បញ្ហានេះ កំពុងក្លាយជាកង្វល់ធំមួយក្នុងវិស័យសុខាភិបាលនៅកម្ពុជា។
ជំងឺពងបែកនៅលើដៃជើង និងមាត់ ជាជំងឺម្យ៉ាង ដែលគ្រូពេទ្យហៅតាមរោគសញ្ញារបស់ជំងឺនេះស្ដែងឡើង ដោយមានពងបែក នៅលើដៃជើង និងមាត់នោះ។
អ្នកជំនាញខាងជំងឺឆ្លង ឱ្យដឹងថា ជំងឺនេះជាទូទៅកើតមានចំពោះកុមារតូចៗ ដែលមានអាយុតិចជាង ១០ ឆ្នាំ។ ករណីភាគច្រើន គឺកើតក្នុងចំណោមកុមារ ដែលមានអាយុតិចជាង ៥ ឆ្នាំ។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ជាធម្មជាតិ ជំងឺនេះមិនសូវកើតមានលើមនុស្សចាស់ទេ៖ «អត់មានមូលហេតុទេ។ ភាគច្រើនៗ លើកុមារក្រោម ៥ ឆ្នាំ តូចៗ។ បើគ្រុនឈាមដល់ ១៥ ឆ្នាំអី។ តែនេះ ក្រោម ៥ ឆ្នាំ តូចជាងគ្រុនឈាមទៅទៀត»។
ឯកសារពេទ្យរបស់នាយកដ្ឋានសុខាភិបាល ខិនធ៍ នៃរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក បានសរសេរថា ជំងឺពងបែកនៅដៃជើង និងមាត់នេះ មិនមែនជាជំងឺពងបែកជើង និងមាត់ ដែលកើតចំពោះសត្វពាហនៈ ដូចជា គោក្របី ពពែ ជ្រូកនោះទេ។ គេបានរកឃើញថា មេរោគ ដែលបណ្ដាលឱ្យកើតជំងឺពងបែកជើង និងមាត់នៅនឹងសត្វពាហនៈ និងជំងឺពងបែកនៅដៃជើង និងមាត់ កើតចំពោះមនុស្ស គឺមានប្រភេទមេរោគខុសគ្នា។
បន្ទាប់ពីមានកុមារកម្ពុជាស្លាប់ជិត ៦០ នាក់ ក្នុងរយៈពេល ៣ ខែ គឺពីខែមេសា ដល់កក្កដា ឆ្នាំ ២០១២ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា មន្ទីរពិសោធន៍ប៉ាស្ទ័រ បានរកឃើញមេរោគ អេនថឺរ៉ូ វីរុស ប្រភេទ៧១ (Enterovirus Type 71) ឬហៅកាត់ថា EV 71 នៅក្នុងឈាមរបស់កុមារ ១៦ នាក់ ក្នុងចំណោម ២៤ នាក់ ដែលមានរោគសញ្ញានៃជំងឺពងបែកនៅដៃជើង និងមាត់នេះ។
មូលហេតុ៖
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានសរសេរថា ជំងឺពងបែកនៅដៃជើង និងមាត់ ជាញឹកញយ បង្កឡើងដោយមេរោគវីរុស ឈ្មោះ កុកសាគី ប្រភេទ អេ១៦ (Coxsackie A16)។ ជំងឺពងបែកនៅដៃជើង និងមាត់ ជាញឹកញយ បង្កឡើងដោយមេរោគវីរុស នេះ មិនសូវធ្ងន់ធ្ងរទេ ដែលចាំបាច់ត្រូវឱ្យពេទ្យព្យាបាលទេ លើកលែងតែករណីមានផលវិបាកធ្ងន់ធ្ងរមួយចំនួន។
លោកវេជ្ជបណ្ឌិត សុខ ទូច ពន្យល់ថា ជំងឺពងបែកនៅលើដៃជើង និងមាត់ ដែលបង្កឡើងដោយមេរោគវីរុស ប្រភេទ EV 71 វិញ គឺមានផលវិបាកធ្ងន់ធ្ងរ៖ «ភាគច្រើនគែឃើញនៅអាស៊ីហ្នឹង គឺ EV71 ហើយភាគច្រើនវាធ្ងន់ជាង Coxsackie A16»។
ផលវិបាកធ្ងន់ធ្ងររបស់ជំងឺពងបែកនៅដៃជើង និងមាត់ អាចបណ្ដាលឱ្យទៅជាមានបញ្ហាប្រព័ន្ធសរសៃប្រសាទ ដូចរលាកស្រោមខួរក្បាល រលាកខួរក្បាល ហើមខួរក្បាល ឬកម្រើកខ្លួនមិនរួច។ ប៉ុន្តែ ករណីទាំងនេះជាករណីកម្រ។
ជំងឺប្រព័ន្ធសរសៃប្រសាទ ដែលជាផលវិបាកធ្ងន់ធ្ងររបស់ជំងឺពងបែកនៅដៃជើង និងមាត់ បង្កឡើងដោយមេរោគវីរុស ប្រភេទ EV 71 អាចបណ្ដាលឱ្យអ្នកជំងឺស្លាប់ ឬខូចខួរក្បាលជាអចិន្ត្រៃយ៍។
រោគសញ្ញា និងអាការៈនៃជំងឺពងបែកនៅដៃជើង និងមាត់៖
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ទាក់ទងនឹងរោគសញ្ញាសម្រាប់សម្គាល់ពីជំងឺពងបែកនៅលើដៃជើង និងមាត់ បង្កឡើងដោយមេរោគប្រភេទណានោះ យើងមិនអាចដឹងបានប្រាកដទេ លុះត្រាតែគ្រូពេទ្យយកឈាមអ្នកជំងឺទៅពិនិត្យនៅមន្ទីរពិសោធន៍។
លោកវេជ្ជបណ្ឌិត សុខ ទូច៖ «យើងអត់ដឹងទេ។ យើងឃើញតែរោគសញ្ញាវាចេញពងបែកតាមដៃជើង មាត់ហ្នឹង។ អត់ប្លែកគ្នាបាននៅលើរោគសញ្ញានៅខាងក្រៅហ្នឹងបានទេ គឺក្នុងមន្ទីរពិសោធន៍»។
ទោះជាយ៉ាងនេះក្ដី លោកបញ្ជាក់បន្ថែមនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា រោគសញ្ញា ដែលគ្រូពេទ្យជួបប្រទះញឹកញាប់ គឺអ្នកជំងឺមានជាក់លាក់មួយចំនួន ដូចជា ក្ដៅខ្លួន ឈឺក្នុងមាត់ ពងកន្ទួល និងពងបែកនៅលើបាតដៃ បាតជើង គូទ និងអវយវៈភេទ។
មានអ្នកជំងឺច្រើនបង្គួរដែរ ដែលមិនបង្ហាញអាការៈ រោគសញ្ញាអ្វីទេ បើទោះបានឆ្លងមេរោគចូលក្នុងខ្លួនហើយក៏ដោយ។ ក៏ប៉ុន្តែជាទូទៅ ជំងឺនេះចាប់ផ្ដើមឡើងដោយអាការៈក្ដៅខ្លួន ធំបាយ អស់កម្លាំង ហើយភាគច្រើនឈឺបំពង់ក។ រយៈពេល ២ ឬ ៣ ថ្ងៃក្រោយបន្ទាប់ មានស្នាមក្រហមៗ និងក្លាយពងបែក ហើយដំបៅក្នុងមាត់។ ពងបែកទាំងនោះ ច្រើនឃើញមាននៅលើអណ្ដាត អញ្ចាញធ្មេញ និងជញ្ជាំងថ្ពាល់ខាងក្នុង។
ភាគច្រើនកុមារកម្ពុជា ដែលស្លាប់ចំនួន ៥២នាក់ ក្នុងចំណោមកុមារឈឺ ៥៩នាក់នោះ គឺមានអាយុ ក្រោម ៣ ឆ្នាំ ដែលបណ្ដាលឲ្យគ្រុនក្ដៅខ្លាំង និងមានបញ្ហាផ្លូវដកដង្ហើមធ្ងន់ធ្ងរ។ កុមារមានអាយុតិច ងាយមានរោគសញ្ញាធ្ងន់ធ្ងរ។
ការព្យាបាល និងវិធីបង្ការ៖
រហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញថ្នាំណាមួយ ដែលអាចសម្លាប់មេរោគនេះបានទេ ហើយថ្នាំវ៉ាក់សាំង (Vaccine) សម្រាប់បង្ការ ក៏នៅពុំទាន់មានដែរ។
ចំពោះការព្យាបាលបច្ចុប្បន្ន គ្រូពេទ្យនឹងព្យាបាលអ្នកជំងឺ តាមរោគសញ្ញាដែលអ្នកជំងឺមាន។ មិនត្រូវប្រើថ្នាំពពួក ស្តេរ៉យ (Steroid) ទេ។
លោកវេជ្ជបណ្ឌិត សុខ ទូច ណែនាំបន្ថែមថា ឪពុកម្ដាយគប្បីស្វែងរកដំបូន្មានពីគ្រូពេទ្យ ប្រសិនបើកូនក្ដៅខ្លួន ក្អួត ទន់ដៃជើង និងមានរោគសញ្ញា ដូចបានរៀបរាប់ខាងដើម៖ «សំខាន់ គឺថា បើគាត់មានរោគសញ្ញាអ៊ីចឹង ទីមួយឱ្យគាត់ព្យាបាលតាមរោគសញ្ញាហ្នឹង។ បើមានរោគសញ្ញាអីធ្ងន់ធ្ងរទៀត ឱ្យមកកាន់មន្ទីរពេទ្យ។ នៅស្រុកយើងភាគច្រើន គឺ EV71 ហ្នឹង»។
គួរឱ្យអ្នកជំងឺទទួលទានទឹក ឬអាហាររាវ ដូចជា ទឹកស៊ុបឲ្យបានច្រើន។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានសរសេរថា ជំងឺពងបែកលើដៃជើង និងមាត់ នេះ ឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងកំហាក និងសំបោរ តាមរយៈការក្អក ឬកណ្ដាស់ និងការប៉ះទឹករងៃពងបែក ឬលាមកអ្នកជំងឺ ដែលមានមេរោគ ឬវីរុសEV 71។ មេរោគឆ្លងខ្លាំងនៅក្នុងសប្ដាហ៍ទីមួយ។
ដូច្នេះ វិធីបង្ការដែលអាចមានប្រសិទ្ធភាពនៅពេលនេះ លោកវេជ្ជបណ្ឌិត សុខ ទូច ណែនាំឱ្យមនុស្សម្នាក់ៗ រក្សាអនាម័យផ្ទាល់ខ្លួនឱ្យខ្ជាប់ខ្ជួន គឺត្រូវលាងដៃជាមួយសាប៊ូឱ្យបានសព្វ និងញឹកញាប់។ ជាពិសេសក្រោយពេលចេញពីបង្គន់។
លោកវេជ្ជបណ្ឌិត សុខ ទូច៖ «ពិសេសគឺអនាម័យ។ ភាគច្រើនដោយសារកុមារតូចៗ ដូច្នេះតាមផ្ទះក្ដី កុំឱ្យមានការចម្លងទៅក្មេងៗ នោះ។ នៅស្រុកយើង អនាម័យវាការពារបានជំងឺរាកផង ការពារជំងឺផ្ដាសាយបក្សីបានទាំងអស់»។
មិនត្រូវប៉ះពាល់អ្នកជំងឺដោយផ្ទាល់ទេ។ ត្រូវដាក់កុមារដែលឈឺ ឱ្យនៅដាក់ពីកុមារជា ហើយមិនត្រូវប្រើប្រាស់ស្លាបព្រា សម ចាន និងកែវទឹក រួមជាមួយអ្នកជំងឺទេ។
សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺនេះ សូមទាក់ទងទូរស័ព្ទទាន់ហេតុការណ៍ ដែលឥតគិតថ្លៃ គឺលេខ ១១៥ ឬហៅទៅ ០១២ ៤៨៨ ៩៨១ ឬ ០៨៩ ៦៦៩ ៥៦៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។