កាលពីចុងឆ្នាំ ២០០៧ ខ្ញុំបាទធ្លាប់បានណែនាំឱ្យស្គាល់ ខ្មែរសុរិន្ទមួយរូប ដែលប្តូរផ្តាច់ក្នុងសេចក្តីប្រាថ្នា ចង់ស្តារវប្បធម៌ខ្មែរ នៃតំបន់ជាប់ខ្នងភ្នំដងរែកឡើងវិញ ជាពិសេស លោកបានបង្កើតកម្មវិធីបង្រៀនភាសាខ្មែរ ដើម្បីជួយទាំងកុមារទាំងមនុស្សធំ នៅខេត្តសុរិន្ទរបស់ថៃ ឱ្យចេះឤន និងចេះសរសេរ ភាសាខ្មែរ ។
បុរសមាឌធំកំសត់សក់ តែសំបូរពុកមាត់ ពុកចង្ការទុកវែងស្រមូមស្រមាម ឤយុជាង៤០រូបនេះ គឺលោក ជ័យ មង្គល ខ្មែរសុរិន្ទ ពីស្រុកគោកខណ្ឌ ។ ក្រៅពីបង្រៀនភាសាខ្មែរហើយ លោក ជ័យ មង្គល ក៏កំពុងខ្នះខ្នែង បង្កើតសមាគមស្តារនិងអភិរក្សកេរមត៌កខ្មែរ ថែមទៀតផង ។
ដូចដែលខ្ញុំធ្លាប់ជម្រាបហើយ ខ្មែរឧត្តរទិសកាន់តែតិចទៅៗ ដែលនៅរក្សាភាសាដើមរបស់ខ្លួន ព្រោះក្មេងៗជំនាន់ក្រោយ គេនិយមនិយាយតែភាសាថៃ ដោយសារមានច្បាប់បង្គាប់ឱ្យពលរដ្ឋថៃ សិក្សាយ៉ាងហោចណាស់ ក៏ឱ្យចប់ថ្នាក់បឋមភូមិដែរ ។
លោក ជ័យ មង្គល ធ្លាប់បានត្អូញត្អែរថា លោកនឿយហត់ណាស់ ព្រោះត្រូវបំបែកខ្លួនបំបែកពេល រត់ដូចត្រល់ ពីសាលាមួយទៅសាលាមួយ ៖ «ខ្ញុំយល់សប្តិឃើញ ខ្ញុំហែលទឹកក្នុងមហាសមុទ្រដ៏ធំ ហែលទឹកតែម្នាក់ឯង មើលមិនឃើញត្រើយឬឆ្នេរ នៅឯណាទេ» ។
ពីពេលនោះមកដល់ពេលនេះ មិនប៉ុន្មានខែសោះ លោក ជ័យ មង្គល បានពង្រីកគម្រោងបង្រៀនភាសាដើមរបស់លោក នៅខេត្តសុរិន្ទ ដល់ទៅ៤កម្មវិធី ។
ក្រៅពីភូមិប៉ូន ក៏មានកម្មវិធីបង្រៀនភាសាខ្មែរ នៅឯភូមិជ្រួយ នៅឯស្រុកស័ង្គៈ និងនៅក្រុងសុរិន្ទ ៖ «កម្មវិធីមួយៗនៅភូមិប៉ូន នៅស័ង្គៈ នៅភូមិជ្រួយ នៅទីនោះ ១០០% កូនសិស្សជាក្មេង មានបឋមសិក្សាដល់មធ្យម ។ ភូមិប៉ូន ចាប់ពីថ្ងៃទី ១៩ កុម្ភៈទៅ សម្ពោធសាលាហ្នឹង នៅនោះបង្រៀនថ្នាក់មូលដ្ឋាន...» ។
ជាជំហានដំបូងនេះ កម្មវិធីបង្រៀនខ្មែរ ធ្វើបានតែមួយសប្តាហ៍ម្តង តែប៉ុណ្ណោះទេ តែក៏មានដំណើរជឿនលឿន គួរឱ្យចាប់ឤរម្មណ៍ណាស់ដែរ ដោយក្មេងៗចេះឤន ចេះសរសេរបណ្តើរៗហើយ ។
ដោយសារថា ខ្មែរសុរិន្ទមួយចំនួន ចាប់ផ្តើមយល់នូវតម្លៃ នៃការចេះភាសាដើមរបស់ខ្លួន ទើបចាប់ផ្តើមមានមនុស្សធំ មកសុំរៀនកាន់តែច្រើន ព្រោះបើចេះខ្មែរជ្រៅជ្រះ គេឤចមករកទទួលទាន នៅកម្ពុជា ធ្វើការងារតំណាងឱ្យក្រុមហ៊ុនថៃ បានយ៉ាងងាយស្រួល ។
ម៉្យាងទៀតលោក មង្គល មានវិធីអន្ទងចិត្តឱ្យក្មេងខ្មែរសុរិន្ទ មករៀនជាមួយលោក ដោយការពន្យល់អធិប្បាយជាភាសាអង់គ្លេសបន្ថែម ។
លោក ជ័យ មង្គល មានប្រសាសន៍ ដូច្នេះថា ៖ «មុនដំបូង ឱ្យរៀនចេះភាសាខ្មែរសិន ព្រោះអី ភាសាថៃ យើងចេះច្រើនហើយ ហើយយើងក៏រៀនមួយថ្ងៃ ៦ម៉ោងក្នុងសាលា សុំតែយើង មួយឤទិត្យ ៣ម៉ោង មកអង្គុយរៀនខ្មែរខ្លះ រួចហើយ ចេះហើយ ខ្ញុំបានបង្រៀនអង់គ្លេស អង់គ្លេស-ខ្មែរ ដែលខ្ញុំសរសេរអង់គ្លេស ដាក់ជាខ្មែរ» ។
ថ្វីបើកាលពីអតីតកាល ឤជ្ញាធរថៃបានហាមមិនឱ្យមានការផ្សព្វផ្សាយ ភាសាខ្មែរ ភាសាលាវ របស់ជនជាតិដើម ក៏ពិតមែន តែតាំងពីបានចុះហត្ថលេខា ទទួលស្គាល់សិទ្ធិរៀនសូត្រ ភាសាដើមមក ថៃក៏បានបណ្តោយឱ្យ សាលារៀននីមួយៗ រៀបចំកម្មវិធី បង្រៀនភាសាដើម ដោយខ្លួនឯង ។
លោក ជ័យ មង្គល ប្រាប់ដូច្នេះ ៖ «ឆ្នាំមុនហ្នឹង ថៃចុះហត្ថលេខា ជាមួយ អង្គការសហប្រជាជាតិ ពីសិទ្ធិរៀនសូត្រភាសាដើម ក្រសួងអប់រំ ក៏បានប្រកាសលុបចោលបំរាមហ្នឹង ឱ្យសាលារៀន គិតគូរដោយខ្លួនឯងទៅ» ។
ក្រៅពីនេះខាងសាលាខេត្តសុរិន្ទ ដែលបានចងសម្ព័ន្ធមេត្រី ជាមួយខេត្តឧត្តរមានជ័យរបស់កម្ពុជា ក៏បានសុំឱ្យលោក ជ័យ មង្គល ជួយបង្រៀនមន្ត្រីខេត្ត រួមទាំងលោកអភិបាលខេត្តផង ដើម្បីឱ្យងាយស្រួល ក្នុងការធ្វើទំនាក់ទំនង ជាមួយនឹងខ្មែរ ។
គោលបំណងសំខាន់របស់លោក ជ័យ មង្គល គឺធ្វើយ៉ាងណាឱ្យភាសាខ្មែរ ដក់ជាប់ក្នុងចិត្ត ក្នុងគំនិតខ្មែរសុរិន្ទគ្រប់រូប ព្រោះនេះជាកេរមត៌ក ពីដូនតារបស់គេទាំងឡាយ ។ លោកនឹងព្យាយាម ជំរុញឱ្យគេ បញ្ចូលភាសាខ្មែរ ទៅក្នុងកម្មវិធីសិក្សា តាមសាលារៀននានា ក្នុងមូលដ្ឋាន ។
ខាងកម្ពុជាវិញក៏មានសប្បុរសជន ស្ទុះស្ទារជួយឧបត្ថម្ភគាំទ្របូជនីយកិច្ច របស់លោក ជ័យ មង្គល យ៉ាងកក់ក្តៅណាស់ដែរ ក្នុងនោះមានរួមទាំងសម្តេចព្រះរាមទៀតផង ដែលតាមការអះឤង របស់លោក ជ័យ មង្គល ព្រះអង្គទ្រង់គាំទ្រ ការស្តារសិល្បៈវប្បធម៌ខ្មែរ នៅសុរិន្ទ ។
ពេលលោកអញ្ជើញមកកាន់ទីក្រុងភ្នំពេញ កាលពីខែកុម្ភៈមុននេះ លោក មង្គល បានទទួលអំណោយ ពីមិត្តភក្តិជាច្រើននាក់ ជាប្រាក់ផង និងជាសម្ភារៈសិក្សាផង ដែលលោកបាននាំយកទៅចែកឱ្យ កូនសិស្សនៅឯខេត្តសុរិន្ទ ៖ «ខ្ញុំទៅប្រគល់ឱ្យសៀវភៅអី លុយទិញសៀវភៅ បានសមាគមវិស្វករខ្មែរជួយ បានម្ចាស់ហាងសៀវភៅ នៅមុខពុទ្ធសាសនបណ្ឌិតជួយ» ។
ក្រៅពីនេះខាងសាកលវិទ្យាល័យ ន័រតុន ក្រុងភ្នំពេញ ក៏បានសន្យាផ្តល់ឤហារូបករណ៍ ដល់សិស្សខ្មែរសុរិន្ទ របស់លោក ជ័យ មង្គល សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ទៀតផង ហើយក៏មានជនរួមជាតិខ្មែរ នៅប្រទេសនានា ជួយជាបច្ច័យ ផងដែរ ។
លោក ជ័យ មង្គល មានប្រសាសន៍ដូច្នេះ ៖ «លុយឧបត្ថម្ភ គឺអ៊ំ អ៊ុំ សារាវុឌ្ឍ នៅស្រុកបារាំង អ៊ំ ណាវ រិទ្ធិ ហើយអ៊ំ ណុប ចន្ទតារា ។ ផ្ញើលុយផ្ញើកាក់មក ។ លោកអ៊ំ សារាវុឌ្ឍ ផ្ញើមក ២០០យូរ៉ូ ណាវ រិទ្ធិ ១០០យូរ៉ូ លោកអ៊ំ ណុប ចន្ទតារា គាត់ផ្ញើមកលើកទី១ ១០០ដុល្លារ ខ្ញុំយកទៅធ្វើសាលា នៅភូមិប៉ូន សល់ពីភូមិប៉ូន...» ។
គម្រោងស្តារសម្បត្តិសិល្បៈវប្បធម៌ និងភាសាខ្មែរ របស់លោក ជ័យ មង្គល នៅមានច្រើនទៀត ដូចជា ការជប់ជីវិតឡើងវិញ នូវរបាំបូរាណ ភ្លេងតន្ត្រីខ្មែរ ជាដើម ។
លោក ជ័យ មង្គល ប្រាប់ថា សមាគមស្តារសិល្បៈវប្បធម៌ ជនជាតិដើម បានសម្រេចជោគជ័យ ពាក់កណ្តាលហើយ កំពុងតែរង់ចាំហត្ថលេខា របស់លោកអភិបាល ខេត្តសុរិន្ទ មួយទៀតប៉ុណ្ណោះ ។
សេចក្តីព្យាយាមរក្សា និងផ្សព្វផ្សាយភាពជាខ្មែរទាំងនេះ របស់លោក នឹងបានសម្រេចផលឬទេនោះ មួយភាគធំ ផ្អែកទៅលើការគាំទ្រ និងការលើកទឹកចិត្ត ពីជនរួមជាតិខ្មែរទាំងឡាយ ផងដែរ ៕