បញ្ហាដេកមិនលក់ ឬដេកមិនគ្រប់គ្រាន់ អាចធ្វើឱ្យមនុស្សពិបាកផ្ដោតអារម្មណ៍លើការងារ ឆាប់មួម៉ៅ អស់កម្លាំង ឈឺក្បាល និងអាចវិវត្តន៍ទៅជាជំងឺច្រើនមុខប្រសិនបើបញ្ហាដេកមិនលក់នេះនៅបន្តកើតឡើងរយៈពេលយូរ។ បញ្ហាដេកមិនលក់ ឬមិនឆ្អែតនេះគឺកើតឡើងលើមនុស្សអាយុចន្លោះពីអាយ១៨ឆ្នាំដល់អាយុ៨០ឆ្នាំ ហើយភាគច្រើននៃអ្នកដែលមានបញ្ហានេះគឺដោយសារ មានបញ្ហាតានតឹងក្នុងចិត្ត ឬការភ័យខ្លាចបន្ទាប់ពីរងការប៉ះទង្គិចនឹងរឿងអ្វីមួយ។
តើបញ្ហាដេកមិនលក់នៅពេលយប់បណ្ដាលមកពីមូលហេតុអ្វី? តើមានវិធីណាខ្លះដើម្បីកាត់បន្ថយ និងព្យាបាលបញ្ហានេះ?
គ្រូពេទ្យជំនាញផ្នែកជំងឺទូទៅលើកឡើងថា បញ្ហាដេកមិនលក់ ឬដេកមិនគ្រប់គ្រាន់បណ្ដាលមកពីការគិតច្រើនក្នុងការបំពេញការងារ ការសិក្សា បញ្ហាគ្រួសារ បញ្ហាថវិកា និងបញ្ហាសង្គមជាដើម។ បញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជា ការឡើងទម្ងន់ខុសប្រក្រតី សម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ជាពិសេសអាចប្រឈមនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ប្រាប់វិទ្យុអាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាមថា បញ្ហាដេកមិនលក់ និងចេះតែរវើរវាយនេះ កើតមានលើមនុស្សស្ទើរគ្រប់គ្នា។ លោកវេជ្ជបណ្ឌិតពន្យល់ថា មនុស្សពេញវ័យអាយុចាប់ពី ១៨ឆ្នាំឡើងគឺប្រឈមនឹងបញ្ហាដេកមិនស្កប់ស្កល់ ឧស្សាហ៍ដេកភ្ញាក់ៗដោយសារកត្តាបញ្ហាក្នុងគ្រួសារ ការបាត់បង់ការងារ និងទម្លាប់ចំណាយពេលនៅដល់យប់ជ្រៅ ហើយចំពោះមនុស្សវ័យចាប់ពី៦០ឆ្នាំឡើងពួកគាត់ប្រឈមនឹងសម្ពាធផ្លូវចិត្ត និងការប្រើប្រាស់ថ្នាំប្រចាំកាយដែលមានផលរំខានដល់ដំណេករបស់ពួកគាត់។
លោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី៖«ការរស់នៅដោយសារការធ្វើបាបពីអ្នកដទៃ ការរស់នៅទៅលើការរំលោភទ្រព្យសម្បត្តិដីធ្លីកន្លែងហ្នឹងហើយដែលធ្វើគាត់មានបញ្ហាផ្លូវចិត្តគិតច្រើនកន្លែងហ្នឹងដែលធ្វើឱ្យគាត់អាចបណ្ដាលឱ្យគាត់គេងមិនលក់គេហៅថាជំងឺផ្លូវចិត្តរហូតទៅដល់បាក់ទឹកចិត្តហើយគេងមិនលក់ហើយឧស្សាហ៍ដេកយល់សុបិនច្រើន»។
លោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី បន្ថែមថា នៅមានកត្តាមួយចំនួនទៀតដែលធ្វើឱ្យដេកមិនលក់ដូចជា ការលេងទូរស័ព្ទ ឬហ្វេសប៊ុកដល់យប់ជ្រៅ ផឹកគ្រឿងស្រវឹង ឬកាហ្វេច្រើនហួសហេតុ និងទម្លាប់ដេកខុសម៉ោងទាំងនេះក៏ធ្វើឱ្យមានបញ្ហាពិបាកដេកផងដែរ។
ពាក់ព័ន្ធនឹងការដេកមិនលក់គេហទំព័រសុខភាព WebMD នៅសហរដ្ឋអាមេរិកបង្ហាញថា បញ្ហាដេកមិនលក់នេះក៏កើតមានចំពោះស្ត្រីមានផ្ទៃពោះ ពីព្រោះនៅពេលស្ត្រីមានផ្ទៃពោះធ្វើឱ្យអ័រម៉ូននៅក្នុងសរីរាង្គប្រែប្រួល ហើយនេះជាមូលហេតុធ្វើឱ្យមានការឈឺចាប់សាច់ដុំខ្នង ឬឈឺឆ្អឹងខ្នង ប្រព័ន្ធរំលាយអាហារយឺតជាងមុន រមួលក្រពើ និងពិបាកដកដង្ហើម។ បញ្ហានេះប៉ះពាល់ដល់កូនក្នុងផ្ទៃ ដូចជា សម្រាលកូនមុនពេលកំណត់ សម្ពាធឈាមឡើងខ្ពស់ ហើយស្ត្រីប្រឈមនឹងបាក់ទឹកចិត្តមុនពេលឬក្រោយពេលសម្រាល។
ដើម្បីអាចកាត់បន្ថយ និងព្យាបាលបញ្ហាដេកមិនលក់នៅពេលយប់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) និងមជ្ឈមណ្ឌលស្នេហា កាលពីថ្ងៃទី២៤ ខែមិថុនា បានចេញផ្សាយប័ណ្ណព័ត៌មានអំពីការ«ស្វែងយល់អំពីដំណេក»ដើម្បីលើកកម្ពស់ការយល់ដឹងពីការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តតាមរយៈការដេកឱ្យបានគ្រប់គ្រាន់។ ក្រុមអ្នកជំនាញទាំងអស់នោះ បានណែនាំឱ្យដេកឱ្យបានគ្រប់គ្រាន់ដើម្បីជួយបង្កើនសមត្ថភាពខួរក្បាល ពង្រឹងសុខភាពផ្លូវកាយ ផ្លូវចិត្ត និងកាត់បន្ថយសម្ពាធឈាម។ ការដេកឱ្យបានគ្រប់គ្រាន់គឺប្រែប្រួលទៅតាមវ័យ ដូចជាមនុស្សពេញវ័យអាចដេកចន្លោះពី៧ ទៅ៨ម៉ោង ហើយចំពោះកុមារគួរដេកចន្លោះពី៩ ទៅដល់ ១៣ម៉ោង និងទារកដេកចន្លោះពី១២ ដល់១៥ម៉ោង។ ដើម្បីបង្កើតទម្លាប់ល្អ និងទទួលបានសុខភាពល្អក្នុងការដេក អ្នកគួរតែចៀសវាងការប្រើប្រាស់សារធាតុនីកូទីន ចៀសវាងការផឹកកាហ្វេអ៊ីន ឬគ្រឿងស្រវឹងនៅពេលរសៀល ការបរិភោគអាហារ ឬផឹកទឹកលើសកម្រិត មុនពេលចូលដេកបណ្ដាលឱ្យងើបបត់ជើងតូចញឹកញាប់ដែលជាហេតុធ្វើឱ្យដេកឆាប់ភ្ញាក់។ បន្ថែមពីទម្លាប់ដេកឱ្យបានល្អនេះ គឺត្រូវធ្វើលំហាត់ប្រាណយ៉ាងហោចណាស់មុនពេលចូលដេកចន្លោះពី២ ទៅ៣ម៉ោង ការអានសៀវភៅ ការស្ដាប់តន្ត្រី ការរក្សាសីតុណ្ហភាពក្នុងបន្ទប់ដេកឱ្យត្រជាក់ល្មម កុំក្ដៅពេក ការរៀបចំបន្ទប់ដេកឱ្យមានផាសុកភាពក៏អាចជួយដេកយប់លក់ស្រួលផងដែរ។ ជាងនេះទៅទៀតការដេកថ្ងៃច្រើនពេកក៏ធ្វើឱ្យប៉ះពាល់ដល់ដំណេកពេលយប់របស់អ្នកដែរ។
គ្រូពេទ្យជំនាញឯកទេសទូទៅ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់គ្លីនីកមេត្តា ឱ្យយោបល់ថា ដើម្បីព្យាបាលបញ្ហានេះអ្នកដែលមានបញ្ហាដេកមិនលក់ត្រូវជួបប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិនដើម្បីកំណត់រកមូលហេតុនៃការដេកមិនលក់ទើបអាចដោះស្រាយបាន។ លោកវេជ្ជបណ្ឌិតបន្តថា ប្រសិនបើអ្នកមានបញ្ហាពិបាកដេកដោយសារការប្រើប្រាស់ថ្នាំជាប្រចាំ គឺត្រូវពិគ្រោះជាមួយគ្រូពេទ្យពីផលរំខានរបស់ថ្នាំនោះ។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា៖«ដោះស្រាយមូលហេតុវាឧទាហរណ៍បើគាត់ស្រ្ទេសគឺត្រូវបំបាត់ស្រ្ទេសគាត់មានបញ្ហាឈឺចាប់រាងកាយវិញផ្លូវដោះស្រាយបញ្ហាឈឺចាប់ហ្នឹង។ ឧទាហរណ៍គាត់ផឹកកាហ្វេពេលល្ងាចពេកក៏កុំឱ្យផឹកពេលល្ងាចពេកយើងដោះស្រាយបញ្ហាតាមមូលហេតុ»។
ក្រុមគ្រូពេទ្យឱ្យដំបូន្មានថា ការបរិភោគអាហារដែលមានជាតិខ្លាញ់ ឬហឹរខ្លាំងចន្លោះពី២ទៅ៣ម៉ោងមុនពេលចូលដេកនឹងធ្វើឱ្យក្រពះពិបាករំលាយអាហារដូច្នេះពុំគួរបរិភោគអាហារយប់ពេកនោះទេ។ ចំពោះស្ត្រីមានផ្ទៃពោះនៅពេលជួបបញ្ហារមួលក្រពើនៅពេលយប់ត្រូវម៉ាស្សាជើងថ្នមៗ បរិភោគអាហារដែលមានជាតិដែក និងមានវីតាមីនគ្រប់គ្រាន់ដើម្បីជួយឱ្យឆាប់ដេក។ ប្រសិនបើអ្នកមានបញ្ហាដេកមិនលក់រយៈពេលវែង ឬធ្ងន់ធ្ងរត្រូវទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីទទួលបានថ្នាំជំនួយការដេកព្រោះបញ្ហានេះ គឺបណ្ដាលមកពីភាពខុសគ្នានៃរាងកាយនៅក្នុងខួរក្បាល ដែលបណ្ដាលមកពីតំណពូជរបស់មនុស្សម្នាក់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។