របាយការណ៍ស្រាវជ្រាវមួយដែលចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០១៧ បង្ហាញថា ភាគច្រើននៃពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជា ចង់រស់នៅជាអចិន្ត្រៃយ៍នៅលើទឹកដីនេះ។ ការស្រាវជ្រាវដដែលបង្ហាញថា ខ្មែរក្រោមភាគច្រើននឹងតស៊ូមតិទាមទារសិទ្ធិរស់នៅលើទឹកដីកម្ពុជា ប្រសិនបើអាជ្ញាធរកម្ពុជា ចាប់បញ្ជូនខ្លួនពួកគេត្រឡប់ទៅវៀតណាម វិញ។
របាយការណ៍ស្រាវជ្រាវមានចំណងជើងថា "សិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា" ត្រូវបានសហការចងក្រងដោយអង្គការក្រៅរដ្ឋាភិបាលចំនួន៣ គឺក្រុមការងារដោះស្រាយទំនាស់ (ACT) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍។
ការស្រាវជ្រាវស្ដីពីសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា ត្រូវបានធ្វើឡើងកាលពីខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងតំបន់ចំនួន៨ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ក្រចេះ បន្ទាយមានជ័យ និងខេត្តសៀមរាប ដោយសាកសួរទៅលើខ្មែរក្រោម ២៦៤នាក់។
គោលបំណងនៃការស្រាវជ្រាវនេះ គឺផ្តល់នូវទិន្នន័យជាក់ស្តែងអំពីស្ថានភាពផ្លូវច្បាប់របស់ខ្មែរក្រោមនៅកម្ពុជា បទពិសោធន៍ និងផលលំបាកដែលខ្មែរក្រោមប្រឈម ដោយសារតែឋានៈជាពលរដ្ឋរបស់ខ្លួន។
បញ្ហាមួយចំនួនដែលការស្រាវជ្រាវផ្ដោតទៅលើរួមមាន៖
មូលហេតុនាំឲ្យខ្មែរក្រោមឡើងមករស់នៅលើទឹកដីកម្ពុជា
ស្ថានភាពនៃការធ្វើដំណើរឆ្លងដែនពីកម្ពុជាក្រោមមកកម្ពុជា
ផលលំបាក និងការប្រឈមពេលរស់នៅកម្ពុជា
ឯកសារបញ្ជាក់អត្តសញ្ញាណ
ការយល់ដឹងពីសិទ្ធិជាពលរដ្ឋតាមច្បាប់ជាតិ
ឥរិយាបថរបស់អាជ្ញាធរខ្មែរចំពោះខ្មែរក្រោម
និងឥរិយាបថរបស់ខ្មែរក្រោមចំពោះប្រទេសកម្ពុជា។
លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ពលរដ្ឋខ្មែរក្រោមភាគច្រើនចង់រស់នៅជាអចិន្ត្រៃយ៍នៅកម្ពុជា។ ខ្មែរក្រោមលើកឡើងថា មូលហេតុដែលពួកគេចង់រស់នៅលើទឹកដីកម្ពុជា ជារៀងរហូត ដោយសារតែពួកគេមានអត្តសញ្ញាណជាខ្មែរដូចខ្មែរនៅកម្ពុជា ងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងដោយសារពួកគេមានសាច់ញាតិ ឬមិត្តភ័ក្ដិនៅកម្ពុជា ជាដើម។
ការស្រាវជ្រាវបង្ហាញដែរថា ប្រសិនបើអាជ្ញាធរខ្មែរចាប់បញ្ជូនខ្មែរក្រោមត្រឡប់ទៅឲ្យអាជ្ញាធរវៀតណាម វិញ ពួកគេនឹងមិនគោរពតាមបញ្ជារបស់អាជ្ញាធរនោះទេ ប៉ុន្តែនឹងធ្វើការតស៊ូមតិ ឬស្វែងរកការគាំទ្រពីសហគមន៍ខ្លួន ដើម្បីទាមទារសិទ្ធិរស់នៅក្នុងប្រទេសកម្ពុជា។
ក្នុងវ័យ ៤៦ឆ្នាំ ពលរដ្ឋខ្មែរក្រោមឈ្មោះ រើន សុខា ដែលបានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវអំពីសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោម នៅភោជនីយដ្ឋានអ័រគីដេ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ មករា កន្លងទៅ។ លោក រើន សុខា ឲ្យដឹងថា បើទោះជាលោកបានឡើងមកប្រទេសកម្ពុជា តាំងពីឆ្នាំ២០០០ តែរហូតមកទល់សព្វថ្ងៃនេះ រូបលោក និងក្រុមគ្រួសារមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះទេ។
លោក រើន សុខា បញ្ជាក់ថា លោកចង់ក្លាយជាពលរដ្ឋខ្មែរពេញសិទ្ធិដូចពលរដ្ឋទូទៅផ្សេងទៀតដែរ ប៉ុន្តែលោកហាក់ពិបាកក្នុងការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រោះលោកថា ម្យ៉ាងលោកមិនដែលទទួលបានព័ត៌មានថាអាជ្ញាធរធ្វើអត្តសញ្ញាណប័ណ្ណនៅពេលណាឡើយ ចំណែកអាជ្ញាធរវិញ លោកថាក៏មិនដែលបានហៅគ្រួសារលោកទៅធ្វើអត្តសញ្ញាណប័ណ្ណនោះដែរ៖ « គ្រាន់ឮអ្នកជិតខាងគេប្រាប់ខ្លះៗ ដល់ពេលខ្ញុំទៅនិយាយ រាងអត់ច្បាស់ ហើយគេសួររកសំបុត្រកំណើត ប័ណ្ណគ្រួសារ ខ្ញុំអត់មាន។ គេផ្អាកត្រឹមហ្នឹងទៅ ថាចាំគេហៅក្រោយទៀត។ ដល់ចឹងទៅ យើងអត់បានរហូត ហើយយើងមានពេលណា យើងក្រ។ ខ្ញុំធ្វើតែសំណង់ហ្នឹង ប្រពន្ធលក់ដូរតិចតួច។ យើងមានលុយណាខ្នះខ្នែងធ្វើរឿងចឹង។ មួយខែៗរវល់តែរកលុយជួលផ្ទះហ្នឹង វេទនាដែរហ្នឹង »។
មានកំណើតកើតជានៅខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ហើយសព្វថ្ងៃរស់នៅក្នុងរាជធានីភ្នំពេញ លោក រើន សុខា ប្រាប់ថា អាជ្ញាធរហាក់យោគយល់លោកខ្លះដែរ បើទោះជាពួកគេដឹងថា លោកមិនមានលិខិតស្នាមរស់នៅគ្រប់គ្រាន់ក្តី។ យ៉ាងណាក៏ដោយចុះ បុរសខ្មែរក្រោមរូបនេះនៅតែព្រួយបារម្ភពីឋានៈជាពលរដ្ឋខ្មែរនៅកម្ពុជា ខ្លាចថ្ងៃណាមួយអាជ្ញាធរខ្មែរចាប់បញ្ជូនទៅឲ្យអាជ្ញាធរវៀតណាម វិញ។
មួយវិញទៀត គាត់ក៏ចង់ចូលរួមក្នុងសកម្មភាពសង្គម ដូចជាចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសដូចពលរដ្ឋខ្មែរទូទៅជាដើម នៅពេលគាត់មានអត្តសញ្ញាណប័ណ្ណ ជាពិសេសនោះ គាត់ចង់ក្លាយជាពលរដ្ឋខ្មែរមួយរូបត្រឹមត្រូវ រស់នៅពិតប្រាកដលើទឹកដីកម្ពុជា៖ « ខ្ញុំព្រួយបារម្ភយូរឆ្នាំហើយ ព្រួយគ្មានសំបុត្រកំណើត ប័ណ្ណគ្រួសារ អត្តសញ្ញាណប័ណ្ណ។ យើងប្រជាជនដូចយើងអត់បានពេញសិទ្ធិដូចគេ ខ្លាចបញ្ជូនទៅវិញ។ ដល់បញ្ជូនទៅវិញ គេធ្វើបាបយើង។ យើងគ្មានអត្តសញ្ញាណប័ណ្ណនៅក្រោមដែរហ្នឹង ប័ណ្ណគ្រួសារនៅស្រុកអត់មានទៀត។ ដល់ចឹងទៅគេបញ្ជូនយើងទៅមិនដឹងទៅណា វាចប់ត្រឹមហ្នឹង។ ដល់អ៊ីចឹងទៅសង្ឃឹមលើបងប្អូននៅហ្នឹងហើយ »។

អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ប៉ាន់ប្រមាណថា ខ្មែរក្រោមនៅកម្ពុជា មានប្រហែល ១លាននាក់។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបង្ហាញថា ក៏មានខ្មែរក្រោមមួយចំនួនចង់ត្រឡប់ទៅរស់នៅស្រុកកំណើតដែនដីកម្ពុជាក្រោមវិញដែរ ដើម្បីជួបជុំសមាជិកគ្រួសារពួកគេនៅទីនោះ។
ក្រៅពីរកឃើញថា ពលរដ្ឋខ្មែរក្រោមភាគច្រើនប្រាថ្នារស់នៅជាអចិន្ត្រៃយ៍នៅកម្ពុជា ការស្រាវជ្រាវរកឃើញថា មូលហេតុចម្បងៗដែលជំរុញឲ្យពលរដ្ឋខ្មែរក្រោមឡើងមករស់នៅក្នុងប្រទេសកម្ពុជា គឺដោយសារ៖
ភាពក្រីក្រ
ការលំបាកក្នុងការធ្វើជំនួញ ឬស្វែងរកការងារធ្វើ
ខ្វះដីធ្លីសម្រាប់តាំងទីលំនៅ និងធ្វើស្រែ
លំបាកក្នុងការទទួលបានការអប់រំ
មានការបង្ក្រាប ឬបារម្ភពីការធ្វើបាបពីសំណាក់អាជ្ញាធរវៀតណាម
ហើយខ្លះទៀតរត់ភៀសខ្លួនតាំងពីសម័យសង្គ្រាម ជាដើម។
នៅពេលឡើងមកដល់ប្រទេសកម្ពុជា របាយការណ៍ស្រាវជ្រាវរកឃើញថា ខ្មែរក្រោមជួបប្រទះបញ្ហាជាថ្មីទៀត រួមមាន៖
កង្វះលំនៅឋាន
កង្វះដីធ្លី
គ្មានការងារធ្វើ
ចំណាយលើការរស់នៅខ្ពស់
ប្រឈមនឹងការរើសអើងដោយត្រូវគេចាត់ទុកថាជាជនជាតិវៀតណាម
ពុំទទួលស្គាល់ពីអាជ្ញាធរ
និងកូនៗមិនអាចទៅសាលារៀនបាន ដោយសារគ្មានលិខិតស្នាមត្រឹមត្រូវ ជាដើម។
ក្រៅពីបញ្ហាទាំងអស់នេះ ខ្មែរក្រោមក៏ប្រឈមនឹងការរើសអើងផ្នែកនយោបាយពីអាជ្ញាធរមូលដ្ឋាន ដោយផ្អែកលើការសន្មតដែលថា ខ្មែរក្រោមគឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងនៅកម្ពុជា។
បើនិយាយពីការយល់ដឹងរបស់ខ្មែរក្រោមពីសិទ្ធិជាពលរដ្ឋស្របតាមច្បាប់របស់កម្ពុជា វិញ ការស្រាវជ្រាវបង្ហាញថា ពលរដ្ឋខ្មែរក្រោមភាគច្រើនមិនសូវបានដឹងឡើយ។ ពួកគេក៏មិនសូវដឹងពីបែបបទក្នុងការទទួលបានអត្តសញ្ញាណប័ណ្ណ។ ក្នុងពេលជាមួយគ្នា ខ្មែរក្រោមក៏បានជួបប្រទះនឹងផលលំបាកមួយចំនួនក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ រួមមាន៖
ការធ្វើត្រូវចំណាយពេលយូរ
ការស៊ើបអង្កេតរបស់អាជ្ញាធរហ្មត់ចត់
តម្លៃធ្វើខ្ពស់
ដំណើរការមិនច្បាស់លាស់
កង្វះព័ត៌មាន
ការសូកប៉ាន់ ឬពុករលួយ
និងអាជ្ញាធរតម្រូវឲ្យទៅជួបច្រើនដង។ល។
សង្គមស៊ីវិលធ្វើការស្រាវជ្រាវអំពីខ្មែរក្រោម សង្កត់ធ្ងន់ថា បើទោះជាសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីសញ្ជាតិខ្មែរ ព្រមទាំងសេចក្តីថ្លែងរបស់រដ្ឋាភិបាលកម្ពុជា ដែលថាខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជា អាចមានសិទ្ធិស្មើគ្នាដូចប្រជាពលរដ្ឋខ្មែរក្តី ពួកគេថាជាក់ស្តែងខ្មែរក្រោមមិនទាន់អនុវត្តបាននូវសិទ្ធិទាំងអស់នេះនៅឡើយ គឺខ្មែរក្រោមនៅតែប្រឈមនឹងការរើសអើង ខ្វះការទទួលស្គាល់ពីអាជ្ញាធរ និងខ្វះឯកសារបញ្ជាក់ពីអត្តសញ្ញាណ។
សង្គមស៊ីវិលសន្និដ្ឋានថា បញ្ហាទាំងអស់នេះកើតឡើងដោយសាររដ្ឋាភិបាលកម្ពុជា ខ្វះគោលការណ៍ណែនាំ ឬនីតិវិធីច្បាប់ច្បាស់លាស់ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋានអាចចេញអត្តសញ្ញាណប័ណ្ណដល់ខ្មែរក្រោម។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យអាស៊ីសេរីដឹងថា ក្រុមការងារលោកកំពុងរៀបចំបោះពុម្ពរបាយការណ៍ស្រាវជ្រាវនេះ ដើម្បីចែកចាយឲ្យបានទូលំទូលាយ។ លោកថា បន្ទាប់មក អង្គការសមាគមខ្មែរកម្ពុជាក្រោម រួមជាមួយសង្គមស៊ីវិលផ្សេងទៀត នឹងស្នើជួបពិភាក្សាជាមួយមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្វែងរកលទ្ធភាពនៃការបង្កើតលិខិតបទដ្ឋានគតិយុត្តិច្បាស់លាស់ស្ដីពីសិទ្ធិជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។