លោក ស សូវ៉ាន មេធាវីការពារក្ដីឲ្យលោក ម៉ម សូណង់ដូ បញ្ជាក់ថា ប្រសិនបើគ្មានការផ្លាស់ប្ដូរទេនោះ សវនាការលើអង្គសេចក្ដីនោះនឹងត្រូវបើកជាផ្លូវការនៅវេលាម៉ោង ៨ព្រឹក តាមការកំណត់របស់ចៅក្រមសាលាឧទ្ធរណ៍។
លោក ស សូវ៉ាន៖ «នេះមិនមានជាបណ្ដឹងសុំនៅក្រៅឃុំទេ សុំឲ្យកែសាលក្រមហ្នឹងឡើងវិញ ដាក់ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំហ្នឹងវាធ្ងន់ធ្ងររបៀបម៉េច ភស្តុតាងអីគេហៅមកវិញដូចយើងកាត់នៅសាលាដំបូងអ៊ីចឹង វាអាចមួយថ្ងៃ ២ថ្ងៃមិនអាច ១ថ្ងៃចប់ទេ។ ខ្ញុំក៏សប្បាយចិត្តដែរ ឃើញគេធ្វើការរហ័ស ខ្ញុំអ្នកច្បាប់ខ្ញុំសង្ឃឹម យើងនិយាយពីច្បាប់ ហើយសាលាឧទ្ធរណ៍ក៏និយាយពីច្បាប់ដែរ»។
លោក ម៉ម សូណង់ដូ អាយុ ៧១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១២។ បើទោះបីជាគ្មានភស្តុតាងជាក់លាក់ដើម្បីភ្ជាប់រូបលោកទៅនឹងការបះបោរក្នុងចលនាអបគមន៍ ក៏សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ បានចោទប្រកាន់លោកពីបទញុះញង់ឲ្យកាន់អាវុធប្រឆាំងនឹងរដ្ឋាភិបាល និងញុះញង់ឲ្យមានការបង្កើតតំបន់អបគមន៍ ក្នុងភូមិប្រម៉ា ខេត្តក្រចេះ ហើយត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ និងពិន័យប្រាក់ចំនួន ១០លានរៀល។
ក្រោយពីលោក ម៉ម សូណង់ដូ ជាប់ពន្ធនាគារ លោកត្រូវបានអង្គការក្រុមអ្នកការពារសិទ្ធិមនុស្សឈានមុខ (Front line Defender) ជ្រើសរើសជាបេក្ខជនចុងក្រោយសម្រាប់ទទួលពានរង្វាន់ឈានមុខ ចំពោះសកម្មជនការពារសិទ្ធិមនុស្សដែលប្រឈមមុខនឹងហានិភ័យ ក្នុងឆ្នាំ២០១៣ នេះ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកការពារសិទ្ធិមនុស្សឈានមុខ ចេញផ្សាយកាលពីចុងខែមករា បង្ហាញថា លោក ម៉ម សូណង់ដូ បានលះបង់អាយុជីវិតរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងទាមទារសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋកម្ពុជា ដែលតស៊ូទាមទារសិទ្ធិរបស់ពួកគេដែលប្រតិបត្តិតាមឱវាទប្រៀនប្រដៅអហិង្សាតាមជំនឿរបស់ព្រះពុទ្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។