អង្គការសុខភាពពិភពលោក (WHO) បានកំណត់និយមន័យថា មនុស្សចាស់គឺជាមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។ ក្នុងវ័យនេះ ទាំងបុរស និងស្ត្រី បានទទួលការវិវឌ្ឍន៍សុខភាពជាច្រើនដែលអាចឲ្យពួកគាត់ងាយប្រឈមជំងឺផ្សេងៗ ឬអាចមានគ្រោះថ្នាក់ក្នុងជីវិតរស់នៅប្រចាំថ្ងៃដោយយថាហេតុ។
តើលោកអ្នកគួរធ្វើអ្វីខ្លះដើម្បីថែទាំសុខភាពមនុស្សចាស់ដែលជាសមាជិកនៅក្នុងក្រុមគ្រួសារ?
នៅតាមគ្រួសារភាគច្រើន គឺមានមនុស្សចាស់រស់នៅជាមួយ អាចជាឪពុកម្ដាយ ជីដូនជីតាជាដើម ដូច្នេះការថែទាំពួកគាត់គឺពាក់ព័ន្ធជាមួយនឹងមេគ្រួសារ និងសមាជិកនៃគ្រួសារនីមួយៗ ត្រូវចាត់ចែងអោយបានត្រឹមត្រូវ។
ប៉ុន្តែមុននឹងឈានដល់ការថែទាំមនុស្សសូមលោកអ្នកនាង ជ្រាបខ្លះៗពីការវិវឌ្ឍន៍នៃសុខភាពរាងកាយរបស់មនុស្សចាស់ជាមុនសិន។
នៅពេលមនុស្សមានវ័យកាន់តែចាស់ទៅ សរីរាង្គមានការផ្លាស់ប្ដូរ ពោលគឺមានការផ្លាស់ប្ដូរទាំងផ្លូវកាយ និងផ្លូវចិត្ត។
ឯកសារសរសេរដោយគ្លីនិកវឌ្ឍនៈវិជ្ជា បានបង្ហាញថា វ័យដែលគេចាត់ចូលមនុស្សចាស់ គឺមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។
ការវិវឌ្ឍន៍ផ្នែករាងកាយមានដូចជា ផ្នែកឆ្អឹង និងសន្លាក់បានចាប់ផ្ដើមបាត់បង់ភាពហាប់ណែនធ្វើឲ្យឆ្អឹងចាប់ផ្ដើមខ្សោយនិងងាយបាក់។ ចំពោះស្ត្រីវ័យចំណាស់បន្ទាប់ពីអស់រដូវ កំហាប់របស់ឆ្អឹងងាយបាត់បង់ ងាយបាក់ ជាពិសេសឆ្អឹងបាត់បង់ភាពហាប់ណែន ដោយសារការខ្វះជាតិកាល់ស្យូម ដែលជួយឲ្យឆ្អឹងរឹងមាំ។ ចំណែកចំនួនជាតិកាល់ស្យូមក៏ថយចុះដោយសាររាងកាយបឺតស្រូបបានតិចតួចពីចំណីអាហារ។ លើសពីនេះទៀតវីតាមីនដេ (D) មានសារសំខាន់ណាស់ ព្រោះវាជួយឲ្យរាងកាយបឺតស្រូបជាតិកាល់ស្យូមបានល្អ។
ឆ្អឹងដែលងាយប៉ះពាល់ជាងគេភាគច្រើនគឺឆ្អឹងត្រគាក ឆ្អឹងដៃ ឆ្អឹងខ្នង។ ឆ្អឹងខ្នងចាប់ផ្ដើមបាត់បង់ភាពណែន និងធ្វើឲ្យមានការបាត់បង់ជាតិទឹក និងចាប់ផ្ដើមស្ដើង ដែលធ្វើឲ្យឆ្អឹងខ្នងខ្លីជាងមុន ដូច្នេះបានមនុស្សចាស់ភាគច្រើនកម្ពស់គាត់ចុះទាប។ សរសៃពួរដែលភ្ជាប់ទៅឆ្អឹងសន្លាក់ និងសាច់ដុំចាប់ផ្ដើមបាត់បង់ភាពយឺតធ្វើឲ្យសន្លាក់តឹង និងរឹងដែលធ្វើឲ្យមានការឈឺចាប់។
ទាក់ទងនឹងសាច់ដុំវិញ កោសិកាសាច់ដុំ និងភាពខ្លាំងគឺថយចុះ ដោយសារការថយចុះអ័រម៉ូនសម្រាប់ធ្វើឲ្យលូតលាស់ ហើយសាច់ដុំមិនអាចកន្ត្រាក់បានលឿននោះទេ។ ភ្នែក ក៏ចាប់ផ្ដើមស្រវាំង ឬព្រិល មើលជិតមិនច្បាស់ ត្រូវការពន្លឺខ្លាំងដើម្បីជំនួយភ្នែកស្ងួត ដោយសារកោសិកាដែលផលិតទឹករំអិលភ្នែកថយចុះ ទឹកភ្នែកថយចុះ ត្របកភ្នែកធ្លាក់ ត្រចៀកត្រូវការទទួលសំឡេងខ្លាំងៗទើបស្ដាប់បានច្បាស់ ឬហៅថា ថ្លង់។
រីឯមាត់ និងច្រមុះ ការស្រង់យករសជាតិ និងក្លិនក៏ចាប់ផ្ដើមថយចុះ ច្រមុះស្ងួត មាត់ស្ងួតដោយសារខ្វះការផលិតទឹក មាត់ ធ្មេញ និងអញ្ចាញធ្មេញងាយនឹងមានមេរោគ ធ្មេញងាយពុក និងបាក់។ ស្បែកចាប់ផ្ដើមស្ដើង បាត់បង់ភាពយឺត ស្ងួត និងជ្រួញ ដោយការប្រឈមនឹងកម្ដៅថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យស្បែកចេញអុចខ្មៅៗ និងគ្រើមៗ ស្បែកបាត់បង់ជាតិកូឡាជែន (Collagen)។ ឯក្រពេញញើស និងសរសៃឈាមនៅស្បែកថយចុះ ពេលនោះរាងកាយមិនអាចទាញកម្ដៅពីក្នុងខ្លួនបានល្អ ស្បែកមិនអាចទាញយកវីតាមីន ដេ ពីព្រះអាទិត្យបាន ដូចនេះងាយខ្វះវីតាមីនដេ សម្រាប់សំយោគជាតិកាល់ស្យូម។
ទាក់ទងនឹងប្រព័ន្ធខួរក្បាលវិញម្ដង កោសិកាខួរក្បាលចាប់ផ្ដើមចុះខ្សោយ មានអាការៈវង្វេងវង្វាន់ ភ្លេចភ្លាំងច្រើន និងងាយកើតរោគបាក់ទឹកចិត្ត។
ការវិវឌ្ឍន៍ផ្សេងទៀតរបស់មនុស្សចាស់ គឺសរសៃឈាមបេះដូង សរសៃឈាមឡើងរឹង ដែលមិនអាចរីក ដើម្បីទទួលឈាមបានស្រួលពេលមានឈាមច្របាច់ចូលម្ដងៗ។ បញ្ហានេះ ធ្វើឲ្យសម្ពាធឈាមកើនឡើង ហើយការបំពេញឈាមទៅបេះដូងយឺតជាងមុន។
សាច់ដុំដកដង្ហើមថយចុះ ចំនួនថង់ខ្យល់ និងសរសៃឈាមក្នុងសួតក៏ថយចុះ ដែលធ្វើឲ្យការបឺតស្រូបអុកស៊ីហ្សែន ពីបរិយាកាសមិនបានល្អ ហើយសួតបាត់បង់ភាពការពារប្រឆាំងនឹងមេរោគ។ រីឯប្រព័ន្ធរំលាយអាហារ ដំណើរការបឺតស្រូប និងរំលាយអាហារយឺត ក្រពះមិនអាចទទួលយកអាហារច្រើន ដោយសារក្រពះបាត់បង់ភាពយឺត។ ចលនាក្រពះពោះវៀនថយចុះធ្វើឲ្យគាត់ងាយទល់លាមក។ មួយវិញទៀត ប្រព័ន្ធបន្តពូជ អ័រម៉ូនភេទក៏ថយចុះ។
ដោយសារភាពចុះខ្សោយនៅក្នុងប្រព័ន្ធរាងកាយរបស់មនុស្សចាស់ តើលោកអ្នកគួរធ្វើអ្វីខ្លះដើម្បីថែទាំសុខភាពរបស់ពួកគាត់ឲ្យបានល្អ?
លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន ជានាយកគ្លីនិកវឌ្ឍនៈវិជ្ជា ដែលបានផ្ដល់សម្ភាសន៍ឲ្យអាស៊ីសេរី តាមរយៈសារជាអក្សរ បានឆ្លើយតបទៅនឹងសំណួរថា តើកូនចៅគួរធ្វើយ៉ាងម៉េចក្នុងការថែទាំ និងយកចិត្តទុកដាក់មនុស្សចាស់នៅក្នុងផ្ទះ?
លោកវេជ្ជបណ្ឌិតបានផ្ដល់ឱវាទថា ត្រូវរៀបចំសម្ភារៈក្នុងផ្ទះ និងរបស់ប្រើប្រាស់សម្រាប់ពួកគាត់អោយបានត្រឹមត្រូវ។ លោកថា ត្រូវប្រយ័ត្ន និងយកចេញនូវសម្ភារៈណាដែលញ័រខ្លាំង ឬពន្លឺខ្លាំងដែលអាចរំខានពួកគាត់ក្នុងការទទួលទានដំណេក។ ចំណែកខ្សែភ្លើង ឬខ្សែកាប និងវត្ថុតាំងធំៗក្នុងផ្ទះត្រូវរៀបចំដាក់ឲ្យបានសមរម្យ និងសុវត្ថិភាព ជៀសវាងទាក់ជើងដួល ភ្លើងបន្ទប់ទឹកត្រូវឲ្យមានពន្លឺគ្រប់គ្រាន់ ដើម្បីអោយគាត់រកផ្លូវចូលបន្ទប់ទឹកបានស្រួល រីឯឥដ្ឋការ៉ូក្នុងបន្ទប់ទឹក ត្រូវដុសសម្អាតជៀសវាងមានស្លែកាន់ដែលអាចឲ្យគាត់រអិលដួល ដែលនាំឲ្យគាត់ស្លាប់មួយចំហៀងខ្លួន និងពិការ។
ទន្ទឹមនឹងគ្នានេះ លោកវេជ្ជបណ្ឌិតក៏បានផ្ដល់គំនិតដែរថា ការគិតគូរពីការចំណាយសម្រាប់ពួកគាត់គឺជារឿងចាំបាច់បំផុត។ ការចំណាយសំខាន់បំផុតគឺលើថ្លៃពិនិត្យសុខភាព ការហូបចុកប្រចាំថ្ងៃ និងសម្រាប់ទិញរបស់បន្តិចបន្តួចដែលគាត់ចង់បាន។ ការផ្គត់ផ្គង់អាហារប្រចាំថ្ងៃនេះទៀតសោត គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សចាស់ បើគាត់ទទួលទានមិនបានគ្រប់គ្រាន់ទេ គឺសុខភាពគាត់នឹងងាយទ្រុឌទ្រោម។ ដូច្នេះត្រូវរៀបចំអាហារឲ្យគាត់អោយបានល្អ ព្រោះមនុស្សចាស់ពិបាកក្នុងការរៀបចំអាហារដោយខ្លួនឯង ឬគាត់បាត់ចំណង់ក្នុងការចម្អិនអាហារ។
ត្រូវតាមដានសុខភាពជាប្រចាំ និងទៅជួបវេជ្ជបណ្ឌិតឲ្យបានទៀងទាត់តាមការណាត់។ ត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឱសថ រៀបចំថ្នាំសង្កូវឲ្យគាត់ងាយស្រួលគាត់ចាំ ឬងាយស្រួលគាត់យកទទួលទាន និងពន្យល់គាត់អោយបានច្បាស់លាស់ពីប្រភេទថ្នាំនីមួយៗ សម្រាប់ជំងឺរបស់គាត់ ប្រសិនបើគាត់ពិសាច្រឡំនោះនឹងបង្កឲ្យមានផលវិបាក ឬប្រតិកម្ម ពីព្រោះពួកគាត់ងាយភ្លេច និងអន់ភ្នែក។
តើលោកអ្នកគួរមានភាពឆ្លាតវៃយ៉ាងដូចម្ដេចក្នុងការថែទាំមនុស្សចាស់ជរាពិការ ឬមានដំបៅនៅលើរាងកាយដោយសារការសម្រាកលើគ្រែរ៉ាំរ៉ៃ?
លោកវេជ្ជបណ្ឌិតបានតបវិញថា ការថែទាំមនុស្សចាស់ដើរមិនរួច ឬសម្រាកលើគ្រែជាប្រចាំនោះ កូនចៅ ឬអ្នកមើលថែ ត្រូវរៀបចំស្ថានភាពរបស់គាត់អោយបានត្រឹមត្រូវ ជៀសវាងផលវិបាកទៅលើរាងកាយរបស់គាត់ជាពិសេស ដែលអាចបង្កឲ្យមានដំបៅលើរាងកាយដែលគេហៅថា ដំបៅគ្រែ ឬឆ្លងមេរោគផ្សេងៗដោយសារកង្វះអនាម័យ។ ត្រូវឧស្សាហ៍លើកគាត់ធ្វើចលនា ២ម៉ោងម្ដង ដើម្បីអោយចរន្តឈាមរត់បានស្រួលកុំឲ្យសាច់ដុំកាន់តែស្វិតទៅៗ។
ងូតទឹក សំអាតរាងកាយគាត់អោយស្អាត ជូតឲ្យស្ងួត ផ្លាស់ប្ដូរសំលៀកបំពាក់ កម្រាលពូក និងភួយ ខ្នើយ អោយបានញឹកញាប់ ពូកដែលគាត់សម្រាកគួរតែប្រើប្រភេទពូកទឹកវាអាចជួយការពារដំបៅលើរាងកាយដោយសារការសម្រាកលើគ្រែយូរបាន។
ជាការពិតមនុស្សចាស់ងាយមានអារម្មណ៍ឯកោ និងគិតច្រើន ឆាប់តូចចិត្ត បើកាលណាពុំបានយកចិត្តទុកដាក់ពីសំណាក់កូនចៅនោះទេ។
ក្នុងសម័យបច្ចុប្បន្ន កូនចៅភាគច្រើនរវល់នឹងចេញទៅប្រកបរបរ និងធ្វើការងារផ្សេងៗ សឹងអស់ពីផ្ទះ ដែលនេះគឺជាបញ្ហា។ គាត់ងាយមានអារម្មណ៍ឯកោ ឬអាចធ្វើឲ្យគាត់កាន់តែមានស្ត្រេស (Stress) ឬភាពតប់ប្រមល់បង្កឲ្យមានជំងឺផ្លូវចិត្ត និងអាចប៉ះពាល់ដល់ជំងឺប្រចាំកាយមួយចំនួន ដូចជា វិបត្តិនៃការទទួលទានដំណេក លើសសម្ពាធឈាម ឈឺក្រពះ បេះដូងលោតខុសចង្វាក់ និងជំងឺធ្លាក់ទឹកចិត្ត ជាដើម។
ជុំវិញបញ្ហាខាងលើនេះ លោកវេជ្ជបណ្ឌិតផ្ដល់ដំណោះស្រាយថា កូនចៅ ឬសមាជិកក្នុងគ្រួសារត្រូវរៀបចំពេលវេលាអោយបានគ្រប់គ្រាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅក្បែរគាត់កុំទុកពួកគាត់ចោល ឬទៅលេងសួរសុខទុក្ខពួកគាត់អោយបានញឹកញាប់ ព្រោះនេះជាចំណូលចិត្តដែលគាត់ចង់ជួបមុខកូនចៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។