ទន្តពេទ្យ ឬពេទ្យធ្មេញ ផ្ដល់ដំបូន្មានថា ការថែទាំធ្មេញឱ្យបានទៀងទាត់និងត្រឹមត្រូវនៅផ្ទះ គឺមានសារៈសំខាន់ណាស់ ដើម្បីជួយឱ្យធ្មេញរឹងមាំល្អ។ បន្ថែមពីនេះ ការដុសធ្មេញទៀងទាត់យ៉ាងតិច២ដងក្នុងមួយថ្ងៃ ការប្រើខ្សែយកកម្ទេចកំទីអាហារជាប់ធ្មេញចេញ និងការណាត់ជួបជាមួយគ្រូពេទ្យធ្មេញ អាចជួយការពារធ្មេញកុំឱ្យពុកផុយ (Tooth decay) និងមានជំងឺអញ្ចាញធ្មេញ ឬរាក់ស៊ីធ្មេញ (Gum disease) ក្នុងរយៈយ៉ាងតិច ៦ខែម្តង។
តើធ្មេញខូចនិងពុកផុយ បណ្ដាលឱ្យប៉ះពាល់ដល់សរីរាង្គកាយអ្វីខ្លះ ?
ក្រុមវេជ្ជបណ្ឌិតធ្មេញ ឬទន្តពេទ្យ អះអាងថា ធ្មេញមានសារៈសំខាន់ណាស់ សម្រាប់ទំពាអាហារ ឱ្យនិយាយបានច្បាស់ល្អ និងជួយឱ្យសម្រស់ស្រស់ស្អាត នៅពេលសើច ឬញញឹម ហើយធ្វើឱ្យទម្រង់មុខពេញ មិនផតក្រហេងក្រហូង។ ប្រការដែលអ្នករក្សាអនាម័យធ្មេញបានល្អ មិនត្រឹមតែនាំឱ្យធ្មេញសស្អាត រឹងមាំ កុំឱ្យរាក់ស៊ីធ្មេញ ពុកធ្មេញ និងគ្មានធុំក្លិនមាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយការពារនូវជំងឺនានា រួមមាន ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃខួរក្បាល ជាដើម។
លោកទន្តពេទ្យ គុំ កុសល ម្ចាស់គ្លីនិកធ្មេញ នៅក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វរនីញ៉ា (California) មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ភាគច្រើនអ្នកដែលឈប់ដុសធ្មេញ វានឹងបណ្ដាលឱ្យធ្មេញឆាប់ពុក ឬដង្កូវស៊ី និងមានជំងឺអញ្ចាញធ្មេញ ជាហេតុនាំឱ្យធ្មេញឈឺ និងងាយបាក់ជ្រុះ។ បន្ថែមពីនេះ លោកថា ការថែទាំអនាម័យធ្មេញនេះ វានឹងជួយច្រើនដល់សុខភាព ចំណេញប្រាក់កាស និងពេលវេលាទៅជួបទន្តពេទ្យ ដើម្បីធ្វើធ្មេញ៖ «ការថែធ្មេញមានសារៈសំខាន់ធំធេងណាស់ ព្រោះវាឱ្យសុខភាពដល់បេះដូងយើងក៏មាន។ រាល់ថ្ងៃជួយឱ្យយើងញ៉ាំទំពាអាហារ បានស្រួលនិងមានរសជាតិឆ្ងាញ់។ សម្រាប់សម្ផស្សរបស់យើងផងដែរ ព្រោះនៅពេលយើងនិយាយទៅកាន់គេ គឺយើងមើលមុខគ្នា ហើយបើយើងញញឹមទៅ ក៏វាបង្ហាញធ្មេញ បើយើងធ្មេញមិនល្អ មិនហ៊ានញញឹមទេ មើលទៅដូចជាខ្វះអ្វីមួយ»។
តើធ្មេញខូច បណ្ដាលឱ្យប៉ះពាល់ដល់សុខភាពអ្វីខ្លះ ?
ការស្រាវជ្រាវរបស់ក្រុមវិទ្យាសាស្ត្រជំនាញបង្ហាញថា អ្នកដែលមានជំងឺអញ្ចាញធ្មេញ ឬជើងធ្មេញពុកផុយ បណ្ដាលឱ្យប៉ះពាល់ដល់សរីរាង្គជាច្រើន រួមមាន កើតជំងឺមហារីកមាត់ (Oral Cancer) ជំងឺទឹកនោមផ្អែម (Diabetes) ជំងឺសួត (Lung disease) ជំងឺបេះដូង ជំងឺរលាកនិងដំបៅក្រពះ (Ulcers) ជាដើម។ ប្រភពដដែលបន្តថា នៅពេលដែលធ្មេញផ្ទុកទៅដោយមេរោគឬបាក់តេរី (Backeria) មេរោគនោះនឹងឆ្លងចូលទៅដល់ប្រព័ន្ធដកដង្ហើម និងចូលទៅដល់ក្នុងក្រពះ នោះវានឹងនាំឱ្យរលាកប្រព័ន្ធដកដង្ហើម និងដំបៅក្រពះ។ ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញផងដែរថា អ្នកដែលកើតជំងឺគាំងបេះដូង (Heart Attack) ភាគច្រើនមានជំងឺពុកធ្មេញ។ បន្ថែមពីនេះ មនុស្សចាស់ដែលនៅមានធ្មេញកំណើតច្រើន មិនមានបាក់ធ្មេញ ឬមានជំងឺអញ្ចាញធ្មេញ ខួរក្បាលមានការចងចាំបានល្អច្រើន ជាងអ្នកដែលគ្មានធ្មេញនិងអ្នកប្រើធ្មេញជំនួយ ឬពាក់ក្រាសធ្មេញក្លែងក្លាយ (Denture)។
គេអាចថែទាំធ្មេញដោយវិធីណា ដើម្បីឱ្យធ្មេញល្អនិងរឹងមាំ ?
គេហទំព័រទន្តពេទ្យនៅសហរដ្ឋអាមេរិកបង្ហាញថា ដើម្បីថែរក្សាធ្មេញឱ្យរឹងមាំ សស្អាតល្អ និងគ្មានបញ្ហាជំងឺអញ្ចាញធ្មេញ គឺត្រូវដុសធ្មេញឱ្យបានត្រឹមត្រូវនិងទៀងទាត់ ២ដង ក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងមុនចូលគេង។ ប្រើខ្សែឬប្រដាប់សម្រាប់ទាញយកកម្ទេចកម្ទីអាហារដែលជាប់ចន្លោះធ្មេញចេញ ប្រើទឹកខ្ពុរមាត់ ប្រើថ្នាំដុសធ្មេញដែលមានផ្ទុកជាតិហ្វ័ររ៉ៃដ៍ (Fluoride) សម្រាប់ជួយបង្ការធ្មេញពុក។ បន្ថែមពីនេះ ជៀសវាងការទទួលទានភេសជ្ជៈផ្អែម ស្ករគ្រាប់ ឈប់ជក់បារី និងពិសាសុរា ទទួលទានអាហារសម្បូណ៌ដោយជាតិកាល់ស្យូម និងទៅពិនិត្យធ្មេញជាមួយទន្តពេទ្យ រៀងរាល់ ៦ខែម្តង។
លោកទន្តពេទ្យ គុំ កុសល ផ្ដល់ដំបូន្មានថា ការណាត់ជួបជាមួយពេទ្យធ្មេញទៀងទាត់ គេអាចរកឃើញរោគសញ្ញានៃជំងឺខ្វះឈាមក្រហម ជំងឺមហារីកមាត់ និងជំងឺអញ្ចាញធ្មេញដែលមានជាប់ពាក់ព័ន្ធនឹងជំងឺសរសៃឈាមបេះដូង៖ «សំខាន់ជាងគេសាមីខ្លួនយើង ត្រូវថែទាំដុសធ្មេញឱ្យបានដិតដល់ក្នុងមួយថ្ងៃ ២ឬ៣ដង ឬក្រោយពេលញ៉ាំហើយគួរតែដុសធ្មេញ។ បើបាន Floss ធ្មេញជាការប្រសើរ ព្រោះចន្លោះធ្មេញនោះវាមានកម្ទេចកំទីអាហារដែលជាប់ធ្មេញ។ ធម្មតា គេឱ្យយោបល់ជួបពេទ្យធ្មេញ២ដងក្នុងមួយឆ្នាំ។ ប៉ុន្តែបើសិនជាមានជំងឺរាក់ស៊ីជើងធ្មេញ ត្រូវជួបពេទ្យ ៣ឬ៤ខែម្តង ដើម្បីលាងឱ្យបានស្អាត ហើយបើអញ្ចាញល្អ ធ្មេញក៏ជាប់បានយូរ»។
តើមូលហេតុអ្វីដែលនាំឱ្យធ្មេញពុក ?
លោកទន្តពេទ្យ គុំ កុសល មានប្រសាសន៍ថា បញ្ហាធ្មេញពុក គឺដោយសារពុំបានសំអាតដុសធ្មេញឱ្យបានស្អាតត្រឹមត្រូវ ក្រោយពេលបរិភោគរួច ឬក្រោយពេលញ៉ាំម្ជូរច្រើន។ លោកទន្តពេទ្យ បន្តថា ប្រការដែលមិនបានទាញយកកម្ទេចកំទីអាហារដែលនៅជាប់ចន្លោះធ្មេញនោះហើយ វាកា្លយជាអាស៊ីដ ដែលជាហេតុនាំឱ្យធ្មេញឆាប់ពុកផុយ៖ «ការពុកធ្មេញដោយសារយើងញ៉ាំហើយ យើងអត់បានដុសលាងធ្មេញ ឬ FLOSS ឱ្យបានភ្លាម ឬទុកមួយថ្ងៃឬពីរថ្ងៃ ម្ហូបហ្នឹងវារលួយទៅក្លាយទៅជាអាស៊ីដ។ ខ្លះញ៉ាំស្ករគ្រាប់ ជាតិផ្អែមហ្នឹងវាក្លាយជាអាស៊ីដ ទឹកអាស៊ីដហ្នឹងវាកាត់ធ្មេញ។ បើញ៉ាំម្ជូរច្រើន នាំឱ្យកាត់ធ្មេញនាំឱ្យឆាប់សឹក ប៉ុន្តែបើញ៉ាំហើយ យើងដុសធ្មេញភ្លាម នឹងមិនអីទេ»។
តើការទៅលាងកោសធ្មេញ នាំឱ្យធ្មេញខូចឬយ៉ាងណា ?
គ្រូពេទ្យធ្មេញឱ្យដឹងថា មូលហេតុទៅកោសលាងធ្មេញនៅគ្លីនីកពេទ្យធ្មេញ ពីព្រោះកំណកដែលជាប់នឹងធ្មេញ មិនអាចយកចេញបានដោយការដុសធ្មេញនោះទេ។ គេហទំព័រទន្តពេទ្យនៅសហរដ្ឋអាមេរិក បញ្ជាក់ថា ការកោសយកកំណកចេញពីធ្មេញ មិនបានធ្វើឱ្យខូចសាច់ធ្មេញ ឬនាំឱ្យកាចាធ្មេញសឹកឬស្ដើងនោះទេ។ ក៏ប៉ុន្តែអ្នកអាចមានអារម្មណ៍ស្រៀវធ្មេញ ក្រោយលាងសំអាតហើយ ជាពិសេសនៅពេលទទួលទានអាហារឬភេសជ្ជៈត្រជាក់ ឬក្តៅ ក៏ប៉ុន្តែការស្រៀវធ្មេញនេះ អាចបាត់ទៅវិញ ក្នុងអំឡុងពេល២៤ម៉ោងក្រោយមក។ បន្ថែមពីនេះ អ្នកដែលមានធ្មេញស្រៀវ ត្រូវបញ្ឈប់ការទទួលទានម្ជូរដែលសម្បូណ៌ទៅដោយជាតិអាស៊ីដ ក្នុងនោះ រួមមាន ស្វាយខ្ចី ក្រូចឆ្មារ ឬ ទឹកខ្មេះ ជាដើម។ ម្យ៉ាងវិញទៀត ប្រសិនបើការស្រៀវធ្មេញ ដោយសារការព្យាបាលធ្មេញ ដូចជាត្បាល់យកសរសៃចេញ ប៉ះធ្មេញ ឬដកធ្មេញ លោកអ្នក ត្រូវទៅជួបពិគ្រោះយោបល់ជាមួយ ទន្តពេទ្យ។ ចំណែក ការប្រើច្រាសដុសធ្មេញវិញ លោកអ្នកគួរប្រើសរសៃច្រាសទន់ និងប្ដូរច្រាសថ្មី រៀងរាល់ ៣ខែម្ដង ព្រមទាំងប្រើថ្នាំដុសធ្មេញ ដែលមានផ្ទុកជាតិហ្វ័ររ៉ៃដ៍ (Fluoride) សម្រាប់ជួយបង្ការធ្មេញពុក និងការពារកំណកជាប់ធ្មេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។