ដូចលោកអ្នកនាងជ្រាបរួចមកហើយថា ក្រោយពីមូសដែកគោលញីខាំ រួចចម្លងប៉ារ៉ាស៊ីត ចូលក្នុងឈាមមនុស្សហើយនោះ អ្នកដែលត្រូវមូសខាំនោះ ខ្លះមិនទាំងដឹងថាខ្លួនមានជំងឺគ្រុនចាញ់នៅឡើយទេ។ ហើយក្នុងរវាងពី ១សប្តាហ៍ ទៅ ២សប្តាហ៍ បន្ទាប់ពីមនុស្សឆ្លងរួចហើយ រោគសញ្ញាដំបូងនៃគ្រុនចាញ់ក៏លេចចេញឡើង គឺធម្មតាមានគ្រុន ឈឺក្បាល រងាញាក់ និងក្អួតចង្អោរ។
លោកស្រីវេជ្ជបណ្ឌិត ខេង ស៊ីម អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល បានមានប្រសាសន៍អំពីរោគសញ្ញានៃជំងឺនេះថា គឺអាស្រ័យទៅលើសណ្ឋាននៃការឈឺស្រាល ឬក៏ឈឺធ្ងន់។
ចំពោះករណីស្រាល ៖ «ចំពោះអ្នកជំងឺគ្រុនចាញ់ដែលមានកម្រិតស្រាល គឺចាប់ផ្តើមរោគសញ្ញាឡើងដោយមានអាការៈគ្រុនក្តៅ ស្រៀវស្រាញញាក់ ហើយនិងបែកញើស បន្ទាប់មកមានរោគសញ្ញារួមផ្សំថែមទៀត ដូចជាគាត់មានការឈឺក្បាល មានការអស់កម្លាំង យើងពិនិត្យទៅមានអាការៈស្លេកស្លាំងបន្កិចបន្តួច។ នេះជាអាការៈរោគសញ្ញានៃជំងឺគ្រុនចាញ់កម្រិតស្រាល។តែបើសិនណាជាអ្នកជំងឺដែលមានជំងឺគ្រុនចាញ់ស្រាលនោះ ពុំបានធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ហើយប្រើថ្នាំសម្រាប់ធ្វើការព្យាបាលនោះឲ្យបានត្រឹមត្រូវទេ គឺថាវាអាចវិវត្តពីគ្រុនចាញ់កម្រិតស្រាលនោះទៅរកកម្រិតធ្ងន់ធ្ងរ»។
លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា ចំពោះករណីឈឺធ្ងន់វិញនោះ អាចនាំឈានដល់វិបត្តិសរីរាង្គផ្សេងៗផង ៖ «ជំងឺគ្រុនចាញ់កម្រិតធ្ងន់ធ្ងរនោះ គឺវាអាចឈានដល់ធ្វើឲ្យអ្នកជំងឺវង្វេងវង្វាន់ស្មារតី អាចឲ្យអ្នកជំងឺសន្លប់ អាចឲ្យអ្នកជំងឺមានវិបត្តិ ផលវិបាកផ្សេងៗ លើសរីរៈខាងក្នុងរបស់អ្នកជំងឺ ដូចជាអាចឲ្យប៉ះពាល់ទៅដល់តម្រងនោម ដែលធ្វើឲ្យមានអាការៈរោគនោមតិច ឬមាននោមឈាម អាចឲ្យអ្នកជំងឺមានភាពកង្វះជាតិទឹក កង្វះជាតិស្ករ ឬរហូតដល់មានស្ទះសរសៃឈាមណាមួយនោះ អាចឲ្យសន្លប់បាត់ស្មារតី ឬក៏អាចឲ្យមានផលវិបាករហូតដល់ហើមសួតថែមទៀត។ ដូច្នេះបើអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ហើយយើងមិនបានធ្វើការព្យាបាលទាន់ពេល ឬក៏ថែទាំអ្នកជំងឺឲ្យបានត្រឹមត្រូវ គឺថាអ្នកជំងឺនោះអាចវិវត្តឲ្យស្លាប់បាន»។
វេជ្ជបណ្ឌិតជំនាញបានណែនាំថា ក្នុងការព្យាបាលអ្នកជំងឺគប្បីអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ បើពុំនោះទេអាចនឹងលេចចេញនូវផលវិបាកអាក្រក់នានា ដូចជាករណីស៊ាំថ្នាំជាដើម។ ក៏ប៉ុន្តែមូលហេតុពិតប្រាកដដែលបញ្ជាក់ថា មានភាពស៊ាំទៅនឹងថ្នាំគ្រុនចាញ់នោះ គឺពុំទាន់ដឹងច្បាស់លាស់នៅឡើយទេ។ តែទាំងអាជ្ញាធរ ទាំងអង្គការអន្តរជាតិ សុទ្ធតែមានការប្រឹងប្រែងបំបាត់ការស៊ាំនេះ។
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ ថ្ងៃ ៣១ ខែកក្កដា ២០០៩ លោកវេជ្ជបណ្ឌិត ដួង សុជាតិ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់មានប្រសាសន៍ថា ដោយមានកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក និងដោយមានថវិកាជំនួយរបស់មូលនិធិ Bill និង Melinda Gates តាំងពីខែកុម្ភៈ មក មានថវិកាចំនួន ២២លានដុល្លារអាមេរិក ដើម្បីទប់ទល់បង្ក្រាបបញ្ហាប៉ារ៉ាស៊ីតស៊ាំថ្នាំគ្រុនចាញ់ ជាពិសេសនៅភាគខាងលិចនៃប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា ថ្នាំអាតេមីស៊ីនីន សម្រាប់ប្រើព្យាបាលជំងឺគ្រុនចាញ់កន្លងមក ឥឡូវនេះប៉ារ៉ាស៊ីត ឬក៏មេរោគគ្រុនចាញ់បានស៊ាំទៅនឹងថ្នាំនេះហើយ។ លោកបន្តថា មជ្ឈមណ្ឌលរបស់លោក រួមនឹងទីភ្នាក់ងារអន្តរជាតិ កំពុងសហការគ្នាលើកគម្រោងកម្មវិធីប្រឆាំងបញ្ហាប៉ារ៉ាស៊ីតស៊ាំនេះ ដោយមានគំនិតថា នឹងដកថ្នាំអាតេមីស៊ីនីនទាំងអស់ចេញពីទីផ្សារ កុំឲ្យមានលក់ក្នុងរយៈពេល ២-៣ឆ្នាំ ដើម្បីធ្វើឲ្យប៉ារ៉ាស៊ីតដែលស៊ាំនោះ វាស្លាប់បាត់អស់ ចំណែកឯប៉ារ៉ាស៊ីតថ្មី អាចនឹងមិនមានបញ្ហាស៊ាំនេះទេ។
យោងតាមឯកសារpri.org ទោះបីមានករណីស៊ាំថ្នាំក៏ដោយ គឺថ្នាំ ២មុខរួមគ្នា ដែលក្នុងនោះមានថ្នាំអាតេមីស៊ីនីន បានត្រូវគេប្រើនៅឡើយក្នុងករណីភាគច្រើន ក៏ប៉ុន្តែនៅភូមិនាតំបន់ដែលមានបញ្ហាប៉ារ៉ាស៊ីតស៊ាំថ្នាំ នឹងមិនមានប្រើថ្នាំអាតេមីស៊ីនីនទេ។ ជាជំនួសវិញ គឺវេជ្ជបណ្ឌិតនឹងផ្តល់ឲ្យអ្នកជំងឺនូវថ្នាំចម្រុះ ២មុខ ដែលមានតម្លៃថ្លៃបន្តិច គឺថ្នាំឈ្មោះ Malarone។
កាលពីខែឧសភា ២០០៩ លោកវេជ្ជបណ្ឌិត ដួង សុជាតិ មានប្រសាសន៍ដោយរំពឹងថា អាចនឹងបំបាត់ជំងឺគ្រុនចាញ់អស់ពីស្រុកខ្មែរនៅមុនឆ្នាំ ២០១៥ ក៏ប៉ុន្តែលោកថាក្នុងការបំបាត់នេះ នៅមានចោទបញ្ហាតម្លៃចំណាយនៅឡើយ។
គួររំឭកថា បើតាមលោកវេជ្ជបណ្ឌិត ម៉ី ប៊ុតដេនីស នៃអង្គការសុខភាពពិភពលោកនៅកម្ពុជា ធ្លាប់មានប្រសាសន៍ គឺគេដឹងពីជំងឺគ្រុនចាញ់ដំបូងនៅស្រុកខ្មែរ ក្នុងរវាងឆ្នាំ ១៩៥១ តែពេលនោះគេមិនទាន់ដឹងចំនួនអ្នកជំងឺប៉ុន្មាននាក់នោះទេ។
លោកវេជ្ជបណ្ឌិត ម៉ី ប៊ុតដេនីស មានប្រសាសន៍ដូច្នេះ ៖ «១៩៥១ គឺកាលហ្នឹងអត់ទាន់មានអ្នកណាមកទេ គឺចាប់ស្គាល់ជំងឺគ្រុនចាញ់ហើយ ប៉ុន្តែយើងនៅព្យាបាលជាមួយបរទេស ជាមួយបារាំង នៅឡើយទេ។ នៅមុនឆ្នាំ ១៩៥១ កាលនោះ យើងមិនទាន់មានជាផែនការអីដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ទេ យើងទើបតែនឹងស្កាល់ ទើបនឹងដឹងតាមមន្ទីរពេទ្យ អ្នកជំងឺមកពិនិត្យនៅមន្ទីរពេទ្យខេត្ត និងតាមមណ្ឌលសុខភាពតាមស្រុក ហើយអ្នកដែលគេព្យាបាលនៅពេលនោះ គឺគេប្រើថ្នាំគីនីន ព្រោះគីនីន គេស្គាល់យូរហើយ ចម្បាំងលោកលើកទី២ គឺគេស្គាល់ថ្នាំ គីនីន ហើយ។ គេយកថ្នាំគីនីន យកមកព្យាបាលទាំងគ្រាប់ទាំងថ្នាំចាក់។ ហើយពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៣ មានអង្គការសុខភាពពិភពលោកមកដល់ប្រទេសកម្ពុជាយើង ហើយបានបង្កើតជាក្រុមកម្ចាត់ជំងឺគ្រុនចាញ់តូចមួយនៅប្រទេសកម្ពុជា»។
មានសេចក្តីរាយការណ៍ថា ក្នុងឆ្នាំ ២០០៦ កម្ពុជាមានគ្រុនចាញ់ប្រមាណ ១០ម៉ឺនករណី ក្នុងឆ្នាំ ២០០៧ មានប្រមាណ ៥៩.០០០ករណី ឆ្នាំ ២០០៨ មាន ៥៤.០០០ករណី ចំណែកស្ថិតិអ្នកឈឺគ្រុនចាញ់នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០០៩ មានចំនួន ៣៦.៩៥២នាក់៕