ជំងឺគ្រុនផ្តាសាយ A(H1N1) ដែលទើបកើតមានកាលពីខែមេសា កន្លងទៅនោះ គឺជាជំងឺគ្រុនផ្តាសាយថ្មីដែលមានមេរោគឆ្លងពីមនុស្សទៅមនុស្សតាមរបៀបប្រហាក់ប្រហែលនឹងរបៀបឆ្លងនៃគ្រុនផ្តាសាយធម្មតា ឬ គ្រុនផ្តាសាយតាមរដូវនោះដែរ។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានកំណត់អំពីរោគសញ្ញានៃជំងឺនេះថា មានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសម្បោរ ឈឺចាប់ខ្លួនប្រាណ ឈឺក្បាល និង រងាអស់កម្លាំង។
ចំណែកលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលមានប្រសាសន៍ថា ៖ «ចាប់ផ្តើមដោយរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨អង្សា គួបផ្សំនឹងសញ្ញាដទៃទៀតដូចជា ឈឺក្បាល អស់កម្លាំងល្ហិតល្ហៃ ក្អក ឈឺក ហើយនិងមានហៀរសម្បោរ ជួនកាលអាចមានចង្អោរ ឬមួយក៏ក្អួតនិងអាចគួបផ្សំនឹងរាកទៀត»។
ឯកសារខាងលើបានឲ្យដឹងថា នៅពេលដែលកើតមានជំងឺគ្រុនផ្តាសាយតាមរដូវ អ្នកជំងឺផ្តាសាយខ្លះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារជំងឺហក់ឡើង។ ក្នុងនេះមានមនុស្សអាយុ ៦៥ឆ្នាំ ឬចាស់ជាងនេះ កុមារអាយុក្រោម ៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានលក្ខខណ្ឌឱសថជាប្រចាំ។ មានការបង្ហាញដំបូងៗថា ស្ត្រីមានគភ៌ហើយនិងអ្នកប្រើឱសថជាប្រចាំ អាចនឹងមានការកើនឡើងនូវការហក់ឡើងនៃគ្រុនផ្តាសាយ ដូចជាអ្នកកើតជំងឺហឺត អ្នកជំងឺទឹកនោមផ្អែមជាដើមក៏ហាក់ដូចជាពាក់ព័ន្ធនឹងការកើនឡើងនៃការស្មុគស្មាញចេញពីមេរោគគ្រុនផ្តាសាយថ្មីនោះដែរ។
បញ្ហាមួយទៀតដែលហាក់ដូចជាខុសពីគ្រុនផ្តាសាយធម្មតាតាមរដូវនោះ គឺមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បន្តថា តាំងពីកើតមានជំងឺគ្រុនផ្តាសាយថ្មីរហូតមកដល់បច្ចុប្បន្ន មនុស្សអាយុលើសពី ៦៤ឆ្នាំ ហាក់ដូចជាមិនទាន់មានកើនគ្រោះថ្នាក់នៃជំងឺគ្រុនផ្តាសាយថ្មី A(H1N1) នេះនៅឡើយទេ។
មជ្ឈមណ្ឌល CDC កំពុងដឹកនាំការសិក្សានៅមន្ទីរពិសោធន៍ ដើម្បីរកមើលថាតើមានមនុស្សណាទេដែលមានភាពស៊ាំរោគនេះពីកំណើតស្រាប់នោះ។
របាយការណ៍ដំបូងៗ បញ្ជាក់ថា គ្មានកុមារណា ហើយនិងគ្មានមនុស្សអាយុច្រើនជាង ៦០ឆ្នាំ មានអង្គបដិបក្ខ ឬ antibody មេរោគគ្រុនផ្តាសាយថ្មី AH1N1 នោះឡើយ។ ក៏ប៉ុន្តែប្រហែលជា ១ ភាគ ៣ នៃមនុស្សអាយុលើ ៦០ឆ្នាំ អាចមានអង្គបដិបក្ខ ឬ antibody ប្រឆាំងនឹងរោគនោះ។ ប្រសិនជាមានអង្គបដិបក្ខក្នុងខ្លួនហើយ គេមិនដឹងថា តើមានការការពារកម្រិតណាប្រឆាំងនឹងមេរោគ A(H1N1) នោះទេ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹងថា គ្រុនផ្តាសាយ A(H1N1) កំពុងតែឆ្លងលើមនុស្សមានវ័យពេញកម្លាំង ៖ «អង្គការសុខភាពពិភពលោកបានបង្ហាញថា ជំងឺនេះគឺច្រើនកើតទៅលើអ្នកដែលកំពុងវ័យពេញកម្លាំង មានន័យថា ចាប់ពី ១៦ឆ្នាំដល់ក្រោម ៤០ឆ្នាំ កំពុងពេញកម្លាំង គឺថាអ្នកនោះប្រឈមនឹងការស្លាប់ខ្ពស់ តាមទិន្នន័យដំបូង»។
ប្រៀបធៀបនឹងគ្រុនផ្តាសាយថ្មី និងគ្រុនផ្តាសាយតាមរដូវ តើភាពធ្ងន់ធ្ងរហើយនិងអត្រាបង្កឆ្លងរោគនៃជំងឺនេះខុសគ្នាបែបណា?
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) កំពុងតែធ្វើការសិក្សានៅឡើយអំពីភាពធ្ងន់ធ្ងរនៃរោគគ្រុនផ្តាសាយថ្មី។ ទាក់ទងនឹងការមានជំងឺនិងការស្លាប់បណ្តាលមកពីគ្រុនផ្តាសាយថ្មី A(H1N1) និងផ្តាសាយធម្មតាតាមរដូវមកទល់ពេលបច្ចុប្បន្ននេះ មិនទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីទស្សន៍ទាយអំពីទំហំដល់កម្រិតណានោះនៅឡើយទេ។
ចំពោះគ្រុនផ្តាសាយតាមរដូវគេបានដឹងថា ពេលថិរវេលានិងភាពធ្ងន់ធ្ងរនៃរដូវគឺមានការប្រែប្រួល។ រៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក ជាមធ្យមមាន ៣៦.០០០នាក់ស្លាប់ដោយសារភាពស្មុគស្មាញនៃគ្រុនផ្តាសាយតាមរដូវ ហើយជាង ២០ម៉ឹននាក់ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងចំណោមអ្នកសម្រាកក្នុងមន្ទីរពេទ្យនោះ មាន ២ម៉ឺននាក់ជាកុមារអាយុក្រោម ៥ឆ្នាំ។ ហើយជាង ៩០% នៃអ្នកស្លាប់និងប្រមាណ ៦០% នៃអ្នកចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ គឺជាមនុស្សអាយុជាង ៦៥ឆ្នាំ។
ចំណែកនៅស្រុកខ្មែរ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍អំពីជំងឺផ្តាសាយធម្មតាថា ៖ «មេរោគដែលបង្ក គឺច្រើនប្រភេទណាស់ ប៉ុន្តែគ្រាន់តែថាយើងបែងចែកថា មួយគឺជាតាមពាក្យបច្ចុប្បន្ន ហៅថា ជំងឺផ្តាសាយប្រចាំរដូវ ហ្នឹងគឺជាជំងឺផ្តាសាយគឺជារឿងធម្មតា គឺថាមានប្រជាជនខ្លះក៏គាត់ផ្តាសាយប្រចាំរដូវ មានជាប្រចាំ។ ហើយចំពោះជំងឺផ្តាសាយនេះ គឺថាយើងអាចព្យាបាលដោយឱសថសាមញ្ញ ដូចជាការប្រើឱសថបញ្ចុះកម្ដៅ»។
ឯកសារខាងលើបានឲ្យដឹងដែរថា ចំពោះគ្រុនផ្តាសាយថ្មី A(H1N1) តាំងពីកកើតមកទល់ពេលនេះ ចំនួនធំបំផុតនៃអ្នកដែលបានត្រូវបញ្ជាក់ថាឆ្លងមេរោគថ្មីនេះ គឺកើតលើមនុស្សអាយុរវាង ៥ឆ្នាំ និង ២៤ឆ្នាំ។ ហើយមកដល់ពេលនេះ មានករណីមនុស្សអាយុជាង ៦៤ឆ្នាំ ឆ្លងគ្រុនផ្តាសាយថ្មី គឺមានបន្តិចបន្តួចប៉ុណ្ណោះ ហើយប្រភេទនេះស្លាប់ក៏តិចតួចដែរ គឺខុសចម្លែក បើប្រៀបធៀបនឹងគ្រុនផ្តាសាយតាមរដូវ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចំពោះស្រ្តីមានផ្ទៃពោះ និងចំពោះអ្នកដែលប្រើឱសថជាប្រចាំ ហាក់ដូចជាពាក់ព័ន្ធនឹងកំណើនគ្រោះថ្នាក់ ហើយមុននេះគេទទួលស្គាល់ថា មានគ្រោះថ្នាក់ខ្ពស់ដោយសារគ្រុនផ្ដាសាយតាមរដូវនោះ ហាក់ដូចជាពាក់ព័ន្ធនឹងកំណើនគ្រោះថ្នាក់នៃការស្មុគស្មាញនៃគ្រុនផ្តាសាយថ្មី A(H1N1)។
តើគ្រុនផ្តាសាយថ្មីឆ្លងតាមរបៀបណា? យោងតាមឯកសាររបស់ CDC អាមេរិក គេគិតថា ការឆ្លងមេរោគថ្មីនេះ គឺដូចនឹងការឆ្លងគ្រុនផ្តាសាយតាមរដូវដែរ។ ជាសំខាន់ មេរោគឆ្លងពីមនុស្សទៅមនុស្ស តាមការក្អក ឬ កណ្តាស់របស់អ្នកជំងឺ។ ជួនកាលក៏អាចឆ្លងដោយសារការប៉ះពាល់អ្វីដែលមានមេរោគផ្តាសាយ ហើយបន្ទាប់មកក៏យកដៃមកប៉ះមាត់ ឬ ច្រមុះ។ យ៉ាងនេះហើយលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា អនាម័យជាបញ្ហាសំខាន់៕