ជំងឺ​ឈឺ​ឆ្អឹង​ខ្នង

ជំងឺ​ឈឺ​ឆ្អឹង​ខ្នង ត្រូវ​បាន​គ្រូពេទ្យ​អះអាង​ថា ជា​ជំងឺ​ឈាន​មុខ​មួយ ដែល​មាន​មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ជួប​ប្រទះ ហើយ​ត្រូវ​ចំណាយ​ថវិកា​រាប់​កោដិ​ដុល្លារ​សម្រាប់​ព្យាបាល​បញ្ហា​នេះ។

គ្រូពេទ្យ​បញ្ជាក់​ថា មូលហេតុ​សំខាន់ ដែល​នាំ​ឱ្យ​ឈឺ​ឆ្អឹង​ខ្នង មក​ពី​ការ​សឹក​ទ្រនាប់​កង ឆ្អឹង​ខ្នង​នោះ។

បញ្ហា​ឈឺ​ឆ្អឹង​ខ្នង គឺ​គ្រូពេទ្យ​និយាយ​សំដៅ​ទៅ​រក​បញ្ហា​ខុស​ធម្មតា​នៃ​ទម្រង់ និង​មុខងារ​របស់​ឆ្អឹង​ខ្នង ចាប់​ពី​កញ្ចឹង​ក​ដល់​ចង្កេះ។

ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ផ្នែក​សុខភាព​អន្តរជាតិ​មួយ ឈ្មោះ អិនធើរមេឌីខា (INTERMEDICA) គ្រូពេទ្យ​ជំនាញ​ឯកទេស​ផ្នែក​ឆ្អឹង​ខ្នង នៅ​កោះ​តៃវ៉ាន់ លោក​វេជ្ជបណ្ឌិត ឈិន ឈីងឈិន ថ្លែង​ថា ជំងឺ​ឈឺ​ខ្នង ជា​ជំងឺ​មួយ​ពិបាក​ព្យាបាល។ លោក​វេជ្ជបណ្ឌិត ឈីងឈិន បញ្ជាក់​ថា មាន​អាការៈ​ជំងឺ​ជា​ច្រើន​ទាក់ទង​នឹង​ឆ្អឹង​ខ្នង។ បញ្ហា​សំខាន់​មួយ​នៃ​ជំងឺ​ឆ្អឹងខ្នង គឺ​សឹករិចរិល​ទ្រនាប់​ឆ្អឹង​កង​ខ្នង ដែល​ភាសា​អង់គ្លេស ហៅ​ថា ឌីស (Disc)។

លោក​វេជ្ជបណ្ឌិត ឈីងឈិន ពន្យល់​ថា បញ្ហា​ដែល​នាំ​ឱ្យ​មាន​ជំងឺ​ឈឺ​ខ្នង ជា​ទូទៅ​មាន​មូលហេតុ​ធំៗ ចំនួន ៣ គឺ​ទី​មួយ មក​ពី​អាយុ​យើង​ចាស់​ជរា​ជា​ធម្មជាតិ។ ទី​ពីរ មក​ពី​ជំហរ​ឥរិយាបថ​របស់​យើង​មិន​ត្រឹមត្រូវ និង​ទី​បី ដោយសារ​តែ​ការ​រង​របួស​គ្រោះថ្នាក់ ឬ​ការ​ប៉ះទង្គិច​ផ្សេងៗ។ តាម​រយៈ​ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ លោក​វេជ្ជបណ្ឌិត ឈីងឈិន លើក​បង្ហាញ​រូបភាព​ជា​ឧទាហរណ៍​មួយ​មក​ពន្យល់​ថា ការ​ឈរ ឬ​អង្គុយ​កាច់​ឆ្អឹង​ខ្នង​ខុស​ទំនង ក៏​ជា​មូលហេតុ​មួយ​ដែរ។

សំឡេង៖ «ទី​មួយ​គឺ​រូបភាព​បង្ហាញ​ឌីស​ឆ្អឹង​កង​របស់​យើង ទី​មួយ​គឺ​មាន​សរសៃ​ព័ទ្ធ​ជុំវិញ​ឆ្អឹង​កង និង​ទី​ពីរ គឺ​ស្នូល​នៃ​ឌីស។ ឌីស​របស់​យើង នៅ​ពេល​ដែល​អាកប្បកិរិយា​របស់​យើង ជំហរ​របស់​យើង​មិន​ត្រឹមត្រូវ ដូចជា យើង​កៀប​ក​និយាយ​ទូរស័ព្ទ​យូរ ដែល​ធ្វើ​ឌីស​យើង​កៀប​ទៅ​ប្រេះ ហើយ​ដោយសារ​តែ​យើង​មិន​បាន​ថែរក្សា និង​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ និង​មិន​បាន​ព្យាបាល​វា​ឱ្យ​ល្អ វា​កាន់​តែ​ប្រេះ​កាន់​តែ​ខ្លាំង វា​ធ្លាយ​ចេញ​មក​ក្រៅ​នូវ​សារធាតុ​ទាំង​អស់។ នៅ​ពេល​ដែល​វា​ធ្លាយ​ចេញ​ទៅ វា​នឹង​កៀប និង​ប៉ះ​សរសៃ​ប្រសាទ ធ្វើ​ឱ្យ​មនុស្ស​ឈឺ។ ឧទាហរណ៍​ថា សរសៃ​នេះ​ជា​សរសៃ​ប្រសាទ​ជើង វា​អាច​ធ្វើ​ឱ្យ​យើង​ឈឺ​ជើង ឬ​ស្ពឹកត្រឹមត្រូវ រូបភាព​នេះ »។

លោក​វេជ្ជបណ្ឌិត ឈីងឈិន មាន​ប្រសាសន៍​បន្ត​ថា ជា​ធម្មតា ទ្រនាប់​កង​ឆ្អឹង​ខ្នង ឬ​ហៅ​ថា ឌីស​ឆ្អឹង​ខ្នង ដែល​មាន​សុខភាព​ល្អ គឺ​តែងតែ​បញ្ចេញ​សារធាតុ​សំណល់​ចាស់​ចោល ហើយ​បញ្ចូល​សារធាតុ​ចិញ្ចឹម​ថ្មី។ នៅ​ពេល​ណា ទ្រនាប់​ឌីស​ឆ្អឹង​ខ្នង​មិន​អាច​រក្សា​លំនឹង​ចលនា​ចេញចូល​បែប​នេះ​បាន ទ្រនាប់​ឌីស​នោះ​នឹង​ខូច ហើយ​បង្ក​ជា​បញ្ហា។

សំឡេង៖ «នៅ​ពេល​ដែល​ឌីស​ឆ្អឹង​កង​យើង​មិន​អាច​បញ្ចេញ​សារធាតុ​ចាស់​ចោល ហើយ​នៅ​កក​នៅ​ក្នុង​ឌីស ធ្វើ​ឱ្យ​គ្លុយកូស (Glucose) ថយ​ចុះ​ជា​មួយ​អុកស៊ីហ្សែន​ថយ​ចុះ ដែល​ជំរុញ​ឱ្យ​ឌីស​ឆ្អឹង​កង​យើង​ខូច ឬ​សឹករិចរិល»។

ចំពោះ​សញ្ញា និង​អាការៈ​របស់​ជំងឺ​ទាក់ទង​នឹង​កង​ឆ្អឹង​ខ្នង លោក​វេជ្ជបណ្ឌិត ឈីងឈិន ពន្យល់​ថា នៅ​ពេល​ទ្រនាប់​ឆ្អឹង​កង​ខ្នង​ហ្នឹង​ខូច ឬ​សឹករិចរិល ហើយ​លាន​ចេញ​ខុស​ពី​ជួរ​ឆ្អឹង​ខ្នង វា​នឹង​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ឈឺ​នៅ​នឹង​ខ្នង ឬ​ក៏​មាន​បញ្ហា​ដំណើរ​ការ​មិន​សូវ​ល្អ​នៃ​អវយវៈ និង​សរីរាង្គ​ក្នុង​ខ្លួន​របស់​អ្នក​ជំងឺ។ អាការៈ​ឈឺ​ខ្លាំង ឬ​តិច គឺ​អាស្រ័យ​ដោយ​កម្រិត​ខូចខាត​នៃ​ទ្រនាប់​ឌីស​ឆ្អឹង​កង​នោះ។

សំឡេង៖ «ស្ថានភាព​នៃ​ជំងឺ​ឌីស​ឆ្អឹង​ខ្នង​របស់​យើង វា​អាច​កើត​ឡើង​នៅ​ពេល​ដែល​ឌីស​ឆ្អឹង​ខ្នង​របស់​យើង​លាន​ចេញ​មក​ប៉ះ​នឹង​សរសៃ​ប្រសាទ ដែល​យើង​មាន​អារម្មណ៍​ថា ឈឺ​នេះ​ឈឺ​នោះ។ នៅ​ពេល​ដែល​វា​នៅ​ក្នុង​កម្រិត​ស្រាល ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា អវយវៈ​របស់​យើង​រោយ ឈឺ ចុក។ ក្នុង​ករណី​កម្រិត​មធ្យម វា​អាច​ធ្វើ​ឱ្យ​គ្រឿង​របស់​មនុស្ស​យើង និង​អវយវៈ​យើង​ដំណើរ​ការ​មិន​ស្រួល...»។

រី​ឯ​សញ្ញា​សម្រាប់​បញ្ហា​កង​ឆ្អឹង​ខ្នង​ផ្នែក​ខាង​ក្រោម ម្ដុំ​ចង្កេះ​វិញ មាន​ដូច​ជា៖

សំឡេង៖ «ហើយ​បើ​សិន​ជា​នៅ​ខាង​ក្រោម​វិញ ឆ្អឹង​កង​ខាង​ក្រោម អាច​អវយវៈ​ដូច​ជា ជើង​យើង​ពិការ​ដើរ​មិន​រួច»។

ទាក់ទង​ទៅ​នឹង​ការ​ព្យាបាល ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ឈីងឈិន ថ្លែង​ថា មាន​អ្នក​ជំងឺ​ជា​ច្រើន​នាក់ មិន​បាន​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​ថា ជំងឺ​ឆ្អឹង​ខ្នង​នេះ​បណ្ដាល​មក​ពី​ទ្រនាប់​ឌីស​ឆ្អឹង​ខ្នង​លាន​គាប​សរសៃ​ប្រសាទ​ទេ ហើយ​គាត់​ច្រើន​ប្រើ​ថ្នាំ​ប្រភេទ​រម្ងាប់​សរសៃ ដើម្បី​បំបាត់​ការ​ឈឺ​ចាប់។ ការ​ព្យាបាល​តាម​វិធី​នេះ គឺ​ជា​ការ​អូស​បន្លាយ​ជំងឺ​ឱ្យ​នៅ​រឹត​តែ​យូរ ហើយ​អាច​នាំ​ឱ្យ​ខូចខាត​ទ្រនាប់​ឆ្អឹង​នោះ​រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោក​វេជ្ជបណ្ឌិត ឈីងឈិន មាន​ប្រសាសន៍​បន្ថែម​ថា ជា​ទូទៅ ការ​ព្យាបាល​ជំងឺ​នេះ មាន​វិធី ២ យ៉ាង។

សំឡេង៖ «ក្នុង​វិធី​ព្យាបាល​បច្ចុប្បន្ន​នេះ គឺ​យើង​មាន​វិធី​ព្យាបាល​ពីរ។ ទី​មួ គឺ​ការ​មិន​វះ​កាត់ ដែល​ប្រើប្រាស់​ថ្នាំ ធូរ​ស្រាល​ក្នុង​រយៈ​ពេល​ខ្លី។ ក៏​ប៉ុន្តែ​មិន​អាច​ថា​ជា​សះ​ស្បើយ ១០០% ទេ ហើយ​បើ​យើង​ប្រើប្រាស់​ថ្នាំ​រយៈ​ពេល​យូរ វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្លួន​ប្រាណ​យើង ធ្វើ​ឱ្យ​ឈឺ​ក្រពះ ឬ​ក៏​ជំងឺ​ផ្សេងៗ»។

វិធី​ព្យាបាល​ដោយ​ការ​វះ​កាត់ គឺ​គ្រូពេទ្យ​ច្រើន​វះកាត់ ជួសជុល​សម្រួល​ទ្រនាប់​ឌីស​ឆ្អឹង​កង​ខ្នង​នោះ​ឡើង​វិញ។ ក៏​ប៉ុន្តែ លោក​វេជ្ជបណ្ឌិត​ថ្លែង​ថា ការ​ព្យាបាល​ដោយ​ការ​វះកាត់​នេះ មិន​ប្រាកដ​ថា​ជា​សះ​ស្បើយ​ជា​រហូត​ទេ។

សំឡេង៖ «ចំពោះ​ការ​វះកាត់​បច្ចុប្បន្ន គឺ​មាន​ដូច​ជា​ចាក់​ថ្នាំ​គីមី​បញ្ចូល ដើម្បី​រំលាយ​ឌីស។ មួយ​ទៀត​គឺ​កាត់​ឌីស ដែល​លាន​ចេញ​មក​ខាង​ក្រៅ និង​មួយ​ទៀត គឺ​ការ​ចាប់​ភ្ជាប់​ឆ្អឹង​កង​ខ្នង​របស់​មនុស្ស​មិន​ឱ្យ​កម្រើក»។ ការ​ព្យាបាល​បែប​នេះ វា​អាច​ធូរ​ស្បើយ​ក្នុង​រយៈ​ពេល​ខ្លី។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​មួយ​តទៅ​មុខ​ទៀត វា​នឹង​រើ​មក​វិញ​ដដែល ដូច​ជា​ឌីស​ឆ្អឹង​កង​លយ​ចេញ​មក​ហ្នឹង វា​អាច​ធូរ​ស្រាល​រយៈ​ពេល​ខ្លី មួយ​រយៈ​ពេល​ក្រោយ​មក​វា​នឹង​ចេញ​បន្ត​មក​ទៀត ធ្វើ​ឱ្យ​មនុស្ស​យើង​ឈឺ​លើស​ដើម»។

ក្រៅ​ពី​វះកាត់ លោក​វេជ្ជបណ្ឌិត ឈីងឈិន ថ្លែង​ថា ឆ្លង​កាត់​ការ​ស្រាវជ្រាវ​របស់​លោក​អស់​រយៈ ២០ ឆ្នាំ លោក​បាន​រក​ឃើញ​ឱសថ​សម្រាប់​ជួយ​បំប៉ន​កោសិកា​ទ្រនាប់​ឌីស​ឆ្អឹង​ខ្នង​ឡើង​វិញ ដែល​ផ្សំ​ពី​រុក្ខ​ជាតិ។ ឱសថ​នេះ​មាន​ឈ្មោះ​ថា អែល​ហ្គូឃែរ (Elgucare)។

សំឡេង៖ «ប្រសិទ្ធភាព​គឺ​ធ្វើ​ឱ្យ​សរសៃ​ឈាម​កកើត​ឡើង​វិញ ហើយ​ធ្វើ​ឱ្យ​ស្នូល​ឌីស​យើង​ហ្នឹង​សម្បូរណ៍​ជាតិ​ទឹក​ឡើង​វិញ។ ធ្វើ​ឱ្យ​កោសិកា​យើង​មាន​ភាព​រស់​រវើក ដែល​ជំរុញ​កោសិកា​ឌីស​យើង​កើន​ឡើង មាន​កំហាប់​ឡើង​វិញ»។

លោក​បន្ត​ថា លទ្ធផល​នៃ​ការ​ព្យាបាល​ដោយ​ថ្នាំ អែលហ្គូឃែរ (Elgucare) កន្លង​មក មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​រយៈ​ពេល ៣ បន្ទាប់។

សំឡេង៖ «គឺ​លទ្ធផល​ព្យាបាល​ជំងឺ​ឈឺ​ចង្កេះ ក្រោយ​ពេល​ប្រើប្រាស់ អែលហ្គូឃែរ របស់​យើង ក្រោយ​រយៈ​ពេល ៣ ខែ បង្ហាញ​ឱ្យ​ឃើញ​ថា ៨០% គឺ​ទទួល​បាន​ការ​ជា​សះស្បើយ​ច្រើន។ ចំណែក​ឯ ២០% ទៀត ទទួល​ការ​ជា​សះស្បើយ​តិចតួច​ដោយសារ​តែ​ជំងឺ​កង​របស់​គាត់ ហើយ​ម្យ៉ាង​ទៀត​អាយុ​របស់​គាត់ គឺ​ចាស់​ជរា»។

លោក​វេជ្ជបណ្ឌិត ឈីងឈិន ​មាន​ពន្យល់​ថា ផល​វិបាក​ដែល​មិន​បាន​ព្យាបាល​បញ្ហា​លាន​ទ្រនាប់​ឌីស​ឆ្អឹង​កង​ខ្នង​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល អាច​បង្ក​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​បន្ត​ទៀត​ច្រើន។

សំឡេង៖ «ការ​ដែល​ឌីស​បាត់​បង់​ភាព​រស់​រវើក​របស់​វា ដែល​យើង​ហៅ​ថា​ងាប់​ឌីស​ឆ្អឹង​កង​របស់​យើង​នេះ វា​អាច​នឹង​លាន​ទៅ​ប៉ះ​សរសៃ​ប្រសាទ​ណា​មួយ ឧទាហរណ៍​ដូច​ជា ឆ្អឹង​ក វា​ឱ្យ​យើង​ចេះ​តែ​វិល​មុខ​ជា​ប្រចាំ ហើយ​និង​ម្រាម​ដៃ​ម្រាម​ជើង​ស្ពឹក លែង​មាន​អារម្មណ៍។ បើ​សិន​ជា​នៅ​ខាង​ក្រោម​វិញ ឆ្អឹង​កង​ខាង​ក្រោម​អាច​ប៉ះពាល់​អវយវៈ​ខាង​ក្រោម ដូច​ជា​ជោះង​យើង​ពិការ​ដើរ​មិន​រួច ឬ​ក៏​ប៉ះពាល់​ដល់​ការ​បន្ត​ពូជ​របស់​យើង​ក៏​មាន​ដែរ»។

ដើម្បី​បង្ការ​កុំ​ឱ្យ​ខូច​ទ្រនាប់​ឌីស​កង​ឆ្អឹង​ខ្នង លោក​វេជ្ជបណ្ឌិត ឈីងឈិន ណែនាំ​ថា ត្រូវ​រក្សា​ឥរិយាបថ​ឆ្អឹង​ខ្នង​ឱ្យ​បាន​ត្រង់ និង​មាន​លំនឹង​ល្អ ហើយ​មិន​ត្រូវ​ពត់​កាច់​យូរ​ពេក​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ជ្រុង​ឆ្អឹង​កង​សង្កត់​លើ​ទ្រនាប់​ខ្លាំង និង​លាន​ចេញ។

ការ​អង្គុយ​យូរ​ពេក​ក៏​មិន​សម្រាប់​សុខភាព​ទ្រនាប់​ឌីស​កង​ឆ្អឹង​ខ្នង​ដែរ។

សំឡេង៖ «យើង​ទាំង​អស់​គ្នា ពេល​អង្គុយ​បាន​មួយ​ម៉ោង គួរ​តែ​ងើប​ឡើង ដើម្បី​ធ្វើ​ចលនា​ផ្សេងៗ ដើម្បី​រក្សា​លំនឹង​ឆ្អឹង​ខ្នង»។

មិន​ចំពោះ​តែ​ការ​អង្គុយ​យូរ​ទេ គឺ​ត្រូវ​ចៀសវាង​ការ​ឈរ​ដែរ។

គប្បី​ប្រើ​ពូក​ទន់​ល្មម​សម្រាប់​សម្រាន្ត ដោយ​មិន​ត្រូវ​ឱ្យ​ទន់​ពេក ឬ​រឹង​ពេក​ទេ។ ត្រូវ​រក្សា​ទម្ងន់​រាងកាយ​ឱ្យ​សមរម្យ​សម្រាប់​សុខភាព គឺ​មិន​ឱ្យ​ធាត់​ពេក​ទេ នាំ​ឱ្យ​ទម្ងន់​សង្កត់​លើ​ឆ្អឹង​ខ្នង​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។