មរណភាពរបស់បណ្ឌិត កែម ឡី បានធ្វើឲ្យពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេសមានក្តីរន្ធត់ និងស្ដាយស្រណោះអាឡោះអាល័យលោកជាពន់ពេក។ សម្រាប់ពលរដ្ឋខ្មែរក្រោមវិញ មិនថា ខ្មែរក្រោមនៅកម្ពុជា ឬនៅឯនាយសមុទ្រឡើយ សុទ្ធតែសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់បញ្ញវន្តដែលគេចាត់ទុកថា ជាបណ្ឌិតសម្ដីមាសរូបនេះ។ លើសពីនេះ ខ្មែរក្រោមយល់ថា ការបាត់បង់បណ្ឌិត កែម ឡី គឺជាការនាំយកទៅជាមួយនូវឯកសារស្រាវជ្រាវស្ដីពីដែនដីកម្ពុជាក្រោម ដែលបណ្ឌិត កែម ឡី គ្រោងចងក្រងនៅក្នុងយុទ្ធនាការ ១០០រាត្រីរបស់លោក។
ខ្មែរក្រោមចាត់ទុកការបាត់បង់បណ្ឌិត កែម ឡី ថា ជាការបាត់បង់កញ្ចក់ទិព្វដែលនឹងជួយឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋខ្មែរនៅដែនដីកម្ពុជា ក្រោមឲ្យមនុស្សទូទៅបានដឹងតាមរយៈរបាយការណ៍ដែលលោកគ្រោងសរសេរក្រោយការស្រាវជ្រាវ ១០០រាត្រីរបស់លោក។
បណ្ឌិត កែម ឡី មិនមែនទើបតែចាប់អារម្មណ៍នឹងរឿងរ៉ាវរបស់ខ្មែរក្រោមនៅពេលលោកចាប់ផ្ដើមធ្វើយុទ្ធនាការ ១០០រាត្រីនោះទេ ប៉ុន្តែកាលពីពេលនៅរស់លោកតែងបង្ហាញមុខជាហូរហែនៅក្នុងពិធី ឬការជួបជុំនានារបស់ខ្មែរក្រោម។ ជាក់ស្ដែងលោកតែងចូលរួមនៅក្នុងពិធីរម្លឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ ខែមិថុនា ដែលខ្មែរក្រោមបានរៀបចំឡើងជារៀងរាល់ឆ្នាំ។
កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០១៦ នៅពេលដែលខ្មែរក្រោមរៀបចំពិធីរម្លឹកខួបបាត់បង់ទឹកដីនេះនៅក្នុងបរិវេណវត្តពោធិយារាម ហៅវត្តចាស់ បណ្ឌិត កែម ឡី ក៏បានចូលរួមក្នុងពិធីនោះជាមួយភរិយារបស់លោកដែរ។ វត្តពោធិយារាម ហៅវត្តចាស់ ដដែលនេះហើយដែលសពបណ្ឌិត កែម ឡី ត្រូវបានពលរដ្ឋយកទៅតម្កល់នៅពេលលោកត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា ពោលគឺជាងមួយខែក្រោយពីលោកទៅចូលរួមពិធីបុណ្យ រម្លឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម នៅទីនោះ។
ក្រៅពីនោះ នៅពេលដែលព្រះសង្ឃ ពលរដ្ឋ និងយុវជនធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសខ្មែរបន្ទាប់ពីអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Van Thong) បាននិយាយបំភ្លៃប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម កាលពីខែមិថុនា ឆ្នាំ២០១៤ នោះ គេសង្កេតឃើញថា បណ្ឌិត កែម ឡី ក៏បានចូលរួមគាំទ្រ និងឃ្លាំមើលសកម្មភាពរបស់បាតុករជាហូរហែដែរ។ លើសពីនេះ លោកក៏បានចូលរួមនៅក្នុងវេទិកាពិភាក្សានានា ដែលខ្មែរក្រោមរៀបចំឡើង។
នាយកប្រតិបត្តិនៃសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន យឿង មានប្រសាសន៍ថា សមាគមលោកធ្លាប់អញ្ជើញបណ្ឌិត កែម ឡី ឲ្យចូលរួមក្នុងវេទិកាចំនួន ២ដង កាលពីឆ្នាំ២០១៥ ដើម្បីឲ្យបណ្ឌិត កែម ឡី ផ្ដល់យោបល់ទាក់ទងនឹងការអភិវឌ្ឍយុវជនខ្មែរក្រោម និងបញ្ហាផ្សេងៗដែលខ្មែរក្រោមនៅកម្ពុជា ជួបប្រទះ។
លោក សឺន យឿន បញ្ជាក់ថា ខ្មែរក្រោមចូលចិត្តអញ្ជើញបណ្ឌិត កែម ឡី ចូលរួមក្នុងវេទិកានានា ដោយសារបណ្ឌិតសម្ដីមាសរូបនេះចូលចិត្តប្រើភាសាសាមញ្ញធ្វើឲ្យអ្នកស្ដាប់ស្រួលយល់ ជាពិសេសលោកតែងវែកញែកបង្ហាញនូវឫសគល់នៃបញ្ហា រួចផ្ដល់នូវដំណោះស្រាយចំពោះបញ្ហាទាងនោះ៖ «បើនិយាយពីបង កែម ឡី គឺថា គាត់សាមញ្ញបំផុត គឺយើងទាក់ទងគាត់ គាត់ថា ពេលណាគាត់អត់មានរវល់ គាត់នឹងអញ្ជើញមកពេលនោះ ហើយគាត់ក៏មិនបានទាមទារអ្វីពីយើងដែរ។ នេះជាលក្ខណៈមួយដែលយើងទទួលស្គាល់ ហើយគាំទ្រ និងស្រឡាញ់គាត់ត្រង់កន្លែងហ្នឹង»។
លោក សឺន យឿង ឲ្យដឹងបន្ថែមថា ចំពោះពិធីធំៗវិញ បណ្ឌិត កែម ឡី មិនចាំបាច់ឲ្យខ្មែរក្រោមអញ្ជើញឡើយ គឺលោកតែងទៅចូលរួមដោយចិត្តឯង៖ «ការចូលរួមរបស់គាត់ក្នុងកម្មវិធីធំៗ យើងមិនបានអញ្ជើញគាត់ផ្ទាល់ទេ យើងគ្រាន់តែប្រកាសហើយអញ្ជើញជាសាធារណៈនៅពេលគាត់បានឮគាត់ចូលរួមក្នុងកម្មវិធីរបស់យើង ហើយដូចយើងបានកត់សម្គាល់ឃើញអ៊ីចឹង គាត់ជាមនុស្សមួយសាមញ្ញ និងស្រឡាញ់ទូទៅ គាត់មិនប្រកាន់ថា ខាងណាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្ដាលទេ ឲ្យតែថា ខ្មែរគាត់អញ្ជើញចូលរួមជាមួយយើងដោយរីករាយ»។
គេនៅចាំបានថា នៅពេលបណ្ឌិត កែម ឡី បានទៅចូលរួមពិធីរម្លឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោមនៅវត្តចាស់ កាលពីថ្ងៃទី៤ មិថុនា លោកបានចំណាយពេលដើរមើលព្រះឆាយាល័ក្ខណ៍ និងរូបថតព្រះវីរសមណៈ និងវីរបុរសខ្មែរក្រោមដែលគេរៀបចំដាក់តាំងនៅក្នុងពិធីនោះ។ គឺទីតាំងវត្តដដែលនោះហើយ ដែលជាងមួយខែក្រោយមក រូបថតរបស់បណ្ឌិត កែម ឡី ត្រូវបានពលរដ្ឋយកទៅដាក់តាំងចាត់ទុកជាវីរបុរសរបស់ពួកគេវិញម្ដង។
កាលពេលនៅរស់ បណ្ឌិត កែម ឡី ធ្លាប់ឲ្យដឹងថា នៅក្នុងយុទ្ធនាការ ១០០រាត្រីរបស់លោក ក្រៅតែពីចំណាយពេលចុះស្រាវជ្រាវនៅតាមភូមិឃុំនានា នៅក្នុងប្រទេសកម្ពុជា លោកក៏គ្រោងចុះទៅកាន់ដែនដីកម្ពុជាក្រោម ដើម្បីសិក្សាពីស្ថានភាពរបស់ខ្មែរក្រោមនៅទីនោះដែរ។ លោកគ្រោងទៅជួបយុវជន ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម និងពិនិត្យមើលទីតាំងប្រវត្តិសាស្ត្រ វត្តអារាមនៅទីនោះ រួចសរសេរចងក្រងជារបាយការណ៍ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរទូទៅបានដឹងពីកម្ពុជាក្រោម។ ទោះជាយ៉ាងណា ក្តីស្រមៃរបស់លោកត្រូវរលាយសាបសូន្យ ដោយសារមានជនកំណាចមកផ្ដាច់ផ្ដិលជីវិតលោក។
នាយកប្រតិបត្តិនៃសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន យឿង សម្ដែងការសោកស្ដាយដែលបណ្ឌិត កែម ឡី មិនបានសម្រេចបំណងចុះទៅដែនដីកម្ពុជាក្រោម។ លោកថា មរណភាពបណ្ឌិត កែម ឡី បាននាំយកទៅជាមួយលោកនូវឯកសារស្រាវជ្រាវដ៏មានសារសំខាន់ដែលបណ្ឌិតរូបនេះចង់លាតត្រដាងឲ្យមនុស្សទូទៅបានយល់បន្ថែមទៀតពីកម្ពុជាក្រោម។
ចំណែកប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ ថាច់ ហាសំអាង។ ព្រះអង្គមានថេរដីកាថា ព្រះអង្គក៏មានអនុស្សាវរីយ៍ច្រើនជាមួយបណ្ឌិត កែម ឡី។ ព្រះតេជព្រះគុណរម្លឹកថា កាលពីបណ្ឌិត កែម ឡី នៅរស់ ព្រះអង្គតែងទូរស័ព្ទទៅរកបណ្ឌិត កែម ឡី ដើម្បីសុំយោបល់នៅពេលខ្មែរក្រោមមានបញ្ហា ឬនៅពេលខ្មែរក្រោមមានគម្រោងការធ្វើអ្វីមួយ។ ព្រះអង្គឲ្យដឹងដែរថា តាមពិតសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ថែមទាំងបានរៀបចំអញ្ជើញបណ្ឌិត កែម ឡី ឲ្យជួយធ្វើជាក្រុមប្រឹក្សាភិបាលរបស់សមាគមទៀតផង ប៉ុន្តែគួរឲ្យសោកស្ដាយ លោកត្រូវគេបាញ់សម្លាប់។
ព្រះតេជព្រះគុណ ថាច់ ហាសំអាង ចាត់ទុកការបាត់បង់បណ្ឌិត កែម ឡី ថាជាការបាត់បង់ភ្នែកទិព្វ កញ្ចក់ទិព្វសម្រាប់ឆ្លុះបង្ហាញឲ្យខ្មែរដើរនៅលើផ្លូវត្រូវ៖ «នៅលើលោកបណ្ឌិតគឺច្រើនណាស់ ហើយបើបណ្ឌិតនៅយើងហ្នឹងដឹងរឿងច្រើន មានន័យថា គាត់នឹងស្រាវជ្រាវ គាត់ស្វែងយល់ សិក្សាឲ្យស៊ីជម្រៅច្បាស់លាស់សម្រាប់មកបង្ហាញឲ្យខ្មែរ និងខ្មែរកម្ពុជាក្រោមយល់ កុំឲ្យស្រពេចស្រពិល ហើយជាប់ពាក់ព័ន្ធនឹងរឿង ១០០រាត្រីដែលរហូតដល់និយាយថា ចង់ទៅសិក្សាភូមិនៅកម្ពុជាក្រោមទៀត។ អាត្មាថា អាហ្នឹងហើយជាបញ្ហាដែលគ្រោះថ្នាក់សម្រាប់គាត់ គំនិតរបស់អាត្មាការចុះទៅសិក្សា ១០០ភូមិ ១០០រាត្រី គឺជាគ្រោះថ្នាក់ធំណាស់សម្រាប់លោកបណ្ឌិត បន្ទាប់មករឿងកោះរឿងអីហ្នឹងអាត្មាគិតថា វាជារឿងធំណាស់។ រឿងហ្នឹងហើយដែលជារឿងជាប់ពាក់ព័ន្ធ អាចឲ្យគេធ្វើឃាតលោកបណ្ឌិត»។
បើទោះជាជនកំណាច បានផ្ដាច់សង្ខារបណ្ឌិត កែម ឡី ក្តី តែពាក្យពេចន៍ផ្ដែផ្ដាំរបស់លោកចំពោះខ្មែរក្រោមមិនបានស្លាប់ទៅជាមួយលោកនោះឡើយ។ ព្រះតេជព្រះគុណ ថាច់ ហាសំអាង មានថេរដីកាថា បណ្ឌិត កែម ឡី តែងណែនាំឲ្យខ្មែរក្រោមស្រឡាញ់សាមគ្គីគ្នា ជាពិសេសត្រូវខិតខំពង្រឹងសមត្ថភាពឲ្យបានគ្រប់ៗគ្នា ពេលនោះហើយដែលលោកថា ខ្មែរក្រោមអាចសម្រេចវាសនារបស់ខ្លួនឯងបាន។
ព្រះតេជព្រះគុណ ថាច់ ហាសំអាង៖ «ហ្នឹងធ្វើតាមគាត់ ទី១ គាត់បានផ្ដល់សង្ឃឹមថា ខ្មែរក្រោមមានសង្ឃឹមនឹងទាមទារវិញបាន មិនត្រឹមសិទ្ធិសម្រេចវាសនាដោយខ្លួនឯង មិនត្រឹមតែសិទ្ធិសេរីភាពរបស់ប្រជាជនទេ ថែមទាំងទាមទារបានវិញនូវទឹកដី កាលណាយើងព្យាយាម យើងតស៊ូអនុសាសន៍ទី២ គឺគាត់និយាយថា ឲ្យយើងខំរៀនសូត្រឲ្យច្បាស់ពីសង្គមពីប្រវត្តិសាស្ត្រ កុំឲ្យយើងធ្វើអ្វីមួយមិនបានយល់ដឹង មិនបានចេះដឹង ធ្វើទៅវាមិនឈ្នះគេទេ អ៊ីចឹងអ្វីដែលយើងទទួលបានយើងគិតថា ជាសម្ដីមាសមួយដែលយើងមានសង្ឃឹម កាលណាខ្មែរក្រោមមានការតស៊ូ ខ្មែរក្រោមពោរពេញដោយអ្នកប្រាជ្ញបណ្ឌិត»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។