មនុស្សម្នាក់ៗមានឱកាសដុសធ្មេញបានពីរដងក្នុងមួយជីវិត គឺចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ ដែលមានទាំងអស់ ២០ធ្មេញ សម្រាប់កុមារតូចដែលគេហៅថា ការដុះធ្មេញព្រៃ។ រីឯធ្មេញស្រុកវិញ ចាប់ផ្ដើមដុះចន្លោះពីអាយុ ៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលមានទាំងអស់ចំនួន ៣២ធ្មេញ។ ធ្មេញមុខងារយ៉ាងសំខាន់សម្រាប់ទំពាចំណីអាហារមុននឹងលេបចូលទៅក្នុងពោះ។ ចុះបើសិនគ្មានការថែទាំត្រឹមត្រូវទេនោះ តើធ្មេញអាចប្រឈមមុខនឹងជំងឺអ្វីខ្លះ? តើអាហារប្រភេទណាដែលលោកអ្នកគួរទទួលទានដើម្បីឱ្យធ្មេញមានសុខភាពល្អ?
ឯកសារសុខភាពធ្មេញបញ្ជាក់ថា នៅពេលលោកអ្នកមិនបានដុសសម្អាតធ្មេញទៀងទាត់ និងត្រឹមត្រូវទេនោះ កម្ទេចអាហារដែលជាប់តាមជើងធ្មេញនឹងកកជាសំអេក។ ការជាប់សំអេក ឬហៅថា អាចម៍ធ្មេញ តាមជើងធ្មេញនឹងអាចក្លាយទៅជាផ្ទាំងកំបោរដែលជាជម្រកមេរោគ។ ទន្ទឹមនឹងនេះដែរ បើកម្ទេចអាហារនោះមានជាតិផ្អែម ហើយស្អិតខ្លាំងវានឹងផ្សំជាមួយមេរោគរួចបម្លែងក្លាយជាជាតិអាស៊ីដ ជាហេតុបង្កឱ្យធ្មេញប្រឈមមុខនឹងការកើតជំងឺផ្សេងៗ ដូចជារលាកអញ្ចាញធ្មេញ និងពុកធ្មេញ។
ប្រធានមន្ទីរព្យាបាលធ្មេញឯកទេស លោកទន្តបណ្ឌិត ហ៊ុយ ប៉ូលីន មានប្រសាសន៍ថា ធ្មេញមានសុខភាពល្អអាចជួយឱ្យផ្ទៃមុខពេញស្អាតហើយញញឹមបានយ៉ាងស្រស់។ ធ្មេញមានសុខល្អអាចទំពាអាហារបានម៉ដ្ឋល្អមានរសជាតិឆ្ងាញ់ និងជួយឱ្យរាងកាយមានសុខភាពប្រសើរ។ លើសពីនេះទៅទៀត ធ្មេញមានសុខភាពល្អ គឺមិនមានបញ្ហាក្លិនមាត់នោះទេ ហើយថែមទាំងជួយបង្កើនភាពងាយស្រួលក្នុងការបញ្ចេញសំឡេងឱ្យបានយ៉ាងច្បាស់ល្អ។
លោកវេជ្ជបណ្ឌិត ហ៊ុយ ប៉ូលីន៖ «ពេលយើងគ្មានធ្មេញគ្រប់គ្រាន់ យើងនិយាយ ឬច្រៀងអីអត់បានពីរោះទេ។ ទាក់ទងនឹងសន្លាក់ឆ្អឹងថ្គាម កាលណាយើងបាត់ថ្គាមច្រើនធ្វើឱ្យយើងមានបញ្ហា»។
លោកទន្តបណ្ឌិតបន្តថា ក្រោយពេលទទួលទានអាហាររួច លោកអ្នកត្រូវប្រញាប់ដុសសម្អាតធ្មេញឱ្យទៀតទាត់ និងមិនត្រូវយកឈើចុះចូលចន្លោះនៃធ្មេញនោះជាដាច់ខាត ព្រោះធ្វើឱ្យឆាប់ខួច និងងាយជាប់កាកសំណល់អាហារក្នុងចន្លោះនោះដែលហេតុធ្វើឱ្យប្រឈមមុខកើតជំងឺពុកធ្មេញ ឬដង្កូវស៊ីធ្មេញ។ ប៉ុន្តែលោកអាចប្រើខ្សែសម្រាប់ទាក់កម្ទេចអាហារជំនួសឈើចាក់ធ្មេញ។
របាយការណ៍អង្គការសុខភាពពិភពលោក ពន្យល់ថា ការទទួលទានអាហារដែលសម្បូរដោយជាតិផ្អែម ហើយស្អិតខ្លាំងជាប់នឹងធ្មេញដោយមិនបានសម្អាតចន្លោះពីមួយម៉ោងឡើងទៅ វាអាចនឹងផ្សំជាមួយមេរោគរួចនឹងបម្លែងទៅជាជាតិអាស៊ីដ។ ជាតិអាស៊ីដធ្វើឱ្យកាចាធ្មេញលោកអ្នកងាយពុក ហើយវាអាចពុកមួយស្រទាប់ម្តងៗ រហូតពុកដល់ភ្លុកធ្មេញ ដែលជាហេតុធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រៀវ ឬសង្កៀរ ពេលប៉ះធាតុក្ដៅ ឬត្រជាក់ខ្លាំង។ ពេលភ្លុកធ្មេញពុកជាហេតុដែលបណ្ដាលឱ្យពុកដល់បណ្ដូលធ្មេញពេលនោះ ទើបលោកអ្នកមានអារម្មណ៍ថា ឈឺចាប់ខ្លាំងគ្រប់ពេលវេលា។ កាលណាធ្មេញពុកដល់បណ្ដូលធ្មេញ ហើយវាធ្វើឱ្យមានបូសនៅខាងចុងឫសធ្មេញ និងហើមអញ្ចាញធ្មេញ។
ទន្ទឹមនឹងដែរ ប្រធានគ្លីនិកព្យាបាលកោះកេរ្តិ៍ អ្នកស្រីទន្តបណ្ឌិត ខូយ រ៉ានីន ពន្យល់ថា ការជាប់កម្ទេចអាហារតាមជើងធ្មេញ គឺអាចក្លាយជាផ្ទាំងកំបោរដែលជាជម្រកនៃមេរោគជាហេតុធ្វើឱ្យមានជំងឺរលាកអញ្ចាញធ្មេញ ឬហៅថា រាក់ស៊ីធ្មេញ។ អ្នកស្រីទន្តបណ្ឌិតបន្ថែមថា ផ្ទាំងកំបោរដែលកើតមកពីសំអេកធ្មេញនឹងធ្វើឱ្យខូចអញ្ចាញ ហើយបន្ទាប់មកបំផ្លាញឆ្អឹងរណ្ដៅធ្មេញរួចធ្វើឱ្យធ្មេញងាយសណ្ដក រង្គើ និងងាយជ្រុះ។
សៀវភៅស្ដីពីការថែទាំធ្មេញនៃអង្គការស៊ីប៉ា សរសេរថា សំអេកធ្មេញកើតឡើងពីសំណល់អាហារដែលកកជាប់ និងរុំព័ទ្ធនៅតាមធ្មេញ និងចន្លោះធ្មេញ។ លោកអ្នកអាចសម្អាតកម្ទេចអាហារជាប់ធ្មេញដោយវិធីសាមញ្ញបំផុត គឺគ្រាន់តែដុសសម្អាតធ្មេញឱ្យបានត្រឹមត្រូវក្រោយពេលទទួលទានអាហារ។
តើលោកអ្នកគួរដុស និងលាងសម្អាតមាត់ធ្មេញដូចម្ដេចដើម្បីត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ?
អង្គការសុខភាពពិភពលោកបានណែនាំថា លោកអ្នកត្រូវតែដុសធ្មេញមុនពេលចូលដំណេក ដើម្បីកាត់បន្ថយការប្រមូលផ្តុំមេរោគដែលជាប់នឹងធ្មេញ។ លោកអ្នកដុសធ្មេញក្រោយពេលទទួលអាហារ។ ប៉ុន្តែមិនត្រូវដុសធ្មេញមុនពេលទទួលទានអាហារនោះទេ ព្រោះកាកសំណល់អាហារនៅតែប្រឡាក់ដដែល។ ការដុសធ្មេញត្រូវជ្រើសរើសច្រាសដុសធ្មេញដែលមានសរសៃតូច និងទន់ល្មម ដើម្បីងាយស្រួលលូកទៅដល់ធ្មេញក្រោយ ហើយត្រូវជ្រើសរើសថ្នាំដុសធ្មេញដែលជាតិភ្លុយរ៉ាយ ព្រោះថា ជាតិភ្លុយរ៉ាយ ជួយឱ្យកាចាធ្មេញរឹងមាំ ហើយធន់នឹងជាតិអាស៊ីដ។ ជាងនេះទៅទៀត លោកអ្នកអាចប្ដូរច្រាស់ដុសយ៉ាងហោចណាស់រៀងរាល់ពីរ ទៅបីខែម្តង។ លោកអ្នកអាចទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងសម្អាតធ្មេញយ៉ាងតិចពីរដងក្នុងមួយឆ្នាំ ក្នុងហេតុផលការពារកុំកើតជំងឺផ្សេងៗ។
បន្ថែមពីលើនេះ លោកអាចជៀសវាងទម្លាប់មិនល្អមួយចំនួន ដូចជាការប្រើធ្មេញដើម្បីខាំបើកគម្របដប ឬការខាំផ្តាច់ខ្សែនានា ព្រោះវាជាហេតុធ្វើធ្មេញលោកអ្នកងាយប្រេះស្រាំ ឬរបួស។ លោកអ្នកត្រូវតែជៀសវាងការជក់បារី ការទំពាអាហារជាប់ប្រចាំ ពិសេសអាហារផ្អែមហើយស្អិតព្រោះងាយធ្វើឱ្យធ្មេញពុក។
សៀវភៅស្ដីពីការថែទាំធ្មេញនៃអង្គការស៊ីប៉ា បញ្ជាក់ថា ការទំពាម្លូ ស្លា ការចុកថ្នាំ នឹងក្លាយជាហេតុផលចម្បងដែលធ្វើឱ្យរលាកអញ្ចាញធ្មេញ ធ្មេញមានពណ៌លឿង ឬពណ៌ត្នោត និងអាចប្រឈមមុខកើតជំងឺពងបែកក្នុងមាត់។
បុរសវ័យចំណាស់ម្នាក់ដែលជាអតីតគ្រូបង្រៀន លោក សៀង សេរីរ័ត្ន ចែករលែករំលែកបទពិសោធន៍ថា កាលពីសម័យមុនមិនមានថ្នាំដុសធ្មេញនោះទេ ម្ល៉ោះហើយប្រជាជនខ្មែរខ្លះដុសធ្មេញដោយដីខ្សាច់ ឬដៃជាដើម។
លោក សៀង សេរីរ័ត្ន៖ «យើងចេះតែញ៉ាំអីផ្ដេសផ្ដាស ប៉ះអីខាំ ប៉ះអីខាំ ដល់អ៊ីចឹងធ្វើឱ្យធ្មេញយើងហ្នឹងឆាប់ខូច។ ជួនកាលម៉ែឪយើងអត់បានប្រាប់យើងពីរបៀបដុសធ្មេញឱ្យបានល្អក៏មាន។ ពីដើមខ្មែរយើងមិនថ្នាំដុសធ្មេញទេ ពេលខ្លះយកដីខ្សាច់ក៏មាន ដល់អ៊ីចឹងធ្វើឱ្យធ្មេញយើងងាយខូច»។
ពាក់ព័ន្ធបញ្ហានេះ អ្នកស្រីទន្តបណ្ឌិត ខូយ រ៉ានីន មានប្រសាសន៍ឆ្លើយតបថា ការដែលយកខ្សាច់មកដុសធ្មេញវាអាចធ្វើឱ្យធ្មេញឆាប់សឹករេចរឹល និងអាចប្រឈមមុខនឹងការសណ្ដកធ្មេញផងដែរ។
ទន្តបណ្ឌិត ខូយ រ៉ានីន៖ «ការខាំរបស់រឹង ផលប៉ះពាល់ធ្ងន់ជាងគេ គឺធ្មេញទេ មិនមែនអញ្ចាញធ្មេញទេ។ អញ្ចាញរួមផ្សំ ប៉ុន្តែផលប៉ះពាល់ទីមួយហ្នឹងធ្វើឱ្យបែកធ្មេញ។ កាលដែលលោកពូនិយាយថា យកដីខ្សាច់មកដុសធ្មេញហ្នឹង គឺខ្មែរយើងមិនមានថ្នាំដុសធ្មេញ ម្ល៉ោះការយកដីខ្សាច់ដុសធ្មេញក៏រួមផ្សំឱ្យធ្មេញសខ្លះដែរ។ ប៉ុន្តែការយកដីខ្សាច់មកដុសធ្មេញខ្លាំៗធ្វើឱ្យធ្មេញខូច អាចនឹងសណ្ដកធ្មេញបានដែរ»។
តើអ្នកគួរទទួលទានអាហារប្រភេទណាទើបអាចជួយឱ្យធ្មេញមានសុខភាពល្អ?
ឯកសារសុខភាពមាត់ធ្មេញរបស់ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា អាហារដែលល្អសម្រាប់សុខភាពធ្មេញមានដូចជា ស្ពៃក្ដោប ត្រសក់ ប៉េងប៉ោះ ផ្សិតចំបើង ការ៉ុត និងដំឡូងបារាំង ។ល។ ម្យ៉ាងទៀត លោកអ្នកក៏អាចទទួលទានទឹកដោះគោផ្លែឈើ ទឹក ត្រី ស៊ុត និងសាច់គោជាដើម ព្រោះអាហារទាំងនេះ សម្បូរដោយជាតិប្រូតេអ៊ីន និងជាតិកាល់ស្យូម។
ប៉ុន្តែផ្ទុយមក លោកអ្នកត្រូវផ្អាក ឬឈប់ទទួលទានអាហារដែលនាំទុក្ខដល់ធ្មេញ។ អាហារដែលអាចបំផ្លាញសុខភាពធ្មេញ គឺប្រភេទអាហារ ឬភេសជ្ជៈណាដែលមានជាតិស្ករច្រើន ហើយស្អិត។ អាហារទាំងនោះមានជាអាទិ៍ នំកង ស្ករគ្រាប់ ចេកឆឹង និងប្រភេទនំ និងបង្អែមដែលមានជាតិផ្អែមខ្លាំង។
ទន្តបណ្ឌិតជាច្រើនលើកឡើងថា ដើម្បីអាចថែទាំសុខភាពធ្មេញឱ្យល្អប្រសើរ លោកអ្នកគួរតែទៅជួបគ្រូពេទ្យដែលមានឯកទេសធ្មេញឱ្យបានយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ ដើម្បីឱ្យគ្រូពេទ្យសម្អាតកំបោរដែលជាប់ធ្មេញ។ លោកអ្នកគួរជៀសវាងភាពខ្ជិលច្រអូស និងមិនត្រូវអូសបន្លាយពេលវេលាដោយគេចវេះ មិនដុសសម្អាតធ្មេញមុនចូលគេង និងក្រោយទទួលទានអាហារជាដាច់ខាត ព្រោះវានឹងក្លាយជាប្រភពនៃជំងឺធ្មេញទៅថ្ងៃក្រោយ។ នៅពេលកាចាធ្មេញ និងអញ្ចាញធ្មេញមានជំងឺ លោកអ្នកត្រូវប្រញាប់ទៅជួបពិភាក្សានឹងគ្រូពេទ្យដែលមានឯកទេសធ្មេញត្រឹមត្រូវដើម្បីកុំឱ្យធ្មេញខូចខាតកាន់តែខ្លាំងថែមទៀត។ លោកអ្នកក៏គួរជៀសវាងទៅជួបជាងធ្មេញជាដាច់ខាត ព្រោះជាងធ្មេញគ្មានជំនាញច្បាស់លាស់នោះទេ។
មន្ត្រីក្រសួងសុខាភិបាលម្នាក់អះអាងថា ជាងធ្មេញគ្រាន់តែទទួលបានចំណេះដឹងតិចតួចស្ដីពីធ្មេញ តាមរយៈការធ្វើការជាមួយគ្រូពេទ្យដែលមានឯកទេសធ្មេញតែប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ចប់ការសិក្សាថ្នាក់ទន្តសាស្ត្រ ឬគ្រូពេទ្យ ហើយគ្មានការទទួលគុណភាព និងសមត្ថភាពពីក្រសួងសុខាភិបាល និងក្រសួងអប់រំនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។