វិធី​បង្ការ​កុំ​ឲ្យ​ឆ្លង​មេរោគ​របេង

ក្នុង​ការ​បង្ការ​មិន​ឲ្យ​ឆ្លង​មេរោគ​របេង តើ​អ្នក​ដែល​កំពុង​កើត​របេង​ក្តី អ្នក​មិន​មាន​កើត​របេង​ក្តី​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​កុំ​ឲ្យ​ឆ្លង​របេង?

0:00 / 0:00

គ្រូពេទ្យ​បាន​មាន​ប្រសាសន៍​ថា ជា​ទូទៅ​គេ​អាច​បង្ការ​បាន​នូវ​ការ​ឆ្លង​មេរោគ​របេង។

ឯកសារ​មូលនិធិ Mayo ដើម្បី​ការ​អប់រំ​និង​ការព្យាបាល​ផ្នែក​វិជ្ជា​ពេទ្យ​នៅ​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​ត្រួត​ពិនិត្យ​របេង​នោះ គឺ​ការ​រក​រោគ​វិនិច្ឆ័យ​ហើយ​និង​ការ​ព្យាបាល​អ្នក​ដែល​ផ្ទុក​បាក់តេរី​របេង​មុន​នឹង​អាច​ឈាន​ដល់​កើត​របេង​សកម្ម ហើយ​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​អ្នក​ជំងឺ​របេង​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង។

ឯកសារ​បន្ត​ថា នៅ​មាន​វិធានការ​ផ្សេងៗ​ទៀត​ដែរ​ដើម្បី​ការពារ​ខ្លួន​ឯង​និង​ការពារ​អ្នក​ដទៃ ដូចជា​រក្សា​ប្រព័ន្ធ​ការពារ​ជំងឺ​ក្នុង​ខ្លួន (Immune system) ឲ្យ​នៅ​រឹង​មាំ​ល្អ ដោយ​ការ​បរិភោគ​អាហារ​ប្រកប​ដោយ​សុខភាព ក្នុង​នោះ​មាន​ពិសា​បន្លែ​និង​ផ្លែ​ឈើ សម្រាន្ត​លក់​ឲ្យ​បាន​គ្រប់គ្រាន់ ហាត់ប្រាណ​យ៉ាង​តិច​បាន​៣០​នាទី​ក្នុង​១​ថ្ងៃ ហើយ​ហាត់​ឲ្យ​បាន​ច្រើន​ដង ច្រើន​ថ្ងៃ​ក្នុង​១​សប្តាហ៍ ដើម្បី​ឲ្យ​ប្រព័ន្ធ​ការពារ​ជំងឺ​ក្នុង​ខ្លួន​នៅ​ខ្លាំង។

ធ្វើ​តេស្ត​ឲ្យ​បាន​ទៀង​ទាត់ ។ អ្នក​ឯកទេស​បាន​ណែនាំ​ថា ចំពោះ​អ្នក​ដែល​ងាយ​ចម្លង​យក​មេរោគ​របេង​មក​ដាក់​ក្នុង​ខ្លួន គឺ​ត្រូវ​ធ្វើ​តេស្ត​របេង​១​ដង​ក្នុង​១​ឆ្នាំ។ អ្នក​ដែល​ងាយ​កើត​មាន​ជំងឺ​របេង​រួម​មាន អ្នក​ផ្ទុក​មេរោគ​អេដស៍​ហើយ​និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​មេរោគ​ក្នុង​ខ្លួន​ចុះ​ខ្សោយ ព្រម​ទាំង​អ្នក​ដែល​រស់​នៅ ឬ​ធ្វើការ​ក្នុង​មន្ទីរ​ឃុំឃាំង ក្នុង​មណ្ឌល​ចិញ្ចឹម ថែ​រក្សា​មនុស្ស​ចាស់ បុគ្គលិក​ពេទ្យ អ្នក​ដែល​មក​ពី​ប្រទេស​ដែល​មាន​អត្រា​ជំងឺ​របេង​ខ្ពស់​។ល។

គិត​គូរ​អំពី​ការ​ព្យាបាល​បង្ការ​កុំ​ឲ្យ​ដល់​ធ្ងន់ធ្ងរ ។ មាន​ការ​សុំ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​សម្រាប់​មនុស្ស​ធំ។ប្រសិន​បើ​អ្នក​ណា​ម្នាក់​ធ្វើ​តេស្ត​រក​ឃើញ​ថា មាន​ឆ្លង​បាក់តេរី​របេង​តែ​មិន​ទាន់​ដល់​កម្រិត​កើត​របេង​នោះ វេជ្ជបណ្ឌិត​ប្រហែល​ជា​នឹង​ណែនាំ​ឲ្យ​ពិសា​ថ្នាំ​ដើម្បី​កាត់​បន្ថយ​លទ្ធភាព​គ្រោះ​ថ្នាក់​ឈាន​ដល់​កើត​របេង។

ប្រើ​ថ្នាំ​ឲ្យ​បាន​គ្រប់​ពេញ​លេញ​គ្រប់​ជ្រុង​ជ្រោយ​តាម​ការ​កំណត់ សម្រាប់​ការពារ​ខ្លួន​ឯង​ផង ការពារ​អ្នក​ដទៃ​ផង​កុំ​ឲ្យ​ឆ្លង​របេង។ពេល​ណា​ដែល​អ្នក​ជំងឺ​ឈប់​ព្យាបាល​មុន​កាល​កំណត់ ឫ​លេប​ថ្នាំ​រំលង​ពេល​នោះ គឺ​បាក់តេរី​អាច​មាន​លទ្ធភាព​បង្ក​បំប្លែង​ឲ្យ​អាច​រស់​បាន​បន្ទាប់​ពី​ទប់ទល់​ថ្នាំ​របេង​កម្រិត​ខ្លាំង។ ជា​លទ្ធផល​គឺ​កើត​ជា​ក្រុម​បាក់តេរី​ស៊ាំ​ថ្នាំ ហើយ​អ្នក​ជំងឺ​របេង​ស៊ាំ​ថ្នាំ​អាច​ឈាន​ដល់​ស្លាប់ ឬ​ក៏​ពិបាក​ព្យាបាល។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​និង​ហង់សិន​នៃ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ការ​ព្យាបាល​របេង​ដោយ​ប្រើ​ដូតស៍​និង​ពង្រីក​សេវា​ព្យាបាល​ដោយ​ដូតស៍​ទៅ​ដល់​សហគមន៍​ជា​វិធាន​ការ​សំខាន់។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​បាន​បញ្ជាក់​ហើយ នៅ​កម្ពុជា​យើង​ចាប់​ពី​ឆ្នាំ​២០០១ រហូត​ដល់​២០០៤-​២០០៥​ហ្នឹង គឺ​យើង​បាន​ធ្វើការ​ពង្រីក​សេវា​ដូតស៍​បាន​ទៅ​ដល់​គ្រប់​មណ្ឌល​សុខភាព​ហើយ។ នេះ​ជា​វិធានការ​មួយ​ដែល​កម្មវិធី​ជាតិ​កម្ចាត់​ជំងឺ​របេង​របស់​ក្រសួង​សុខាភិបាល​ហ្នឹង​បាន​និង​កំពុង​ពង្រីក ក៏​ដូច​ជា​រក្សា​វត្តមាន​សេវា​ទាំង​អស់​ហ្នឹង។ យើង​មិន​ត្រឹម​ថា ពង្រីក​សេវា​ជំងឺ​របេង​ដល់​មណ្ឌល​សុខភាព​ទេ បច្ចុប្បន្ន​យើង​មាន​សេវា​របេង​រហូត​ដល់​ថ្នាក់​សហគមន៍​ទៀត យើង​ហៅ​ថា ដូតស៍​សហគមន៍។ រាល់​ថ្ងៃ​នេះ​យើង​គ្រប​ដណ្តប់​សេវា​សហគមន៍។ នៅ​ចុង​ឆ្នាំ​២០០៨ យើង​មាន​ប្រមាណ​ជា​៥១០​មណ្ឌល​សុខភាព តែ​មក​ដល់​បច្ចុប្បន្ន​យើង​មាន​ប្រមាណ​៦០០​មណ្ឌល​សុខភាព​ជាង ហើយ​ត្រូវ​ជា ៦៤ %​នៃ​មជ្ឈមណ្ឌល​សុខភាព​ទាំង​អស់​ទូទាំង​ប្រទេស។ យើង​នឹង​មាន​ផែនការ​ពង្រីក​ឲ្យ​ដល់​យ៉ាង​តិច​៨០ % នៅ​ចុង​ឆ្នាំ​២០១០ ព្រោះ​ថា សេវា​ដូតស៍​សហគមន៍​នេះ​មាន​អត្ថប្រយោជន៍​ណាស់។ យើង​ឲ្យ​អ្នក​សមាជិក​សហគមន៍ បុគ្គលិក​ស្ម័គ្រ​ចិត្ត​តាម​សហគមន៍​ចូល​រួម​ក្នុង​ការ​ត្រួត​ពិនិត្យ​ជំងឺ​របេង​ហើយ​ឃើញ​ថា មាន​ប្រសិទ្ធភាព​ណាស់»

ជាមួយ​នេះ​មាន​ការ​ប្រយុទ្ធ​នឹង​របេង​អេដស៍ ប្រយុទ្ធ​របេង​ស៊ាំ​ថ្នាំ ប្រយុទ្ធ​របេង​កុមារ​ជា​ដើម​ផង។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បាន​ឲ្យ​ដឹង​បន្ត​ដូច្នេះ​ថា ៖ «យើង​ចាប់​ផ្តើម​ពង្រីក​ការងារ​មួយ​ចំនួន​ទៀត ដូចជា​ការងារ​ប្រយុទ្ធ​ជំងឺ​របេង​អេដស៍ ការងារ​ប្រយុទ្ធ​ជំងឺ​របេង​ស៊ាំ​ថ្នាំ ហើយ​និង​មាន​ការងារ​ពិសេសៗ​មួយ​ចំនួន។ ខ្ញុំ​បញ្ជាក់​ហើយ​ការ​ប្រយុទ្ធ​ជំងឺ​របេង​អេដស៍ ព្រោះ​នៅ​កម្ពុជា​យើង​ អត្រា​អេដស៍​ខ្ពស់​គួរ​សម​ដែរ​ក្នុង​តំបន់ យើង​មិន​ខ្ពស់​ដូច​ជា​នៅ​តំបន់់​អាហ្វ្រិក​ទេ ប៉ុន្តែ​នៅ​តំបន់​អាស៊ី​យើង​នេះ យើង​មាន​ខ្ពស់​ជាង​គេ ហើយ​ក៏​យើង​ពង្រីក​សេវា​របេង​កុមារ​ជាដើម។ លទ្ធផល​គឺ​យើង​ឃើញ​ថា អត្រា​ឆ្លង អត្រា​កើត​ជំងឺ​របេង ក៏​ដូច​ជា​អត្រា​ស្លាប់​ដោយ​របេង មាន​ការ​ថយ​ចុះ​បន្ត​បន្ទាប់»

បន្ថែម​ពី​នេះ​មាន​កិច្ច​សហការ​រវាង​សេវា​រដ្ឋ​និង​សេវា​ឯកជន​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ទៀត​ថា ៖ «ការងារ​សំខាន់​មួយ​ទៀត​គឺ ការងារ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ដៃ​គ្នា ការ​សហការ​គ្នា​រវាង​សេវា​រដ្ឋ​និង​ឯកជន។ យើង​បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​សហការ​គ្នា​រវាង​សេវា​រដ្ឋ​និង​ឯកជន គ្លីនិក​ឯកជន​ឬ​ឱសថ​ស្ថាន​ឯកជន​ជាដើម ជាមួយ​កម្មវិធី​ជាតិ​កម្ចាត់​ជំងឺ​របេង​ចាប់​តាំង​ពី​ឆ្នាំ​២០០៥។ បច្ចុប្បន្ន​នេះ​សេវា​រដ្ឋ​និង​ឯកជន​រួម​គ្នា​នេះ គឺ​យើង​មាន​វត្តមាន​នៅ​ក្នុង​ខេត្ត​ចំនួន​១១​នៅ​ក្នុង​ស្រុក​ប្រតិបត្តិ​ចំនួន​៣៨។ មែន​ទែន​ទៅ​យើង​អាច​និយាយ​បាន​ថា យើង​មាន​៥០% នៅ​ទូទាំង​ប្រទេស ហើយ​ដែល​ជា​លទ្ធផល​មួយ​ដ៏​ជា​ទី​គាប់​ចិត្ត»

ដើម្បី​រក្សា​គ្រួសារ​និង​មិត្ត​ភក្តិ​កុំ​ឲ្យ​ឈឺ​បើ​សិន​ជា​អ្នក​ជា​អ្នក​របេង​សកម្ម ​នោះ​វិញ​គឺ ៖ «វិធានការ​ការពារ​ជំងឺ​របេង​នេះ​គឺ​មាន​២-​៣​ចំណុច​សំខាន់។ ប៉ុន្តែ​ចំណុច​សំខាន់​ដែល​សម្រាប់​ការពារ​មេរោគ​របេង​កុំ​ឲ្យ​ឆ្លង​ទៅ​អ្នក​ដទៃ​នោះ គឺ​កា​​រធ្វើ​យ៉ាងណា​ឲ្យ​ឆាប់​ទទួល​ការ​ព្យាបាល ព្រោះ​ថា ការ​ដែល​រក​ឃើញ​អ្នក​ជំងឺ​របេង ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​ជំងឺ​របេង​ទាន់​ពេល ហើយ​ដាក់​ឲ្យ​ព្យាបាល​នេះ ហើយ​ព្យាបាល​គាត់​ជា​ដាច់ នេះ​ជា​ប្រការ​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ហ្នឹង​លែង​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត លែង​ចម្លង​ទៅ​សមាជិក​ក្នុង​គ្រួសារ លែង​ចម្លង​ទៅ​សមាជិក​ក្នុង​សហគមន៍។ ដូច្នេះ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​ជំងឺ​របេង គឺ​ការ​ព្យាបាល​ជំងឺ​របេង ផ្តល់​ការ​ព្យាបាល​ជំងឺ​របេង​គ្រប់​ជ្រុង​ជ្រោយ។ លើស​ពី​នេះ​ទៀត ក៏​មាន​វិធានការ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កុំ​ឲ្យ​មេរោគ​របេង​ឆ្លង​ទៅ​អ្នក​ដទៃ​ផង​ដែរ មាន​ជា​អាទិ​ដូច​ជា ការ​ដែល​ឲ្យ​អ្នក​ជំងឺ ឬ​អ្នក​ក្អក​ហ្នឹង​គាត់​ពាក់​ម៉ាស់ ឬ​ក៏​ខ្ទប់​មាត់​ច្រមុះ​ដោយ​មាន​កន្សែង​ដៃ​អី​ជា​ដើម​នេះ ក៏​អាច​ជួយ​ផង​ដែ​រ​ក្នុង​ការ​កុំ​ឲ្យ​ឆ្លង​ទៅ​អ្នក​ដទៃ»

ជាមួយ​នេះ​ត្រូវ​មាន​អនាម័យ​ផ្ទះ​សម្បែង​ថែម​ទៀត ៖ « វិធានការ​មួយ​ចំនួន​មាន​ដូច​ជា អនាម័យ​ផ្ទះ​សម្បែង​ឲ្យ​បាន​ស្អាត ផ្ទះ​សម្បែង​ហ្នឹង​បើក​ទ្វារ​ចំហ​បង្អួច​ឲ្យ​បាន​ធំ​ទូលាយ ដើម្បី​ទី​១​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​ល្អ ទី​២​ឲ្យ​ពន្លឺ​ថ្ងៃ​ចូល។ ខ្ញុំ​សូម​បញ្ចាក់​ថា មេ​រោគ​របេង​នេះ មេរោគ​បេកា​នេះ គឺ​ងាយ​ទៅ​រក​ការ​ងាប់​ណាស់ បើ​សិន​ជា​ទទួល​កាំរស្មី​ព្រះអាទិត្យ ហើយ​មេរោគ​របេង​នេះ វា​នៅ​អណ្តែត​ក្នុង​ខ្យល់។ បើ​សិន​ជា​យើង​បើក​ទ្វារ​ចំហ​បង្អួច​ធំៗ​ទៅ ខ្យល់​នឹង​ផាត់​ចេញ​ទៅ​បាត់ ហើយ​វិធានការ​មួយ​ទៀត ដើម្បី​ពិសេស​បំផុត​ការពារ​កុំ​ឲ្យ​ជំងឺ​របេង​ហ្នឹង​មាន​ការ​កើត​ធ្ងន់ធ្ងរ គឺ​ការ​ចាក់​ថ្នាំ​បង្ការ​BCG។ ព្រោះ​ថា ទារក​ដែល​ទើប​នឹង​កើត​ហ្នឹង​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​បង្ការ​បេ.សេ.ហ្សេ ដើម្បី​កុំ​ឲ្យ​មាន​ការ​កើត​ជំងឺ​របេង​ធ្ងន់។ ព្រោះ​ថា ជំងឺ​របេង ខ្ញុំ​បញ្ជាក់​ខាង​ដើម​ហើយ ភាគ​ច្រើន​មិន​ជា​ធ្ងន់​ទេ ប៉ុន្តែ​មាន​ភាគ​តិច​ណា​នោះ​ក៏​មាន​ធ្ងន់ ហើយ​ជំងឺ​របេង​ដែល​ធ្ងន់​បំផុត គឺ​មាន​ជំងឺ​របេង​រលាក​ស្រោម​ខួរ ជំងឺ​របេង​ដែល​ថា វិវត្តន៍​យូរ​ហ្នឹង​ក៏​ធ្ងន់​ដែរ។ អ៊ីចឹង​ទេ ពិសេស​បំផុត​ចំពោះ​កុមារ​តូចៗ កុមារ​ហ្នឹង​នៅ​ពេល​ដែល​ទទួល​ថ្នាំ​បង្ការ​ជំងឺ​របេង​ហ្នឹង​គាត់​អាច​ចៀស​ផុត​ពី​ការ​ដែល​កើត​ជំងឺ​របេង​ធ្ងន់ធ្ងរ»

ការ​ណែនាំ​បាន​បន្ថែម​ថា បើ​សិន​ជា​អាច​ធ្វើ​បាន​នោះ គឺ​អ្នក​ជំងឺ​ត្រូវ​នៅ​ផ្ទះ កុំ​ទៅ​ធ្វើការ ឬ​កុំ​ទៅ​សាលារៀន ឬ​មិន​ត្រូវ​សម្រាន្ត​ក្នុង​បន្ទប់​រួម​ជាមួយ​អ្នក​ផ្សេង​ក្នុង​រយៈ​ពេល​២-​៣​សប្តាហ៍​ដំបូង​នៃ​ការ​ព្យាបាល​របេង​សកម្ម៕