ជំងឺ​បេះដូង​ពី​កំណើត

ជំងឺ​បេះដូង​ច្រើន​កើត​មាន​ចំពោះ​មនុស្ស​ចាស់ ដែល​មាន​អាយុ​ច្រើន ឬ​អ្នក​មាន​ជំងឺ​ផ្សេង​ទៀត​រ៉ាំរ៉ៃ ដូច​ជា​ជំងឺ​លើស​ឈ​លើស​ឈាម​ជាដើម។ របាយការណ៍​សុខភាព​នៅ​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា ក្នុង​មួយ​ឆ្នាំៗ មាន​មនុស្ស​ជាង ៤៥ ម៉ឺន​នាក់​ស្លាប់​ដោយសារ​បញ្ហា​បេះដូង។ ក៏​ប៉ុន្តែ នៅ​ប្រទេស​កម្ពុជា គ្រូពេទ្យ​ជំនាញ​ខាង​បេះដូង​ឱ្យ​ដឹង​ថា មាន​កុមារ​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​តែ​បញ្ហា​បេះដូង​ខូច ឬ​បេះដូង​ខុស​ធម្មតា។

0:00 / 0:00

បេះដូង​ជា​សរីរាង្គ​សំខាន់​បំផុត​មួយ​នៃ​បណ្ដា​សរីរាង្គ​ដទៃ​ទៀត​ក្នុង​រូប​កាយ​មនុស្ស​យើង។ បេះដូង​មាន​តួនាទី​ជា​ស្នប់​សម្រាប់​សប់​ឈាម​នាំ​ជីវជាតិ​អាហារ និង​ខ្យល់​អុកស៊ីហ្សែន (Oxygen=O2) ទៅ​ចិញ្ចឹម​កោសិកា​រាប់​លាន​កោដិ​នៅ​រាយ​ពាសពេញ​រាងកាយ។ ផ្ទុយ​ពី​នេះ បេះដូង​ក៏​មាន​តួនាទី​នាំ​យក​កាក​សំណល់​ខ្យល់​ឧស្ម័ន​កាបោន (Carbon dioxide = CO2) ទឹក និង​សំណល់​ចំណី​អាហារ​ពី​កោសិកា​មក​វិញ​ដែរ។

ដូច្នេះ​ហើយ នៅ​ពេល​ណា​បេះដូង​មាន​បញ្ហា​ឈប់​ដើរ ឬ​ហៅ​ថា គាំង ឈាម​នឹង​ឈប់​រត់​ទៅ​ចិញ្ចឹម​កោសិកា រាងកាយ​យើង​ខ្វះ​អុកស៊ីហ្សែន កោសិកា​នឹង​ស្លាប់ ហើយ​មនុស្ស​យើង​ក៏​នឹង​ស្លាប់​ដូច​គ្នា។

គ្រូពេទ្យ​បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​ឱ្យ​​មាន​ជំងឺ​បេះដូង គឺ​បណ្ដាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដូចជា​របួស ជំងឺ​រលាក​សាច់​ដុំ​បេះដូង និង​ជំងឺ​ស្ទះ​សរសៃឈាម​ជា​ដើម ដែល​បញ្ហា​នេះ​ច្រើន​កើន​ចំពោះ​មនុស្ស​ចាស់​មាន​បញ្ហា​លើស​ឈាម អ្នក​ជក់​បារី អ្នក​ធាត់​ជ្រុល ដែល​មាន​ខ្លាញ់​កូលេស្ទើរ៉ល (Cholesterol) ច្រើន។

ក្រៅពី​នេះ​ជំងឺ​បេះដូង​ក៏​កើត​មាន​ចំពោះ​កុមារ​ដែរ ដែល​កើត​មាន​ពី​កំណើត គឺ​បេះដូង​ប្រហោង ដែល​ជា​បញ្ហា​ជញ្ជាំង​ខណ្ឌ​ចែក​បន្ទប់​បេះដូង​មាន​ប្រហោង។ អត្រា​បញ្ហា​បេះដូង​ប្រហោង ត្រូវ​បាន​គ្រូពេទ្យ​ជំនាញ​ខាង​បេះដូង​ឱ្យ​ដឹង​ថា នៅ​តាម​មន្ទីរ​ពេទ្យ​កុមារ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​កុមារ​ជា​ច្រើន​មាន​បញ្ហា​បេះដូង​ប្រភេទ​នេះ ដែល​បណ្ដាល​មក​ពី​ការ​លូតលាស់​របស់​បេះដូង​មិន​បាន​ល្អ ឬ​លូតលាស់​ខុស​ធម្មតា។

ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​វះកាត់​ប្រអប់​ទ្រូង និង​បេះដូង​នៃ​មន្ទីរ​ពេទ្យ​ម៉ោន​អេលីហ្សាប៊ែត (Mount Elizabeth) និង​មន្ទីរពេទ្យ​គ្លិនីហ្គលស៍ (Gleneagles) នៅ​ប្រទេស​សិង្ហបុរី លោក​វេជ្ជ​បណ្ឌិត ស៊្រីម​រ៉ាម សាងការ (Shrimram Sangkar) ដែល​មាន​ពិសោធន៍​ផ្នែក​វះកាត់​បេះដូង​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល ៨ ឆ្នាំ ថ្លែង​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កុមារ​ស្លាប់​ភាគ​ច្រើន​នៅ​តាម​បណ្ដា​មន្ទីរ​កុមារ​នានា ក្នុង​ប្រទេស​កម្ពុជា គឺ​បញ្ហា​បេះដូង​ខូច ឬ​ហៅ​ថា បេះដូង​ប្រហោង ច្រើន​ជាង​ការ​ស្លាប់​បណ្ដាល​មក​ពី​មូល​ហេតុ​ដទៃ​ទៀត។

ទាក់ទង​ទៅ​នឹង​មូលហេតុ ដែល​នាំ​ឱ្យ​មាន​បញ្ហា​បេះដូង លោកវេជ្ជបណ្ឌិត ស៊្រីម​រ៉ាម សាងការ មាន​ប្រសាសន៍​ថា បញ្ហា​ខូច​បេះដូង មាន​សំខាន់​ពីរ​យ៉ាង គឺ​ទី​មួយ​បណ្ដាល​មក​ពី​ផល​វិបាក​នៃ​ជំងឺ​រលាក​សន្លាក់ ដែល​ធ្វើ​ឱ្យ​ខូច​វ៉ាល់វ៍ ឬ​សន្ទះ​ប្រឹស​បេះដូង។ ក៏​ប៉ុន្តែ នៅ​ពេល​បច្ចុប្បន្ន​នេះ ស្ថិតិ​ពិភពលោក​បាន​ថយ​ចុះ។ ទី​ពីរ បញ្ហា​របស់​បេះដូង​នេះ​ក៏​អាច​ទាក់ទង​នឹង​ថ្នាំ​ដែល​ម្ដាយ​ប្រើ​ប្រាស់​នៅ​ពេល​មាន​ផ្ទៃ​ពោះ ឬ​ក៏​ម្ដាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។