តើ​ជំងឺ​រើម​មាន​រោគសញ្ញា​អ្វីខ្លះ និង​អាច​មាន​វិធី​ការពារ​បាន​ដែរ​ឬទេ?

0:00 / 0:00

ជំងឺរើម (Shingles) និង​ជំងឺ​អុតស្វាយ (Chickenpox) បង្ក​ឡើង​ដោយ​វីរុស​ប្រភេទ​ដូចគ្នា​។ ជា​ធម្មតា អ្នក​កើត​ជំងឺ​រើម បណ្តាល​ឲ្យ​ឈឺចាប់ រមាស់ និង​ក្រហាយ​លើ​ស្បែក និង​ចេញ​រោគសញ្ញា​ពងទឹក​តូច​ធំ​ជា​កញ្ចុំៗ នៅ​លើ​ស្បែក រយៈពេល​ពី​៧ ទៅ ១០​ថ្ងៃ។

តើ​មូល​ហេតុអ្វី​បណ្តាល​ឲ្យ​កើត​ជំងឺរើម ហើយ​គេ​អាច​មាន​វិធី​ណាខ្លះ ដើម្បី​ការពារ​ជំងឺ​សើ​ស្បែក​មួយ​នេះ?

ជំងឺរើម​បង្កឡើង​ដោយ​វីរុស​ឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​ក្តៅ​ខ្លួន ឈឺក្បាល និង​លេច​ចេញ​ពងទឹក​លើ​ស្បែក ដែល​មាន​រាង​តូច​ធំ​ផ្តុំគ្នា​ជា​កញ្ចុំៗ​។​

ម្ចាស់​គ្លីនីក​មេត្តា នៅ​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា មាន​ប្រសាសន៍​ថា នៅ​ពេល​ឆ្លង​វីរុស វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដំបូង​វា​បង្ក​ជា​ជំងឺ​អុតស្វាយ (Chickenpox)​។ ក្រោយ​ជាសះស្បើយ​ពី​ជំងឺ​អុត​ស្វាយ​ហើយ វីរុស​នេះ​មិន​ងាប់​ទេ គឺ​វា​នៅ​សម្ងំ​ក្នុង​ប្រព័ន្ធ​សរសៃប្រសាទ (the nervous system) រាប់​សិប​ឆ្នាំ ហើយ​នៅ​ពេល​ណា​សុខភាព ឬ​ប្រព័ន្ធ​ការពារ​ខ្លួន​ចុះ​ខ្សោយ វីរុស​នេះ​នឹង​រើ ឬ​ងើប​ឡើងវិញ បណ្តាល​ឲ្យ​កើត​ជំងឺរើម៖ «ទាល់តែ​អ្នក​ហ្នឹង​កើត​អុតស្វាយ​ហើយ ទើប​អាច​កើត​រើម។ គាត់​អាច​កើត​អុតស្វាយ នៅ​អាយុ​ណា​ក៏​កើត​ដែរ ហើយ​មេរោគ​ហ្នឹង វា​ទៅ​សម្ងំ​នៅក្នុង​សរសៃ​ប្រសាទ នៅ​ពេល​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្សោយ ញ៉ាំ​អត់​បាន កើត​ទុក្ខ​ច្រើន ឬ​មនុស្ស​ចាស់ អ្នក​កើត​ជំងឺអេដស៍ ឬ​ជំងឺ​រ៉ាំរ៉ៃ​ណាមួយ ជំងឺរើម​នឹង​ចេញ​មក​ហើយ​។ វា​ចេញ​ជា​លើក​ទី​២ វា​លែង​ចេញ​ជា​អុតស្វាយ​ទេ តែ​វា​ចេញ​ជា​រើម​វិញ»។

គ្រូពេទ្យ​ឯកទេស​រូប​នេះ មាន​ប្រសាសន៍​បន្ត​ថា រយៈពេល​២ ទៅ​៣ ថ្ងៃ​ដំបូង មុន​ពេល​លេច​ចេញ​រោគ​សញ្ញា​ជំងឺ​នេះ អ្នក​ជំងឺ​មាន​អាការៈ​អស់​កំលាំង ក្តៅ​ខ្លួន ឈឺក្បាល រមាស់​និង​ក្រហាយៗ នៅ​លើ​ស្បែក ដោយសារ​មេរោគ​ហ្នឹង វា​បំរុង​លេច​ចេញ​ជា​ពងបែក ឬ​ពងទឹក​តូច​ធំ​ដោយ​ផ្តុំគ្នា​ជា​កញ្ចុំ​ឬ​ជា​ផ្ទាំងៗ​។ ជា​ធម្មតា​ជំងឺរើម អាច​ចេញ​នៅ​ដើមទ្រូង ខ្នង ពោះ លើ​ផ្ទៃមុខ និង​ក​ជាដើម៖ «ពេល​ចេញ​ដំបូង​គឺ​កន្ទួល​តិចៗ​ទេ អត់​ទាន់​មាន​ពងទឹក​ទេ ទាល់តែ​២​ឬ​៣​ថ្ងៃ​ក្រោយមក ទើប​ចាប់​ផ្តើមចេញ​ពងទឹក ជា​កញ្ចុំៗ​ផ្តុំ​តូចៗ ហើយ​លក្ខណៈ​សំគាល់​របស់​វា គឺ​ក្តៅក្រហាយ​និង​ឈឺ​។ ហើយ​លក្ខណៈ​របស់​វា គឺ​ចេញពី​៧​ថ្ងៃ​ទៅ ១០​ថ្ងៃ ទើប​បាត់​វិញ ដែល​នាំ​ឲ្យ​ក្ដៅខ្លួន អស់កម្លាំង ឈឺ​សាច់ដុំ ឈឺឆ្អឹងឆ្អែង​ ...»។

គេហទំព័រ​សុខភាព​ក្រុម​គ្រូពេទ្យ​ជំនាញ WebMD ឲ្យ​ដឹង​ថា រហូតមកដល់​ពេលនេះ ក្រុម​វេជ្ជបណ្ឌិត​វេជ្ជសាស្ត្រ នៅ​មិនទាន់​រក​ឃើញ​ពី​មូលហេតុ នៃ​ការ​កកើត​ឡើងវិញ​នៃ​ជំងឺរើម ចំពោះ​អ្នក​ធ្លាប់​កើត​ជំងឺ​អុតស្វាយ​នោះ​ទេ​។ ជំងឺ​រើម ជាទូទៅ​ច្រើន​កើត​លើ​មនុស្ស​ដែល​មាន​វ័យ​លើស​ពី​៦០​ឆ្នាំ ឡើង​ទៅ​។ ជំងឺរើម​ជា​ជំងឺឆ្លង អាច​ចម្លង​មេរោគ​ទៅ​អ្នកដទៃ ដែល​ពុំ​មាន​កើត​ជំងឺ​អុតស្វាយ​ពីមុន ហើយ​ជំងឺ​នេះ គ្មាន​វិធីសាស្ត្រ​ណា អាច​ព្យាបាល​ឲ្យ​ជា​រហូត​បាន​ឡើយ។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា មានប្រសាសន៍​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​កើត​ជំងឺ​រើម មិន​បាន​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ទេ ប៉ុន្តែ​បែរជា​ទៅ​រក​គ្រូខ្មែរ​ស្ដោះ​និង​ផ្លុំ​ព្រួស​ទឹកមាត់ ដាក់​លើ​ពងទឹក​កញ្ចុំៗ​នៅ​លើ​ស្បែក​អ្នកជំងឺ បែប​បុរាណ​ទៅវិញ។

ទង្វើ​បែប​នេះ លោក​ថា អាច​ឈឺ​លើស​ដើម ឬ​បង្ក​បញ្ហា​សុខភាព​ផ្សេង​ទៅ​វិញ ប្រសិនបើ​គ្រូខ្មែរ​នោះ​មាន​ជំងឺឆ្លង​ណាមួយ​៖ «យើង​ឃើញថា នៅពេល​មាន​ជំងឺរើម ខ្មែរ​យើង​មាន​ជំនឿ​បុរាណ​ទៅ​រក​គ្រូខ្មែរ​ស្តោះផ្លុំ នេះ​នាំ​ឲ្យ​ធ្ងន់ធ្ងរ​ថែមទៀត​។ ហើយ​ការ​ស្តោះផ្លុំ​នេះ បើសិន ជា​ទឹកមាត់​គ្រូ មាន​មេរោគ​ផ្សេងៗ អាច​ឆ្លង​កាន់តែ​ធ្ងន់ ដូចជា​ឆ្លង​ថ្លើម ឆ្លង​របេង ឆ្លង​អេដស៍ អាច​ឆ្លង​ពី​គ្រូ​នេះ​ទៀត​។ ដូច្នេះ​យក​ល្អ​បើ​គាត់​ឈឺ​ធ្ងន់ធ្ងរ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ប៉ុន្តែ​បើ​ស្រាល​វិញ អាច​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​អាហារ​មាន​ជីវជាតិ​។ ប្រសិនបើ​ក្តៅ​ខ្លួន អាច​ញ៉ាំ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​មួយ​គ្រាប់ ឬ​២​គ្រាប់​ទៅ​តាម​គីឡូ នោះ ៧​ថ្ងៃ ឬ​១០​ថ្ងៃ​អាច​ជា​វិញ​ហើយ​ ...»។

គ្រូពេទ្យ​ឯកទេស​ទូទៅ​រូប​នេះ​បន្ត​ថា ដើម្បី​ការពារ​ជំងឺរើម គឺ​ត្រូវ​ចាក់​ថ្នាំ​ការពារ​ជំងឺ​អ៊ុត​ស្វាយ​។ រីឯ​អ្នក​កើត​អ៊ុត​ស្វាយ​រួចហើយ ក៏​ត្រូវ​ចាក់​ថ្នាំ​ការពារ​ជំងឺរើម​ផង​ដែរ​។ ឪពុកម្ដាយ​ឬ​អាណាព្យាបាល ត្រូវតែ​យក​កូន​ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​អុតស្វាយ ដែល​បច្ចុប្បន្ន​នេះ អាច​ចាក់​ឲ្យ​កុមារ​អាយុ​ពី​១​ឆ្នាំ​ឡើង​ទៅ៖ «ឥឡូវនេះ គេ​មាន​វ៉ាក់សាំង​ការពារ​អុតស្វាយ ចាប់ពី​អាយុ​១​ខួប​ឡើង​ទៅ គឺ​ចាក់​២​ដង ចន្លោះ​ពី​មួយ​ខែ​។ អ៊ីចឹង​វ៉ាក់សាំង​នេះ ការពារ​អុតស្វាយ​ផង​កុំ​ឲ្យ​វា​ចេញ​អ៊ុត​ស្វាយ និង​កាត់បន្ថយ​អត្រា​កើត​ជំងឺរើម​។ មេរោគ​អ៊ុត​ស្វាយ​នេះ ក៏​ផ្តល់​ផល​ប៉ះពាល់​ខ្លាំង​ដែរ បើ​ក្តៅ​ខ្លួន​ខ្លាំង​អាច​នាំ​ឲ្យ​រលាក​ខួរក្បាល ឬ​ស្រោមខួរ​ដែរ ដូចនេះ​ផលប្រយោជន៍​ចាក់​វ៉ាក់សាំង​ការពារ​អ៊ុត​ស្វាយ ក៏​មាន​ច្រើន​ដែរ​ ...»។

មជ្ឈមណ្ឌល​បង្ការ​ជំងឺឆ្លង​នៅ​សហរដ្ឋអាមេរិក (CDC) ណែនាំ​ឲ្យ​មនុស្ស​ពេញវ័យ អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ ត្រូវ​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រើម ចំនួន​២​ដូស ចន្លោះ​ពី​២​ខែ ទៅ​៦​ខែ ដើម្បី​ការពារ​ជំងឺរើម និង​ផលវិបាក​សុខភាព​នានា​ទៅ​ថ្ងៃ​អនាគត។ ការស្រាវជ្រាវ​បង្ហាញ​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង អាយុ​ចន្លោះ​ពី​៥០ ទៅ ៦៩​ឆ្នាំ ចំនួន​២​ដូស​រួចហើយ គឺ​អត្រា​ប្រសិទ្ធភាព​មាន​ជាង​៩៧% អាច​បង្ការ​មិន​ឲ្យ​កើត​ជំងឺ​រើម។

បន្ថែម​ពី​នេះ អ្នក​កើត​ជំងឺ​រើម ត្រូវ​ងូតទឹក​សំអាត​ខ្លួនប្រាណ​នឹង​សាប៊ូ​ជាប្រចាំ​។ បរិភោគ​អាហារ​បំប៉ន​សុខភាព គេង​ឲ្យ​បាន​គ្រប់គ្រាន់ មិន​ត្រូវ​ស្តោះផ្លុំ ឬ​យក​ភ្លើង​មក​ដុត​លើ​ស្បែក អ្នក​ជំងឺ​រើម​ទេ។ ប្រសិនបើ​មាន​រមាស់​និង​ឈឺ​ក្រហាយ​ខ្លាំង អ្នកជំងឺ​ត្រូវ​ជួប​ពិគ្រោះ​យោបល់ ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​ប្រើ​ឱសថ​ប្រភេទ​លាប​លើ​កញ្ចុំ​ពងទឹក​ក្រោយពេល​បែកធ្លាយ​ដើម្បី​ឲ្យ​ឆាប់​ក្រៀម និង​ថ្នាំ​គ្រាប់​លេប​សម្លាប់​មេរោគ (Antiviral medication) រយៈពេល ៧ ទៅ ១០​ថ្ងៃ ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។