្ភមែនទែនចំពោះបញ្ហាហ្នឹង។ ប៉ុន្តែ គឺគេមានយន្តការអន្តរកាល សម្រាប់ឱ្យយើងស្នើសុំថវិកាចាំបាច់មួយចំនួន វាតូចជាងហ្នឹងទេ។ ដូច្នេះ យើងត្រូវគិតគូរប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល»។
នាយកទីភ្នាក់ងារសហរដ្ឋអាមេរិក ឬហៅថា USAIDលោក ហ្វ្លីន ហ៊្វុលលើ (Flynn Fuller) បានសាទរនឹងជោគជ័យចំពោះការធ្លាក់ចុះអត្រាឆ្លងមេរោគអេដស៍នៅកម្ពុជា។ ក៏ប៉ុន្តែនៅពេលជាមួយគ្នានេះ លោកមើលឃើញថា កម្ពុជាកំពុងប្រឈមនឹងវិបត្តិថវិកាពិភពលោក បញ្ហាជំងឺអេដស៍នៅមាន និងបញ្ហាសុខភាពជាអាទិភាព។
ស្របពេលគ្នានឹងការផ្អាកជំនួយពីមូលនិធិសកល លោក ហ្វ្លីន ហ៊្វុលលើ បានឱ្យដឹងថា ទីភ្នាក់ងារសហរដ្ឋអាមេរិក ក៏នឹងកាត់បន្ថយថវិកាមួយចំនួនដែរនៅពេលខាងមុខនេះ។
លោក ហ្វ្លីន បន្តថា ទន្ទឹមគ្នានឹងជោគជ័យនៅពេលនេះ កម្ពុជាត្រូវតែបង្ហាញឱ្យពិភពលោកឃើញជាថ្មីទៀត ជាអ្នកនាំមុខគេក្នុងយុទ្ធសាស្ត្រ និងចំណាយតិចលើការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ថ្នាក់ជាតិ៖ «ជំហានដំបូង គឺប្រែក្លាយជ័យជម្នះជាប្រវត្តិសាស្ត្រ ដើម្បីនាំយកភាពឆ្នៃប្រឌិតវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគំនិតជាយុទ្ធសាស្ត្រ ដែលបង្កើនប្រសិទ្ធភាពលើកម្មវិធីបង្ការ ការថែទាំ និងការព្យាបាល។ នៅក្នុងផ្នែកសំខាន់និមួយៗ ទាមទារភាពជាដៃគូ ដើម្បីបង្កើតជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលលម្អិតពីវិធីធ្វើការ ដែលទទួលបានលទ្ធផលខ្ពស់ កាន់តែមាននិរន្តរភាព និងចំណាយថវិកាកាន់តែតិច ហើយប្រជាជនទទួលផលកាន់តែច្រើនឡើង»។
នាយកប្រចាំប្រទេសនៃអង្គការ ភី.អេស.អាយ (PSI) អ្នកស្រី យ៉ាស្មីន ម៉ាដាន ថ្លែងថា ឥឡូវនេះជាពេលដែលយើងត្រូវពិនិត្យមើលភាពជោគជ័យ ការប្រឈមមុខ និងយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺអេដស៍ ប្រកបដោយនិរន្តរភាព។
ឆ្លើយតបនឹងប្រសាសន៍របស់លោក ហ្វ្លីន ហ៊្វុលលើ លោកវេជ្ជបណ្ឌិត ទា ផល្លា ថ្លែងថា លោកនឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រក្នុងប្រយុទ្ធនឹងជំងឺអេដស៍៖ «យើងគិតថាមានរូបមន្តថ្មីមួយទៀត នៅពេលទ្វារមួយបិទហើយ ទ្វារមួយទៀតនឹងបើក។ ទ្វារមួយដែលបើកហ្នឹង គឺបើកបេះដូងធ្វើការជាមួយគ្នា ពីព្រោះយើងមានលុយតិច ដូច្នេះយើងត្រូវធ្វើការជាមួយគ្នាឱ្យជិតស្និទ្ធជាងមុនទៅទៀត។ ខ្ញុំគិតថា ប្រហែលជាអាចកាត់នៅ ៤០ លាន ឬ ៣៥ លានអីហ្នឹង ថាយើងធ្វើយ៉ាងម៉េចអាទិភាពសកម្មភាពរបស់យើងឱ្យបានល្អប្រសើរ ហើយរលូនជាមួយគ្នា»។
លោក ហ្វ្លីន ហ៊្វុលលើ ក្រោមជំនួយថវិកាពីស្ថាប័នអន្តរជាតិ រួមនឹងរដ្ឋាភិបាល មានអ្នកផ្ទុកមេរោគអេដស៍ចំនួនជាង ៨៥% បានទទួលការព្យាបាល។ បើទោះជាមានថ្នាំដូច្នេះក្ដី នៅតែមានមនុស្សដោយសារជំងឺអេដស៍ ព្រោះតែអ្នកជំងឺខ្លះមិនមកទទួលយកការព្យាបាល។
ដំណឹងស្ដីពីការបន្ថយ និងផ្អាកជំនួយថវិកាពីស្ថាប័នអន្តរជាតិ បានធ្វើអ្នកជំងឺ និងអ្នកផ្ទុកមេរោគមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ដោយសារអេដស៍ ព្រួយបារម្ភខ្លាំងអំពីការលំបាក ដែលប្រឈមមុខ ដោយសារតែពួកគាត់ពឹងផ្អែកជំនួយទាំងនេះ។
លោកវេជ្ជបណ្ឌិត ទា ផល្លា មានប្រសាសន៍ថា នៅប្រទេសកម្ពុជា អ្នកផ្ទុកមេរោគអេដស៍ ដែលមានអាយុចន្លោះពី ១៥ ដល់ ៤៩ ឆ្នាំ គឺមានចំនួន ៧ ម៉ឺននាក់ រហូតមកដល់ចុងឆ្នាំ ២០១១ នេះ។ លោកឱ្យដឹងថា ក្នុងរយៈពេល ២០ ឆ្នាំមកនេះ មានអ្នកចូលរួមធ្វើការខាងទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍ ដែលទទួលប្រាក់ខែ និងអ្នកជួយម្ដងម្កាលជាង ១ ម៉ឺននាក់។
លោកបញ្ជាក់ថា ការកាត់បន្ថយជំនួយគឺប៉ះពាល់ទាំងលើការបង្ការ ការថែទាំ និងការកាត់បន្ថយផលវិបាកនៃមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជានៅពេលខាងមុខនេះ៕