រោគសញ្ញា​មហារីក​សុដន់ និង​វិធី​ព្យាបាល

0:00 / 0:00

គ្រូពេទ្យ​ជំនាញ​សុខភាព​អះអាង ថា ការ​ថត​ឆ្លុះ​ពិនិត្យ​សុដន់ ឬ​ដោះ ហៅ​ជា​ភាសា​អង់គ្លេស​ថា ម៉ាមម៉ូក្រាម (Mammogram) អាច​ជួយ​កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សុដន់ បើសិនជា​ការពិនិត្យ​តាមដាន​នោះ​ធ្វើ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​ជំនាញ។

តើ​មហារីក​សុដន់ បង្ហាញ​រោគសញ្ញា​អ្វីខ្លះ​? តើ​គេ​អាច​ព្យាបាល​វា​ដោយ​វិធី​ណា?

គេហទំព័រ​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​មហារីក​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិនទាន់​អាច​រក​ឃើញ​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ស្ត្រី​កើត​ជំងឺ​មហារីក​សុដន់​នោះ​ទេ​។ មហារីក​សុដន់ មិន​បង្ហាញ​ឱ្យ​ឃើញ​រោគសញ្ញា​អ្វី​ទេ នៅ​ក្នុង​ដំណាក់កាល​ដំបូងៗ លើកលែងតែ​គ្រូពេទ្យ​ថត​ឆ្លុះ​ពិនិត្យ​សុដន់​ដោយ​ម៉ាស៊ីន ដែល​ហៅថា ម៉ាមម៉ូក្រាម រួច​បន្ត​ធ្វើ​កោសល្យវិច័យ​លើ​សាច់ដុំ​រឹង ឬ​ថង់​ទឹក​ក្នុង​សុដន់ ទើប​អាច​បញ្ជាក់​ច្បាស់​ពី​ជំងឺ​មួយ​នេះ។ គេហទំព័រ​ដដែល​បន្ត​ថា គេ​អាច​កត់សំគាល់​រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​សុដន់ ដូចជា​សុដន់​ឈឺ​ឬ​ចុង​សុដន់​ឈឺ ស្បែក​នៅ​ជុំវិញ​សុដន់​ដូរ​ពណ៌ មាន​ដុំ​ពក​រឹង​ឬ​កន្លែង​ផត​ស្បែក មាន​ដំបៅ និង​ហើម​ក្លៀក​ជាដើម។

អ្នកស្រី​វេជ្ជបណ្ឌិត គ្រីស្ទីណា លី (Christina LEE) គ្រូពេទ្យ​ជំនាញ​ផ្នែក​សុខភាព​ទូទៅ នៅ​គ្លីនិក​មួយ​ក្នុង​ក្រុង​ឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វរនីញ៉ា (California) មាន​ប្រសាសន៍​ថា ប្រសិន​បើ​​ស្ត្រី​​សង្ស័យ​​ពី​​រោគ​សញ្ញា​​ណា​មួយ​​នៃ​​ជំងឺ​​មហារីក​​សុដន់ គេ​​គួរ​តែ​​ទៅ​​ពិគ្រោះ​​ជាមួយ​​វេជ្ជបណ្ឌិត​​ជំនាញ​​ភ្លាម ដើម្បី​​ឆ្លុះ​ថត​ឱ្យ​បាន​ឃើញ​ច្បាស់ មុននឹង​ទទួល​បាន​សេវា​ព្យាបាល៖ «ភាគ​ច្រើន​​មហារីក​​ដោះ​​អត់​​មាន​​ចេញ​​រោគ​សញ្ញា​​ទេ។ សំខាន់​​យើង​​ត្រូវ​​ទៅ​​ពិនិត្យ​។ អ្នក​ខ្លះ​​ស្បែក​លើ​​ដោះ​​ចាប់​ផ្ដើម​​ហើម ចេញ​​កន្ទួល​​ក្រហម ឬមួយ​មើល​ក្នុង​កញ្ចក់​ទៅ ឃើញ​​ខាង​​ស្តាំ ​ឬ​​ខាង​ឆ្វេង ខូង​​ក្នុង​​ស្បែក ឬ​​ឡើង​​ដំបៅ ហើយ​​ខ្លះ​​អត់​​មាន​​កើត​​ដុំ​​ទេ ឬ​មួយ​​ដោះ​​ម្ខាង​​ធំ​​ជាង ​ឬ​​ស្វិត​​ទៅ ហើយ​​ខ្លះ​​ទៀត ពេល​​ច្របាច់​​ចុង​​ដោះ​​មក​ចេញ​​ជា​​ទឹក​​លាយ​​ឈាម»។

គ្រូពេទ្យ​ជំនាញ​ផ្នែក​សុខភាព​ទូទៅ​រូប​នេះ មាន​ប្រសាសន៍​បន្ត​ថា ស្ត្រី​ខ្មែរ​ភាគច្រើន មានការ​អៀនខ្មាស មិន​ចង់​ឱ្យ​គ្រូពេទ្យ​ស្ទាប​ដោះ​នោះ​ឡើយ ហើយ​ស្ត្រី​ខ្លះ​ទៀត ខ្លាច​ឈឺ នៅ​ពេល​គេ​គាប​ដោះ​សង្កត់​លើ​ឧបករណ៍​ថត។ អ្នកស្រី​អះអាង​ថា ប្រការ​ដែល​ឈឺ​មួយ​ភ្លែត​នៅ​ពេល​ថត​ឆ្លុះ វា​ប្រសើរ​ជាង​សេវា​ព្យាបាល​ដែល​ប្រើ​រយៈពេល​យូរ៖ «អ្នកខ្លះ​នៅ​ពេល​មក​មើល​ខ្ញុំ គាត់​ប្រាប់​ថា​ខ្លាច​អត់​ហ៊ាន​ទៅ​ថត​ដោះ ព្រោះ​ខ្លាច​ឈឺ ហើយ​អ្នក​ខ្លះ​ទៀត​អៀន។ ខ្ញុំ​ប្រាប់​វិញ​ថា កុំ​អៀន បើ​រក​ឃើញ​វា​ល្អ យើង​មិន​ចាំបាច់​ឈឺ​ហ្នឹង​គឺ​ឈឺ​តិចតួច​ទេ។ បើ​ទៅ​ថត​ឆ្លុះ​ទៅ​គេ​អាច​រក​ឃើញ​ទាន់​ពេល​វេលា គេ​អាច​ព្យាបាល​បាន​មិន​អី​ទេ ប៉ុន្តែ​ខ្លះ​នៅ​ពេល​គេ​រក​ឃើញ គឺ​ដល់​ដំណាក់​ការ​ទី​៤ (Stage4) ដូចនេះ​គេ​មិន​អាច​ជួយសង្គ្រោះ​បាន​ទេ»។

ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​មហារីក​នៅ​សហរដ្ឋអាមេរិក ឱ្យ​ដឹង​ថា កត្តា​ចម្បង​ដែល​ស្ត្រី​ប្រឈម​ខ្លាំង​នឹង​ជំងឺ​មហារីក​សុដន់ គឺ​ទាក់ទង​នឹង​វ័យ ជាពិសេស ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី ៤០ ទៅ ៥០​ឆ្នាំ​។ ក៏​ប៉ុន្តែ ស្ត្រី​វ័យ​ក្រោម ៤០​ឆ្នាំ ក៏​មាន​កើត​ជំងឺ​មហារីក​សុដន់​ដែរ​។ ភាគច្រើន​ស្ត្រី​កើត​ជំងឺ​មហារីក​សុដន់​ដោយសារ ស្ត្រី​នោះ​មាន​មាតា ឬ​បង​ប្អូនស្រី កើត​ជំងឺ​មហារីក​ស្បូន និង​សុដន់។ ស្ត្រី​ដែល​ចាប់ផ្ដើម​មាន​រដូវ​នៅ​វ័យក្មេង​អាយុ​ ១២​ឆ្នាំ ឬក៏​ស្ត្រី​ដែល​អស់​រដូវ (Menopause) អាយុ​លើស​ពី​ ៥៥​ឆ្នាំ​។ ស្ត្រី​ដែល​គ្មាន​កូន ឬ​ស្ត្រី​ដែល​មាន​កូន​អាយុ លើស​ពី​ ៣០​ឆ្នាំ ស្ត្រី​ប្រើ​ថ្នាំ​ពន្យារកំណើត​ប្រភេទ​គ្រាប់ និង​ស្ត្រី​ធាត់​ខ្លាំង​ពេក​ ដែល​មិន​បាន​ហាត់​ប្រាណ និង​ស្ត្រី​ទទួលទាន​សុរា​ច្រើន​ហួសហេតុ​។ បន្ថែម​ពី​លើ​​នេះ​ស្ត្រី ធ្លាប់​​ថត​កាំរស្មី​អេច្ច (X-Ray) លើ​ទ្រូង ដោយ​ប្រើ​វិទ្យុ​សកម្ម (Radiation) ជា​ដើម។

គ្រូពេទ្យ​ជំនាញ​ផ្នែក​សុខភាព​ទូទៅ អ្នកស្រី​វេជ្ជបណ្ឌិត គ្រីស្ទី​ណា លី (Christina LEE) ផ្ដល់​ដំបូន្មាន​ថា ស្ត្រី​អាយុ​ចន្លោះ​ពី​ ៤០​ឡើង​ទៅ គួរ​ថត​ពិនិត្យ​សុដន់ រៀងរាល់​ឆ្នាំ រហូតដល់​អាយុ ៥៤​ឆ្នាំ។ អ្នកស្រី​វេជ្ជបណ្ឌិត មាន​ប្រសាសន៍​ថា នៅ​ពេល​ថត​ឆ្លុះ​ដំបូង Mammogram សង្ស័យ​មាន​រោគសញ្ញា​ណាមួយ​នៃ​ជំងឺ​មហារីក​សុដន់ គ្រូពេទ្យ​ជំនាញ​នឹង​បន្ត​ពិនិត្យ​បន្ថែម​ទៀត ដូចជា​កាត់​យក​សាច់ដុំ​រឹង ឬ​ថង់​ទឹក ក្នុង​សុដន់ ទៅ​ធ្វើ​កោសល្យវិច័យ៖ «យើង​ទៅ​ថត​ដំបូង​នោះ​គឺ Mammogram ដើម្បី​រកមើល​ឱ្យ​ឃើញ​គេ​ហៅថា Screening ហើយ​បន្ទាប់ពី​គេ​រក​ឃើញ​សាច់ដុំ​មែន គេ​ហៅ Diagnose ខ្លះ​គេ​ឃើញ​ដូច​ថង់​ទឹក​មួយ គេ​អាច​បូម​យក​ទឹក​ទៅ​ពិនិត្យ តើ​មាន​កោសិកា​មហារីក​ ឬ​អត់​។ បើ​ឃើញ​ជា​ដុំ គេ​នឹង​កាត់​សាច់​យក​បន្តិច សម្រាប់​មើល​មីក្រូស្កូប ដើម្បី​បញ្ជាក់​បន្ថែម​ថា តើ​មាន​កោសិកា​ធម្មតា ឬ​កោសិកា​មហារីក»។

អ្នកស្រី​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់ គឺ​ព្យាបាល​ទៅតាម​ដំណាក់កាល​នៃ​ជំងឺ​មហារីក។ ប្រសិនបើ​អ្នកជំងឺ ឆាប់​ពិនិត្យ​រក​ឃើញ​ជំងឺ​​មហារីក​​នៅ​ក្នុង​ដំណាក់កាល​ដំបូងៗ វិធី​ព្យាបាល​នឹង​មាន​ប្រសិទ្ធភាព​បាន ​១០០%​។ ការ​ព្យាបាល​ជំងឺ​មហារីក​ដោះ ដូចគ្នា​នឹង​ជំងឺ​មហារីក​ផ្សេងទៀត​ដែរ គឺ​​មាន​​ទាំង​​វិធី​​ព្យាបាល​ដោយ​ថ្នាំ ដោយ​វិទ្យុសកម្ម និង​ការ​វះកាត់ ហើយ​បញ្ហា​នេះ គឺ​អាស្រ័យ​ដោយ​កម្រិត​ធ្ងន់ ឬ​ស្រាល​នៃ​ជំងឺ​មហារីក​សុដន់៖ «បើ​វា​មាន​ទំហំ​តូច ពេទ្យ​ផ្តល់​យោបល់​ថា វះ​យក​វា​ចេញ​។ ប៉ុន្តែ នៅ​ពេល​វា​ធំ​ពេក គេ​អត់​វះ​យក​ចេញ​ទេ គេ​មាន​វិធី​ព្យាបាល​គេ មុន​ដំបូង​គេ​ប្រើ​កាំរស្មី ឬមួយ​ប្រើ​វិធី​ផ្សេងទៀត ដើម្បី​​ធ្វើ​​ឱ្យ​​វា​​រួម មុន​កាត់​យក​ចេញ។ ពេល​គេ​រក​ឃើញ​ហើយ គេ​អាច​ធ្វើ​តេស្ត​បញ្ជាក់​អំពី​កម្រិត ទី​១ ទី​២ ឬ​ទី​៣ ឬ​ទី​៤ រួចហើយ​គេ​ព្យាបាល ដោយ​ប្រើ Radiation Chemotherapy ហើយ​ធ្វើ​រួចហើយ គេ​កាត់​យក​ដោះចេញ​តែម្ដង»។

ស្ថិតិ​នៅ​សហរដ្ឋអាមេរិក​បង្ហាញ​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៨ មាន​ករណី​ថ្មី​នៃ​អត្រា​ស្ត្រី​កើត​ជំងឺ​មហារីក​សុដន់​ចំនួន ជាង ២៦​ម៉ឺន​នាក់ ហើយ​ក្នុង​មួយឆ្នាំៗ មាន​ស្ត្រី​យ៉ាងតិច ៤​ម៉ឺន​នាក់​ស្លាប់ ដោយសារ​ជំងឺ​មហារីក​សុដន់​នេះ​។

ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ​គេ​ពុំ​មាន​ស្ថិតិ​អំពី​អត្រា​ស្លាប់​នៃ​អ្នក​កើត​ជំងឺ​មហារីក​សុដន់​នេះ​ទេ។ ក៏ប៉ុន្តែ បើ​តាម​ការ​អះអាង​របស់​លោក​សាស្ត្រាចារ្យ គួយ សំណាង វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺ​មហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត ធ្លាប់​ប្រាប់​កាសែត​ក្នុងស្រុក​ថា ក្នុង​មួយ​ថ្ងៃៗ មាន​ស្ត្រី​ខ្មែរ​មក​ពិនិត្យ សម្រាក​ពេទ្យ និង​មក​ទទួល​ការ​ព្យាបាល​ជំងឺ​មហារីក​ទូទៅ ដោយ​ការ​បាញ់​កាំរស្មី មាន​ចំនួន​ជាង ១០០​នាក់ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​គឺ មហារីក​សុដន់ ជាប់​ចំណាត់ថ្នាក់​លេខ​២។ លោក​សាស្ត្រាចារ្យ​មានប្រសាសន៍​បន្ត​ថា បើ​តាម​ស្ថិតិ​ឆ្នាំ​២០១៦ អត្រា​ស្ត្រី​កើត​ជំងឺ​មហារីក​សុដន់ មាន​ ១២% ដែល​មាន​អាយុ​ចន្លោះ ពី​ ៣០​ឆ្នាំ ដល់ ​៥០​ឆ្នាំ។

ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​មហារីក​នៅ​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​បន្ថែម​ថា គ្មាន​វិធី​ណាមួយ ដើម្បី​ការពារ​មិន​ឱ្យ​ស្ត្រី​កើត​ជំងឺ​មហារីក​សុដន់​បានទេ ប៉ុន្តែ​អត្រា​ព្យាបាល​អ្នកជំងឺ​មហារីក​សុដន់ កម្រិត​ទី​១ គឺ​អាច​ព្យាបាល​ជា​បាន ​១០០% កម្រិត​ទី​៣ បាន​ ៧២% ហើយ​អ្នក​ដែល​មាន​កម្រិត​ទី​៤ គឺ​អាច​ព្យាបាល​បានជា​ចំនួន ២២% ក្នុង​រយៈពេល ​៥​ឆ្នាំ។ សំខាន់​ជាង​នេះ​ទៅ​ទៀត គេ​អាច​មាន​វិធីសាស្ត្រ​មួយ​ចំនួន ដើម្បី​កាត់បន្ថយ​ហានិយភ័យ​ខ្ពស់​នៃ​ជំងឺ​មហារីក​សុដន់​នេះ រួម​មាន ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​ថត​ពិនិត្យ​សុដន់ តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត ទោះបីជា​គ្មាន​ក្រុម​គ្រួសារ​កើត​ជំងឺ​មហារីក​ក៏ដោយ ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ បរិភោគ​របប​អាហារ​ទ្រទ្រង់​សុខភាព រក្សា​ទម្ងន់​កុំ​ឱ្យ​ធាត់​ខ្លាំង​ពេក កាត់​បន្ថយ​ការ​ទទួល​ទាន​សុរា និង​កាត់បន្ថយ​ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន (Hormone) ជំនួស ក្រោយ​ដែល​ស្ត្រី​ធ្វើទុក្ខ​ខ្លាំង​នៅ​ពេល​អស់​រដូវ (Menopause)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។